ការទូទាត់សាច់ប្រាក់ក្រៅប្រព័ន្ធធនាគារ

ការទូទាត់សាច់ប្រាក់​ក្រៅប្រព័ន្ធធនាគារនៅកម្ពុជា​មានរហូតដល់ទៅ ៨០០កោដិដុល្លារ

ភ្នំពេញ ៖ របាយការណ៍មួយដែលធ្វើ​ឡើងដោយធនាគារអេអិនហ្សិត (ANZ) បានឲ្យដឹងថា ការទូទាត់សាច់ប្រាក់ក្រៅប្រព័ន្ធធនាគារ​នៅកម្ពុជាមានតម្លៃរហូតដល់ទៅ ៨០០កោដិដុល្លារ ។
របាយការណ៍មួយដែលគេផ្សព្វផ្សាយ​នៅក្នុងពិធីប្រកាសបើកក្រុមហ៊ុន វិង (Wing) កាលពីដើមសប្ដាហ៍កន្លងទៅនេះ បានឲ្យដឹងថា នៅពេលនេះនៅក្នុងចំណោម​ប្រជាពលរដ្ឋចំនួនជាង ១៤លាននាក់ ប្រជាពលរដ្ឋដែលប្រើប្រាស់ ឬ មានគណនីនៅតាមធនាគារ មានត្រឹមតែ ៥០០.០០០នាក់តែប៉ុណ្ណោះ ។ នៅក្នុងនោះ របាយការណ៍នេះ​បានធ្វើការអះអាងថែមទៀតថា​រហូតមកដល់ពេលនេះវិធីដែលប្រជាពលរដ្ឋ​កំពុងតែប្រើប្រាស់នៅក្នុងការទូទាត់​សាច់ប្រាក់របស់ពួកគាត់ គឺប្រព្រឹត្តទៅនៅក្រៅប្រព័ន្ធធនាគារ ដែលមានតម្លៃរហូតដល់ទៅ ៨០០កោដិដុល្លារ ។
លោក ប៊ុន មុនី ប្រធានក្រុមហ៊ុនស្ថាបនាលីមីធីត បានអះអាងតាមទូរស័ព្ទកាលពីថ្ងៃទី ២៤ ខែ មករា ថា លោកមិនដែលបានធ្វើការសិក្សាផ្នែកនេះទេ ប៉ុន្តែលោកទទួលស្គាល់ថា​រហូតមកទល់ពេលនេះការទូទាត់សាច់ប្រាក់​ក្រៅប្រព័ន្ធធនាគារគឺជាទម្លាប់​របស់ប្រជាជនភាគច្រើនទៅហើយ ។
លោកបានបញ្ជាក់ថា “ខ្ញុំមិនហ៊ានអះអាងទៅលើតួលេខនេះទេ ប៉ុន្តែខ្ញុំគិតថាការទូទាត់សាច់ប្រាក់​ក្រៅប្រព័ន្ធធនាគារគឺវាក្លាយទៅជាវប្បធម៌​នៃការទូទាត់សាច់ប្រាក់​របស់ពលរដ្ឋកម្ពុជាភាគច្រើន” ។
លោកបានឲ្យដឹងថា ទម្លាប់ ឬក៏វប្បធម៌នេះគួរតែផ្លាស់ប្ដូរ ហើយគួរតែនាំគ្នាចាប់ផ្ដើមគិតគូរ​អំពីការទូទាត់តាមប្រព័ន្ធធនាគារ ឬ ផ្លូវការវិញ ពីព្រោះវាអាចមានផលប្រយោជន៍ច្រើនសម្រាប់សេដ្ឋកិច្ចជាតិ ។
លោកបានបញ្ជាក់ថា “បើពលរដ្ឋគ្រប់គ្នាឈប់លាក់លុយនៅក្រោមខ្នើយ យកទៅដាក់នៅធនាគារទាំងអស់គ្នានោះ លុយទាំងអស់នោះនឹងប្រមូលផ្ដុំគ្នានៅកន្លែងមួយ ដូច្នេះវាមានភាពងាយស្រួលសម្រាប់ការបង្វិល និង ចាត់ចែងសកម្មភាពពាណិជ្ជកម្មផ្សេងៗបាន ហើយរដ្ឋយើងក៏មិនចាំបាច់គិតគូរពីរឿងបោះលុយថ្មីទៀតរហូតដែរ” ។
លោកបានឲ្យដឹងទៀតថា ទុកលុយនៅក្រោមខ្នើយវាមិនចំណេញទេ ហើយវាអាចជួបនូវហានិភ័យច្រើន តែបើយកលុយទៅដាក់នៅធនាគារវាអាចមានសុវត្ថិភាព ហើយវាអាចចំណេញការប្រាក់ ហើយធនាគារក៏អាចចាត់ចែងសម្រាប់ផ្ដល់ទុនទៅអ្នកដែលត្រូវការដែរ ៕

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: