ធនាគារជាតិនៃកម្ពុជា​ ផ្សព្វផ្សាយក្រមច្បាប់អនុវត្តចំពោះគ្រឹះស្ថានធនាគារ​និងហិរញ្ញវត្ថុ

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា កាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ៣ កក្កដា នេះ បានធ្វើពិធីប្រកាសផ្សព្វផ្សាយក្រមច្បាប់អនុវត្តចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងមកពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តំណាងប្រតិបត្តិការ បញ្ញត្តិករ និងតំណាងគ្រឹះស្ថានឧត្ដមសិក្សានៅទូទាំងប្រទេស។
មានប្រសាសន៍ទៅកាន់មន្ត្រីពាក់ព័ន្ធជាង១០០នាក់ ដែលចូលរួមក្នុងឱកាសនោះ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានរៀបចំចងក្រងឯកសារច្បាប់នេះឡើង ក្នុងគោលបំណងជួយឲ្យធនាគារិក និងវិនិយោគិនថ្មីៗបានស្វែងយល់ពីកម្រងឯកសារច្បាប់សម្រាប់គ្រប់គ្រងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាពិសេស​ឲ្យធនាគារិកទាំងអស់​ដែលកំពុងធ្វើប្រតិបត្តិការនៅកម្ពុជា​បានស្វែងយល់កាន់តែស៊ីជម្រៅថែមទៀត ទាំងផ្នែកទម្រង់ និងខ្លឹមសារ ដើម្បីឲ្យប្រតិបត្តិការអាជីវកម្ម​របស់ខ្លួនប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាព និងមានប្រសិទ្ធភាពថែមទៀត និងក្លាយជាប្រតិបត្តិការល្អជាមួយធនាគារជាតិនៃកម្ពុជា។
លោក ជា ចាន់តូ បានមានប្រសាសន៍ទៀតថា ប្រព័ន្ធធនាគារមានការរីកចម្រើន និងសុខភាពល្អ និងទទួលបានការជឿទុកចិត្តពីសាធារណជនជាតិ និងអន្តរជាតិរហូតមកទល់បច្ចុប្បន្នដោយសារកត្តាបីរួមមានទី១- គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់បានរួមសហការអនុវត្តច្បាប់ បទបញ្ញត្តិ និងវិធានការប្រុងប្រយ័ត្ននានាបានល្អប្រសើរ ទី២- គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរបស់យើងខិតខំពង្រឹងការគ្រប់គ្រងផ្ទៃក្នុង និងពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួនបានល្អ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ និងទី៣មានកិច្ចសហការល្អពីអង្គការអន្តរជាតិ ដូចជាមូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ (IFC)។
សំដៅដល់ក្រមច្បាប់អនុវត្តចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ លោកទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា សៀវភៅកម្រងឯកសារច្បាប់នេះ ពុំមានអ្វីថ្មីនោះទេ គឺក្រុមការងារការិយាល័យគតិយុត្តិរបស់យើងគ្រាន់តែបានរៀបចំ និងប្រមូលផ្ដុំរាល់ច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធធ្លាប់អនុវត្តកន្លងមក យកមកចងក្រងឡើងវិញ និងធ្វើចំណាត់ថ្នាក់បែងចែកទៅតាមប្រភេទនៃបទបញ្ញត្តិ ដើម្បីបង្កលក្ខណៈងាយស្រួល​ឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងឡាយ​យកទៅអនុវត្ត​ប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោកបន្ថែមថា បទបញ្ញត្តិទាំងនេះនឹងត្រូវយកទៅធ្វើបច្ចុប្បន្នកម្មជាបន្តបន្ទាប់ ដើម្បីបង្ហាញឲ្យឃើញពីភាពទន់ភ្លន់​នៃការអនុវត្តឲ្យស្របតាមស្ថានភាពវិវត្តន៍​រីកចម្រើននៃសេដ្ឋកិច្ចជាតិ។
ក្រមច្បាប់ដែលបានយកមកផ្សព្វផ្សាយ​សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរួមមាន ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា ដែលមាន១៣ជំពូក និង៧២មាត្រា ច្បាប់ស្ដីពីការគ្រប់គ្រងការប្ដូរប្រាក់ ដែលមានចំនួន៧ជំពូក និង២៦មាត្រា ច្បាប់ស្ដីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលមាន២៤ជំពូក និង៧៦មាត្រា ច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់មានចំនួន៧ជំពូក និង២៣៤មាត្រា ច្បាប់ពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលមាន៧ជំពូក និង៣១មាត្រា។
សម្រង់ច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្មទាក់ទងទៅនឹងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលមាន៦ជំពូក និង២៩៩មាត្រា រួមនឹងសេចក្ដីប្រកាសសារាចរណែនាំ និងបទបញ្ញត្តិមួយចំនួនទៀត​ក៏ត្រូវបានចងក្រងប្រកាសផ្សព្វផ្សាយ​ក្នុងក្រមច្បាប់អនុវត្តចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនេះផងដែរ។
លោក ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ដោយគូសបញ្ជាក់ថា “ខ្ញុំជឿជាក់ថា កម្រងឯកសារច្បាប់នេះ ពិតជាផ្ដល់នូវផលប្រយោជន៍ជាអតិបរមាចំពោះវិនិយោគិនជាតិ និងអន្តរជាតិ ដែលមានបំណងស្វែងយល់ពីក្របខ័ណ្ឌច្បាប់ និងបទបញ្ញត្តិសម្រាប់អភិវឌ្ឍន៍វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា៕

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: