គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវីសិនហ្វាន់​ចាប់ផ្ដើមបម្រើសេវា ធនាគារតាមប្រព័ន្ធទូរស័ព្ទ

រាជធានីភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ បានក្លាយជា​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដំបូងគេបំផុត​នៅក្នុងប្រទេសកម្ពុជា​ដែលបានចាប់ផ្ដើមបម្រើសេវាហិរញ្ញវត្ថុ​តាមប្រព័ន្ធទូរស័ព្ទ ដើម្បីជួយពង្រឹងលទ្ធភាព​ទទួលបានសេវាហិរញ្ញវត្ថុ​ក្នុងតម្លៃទាបដល់ប្រជាជន​រស់នៅក្នុងតំបន់ជនបទ។
លោក អោម សេងបូរ៉ា អគ្គនាយកវីសិនហ្វាន់ បានមានប្រសាសន៍​នៅក្នុងបទបង្ហាញមួយនៅទីស្នាក់ការកណ្ដាល​របស់វីសិនហ្វាន់ក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី២ កុម្ភ នេះថា ដោយមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនវីង មកពីប្រទេសអូស្ត្រាលី វីសិនហ្វាន់បានចាប់ផ្ដើមផ្ដល់សេវា​ហិរញ្ញវត្ថុតាមប្រព័ន្ធទូរស័ព្ទ​កាលពីចុងខែមករា ដែលនឹងបង្កើនចរាចរ​សាច់ប្រាក់រាប់រយដង ជាពិសេសនៅក្នុងតំបន់ជនបទ ដូចនេះនឹងជំរុញឲ្យមានសកម្មភាពសេដ្ឋកិច្ច និងអភិវឌ្ឍន៍សេដ្ឋកិច្ច​ថែមទៀតក្នុងតំបន់ជនបទ។
លោក បូរ៉ា បានថ្លែងថា សេវាធនាគារចល័តនេះ នឹងបង្កើតឲ្យមានប្រព័ន្ធសេដ្ឋកិច្ចមួយសម្រាប់សហគមន៍ ដែលអាចធ្វើឲ្យប្រជាជនផ្ទេរប្រាក់ សន្សំប្រាក់ និងទូទាត់សាច់ប្រាក់ផ្សេងទៀតក្នុងតម្លៃសេវាទាប។ អតិថិជនក៏មានលទ្ធភាព​ទទួលបានព័ត៌មានផ្សេងទៀត ដូចជាតម្លៃទីផ្សារ ចំណែកឯវីសិនហ្វាន់​ក៏បង្កើនប្រសិទ្ធផល​ក្នុងប្រតិបត្តិការរបស់ខ្លួនផងដែរ ដូចជាការកាត់បន្ថយឯកសារក្រដាសស្នាមជាដើម។
សេវាធនាគារចល័ត មិនត្រឹមតែផ្ដល់ភាពងាយស្រួល និងសុវត្ថិភាពក្នុងការទូទាត់សាច់ប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកាត់បន្ថយចំណាយ​សម្រាប់ប្រជាជន​ដែលប្រើប្រាស់សេវាផ្ទេរប្រាក់​ដែលមានតម្លៃថ្លៃ ដូចជាការផ្ទេរប្រាក់តាមវិទ្យុទាក់ទង និងតាមរថយន្តឈ្នួលជាដើម។
ឈន ចាន់ថា ធ្វើការនៅក្នុងរោងចក្រកាត់ដេរមួយនៅក្នុងទីក្រុងភ្នំពេញ ហើយម្ដាយរបស់គាត់រស់នៅខេត្តកំពង់ចាម ដែលមានចម្ងាយជាង១០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ចាន់ថា បានឲ្យដឹងថា ខ្ញុំចំណាយប្រាក់ម្ដង១ម៉ឺនរៀល នៅពេលដែលផ្ញើលុយទៅម្ដាយរបស់ខ្ញុំតាមអ្នករត់តាក់ស៊ី (ជាធម្មតាខ្ញុំផ្ញើ៥០ដុល្លារ ២-៣ដងក្នុងមួយខែ)។ “តម្លៃផ្ញើ១ម៉ឺនរៀល ទោះបីខ្ញុំផ្ញើប៉ុន្មានក៏ដោយ”។
ចាន់ថា បន្ថែមថា ប្រសិនបើមានសេវាបែបនេះ (សេវាធនាគារតាមប្រព័ន្ធទូរស័ព្ទ​ដែលយកថ្លៃពី៤០០រៀល ទៅ ០,១ភាគរយនៃចំនួនប្រាក់ដែលផ្ទេរ) នោះជារឿងល្អងាយស្រួល និងរហ័ស។ យើងគ្រាន់តែចុចបូតុងទូរស័ព្ទយើង ប្រាក់នឹងផ្ទេរទៅ។ វាធ្វើឲ្យយើងចំណេញពេលវេលា និងកាត់បន្ថយការចំណាយ”។
ដើម្បីប្រើប្រាស់សេវាធនាគារចល័តនេះអតិថិជនត្រូវបើកគណនីមួយ ដោយបុគ្គលិកវីសិនហ្វាន់ជួយផ្ដល់ការណែនាំ។ ការផ្ទេរប្រាក់ ដាក់ប្រាក់ ដកប្រាក់ និងទទួលប្រាក់អាច​ធ្វើឡើងតាមការិយាល័យ​វីសិនហ្វាន់ដែលមាន​បម្រើសេវាធនាគារចល័ត​ពីអតិថិជនដែលមាន​គណនីទៅអតិថិជន ដែលមិនមានគណនី និងមានគណនី។
សព្វថ្ងៃនេះ វីសិនហ្វាន់ គឺជាគ្រឹះស្ថាននាំមុខគេ​មួយក្នុងចំណោម​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន១៧ ដែលបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា។ វីសិនហ្វាន់ កំពុងបម្រើអតិថិជនចំនួនជាង៨ម៉ឺនគ្រួសារ ជាមួយនឹងសេវាប្រាក់កម្ចីចំនួនជិត២០លានដុល្លារក្នុងខេត្ត និងរាជធានីចំនួន១៣ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ កំពត តាកែវ ព្រះវិហារ កំពង់ចាម សៀមរាប និងរាជធានីភ្នំពេញ។ នៅពេលអនាគត វីសិនហ្វាន់ មានគម្រោងពង្រីកសេវាហិរញ្ញវត្ថុនៅទូទាំងប្រទេសកម្ពុជា។ នេះជាបច្ចេកវិទ្យាថ្មីមួយទៀតនៅកម្ពុជា៕

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: