កម្ពុជាខ្ចីលុយបរទេស២៧៩,៥លានដុល្លារក្នុងឆ្នាំ២០០៨

របាយការណ៍មួយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្ញើជូន លោក ហេង សំរិន ប្រធានរដ្ឋសភា បានឲ្យដឹងថា នៅក្នុងឆ្នាំ២០០៨កន្លងមកនេះ រដ្ឋាភិបាលកម្ពុជាបានខ្ចីលុយបរទេស ចំនួន២៧៩,៥លានដុល្លារសហរដ្ឋអាមេរិក។
ប្រាក់ទាំងនោះខ្ចីក្នុងលក្ខណៈឥណទាន សម្បទានដោយខ្ចីមកពីស្ថាប័នហិរញ្ញវត្ថុ អន្តរជាតិនិងមកពីប្រទេសមួយចំនួន មានប្រទេសចិន ជប៉ុន ជាដើម។ ក្រៅពីប្រាក់ខ្ចីខាងលើនៅក្នុងឆ្នាំ២០០៨កន្លងទៅនេះដែរ រដ្ឋាភិបាលកម្ពុជាបានទទួលប្រាក់ ជំនួយឥតសំណងចំនួនជាង១០៩លានដុល្លារអាមេរិកពីបរទេសដើម្បី យកមកប្រើប្រាស់ក្នុងគម្រោងអភិវឌ្ឍន៍នានា មានជាអាទិ ការទប់ស្កាត់ការរាលដាល ជំងឺគ្រុនផ្តាសាយបក្សី គម្រោងបែងចែកដីដើម្បីអភិវឌ្ឍសេដ្ឋកិច្ច គម្រោងការលើកកម្ពស់វិស័យអប់រំ គម្រោងអភិវឌ្ឍន៍នៅបឹងទន្លេសាបជាដើម។
របាយការណ៍ដែលចុះថ្ងៃទី២៩ ធ្នូ ឆ្នាំ២០០៨នោះ បានឲ្យដឹងថា ក្រៅពីចំនួនប្រាក់ខ្ចី និងប្រាក់ជំនួយឥតសំណង ពីបរទេសនោះ គិតមកទល់ឆ្នាំ២០០៨កន្លងមកនេះ រដ្ឋាភិបាលកម្ពុជាជំពាក់បំណុល បរទេសប្រមាណជាង២៦៩៣លានដុល្លារអាមេរិក៕

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: