សិក្ខាសាលាស្ដីពីវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា​ក្នុងបរិបទវិបត្តិហិរញ្ញវត្ថុពិភពលោក

ប្រធានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា លោក ហួត អេងតុង បានថ្លែងថា នៅពេលដែលប្រទេសកម្ពុជា កំពុងរងនូវវិបត្តិសេដ្ឋកិច្ច ពិភពលោកនេះ ចំនួនប្រជាពលរដ្ឋខ្ចីប្រាក់កាន់តែកើនឡើង ប៉ុន្តែចំនួនទឹកប្រាក់ ដែលគេខ្ចីនោះមានការថយចុះវិញ ដោយសារចំណូលដែលពលរដ្ឋរក បានមានការថយចុះដែរ។
សិក្ខាសាលាស្ដីពីវិស័យមីក្រូហិរញ្ញវត្ថុ កម្ពុជាក្នុងបរិបទវិបត្តិហិរញ្ញវត្ថុ ពិភពលោក នៅសណ្ឋាគារភ្នំពេញ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃ១៩ សីហា ២០០៩។
ការលើកឡើងដូច្នេះគឺ នៅក្នុងសិក្ខាសាលាមួយស្តីអំពី វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងបរិបទវិបត្តិហិរញ្ញវត្ថុ ពិភពលោក នៅឯសណ្ឋាគារភ្នំពេញ កាលពីថ្ងៃពុធ ទី១៩ ខែសីហា។
លោក ហួត អេងតុង មានប្រសាសន៍ថា នៅក្នុងអំឡុងពេលសេដ្ឋកិច្ចពិភពលោក កំពុងជួបវិបត្តិនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏មានការលំបាក ក្នុងការរកប្រភពទុន ដែលមានអត្រាការប្រាក់ទាប សម្រាប់ឲ្យអតិថិជនអ្នកខ្ចីប្រាក់ មានការប្រាក់ទាបនោះផងដែរ។
លោក ហួត អេងតុង បានឲ្យដឹងថា ៖ «បើសិនជាយើងប្រៀបធៀបត្រីមាសទី១ ឆ្នាំ២០០៩ ជាមួយនឹងត្រីមាសទី២ ២០០៨ គឺយើងឃើញថា អតិថិជននៅតែមានកំណើន គឺកើន១លាន១៩ម៉ឺន ទៅ ១លាន៣៥ម៉ឺននាក់។ ចំនួនទឹកប្រាក់ដែលគាត់ត្រូវការ គឺត្រូវការកាន់តែតិចទៅៗ ដែលធ្វើឲ្យប្រាក់ចំណូលរបស់គាត់ ក៏យើងគិតថាកាត់តែតិចទៅដែរ»។
ប្រធានស្តីទីនៃសេវាប្រឹក្សា យោបល់តំបន់អាស៊ីប៉ាស៊ីហ្វិក សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ លោក Russell Muir មានប្រសាសន៍ថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិបាន ដើរតួជាអ្នកគាំទ្រវិស័យមីក្រូហិរញ្ញវត្ថុ ដ៏ខ្លាំងនៅកម្ពុជា ក្នុងគោលបំណងពង្រីកសេវាហិរញ្ញវត្ថុ ទៅដល់ប្រជាពលរដ្ឋក្រីក្រ រាប់លាននាក់នៅកម្ពុជា ដែលត្រូវការសេវាហិរញ្ញវត្ថុនេះ។
ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ មានប្រសាសន៍ថា នៅឆមាសទី១ក្នុងឆ្នាំ២០០៩នេះ គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា មានអាជ្ញាប័ណ្ណចំនួន២០ ក្នុងនោះមានគ្រឹះស្ថានមេក្រូហិរញ្ញវត្ថុ ចំនួនពីរដែលទទួលបានអាជ្ញាប័ណ្ណដើម្បី ទទួលបា្រក់បញ្ញើពីសាធារណជន។ ប្រតិបត្តិករឥណទានដែលបានចុះបញ្ជី នៅធនាគារជាតិនៃកម្ពុជា មានចំនួន២៥ និងអង្គការក្រៅរដ្ឋាភិបាលមានចំនួន៦០ទៀតដែលកំពុងធ្វើប្រតិបត្តិការ ផ្តល់ឥណទានជនបទក្រៅផ្លូវការ។
លោក ជា ចាន់តូ បានមានប្រសាសន៍ថា ៖ «វិបត្តិហិរញ្ញវត្ថុនេះក៏បានជះឥទ្ធិពល ដោយប្រយោលលើវិស័យកសិកម្ម សំណង់ទេសចរណ៍ ការនាំចេញសម្លៀកបំពាក់ វិស័យវិនិយោគបរទេស។ ដោយឡែកប្រព័ន្ធធនាគារនៅកម្ពុជា មិនបានទទួលរងនូវផលប៉ះពាល់ ដោយផ្ទាល់និងធ្ងន់ធ្ងរពីវិបត្តិហិរញ្ញវត្ថុទេ»។
លោក ហួត អេងតុង បានឲ្យដឹងទៀតថា បញ្ហាដែលកំពុង ប្រឈមនឹង ការលំបាកបច្ចុប្បន្ន គឺខ្វះមណ្ឌលព័ត៌មានដើម្បីឲ្យ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នីមួយៗមើលឲ្យបានច្បាស់លាស់ មុននឹងចេញឥណទានឲ្យប្រជាពលរដ្ឋណាម្នាក់ខ្ចី ដើម្បីចៀសវាងអតិថិជនម្នាក់មានបំណុលច្រើន បញ្ហាខ្វះទីផ្សារ គឺប្រជាពលរដ្ឋមួយចំនួនធំផលិតបានជាផលិតផល ប៉ុន្តែគ្មានទីផ្សារ នេះជាកត្តាដែលធ្វើឲ្យសេដ្ឋកិច្ចរបស់ពួក គេមិនមានការរីកចម្រើនបាន និងបញ្ហាផ្សេងៗមួយចំនួនទៀត៕

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: