រដ្ឋាភិបាល​នឹងគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុ និងការលាងលុយកខ្វក់ នៅតាមធនាគារ

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃ ពុធ ថា រដ្ឋាភិបាលនឹងចាត់វិធានការ​គ្រប់គ្រងហិរញ្ញវត្ថុការងារទាំងឡាយ​ដែលកើតមាននូវការលាងលុយកង្វក់​ដែលទាក់ទិនទៅនឹងធនាគារ​នាពេលបច្ចុប្បន្នទប់ស្កាត់កុំឲ្យកើតមាន​បាតុភូតហិរញ្ញវត្ថុ ដើម្បីឲ្យមានលក្ខណៈ​ស្តង់ដារអន្តរជាតិ ។
លោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាប្រធាន​គណៈកម្មការហិរញ្ញវត្ថុធនាគារ និង សវនកម្មនៃរដ្ឋសភា បានមានប្រសាសន៍ថា “បើសិនជាយើងមានច្បាប់ បើលុយកង្វក់ នេះហើយដែលអាចធ្វើឲ្យ​យើងមានការលំបាក​នៅពេលដែលអន្តរជាតិ​មានការតាមដាន​គ្រប់បែបយ៉ាងទាំងអស់នៅ​ពេលលុយកង្វក់នឹងត្រូវយកមកចាយ​ប្រទេសណាក៏គេហាមដាច់ខាត ហើយយើងក៏ហាមដូចគ្នា ។ ដូច្នេះហើយបានជា​រាជរដ្ឋាភិបាល​នឹងគ្រប់គ្រងឲ្យបានល្អ ជៀសវាងរាល់អំពើទាំងឡាយ​ដែលខុសច្បាប់អន្តរជាតិក្ដី ឃើញថាមានច្បាប់ទម្លាប់ច្បាស់ណាស់​មិនមានកើតឡើងនៅពេលក្រោយនោះទេ” ។
ការថ្លែងរបស់លោក ជាម យៀប មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជន កើតមាននៅពេលដែលកម្ពុជា​នឹងបើកផ្សារភាគហ៊ុននៅឆ្នាំនេះ ។ ស្របពេលដែលប្រទេសកម្ពុជាគេច​មិនផុតពីផលប៉ះពាល់វិបត្តិពិភពលោកនោះ ។
លោក ជាម យៀប បានប្រាប់កាសែត ដើមអម្ពិល ឲ្យដឹងទៀតថា “លុយកង្វក់វាប៉ះពាល់តែមួយភាគតូច ហើយប៉ះពាល់ខ្លាំងគឺអំពើពុករលួយអីចឹងទេ យើងចាំបាច់នៅរយៈពេលខាងមុខនេះ ក្រោយពេលដែលក្រមព្រហ្មទណ្ឌចេញរួច នឹងលើកយកនៅមាត្រាទាំងឡាយ​ដែលពាក់ព័ន្ធអំពើពុករលួយ​ដាក់ចូលទៅក្នុងពុទ្ធបញ្ញត្តិស្ដីពី​ច្បាប់ប្រឆាំងអំពើពុករលួយនៅកម្ពុជា” ។
លោក ជាម យៀប បានបញ្ជាក់ថា “កន្លងទៅ ច្បាប់យើងមានហើយ ហើយរដ្ឋាភិបាលយកច្បាប់​ដើម្បីរៀបចំនៅរចនាសម្ព័ន្ធឲ្យបានច្បាស់ ដោយអ្នកវិនិយោគដែលនឹងមកដាក់ភាគហ៊ុននៅកម្ពុជា” ។
ជាមួយគ្នាទៅនឹងការបើក​ផ្សារភាគហ៊ុន​នៅឆ្នាំនេះ លោក ជាម យៀប បានមានប្រសាសន៍បន្ថែមថា “កន្លងទៅ ទាំងអ្នកវិនិយោគនៅស្រុកខ្មែរ សហការជាមួយអន្តរជាតិ ដូចជាកូរ៉េ និង ជប៉ុន គេបើកធ្វើ យ៉ាងណាអ្នកដែលមានលុយទិញ​ភាគហ៊ុនដើម្បីជាលក្ខណៈ​ពាណិជ្ជកម្មផ្សងព្រេង កាលណាអន្តរជាតិនឹងធ្លាក់ចុះអាចខាតបង់ខ្លះ” ។
មន្ត្រីកម្ពុជានៅតែអះអាងពីផែនការថា​នឹងបើកផ្សារភាគហ៊ុន​នៅក្នុងទីក្រុងនៅក្នុងឆ្នាំនេះ ស្របពេលដែលសេដ្ឋកិច្ច​ពិភពលោកកំពុងតែជាប់វិបត្តិ ព្រមទាំងការថយចុះខាងសេដ្ឋកិច្ច​ក្រោយពីមានផែនការផ្អាកផ្សារភាគហ៊ុន​កាលពីចុងឆ្នាំកន្លងទៅនេះ ។
ជាមួយនឹងបញ្ហាសេដ្ឋកិច្ចពិភពលោក​គួបផ្សំនឹងសេដ្ឋកិច្ចកម្ពុជាមានភាពនឹងន ត្រូវបានក្រុមអ្នកវិភាគសេដ្ឋកិច្ច​ព្រួយបារម្ភថា​ទីផ្សារភាគហ៊ុននៅក្នុងទីក្រុងភ្នំពេញ​អាចជាប្រភពលាងលុយកង្វក់ ដែលទាក់ទិននឹងធនាគារនាពេលបច្ចុប្បន្ន​នៅខ្វះរបៀបគ្រប់គ្រងឲ្យបានច្បាស់លាស់​ជាលក្ខណៈស្តង់ដារអន្តរជាតិ ។
សម្រាប់មន្ត្រីរាជរដ្ឋាភិបាល លើកឡើងថា រដ្ឋាភិបាលមិនបណ្ដោយ​ឲ្យមានបញ្ហាអាក្រក់កើតឡើងទេ ដោយហេតុថា កន្លងមកធ្លាប់មានលិចឮ​ពាក្យការមួលបង្កាច់ ការលួចលាងលុយកង្វក់ពីក្រុមទុច្ចរិត ហើយត្រូវបានបដិសេធពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ។
បើតាមផែនការរបស់រដ្ឋាភិបាល​របស់ប្រទេសកូរ៉េខាងត្បូង ទីផ្សារភាគហ៊ុនក្រុងសេអ៊ូល យល់ព្រមក្នុងការជួយជ្រោមជ្រែង​ដល់កម្ពុជាក្នុងការត្រៀម​បើកផ្សារភាគហ៊ុននៅក្នុងទីក្រុងភ្នំពេញ ដើម្បីធ្វើជាប្រភពប្រមូលផ្ដុំទុនក្នុងការអភិវឌ្ឍន៍ប្រទេស ដែលតាមតួលេខពីក្រសួង​សេដ្ឋកិច្ចកម្ពុជាកត់សម្គាល់ថា នៅចុងឆ្នាំ ២០០៨ កន្លងទៅនេះ សេដ្ឋកិច្ចកម្ពុជា​បានលូតលាស់ក្នុងអត្រា​ខ្ពស់ជាងឆ្នាំកន្លងទៅមួយទៀត ដែលជាកម្លាំងមួយដ៏ធំធេង​ក្នុងការជំរុញទីផ្សារភាពយន្តនៅកម្ពុជា​ឲ្យដំណើរការបានល្អនៅក្នុងប្រទេស ។ ដោយសារវិបត្តិហិរញ្ញវត្ថុ​ដែលចាប់ផ្ដើមកើតឡើងនៅអាមេរិក បានធ្វើឲ្យជះឥទ្ធិពលដោយផ្ទាល់​ដល់ធនាគារនៅប្រទេសកូរ៉េខាងត្បូង ដែលធ្វើឲ្យផ្អាកការផ្ដល់ប្រាក់កម្ចីសម្រាប់​វិនិយោគទុនខ្នាតធំនៅក្នុងប្រទេសកម្ពុជា​ត្រូវឈប់ទ្រឹងនៅពាក់កណ្ដាលឆ្នាំ ២០០៨ និង ចុងឆ្នាំ ២០០៨ ៕

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: