សមាគមមីក្រូហិរញ្ញវត្ថុបង្កើតជាក្លឹប​អ្នកគ្រប់គ្រងហិរញ្ញវត្ថុនៅភ្នំពេញ

កាលពីដើមសប្ដាហ៍មុន (ថ្ងៃទី២ ខែ កុម្ភៈ) ប្រធានផ្នែកហិរញ្ញវត្ថុ និងថ្នាក់គ្រប់គ្រង​ផ្សេងៗទៀតមកពី​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាសមាជិក​របស់សមាគម​មីក្រូហិរញ្ញវត្ថុកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំ​មួយនៅទីស្នាក់ការកណ្ដាល របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​វីសិនហ្វាន់ក្នុងទីក្រុងភ្នំពេញ ដើម្បីដំណើរការជាផ្លូវការ​នូវក្លឹបអ្នកគ្រប់គ្រងហិរញ្ញវត្ថុ​របស់សមាគមមីក្រូហិរញ្ញវត្ថុ​កម្ពុជា និងពិភាក្សាបញ្ហានានា​ទាក់ទងនឹងប្រព័ន្ធមីក្រូហិរញ្ញវត្ថុ។
បើយោងតាមអ្នកចូលរួម​កិច្ចប្រជុំនេះ ដែលរួមមានលោក ហួត អៀងតុង និងលោក អោម សេងបូរ៉ា ជាសមាជិកក្រុមប្រឹក្សាភិបាល​សមាគមមីក្រូហិរញ្ញវត្ថុ​កម្ពុជាបានឲ្យដឹងថា ក្លឹបហិរញ្ញវត្ថុ​គឺជាកន្លែងមួយដ៏សំខាន់​ដើម្បីចែករំលែក​ចំណេះដឹង បទពិសោធន៍ និងក្ដីបារម្ភនានាដូចជា បញ្ហាច្បាប់ទាក់ទងនឹងផ្នែកហិរញ្ញវត្ថុ ដែលប្រឈមមុខនឹង​វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ លោក អ៊ាប ប៊ុនថាន ប្រធានក្លឹបអ្នកគ្រប់គ្រង​ហិរញ្ញវត្ថុបានមានប្រសាសន៍ថា ​«ក្លឹបហិរញ្ញវត្ថុមាន​បំណងឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ដែលបច្ចុប្បន្ន​កំពុងអនុវត្តប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុផ្សេងៗគ្នាដូចជា​បញ្ហាការគោរពតាមច្បាប់ពន្ធដារ​ស្តង់ដារគណនេយ្យ និងបទដ្ឋានផ្សេងៗ​ជាដើមឲ្យដើរលើផ្លូវរួមតែមួយដូចគ្នា»។
លោក ចាន់ សាវឿង សមាជិកក្លឹបអ្នកគ្រប់គ្រង​ហិរញ្ញវត្ថុបានថ្លែងថា ប្រសិនបើមានក្ដីបារម្ភ ឬចំណុចមិនច្បាស់ណាមួយ ក្លឹបអ្នកគ្រប់គ្រងហិរញ្ញវត្ថុនឹង​លើកឡើងទៅសមាគម​មីក្រូហិរញ្ញវត្ថុកម្ពុជា ហើយសមាគមអាច​ស្នើបន្តទៅធនាគារជាតិ​នៃកម្ពុជា នាយកដ្ឋានពន្ធដារ ឬស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត​ដើម្បីសុំដំណោះស្រាយ ឬការបញ្ជាក់បន្ថែម។ ក្លឹបនេះក៏ជួយអភិវឌ្ឍសមត្ថភាព​របស់សមាជិកថែមទៀត លើការងារគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ និងចំណេះដឹងជាប់ពាក់ព័ន្ធផ្សេងទៀត។
លោក សាវឿង សង្ឃឹមថា ក្លឹបអ្នកគ្រប់គ្រងហិរញ្ញវត្ថុនឹងជួយ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ឲ្យអនុវត្តបានល្អបំផុត និងមានប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ​រឹងមាំដើម្បីចូលរួមចំណែក​ធ្វើឲ្យមាននិរន្តរភាព​ដល់ឧស្សាហកម្មមីក្រូហិរញ្ញវត្ថុ។
មន្ត្រីមកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិយាយថា ច្បាប់មួយចំនួននៅមិនទាន់ច្បាស់ទេ ដូចជាច្បាប់ស្ដីពីពន្ធកាត់ទុកជាដើម ឬមានការបកស្រាយខុសគ្នា។ មាត្រា២៥នៃច្បាប់សារពើពន្ធចែងថា «អ្នកជាប់ពន្ធនិវាសជនដែលប្រកបអាជីវកម្ម ដែលបានធ្វើការទូទាត់ជាសាច់ប្រាក់ ឬជាវត្ថុឲ្យដល់អ្នកជាប់ពន្ធនិវាសជនត្រូវកាត់ទុក និងបង់ប្រាក់ពន្ធ….»។ ប៉ុន្តែប្រកាសស្ដីពីពន្ធ​លើប្រាក់ចំណេញជំពូកទី៨ ផ្នែកទី៨.១ចែងថា «សម្រាប់គោលដៅពន្ធកាត់ទុក ចំណាយណាមួយ​ដែលជាកម្មវត្ថុនៃពន្ធកាត់ទុក ដែលបានកត់ត្រាចំណាយ​ក្នុងបញ្ជីគណនេយ្យ​ត្រូវចាត់ទុកជាបានទូទាត់។ តាមពិតការចុះបញ្ជីទទួលស្គាល់ការចំណាយ​ដូចជាការចំណាយបង្កទុកការប្រាក់ ឬចំណាយមួយចំនួនផ្សេងទៀត​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទាន់បានទូទាត់នៅឡើយទេ»។
លោក ប៊ុនថាន បានមានប្រសាសន៍ថា ប៉ុន្តែមានច្បាប់ខ្លះសរសេរច្បាស់ តែស្ថាប័នខ្លះយល់មិនទាន់ច្បាស់។ ដូចនេះក្លឹបអ្នកគ្រប់គ្រងហិរញ្ញវត្ថុដែលធ្វើកិច្ចប្រជុំអចិន្ត្រៃយ៍៣ដងក្នុងមួយឆ្នាំអាចជួយដោះស្រាយបញ្ហា​នេះតាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍នានាឲ្យគ្នាទៅវិញ ទៅមក៕

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: