មីក្រូហិរញ្ញវត្ថុ នៅប្រទេសកម្ពុជា ត្រូវតែជំរុញឲ្យ រីកចម្រើនមួយកំរិត ថែមទៀត

ក្នុង​ប្រទេស​កម្ពុជា​ សកម្មភាព​សេដ្ឋកិច្ច​​មួយ​ភាគ​ធំ​ពឹង​ផ្អែក​​លើ​សហគ្រាស​ធុន​តូច​ និង​តូច​បំផុត​ (MSMEs) ដែល​ភាគ​ច្រើន​ស្ថិត​នៅ​តំបន់​ជនបទ។ សហគ្រាស​ធុន​តូច​ និង​តូច​បំផុត​ទាំង​នេះ​ មិន​បាន​ទទួល​សេវា​ហិរញ្ញវត្ថុ​ពី​វិស័យ​ធនាគារ​ទេ​ ព្រោះ​ថា​ធនាគារ​ភាគ​ច្រើន​​ផ្ដោត​តែ​លើ​ការ​បំរើ​សេវា​ដល់​​អាជីវកម្ម​នៅ​ទី​ក្រុង។ ដូច្នេះ​ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ (MFIs) គឺ​ជា​​អ្នក​​ផ្ដល់​​​​សេវា​​ហិរញ្ញវត្ថុ​ចម្បង​សម្រាប់​សេដ្ឋកិច្ច​ជនបទ។

សេវា​ដែល​ផ្ដល់​ដោយ​ MFIs អាច​​ជួយ​​ដល់​អ្នក​ជនបទ​ ជា​ពិសេស​​អ្នក​ក្រីក្រ​ក្នុង​ការ​បង្កើន​​ប្រាក់​ចំណូល​ និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ។ មីក្រូហិរញ្ញវត្ថុ​ក៏​ជួយ​​កាត់​បន្ថយ​ភាព​ងាយ​រងគ្រោះ​ពី​ស្ថានការណ៍​ខាង​ក្រៅ​ដូចជា​ ជំងឺ​ និង​គ្រោះ​មហន្តរាយ​ធម្មជាតិ​នានា​ហើយ​ក៏​ជួយ​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច​ទៀត​ផង។ ដូច្នេះ​មីក្រូ​ហិរញ្ញវត្ថុ​មាន​តួនាទី​សំខាន់​ណាស់​​ក្នុង​ការ​អភិវឌ្ឍន៍​​កម្ពុជា​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ។

វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​ប្រទេស​កម្ពុជា​​មាន​ការ​រីកចម្រើន​ខ្លាំង​​ជាង​គេ​នៅ​លើ​សាកលលោក​ ហើយ​អន្តរជាតិ​ទទួល​ស្គាល់​ថា​ នេះ​ជា​​រឿង​​ជោគជ័យ​មួយ​របស់​កម្ពុជា។ បច្ចុប្បន្ន​នេះ​មាន​ MFIs ដែល​មាន​អាជ្ញាប័ណ្ណ​ចំនួន​១៨​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ (NGOs) ដែល​ចុះ​បញ្ជី​នៅ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ចំនួន​២៦​កំពុង​ផ្ដល់​សេវា​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។

វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​កម្ពុជា​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​នាំ​សេវា​មីក្រូ​ហិរញ្ញវត្ថុ​​ទៅ​ឲ្យ​ដល់​ដៃ​អ្នក​ក្រីក្រ​នៅ​ជនបទ។ វិស័យ​នេះ​បាន​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្នុង​អំឡុង​​ពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដែល​ចំនួន​អ្នក​ខ្ចី​ប្រាក់​បាន​កើន​ដល់​ជាង​១​លាន​នាក់​ និង​​អ្នក​សន្សំ​ប្រាក់​​កើន​ដល់​ជាង​៥២​ម៉ឺន​នាក់​ ក្នុង​ទូទាំង​២៤​ខេត្ត/រាជធានី។​ នៅ​ដំណាច់​ឆ្នាំ​២០០៨​ ប្រាក់​កម្ចី​មីក្រូ​ហិរញ្ញវត្ថុ​សរុប​​ក្នុង​ប្រទេស​កម្ពុជា​ បាន​កើន​ដល់​ ៤៤០​លាន​ដុល្លារ​ ហើយ​ប្រាក់​បញ្ញើ​កើន​ដល់​ជាង​៤៩០​លា​ន​ដុល្លារ។ ចាប់​ពី​ឆ្នាំ​២០០៦​ ដល់​ឆ្នាំ​២០០៨ ​​ចំនួន​អ្នក​ខ្ចី​ប្រាក់​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​គឺ​ក្នុង​អត្រា​ ២៣%​ នៅ​ឆ្នាំ​២០០៦​ ២៩%​នៅ​ឆ្នាំ​២០០៧​ និង​៣១%​នៅ​ឆ្នាំ​២០០៨​ ហើយ​ប្រាក់​កម្ចី​បាន​កើន​ឡើង​លើស​ពី​៥៥%​ ក្នុង​១​ឆ្នាំៗ។

ទោះ​បី​ជា​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​ទទួល​បាន​ជោគជ័យ​ខ្លាំងក្លា​ក៏​ដោយ​ ក៏​វិស័យ​នេះ​នៅ​តែ​​ប្រឈម​មុខ​នឹង​បញ្ហា​មួយ​ចំនួន​នៅ​ឡើយ​ដូចជា​ ក្របខណ្ឌ​ច្បាប់​ដែល​ដាក់​កំហិត​លើ​លទ្ធភាព​របស់​ MFIs ក្នុង​ការ​ពង្រីក​មុខ​ផលិតផល​ និង​សេវា​របស់​ខ្លួន​ និង​ថ្លៃ​ដើម​នៃ​មូលនិធិ​ខ្ពស់​ ដែល​រារាំង​មិន​ឲ្យ​ MFIs​ សម្រេច​បាន​នូវ​សក្ដានុពល​របស់​ខ្លួន​ ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​ប្រទេស​ ជា​ពិសេស​​សេដ្ឋកិច្ច​ជនបទ។ ដើម្បី​សម្រេច​បាន​នូវ​សក្ដានុពល​របស់​ខ្លួន​ក្នុង​ការ​បំរើ​​អតិថិជន​ឲ្យ​បាន​កាន់​តែ​ច្រើន​ MFIs ចាំបាច់​​ត្រូវ​តែ​អាច​ផ្ដល់​ផលិតផល​ និង​សេវា​ឲ្យ​​បាន​កាន់​តែ​ច្រើន​មុខ​ អាច​ទទួល​មូលនិធិ​ជា​រូបិយប័ណ្ណ​ក្នុង​ស្រុក​ និង​អាច​កាត់បន្ថយ​ថ្លៃ​ដើម​លើ​មូលនិធិ​ ដែល​នេះ​នឹង​ធ្វើ​ឲ្យ​គេ​អាច​បំរើ​សេវា​ដល់​ជន​ក្រីក្រ​នៅ​ជនបទ​កាន់​តែ​​ច្រើន​ ហើយ​នៅ​តែ​រក្សា​បាន​នូវ​និរន្តរភាព​​ពាណិជ្ជកម្ម។

ព្រឹត្តិបត្រ​ស្ដី​ពី​បញ្ហា​អាជីវកម្ម​នេះ​ពិភាក្សា​លើ​ចំណុច​សំខាន់​ពីរ​ ដែល​អាច​ជួយ​ឲ្យ​ MFIs​ សម្រេច​បាន​នូវ​គោលដៅ​របស់​ខ្លួន​ ១- ផលិតផល​ និង​សេវា​ថ្មីៗ​ដែល​អាច​ជួយ​វិស័យ​នេះ​ឲ្យ​រីកចម្រើន​ និង​ស្រប​ពេល​ជាមួយ​គ្នា​ ផ្ដល់​ឲ្យ​អតិថិជន​នៅ​តាម​តំបន់​ជនបទ​នូវ​សេវា​ដែល​ពួក​គេ​ត្រូវ​ការ​ ២- បរិយាកាស​អាជីវកម្ម​ និង​ក្របខណ្ឌ​ច្បាប់​ដែល​កាន់​តែ​​ល្អ​ប្រសើរ។

ទាក់​ទិន​នឹង​ផលិតផល​ និង​សេវា​ថ្មី​ បាន​បង្ហាញ​ថា​ លទ្ធភាព​ក្នុង​ការ​ផ្ដល់​ផលិតផល​បាន​កាន់​តែ​ច្រើន​មុខ​ មាន​សារសំខាន់​ណាស់​ចំពោះ​ MFIs​ នា​ដំណាក់កាល​នៃ​ការ​អភិវឌ្ឍន៍​នេះ។ ផលិតផល​ទាំង​នេះ​មិន​គ្រាន់​តែ​ផ្ដល់​អត្ថប្រយោជន៍​ដល់​អតិថិជន​ដែល​មាន​ស្រាប់​ប៉ុណ្ណោះ​ទេ​ តែ​​វា​ថែម​​ទាំង​ជួយ​ដល់​ MFIs ក្នុង​ការ​ទាក់ទាញ​អតិថិជន​ថ្មី​ និង​បង្កើន​ការ​រីកចម្រើន​​ប្រកប​ដោយ​និរន្តរភាព​កាន់​តែ​ប្រសើរ​ទៀត​ផង។

ក្នុង​ស្ថានភាព​ទីផ្សារ​បច្ចុប្បន្ន​នេះ​ MFIs​ មាន​លទ្ធភាព​ច្រើន​ និង​ចង់​ធ្វើ​ការ​អភិវឌ្ឍន៍​សេវា​ថ្មីៗ​ តែ​កង្វះ​ក្របខណ្ឌ​ច្បាប់​​នៅ​តែ​​ជា​​​ឧបសគ្គ។ MFIs លើក​ឡើង​ថា​​ធនាគារ​ជាតិ​ដាក់​កំហិត​លើ​ពួក​គេ​ច្រើន​ពេក​​ដោយ​មិន​ឲ្យ​ពួក​គេ​ទទួល​ប្រាក់​បញ្ញើ​​ដោយ​ងាយ​ស្រួល​ ឬ​​ផ្ដល់​ផលិតផល​ និង​សេវា​ផ្សេងៗ​ទៀត​ ដែល​អាច​​មាន​តម្រូវការ​ខ្ពស់​ដូចជា​​សេវា​ធានា​រ៉ាប់រង​ខ្នាត​តូច​ ភតិសន្យា​ខ្នាត​តូច​ សេវា​ផ្ទេរ​ប្រាក់​ និង​ផ្ញើ​ប្រាក់។

ការ​បង្កើត​ក្របខណ្ឌ​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​ MFIs បង្កើន​មុខ​ផលិតផល​ និង​សេវា​​របស់​ខ្លួន​ នឹង​ធ្វើ​ឲ្យ​វិស័យ​នេះ​រីកចម្រើន​កាន់​តែ​ខ្លាំង​ថែម​ទៀត​ ហើយ​អាច​លើក​កម្ពស់​លទ្ធភាព​​ទទួល​បាន​នូវ​ហិរញ្ញប្បទាន​សម្រាប់​ពលរដ្ឋ​កម្ពុជា។

ចំពោះ​​សេវា​ធានារ៉ាប់រង​ខ្នាត​តូច​ ជា​ទូទៅ​​អ្នក​ក្រីក្រ​​ងាយ​រងគ្រោះ​ចំពោះ​ហានិភ័យ​​ផ្សេងៗ​ ដែល​រួម​មាន​ គ្រោះ​ធម្មជាតិ​ ជំងឺ​ និង​គ្រោះថ្នាក់​នានា។ MFIs មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​កាត់បន្ថយ​ ឬ​ទប់ស្កាត់​​ភាព​ងាយ​រងគ្រោះ​ទាំង​នេះ​ តាមរយៈ​ការ​ផ្ដល់​​ឥណទាន​​ដើម្បី​បង្កើន​ឱកាស​រក​ប្រាក់​ចំណូល​ និង​សេវា​សន្សំ​ប្រាក់​ដើម្បី​កសាង​ធនធាន​ដែល​អាច​ប្រើប្រាស់​​បាន​នៅ​ពេល​ត្រូវ​ការ​ចាំ​បាច់។ ប៉ុន្តែ​សេវា​ប្រាក់​សន្សំ​ និង​សេវា​ឥណទាន​ មិន​គ្រប់គ្រាន់​ទេ​ នៅ​ពេល​ដែល​ពួក​គេ​​ប្រឈម​នឹង​ហានិភ័យ​​ដែល​បណ្ដាល​ឲ្យ​មាន​ការ​បាត់បង់​លើស​ពី​អ្វី​ដែល​ពួក​គេ​អាច​ដោះស្រាយ​បាន។ ពេល​នោះ​ សេវា​ធានា​រ៉ាប់រង​ខ្នាត​តូច​មាន​តួនាទី​ជា​អ្នក​កាត់បន្ថយ​ហានិភ័យ។ សេវា​ធានារ៉ាប់រង​ខ្នាត​តូច​ ការពារ​គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ទាប​ ទល់​នឹង​ហានិភ័យ​ ដោយ​ពួក​គេ​ត្រូវ​​បង់​ប្រាក់​ធានា​ក្នុង​អត្រា​មួយ​ដែល​សមស្រប​ទៅ​នឹង​លទ្ធភាព​ដែល​ហានិភ័យ​អាច​កើត​ឡើង​ និង​ថ្លៃ​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ។

សេវា​ធានា​រ៉ាប់​រង​ខ្នាត​តូច​ គឺ​ជា​ផលិតផល​​ថ្មី​សម្រាប់​កម្ពុជា​ ហើយ​បច្ចុប្បន្ន​នេះ​យើង​មិន​ទាន់​មាន​ក្របខណ្ឌ​ច្បាប់​​សម្រាប់​គ្រប់គ្រង​ផលិតផល​នេះ​នៅ​ឡើយ​ទេ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ក៏​មាន​​អង្គការ​ខ្លះ​បាន​សាកល្បង​ផ្ដល់​សេវា​ធានា​រ៉ាប់រង​ខ្នាត​តូច​សម្រាប់​ប្រជាជន​នៅ​ជនបទ​ និង​អ្នក​ក្រីក្រ​នៅ​ក្នុង​ទី​ក្រុង។ ដើម្បី​ជួយ​ឲ្យ​​សេវា​នេះ​មាន​ការ​រីកចម្រើន​ ក្របខណ្ឌ​ច្បាប់​សមស្រប​មួយ​សម្រាប់​គ្រប់គ្រង​ប្រតិបត្តិការ​នេះ​ត្រូវ​តែ​បាន​អនុម័ត។

សេវា​ផ្ញើ​ប្រាក់​ក៏​មាន​ការ​កត់សំគាល់​ផង​ដែរ​ថា​ នៅ​ប្រទេស​កម្ពុជា​​មាន​តម្រូវការ​ខ្ពស់​​សម្រាប់​សេវា​ផ្ញើ​ប្រាក់។ ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ កម្មករ​ដែល​បំរើ​ការងារ​ក្នុង​វិស័យ​កាត់ដេរ​ផ្ញើ​ប្រាក់​ប្រហែល​២០​ទៅ​៣០​ដុល្លារ​អាមេរិក​ ទៅ​ឲ្យ​ក្រុម​គ្រួសារ​របស់​ពួក​គេ​នៅ​ជនបទ។ ប្រាក់​បញ្ញើ​នេះ​សរុប​ទៅ​មាន​ចំនួន​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ខែៗ​ ហើយ​កម្មករ​កាត់ដេរ​​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ទីផ្សារ​សេវា​ផ្ញើ​ប្រាក់​នៅ​កម្ពុជា​ប៉ុណ្ណោះ។

ក្របខណ្ឌ​ច្បាប់​នា​ពេល​បច្ចុប្បន្ន​ អនុញ្ញាត​ឲ្យ​តែ​ធនាគារ​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ ផ្ដល់​សេវា​ផ្ញើ​ប្រាក់។ ដោយសារ​តែ​តំបន់​ប្រតិបត្តិការ​របស់​ធនាគារ​ពាណិជ្ជ​នៅ​មាន​កម្រិត​ (លើកលែង​តែ​ធនាគារ​អេស៊ីលីដា) វិស័យ​ធនាគារ​នេះ​ នៅ​មាន​លទ្ធភាព​តិចតួច​ ក្នុង​ការ​ផ្ដល់​សេវា​​ផ្ញើ​ប្រាក់​ដល់​ប្រជាពលរដ្ឋ​​នៅ​ជនបទ​ហើយ​កត្តា​នេះ​បង្ខំ​ឲ្យ​អ្នក​ក្រីក្រ​​ផ្ញើ​ប្រាក់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​​របស់​គេ​តាមរយៈ​សេវាកម្ម​ក្រៅ​ប្រព័ន្ធ​ដែល​មាន​កម្រៃ​ថ្លៃ​ និង​មាន​ហានិភ័យ​ខ្ពស់។

លទ្ធភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ការ​​ផ្ញើ​ប្រាក់​ឲ្យ​គ្រួសារ​​របស់​ពួក​គេ​នៅ​តំបន់​ជនបទ​នៅ​មាន​កម្រិត​ ព្រោះ​មាន​តែ​ធនាគារ​អេស៊ីលីដា​តែ​មួយ​គត់​ ដែល​មាន​តំបន់​ប្រតិបត្តិការ​ធំ​គ្រប់គ្រាន់​ ចំណែក​ឯ​ MFIs​ ដែល​មាន​សាខា​នៅ​ជនបទ​មិន​អា​ចូល​រួម​​ក្នុង​សេវា​កម្ម​ផ្ញើ​ប្រាក់​ទេ។ ជា​ធម្មតា​ សមាជិក​គ្រួសារ​​បញ្ជូន​ប្រាក់​ដោយ​ផ្ទាល់​ (ដូចជា​តាម​រថយន្ត​ឈ្នួល) ដែល​ជា​មធ្យោបាយ​មួយ​ដែល​មាន​តម្លៃ​ខ្ពស់​ និង​ងាយ​រងគ្រោះ​ពី​អំពើ​ឧក្រិដ្ឋ។ ការ​ផ្ទេរ​ប្រាក់​ប្រកប​ដោយ​សុវត្ថិភាព​ និង​មាន​តម្លៃ​សមរម្យ​អាច​ធ្វើ​ទៅ​បាន​ដោយ​អនុញ្ញាត​ឲ្យ​​ធនាគារ​ប្រើប្រាស់​បណ្ដាញ​របស់​ MFIs និង​ដោយ​ប្រើប្រាស់​បច្ចេកវិជ្ជា​ថ្មី​ ដូចជា​​ទូរស័ព្ទ​ដៃ​ជា​ដើម​ ដើម្បី​​បំពេញ​ឲ្យ​ធនាគារ​ដែល​គ្មាន​សាខា​គ្រប់គ្រាន់៕

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: