យុទ្ធសាស្ត្រពង្រីកទីផ្សារឥណទាន មីក្រូហិរញ្ញវត្ថុ

គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុនានា​នៅប្រទេសកម្ពុជា កំពុងចាប់ផ្តើមទម្លាក់អត្រាការប្រាក់ និងសម្រួលដល់ការស្នើសុំប្រាក់កម្ចី​ដើម្បីប្រកួតប្រជែងពង្រីក​ទីផ្សារប្រាក់កម្ចីឡើងវិញ។ យុទ្ធសាស្ត្រនេះធ្វើឡើងក្នុងពេលការ​បញ្ចេញប្រាក់កម្ចីកំពុងដាំក្បាលចុះ។

គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុនានា​នៅកម្ពុជាកំពុងប្រកួតប្រជែងគ្នា ដាក់ចេញនូវយុទ្ធសាស្ត្រថ្មីៗមិនធ្លាប់មានពីមុនមក ដើម្បីគៀងគរអតិថិជន និងពង្រីកទីផ្សារឥណទាន។ យុទ្ធសាស្ត្រទាំងនេះធ្វើឡើងបន្ទាប់ពី​ប្រាក់កម្ចីនៅក្នុងដៃអតិថិជន របស់គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុបាន​ថយចុះយ៉ាងហោចណាស់ ២០លានដុល្លានៅពាក់កណ្តាលឆ្នាំ ២០០៩នេះ។ គឺជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេលជិត ១០ឆ្នាំកន្លងទៅ។

លោក ស៊ឹម សេនាជាតិ អគ្គនាយកគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ និយាយថាអស់រយៈពេល២ខែហើយដែលគ្រឹៈស្ថានរបស់លោកបញ្ចេញ​ផែនការសំខាន់ៗចំនួន ៣ដំណាលគ្នា នោះ គឺការបញ្ចុះការប្រាក់ឥណទានពី 0.3 ភាគរយ ទៅ 0.6 ភាគរយការបន្ធូរបន្ថយលក្ខខណ្ឌក្នុងការ​សុំកម្ចីដែលមិនតម្រូវឲ្យមានអ្នកធានាដូចមុន និងការបង្កើនការផ្សព្វ ផ្សាយតាមប៉ុស្តិវិទ្យុជាដើម។

“យុទ្ធសាស្ត្រដែលយើងធ្វើនឹងគឺ ដើម្បីបង្កើនការឲ្យខ្ចីហ្នឹងឡើងវិញ។ ក្រោយពេលដែលយើងបានដាក់យុទ្ធសាស្ត្រ​ហ្នឹងចេញទៅខ្ញុំឃើញថាការផ្តល់កម្ចី​ហ្នឹងវាកើនប្រហែលជា ៤ ទៅ ៥ភាគរយ”។

អត្រាការប្រាក់កម្ចីរបស់​គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុជាទូទៅ ស្ថិតក្នុងចន្លោះពី ២ភាគរយទៅ ៣ភាគរយក្នុងមួយខែ ដែលអ្នកជំនាញចាត់ទុកថា ជាអត្រាខ្ពស់បំផុតមួយ។ ពីនោះ ការខ្ចីបុលទាមទារឲ្យមានរបស់បញ្ចាំ​ដែលមានតម្លៃស្មើ និងអ្នកចេញមុខធានាក្នុងករណី​សាច់ប្រាក់ត្រូវបាត់បង់។

ដោយឡែក គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនា​ក៏បានចាប់ផ្តើមបញ្ចុះអត្រាការប្រាក់ ចាប់ពីខែសីហានេះតទៅដែរ គឺបញ្ចុះ 0.2 ភាគរយ។ លោក ប៊ុន មុន្នី ប្រធាន គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាបនានិយាយថា​លោកបានបង្កើត ក្រុមការងារ ស្រាវជ្រាវពិសេស ជាលើកទី១​ដើម្បីធ្វើការស្ទាបស្ទង់ពីតម្រូវការ របស់អតិថិជននៅគ្រប់ទិសទី ទូទាំងប្រទេស។

“សព្វថ្ងៃយើងមានយុទ្ធសាស្ត្រថ្មី យើងមានក្រុមពិសេសរបស់យើង ដែលមានជំនាញខាងធ្វើការសិក្សាស្រាវជ្រាវតែម្តង ។ គេនឹងចុះទៅសួរសម្ភាសអតិថិជនផ្ទាល់ៗ​តែម្តងតើគាត់ចង់បានផលិតផល​ហ្នឹងរបៀបណា ហើយបើសិនណាជាយើងមើលឃើញថា យើងមានលទ្ធភាពនឹងរៀបចំឲ្យគាត់ យើងនិងបង្កើតផលិតផលថ្មីហ្នឹង ឆ្លើយតបនឹងតម្រូវការរបស់គាត់”។

ដំណាលគ្នានោះដែរ លោក ហួត អៀងតុង អគ្គនាយកគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ លើកឡើងថា គ្រឹៈស្ថានរបស់លោកនឹងកាត់បន្ថយ​រយៈពេលរង់ចាំទទួលកម្ចី ពី៣ទៅ៤ ថ្ងៃ មកត្រឹម ១ទៅ២ ថ្ងៃវិញ គន្លឹៈទាក់ទាញអតិថិជនឲ្យមកខ្ចីប្រាក់។

គួរបញ្ជាក់ថា ចាប់តាំងពីចុងឆ្នាំ ២០០៨មក នៅពេលដែលកំសួលនៃវិបត្តិហិរញ្ញវត្ថុ​កំពុងបោកបក់យ៉ាងសាហាវនោះ គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនបានរឹត​បណ្តឹងការផ្តល់កម្ចី កាត់បន្ថយទំហំប្រាក់កម្ចី និងខ្លះទៀតតម្លើងអត្រាការប្រាក់ ចំពោះប្រភេទ ប្រាក់កម្ចីដែលមានហានិភ័យខ្ពស់ជាដើម។ ដំណាលគ្នានោះ ប្រជាជនខ្មែរជាច្រើនក៏ស្ទាក់ស្ទើរមិនហ៊ាន​បោះទុនបង្កើតនិងពង្រីកអាជីវកម្មដែរ ដោយសារស្ថានភាពសេដ្ឋកិច្ច​លែងមានអំណោយផលដូចមុន។

កត្តាទាំងនេះបានធ្វើឲ្យបរិវេណប្រាក់កម្ចី​របស់បណ្តាគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុធ្លាក់ចុះ។ របាយការណ៍ឥណទានរបស់​សមាគមគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ​បានបង្ហាញថា នៅត្រីមាសទី២ឆ្នាំ ២០០៩ ប្រាក់កម្ចីក្នុងដៃអតិថិជនមានចំនួន ៤២៦ លានដុល្លារ គឺស្រុតចុះ ៤.៤០ភាគរយបើធៀបនឹងត្រីមាសទី១ឆ្នាំ ២០០៩។

លោក ចាន់ ម៉ាច ប្រធានគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត និយាយថា គ្រឹៈស្ថានរបស់លោក​កំពុងពិចារណាលើការ​ពង្រីកទំហំឥណទានឲ្យបានខ្ពស់ជាង ១ម៉ឺនដុល្លា ទៅដល់​សហគ្រាសខា្នតតូចនិងមធ្យម ហើយគ្រោងបង្កើតអនុសាខា ៣ ទៅ៥ បន្ថែមទៀតនៅតាមបណ្តាខេត្តផ្សេងៗ ដើម្បីបង្កើនបរិមាណប្រាក់កម្ចី។
ម្យ៉ាងវិញទៀត ដើម្បីប្រកួត ប្រជែងជាមួយបណ្តា​គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុនានាគ្រឹះស្ថាន​ក្រេឌីតក៏នឹងធ្វើការបញ្ចុះ​អត្រាការប្រាក់ដែរ។

“ខ្ញុំគិតថា វានឹងអាចធ្វើឲ្យការរស់រៀន​របស់យើងនៅតែមាន យើងអាចប្រកួតប្រជែង ជាមួយគេបាន”។

នៅប្រទេសកម្ពុជា មានគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុសរុបចំនួន ២០គ្រឹៈស្ថាន។ គ្រឹៈស្ថាន ទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកសាងកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់កម្ចីតូចៗ​ឲ្យប្រជាជនតាមតំបន់ជាយក្រុង និងទីជនបទនានាសម្រាប់ ពង្រីកផែនការអាជីវកម្មរបស់ពួកគេ។ ការស្វះស្វែងរក​ប្រាក់កម្ចីពីគ្រឹៈស្ថានទាំងនេះ​មានការពេញនិយម​ខ្លាំងឡើងក្នុងរយៈពេល៤ ឬ ៥ឆ្នាំចុងក្រោយនេះ។

លោក ហួត អៀងតុង អគ្គនាយកគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ​ហត្ថាកសិករ និងជាប្រធាន​សមាគមគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ដែរនោះ និយាយថា គ្រប់យុទ្ធ
សាស្ត្រទាំងអស់ដែលលើកឡើង​ដោយបណ្តាស្ថាប័នមីក្រូហិរញ្ញវត្ថុ ទាំងឡាយត្រឹមតែអាច​រួមចំណែកមួយផ្នែកប៉ុណ្ណោះ ក្នុងការពង្រីកទីផ្សារផ្តល់កម្ចី។ ហើយអ្វីដែលសំខាន់ជាងនេះ គឺវាអាស្រ័យលើភាពល្អ​ប្រសើរនៃសេដ្ឋកិច្ចជាតិ។

“អ្វីដែលគេធ្វើអាចជួយបានមួយ​ផ្នែកតូចជួយលើការពង្រីកប្រាក់កម្ចី។ ខ្ញុំយល់ថា លុះត្រាតែស្ថានភាពសេដ្ឋកិច្ច​ទាំងមូលល្អប្រសើរ ទើបប្រជាជនមានមុខរបររកស៊ី។ នៅពេលនោះ គាត់នឹងត្រូវការដើមទុនឡើងវិញ”។

យ៉ាងណាក៏ដោយ លោក ហង្ស ជួនណារ៉ុន អគ្គលេខាធិការ​នៃក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ មានប្រសាសន៌ថា រដ្ឋាភិបាលបានគំាទ្រឲ្យមានយុទ្ធសាស្ត្រ ប្រកួតប្រជែងក្នុងចំណោមគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ ជាពិសេស គឺ ការបញ្ចុះអត្រាការ​ប្រាក់ដើម្បីដណ្តើមទីផ្សារ ដែលនឹងផ្តល់ផលល្អ​ដល់ប្រជាកសិករខ្មែរ ដែលភាគច្រើនបានខ្ចី​បុលប្រាក់ពីគ្រឹៈស្ថាន ក្នុងអត្រាការប្រាក់ខ្ពស់។

លោកហង្ស ជួនណារ៉ុន បន្ថែមថា ការទម្លាក់អត្រាការប្រាក់​នាពេលនេះមិនទាន់​គ្រប់គ្រាន់នៅឡើយទេ ហើយក្រសួងបានរៀបចំ​គោលនយោបាយ​ជម្រុញឲ្យ​គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ​បញ្ចុះអត្រាការប្រាក់ពី ៣០ភាគរយក្នុងមួយឆ្នាំមកត្រឹម ១៦ភាគរយក្នុងមួយឆ្នាំ ដើម្បីចូលរួមចំណែកកាត់បន្ថយភាព​ក្រីក្ររបស់ប្រជាជនខ្មែរ៕

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: