សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ថា មានកំណើន ៣-៤ភាគរយនៅឆ្នាំ២០១០

ភ្នំពេញ៖ នៅក្នុងសន្និសីទប្រចាំឆ្នាំលើកទី៣៤ នៃសហព័ន្ធសមាគមសេដ្ឋកិច្ចអាស៊ាន នៅសណ្ឋាគារភ្នំពេញ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០៩ មានការព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន៣-៤ភាគរយនៅឆ្នាំ២០១០។
ការព្យាករណ៍នេះត្រូវបានលោក គង់ វិបុល រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឲ្យដឹងថា “នៅក្នុងគម្រោងឆ្នាំ២០០៩មានសញ្ញាវិជ្ជមាន នៃការកើនឡើងនៅក្នុងវិស័យមួយចំនួន ក្នុងនោះវិស័យកសិកម្មមានការកើនឡើង ៤.៣ភាគរយ ១០.១ភាគរយ នៅក្នុងវិស័យឧស្សាហកម្ម ៨.៦ភាគរយ សម្រាប់វិស័យស្បៀង និងឧស្សាហកម្មភេសជ្ជៈ និង១៣.១ភាគរយ សម្រាប់វិស័យហិរញ្ញវត្ថុ។
លោក Larry Strange នាយកប្រតិបត្តិ CDRI បានថ្លែងថា “នៅក្នុងវិស័យសេដ្ឋកិច្ចកម្ពុជា វិស័យកសិកម្ម នៅតែមានភាពរឹងមាំនៃការអភិវឌ្ឍន៍របស់ខ្លួន ហើយក្នុងវិបត្តិសេដ្ឋកិច្ចនេះ យើងឃើញលទ្ធផលនៃការធ្លាក់ចុះ ផ្នែកសេដ្ឋកិច្ចចំពោះប្រទេសនៅក្នុងអាស៊ាន។ ចំពោះប្រទេសកម្ពុជាជាប្រទេសមួយដែលតូច ហើយពឹងផ្អែកទៅលើជំនួយយ៉ាងច្រើននៅឡើយ ហើយជាប្រទេសមួយដែលស្ថិតនៅក្នុងអនុតំបន់មហាទន្លេមេគង្គ។ អនាគតប្រទេសនេះ វិស័យដែលមានអាទិភាពខាងពាណិជ្ជកម្ម គឺសំណង់ ទេសចរណ៍ និងចលនាខាងផ្នែកពលកម្ម”។
លោករដ្ឋលេខាធិការ គង់ វិបុល បានបន្តទៀតថា “ដោយសារការកាត់បន្ថយ នៃការនាំចេញនូវសំលៀកបំពាក់ ក៏ដូចជាការងារសំណង់ ទេសចរណ៍និងមានផលប៉ះពាល់ ដោយប្រយោលចំពោះការបន្ថយនូវ ប្រាក់បង្វែរពីទីក្រុងទៅជនបទ ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០០៩មានការធ្លាក់ចុះ”។
លោកបានបញ្ជាក់ទៀតថា “ការធ្លាក់ចុះនៃវិស័យទាំងបី ដែលជាកត្តាជំរុញសេដ្ឋកិច្ចនៅឆ្នាំ២០០៩ គឺរំពឹងថា មាន៤ភាគរយនៃឧស្សាហកម្មកាត់ដេរ ៧,៨ភាគរយ នៃវិស័យទេសចរណ៍ ហើយ២,៦ភាគរយ នៃសកម្មភាពសំណង់។ រដ្ឋាភិបាលកម្ពុជាឈានទៅកាត់បន្ថយ យ៉ាងលឿននៃផលប៉ះពាល់វិជ្ជមាន នៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក មកលើប្រជាពលរដ្ឋ ងាយរងគ្រោះបំផុតនៅកម្ពុជា។ កម្ពុជាដោះស្រាយវិបត្តិនេះតាមរយៈមធ្យោបាយពីរ គឺបង្កើតការងារ និងប្រាក់ចំណូលគ្រួសារ”។
លោក លឹម សុវណ្ណារ៉ា អ្នកសេដ្ឋកិច្ចជាតិកម្ពុជា ប្រចាំអង្គការ UNDP បានថ្លែងថា “វិស័យ៤ ដែលមានផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា មានវិស័យឧស្សាហកម្មកាត់ដេរ វិស័យទេសចរណ៍ វិស័យសំណង់ ទីផ្សារ អចលនទ្រព្យកម្ពុជា។ ក្នុងនោះវិស័យឧស្សាហកម្មកាត់ដេរ បានធ្វើឲ្យកម្មករ កម្មការិនីចំនួន ៦៣.០០០នាក់ បាត់បង់ការងារ ការនាំចេញនៅក្នុង៨ខែដំបូង មានការធ្លាក់ចុះ២៣ភាគរយ។ វិស័យទេសចរណ៍មានការកើនឡើងពី ៣.៨៧ភាគរយ នៅក្នុងឆ្នាំ២០០៨ ដល់៦.០៥ភាគរយ ក្នុងឆ្នាំ២០០៩បើប្រៀបធៀបរយៈពេលដូចគ្នា។ ការនាំចូលសម្ភារៈសំណង់ធ្លាក់ចុះ ៣០ភាគរយ និងកម្លាំងធំៗជាច្រើន ត្រូវបានពន្យារពេលសាងសង់ដូចជា IFC, Camco City ជាដើម”៕

About these ads

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

តាមដាន

Get every new post delivered to your Inbox.

%d bloggers like this: