ប្រធានធនាគារពិភពលោកប្រចាំកម្ពុជា ធ្វើការបញ្ជាក់អំពីរបាយការណ៍ របស់ខ្លួន

ភ្នំពេញៈ ប្រធានធនាគារពិភពលោកប្រចាំនៅកម្ពុជា លោក ជីម៉ៅ ហ្វាន់ បានធ្វើការបញ្ជាក់ជូន រាជរដ្ឋាភិបាលកម្ពុជា អំពីរបាយការណ៍ ដែលធ្វើឡើងដោយ ធនាគារពិភពលោកនោះ វាគ្រាន់តែជាព័ត៌មានសម្រាប់ បំពេញបន្ថែមថ្មីទៀត សម្រាប់ធនាគារពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា តែមិនមែនជាការធ្វើឡើង ដើម្បីធ្វើការវាយប្រហារទៅលើរដ្ឋាភិបាលនោះទេ។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានប្រាប់អ្នក សារព័ត៌មាន បន្ទាប់ពីជំនួបនោះថា៖ ការបញ្ជាក់របស់លោក ប្រធានធនាគារពិភពលោក ក្នុងន័យចង់បញ្ជាក់ថា របាយការណ៍របស់ធនាគារពិភពលោក ធ្វើឡើងគឺមិនដូចការធ្វើអត្ថាធិប្បាយរបស់គណៈបក្សប្រឆាំង ដែលយកលទ្ធផលនៃការសិក្សា របស់ធនាគារពិភពលោក ទៅធ្វើការវាយប្រហាររដ្ឋាភិបាលនោះទេ។

លោក ជីម៉ៅ ហ្វាន់ បានអះអាងថា៖ របាយការណ៍របស់ ធនាគារពិភពលោកកន្លងមក មិនមែនជារបាយការណ៍វាយតម្លៃ ផលប៉ះពាល់ដល់ការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននោះទេ តែជាព័ត៌មានថ្មីមួយទៀត ដែលធនាគារពិភពលោក និងរាជរដ្ឋាភិបាលត្រូវរួមគ្នាដោះស្រាយទៅមុខទៀត។

លោក ជីម៉ៅ បានបន្តថា គ្មានអ្វីដែលលោកមិនជឿចំពោះ កិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលក្នុងការងារ និងការសម្រេចចិត្តដោះស្រាយបញ្ហានោះទេ។ លោកបានឃើញលទ្ធផល ជាក់ស្តែងជាច្រើនរបស់ រាជរដ្ឋាភិបាលដូចជា ការតាក់តែងច្បាប់ព្រហ្មទណ្ឌ និងច្បាប់ប្រឆាំងនអំពើពុករលួយ ដែលគ្រោងបញ្ចប់ នៅក្នុងរយៈពេល ២ ទៅ ៣ ខែខាងមុខ។ លោក ជីម៉ៅ បានស្នើសូមឲ្យលោក ឧបនាយករដ្ឋមន្ត្រី សុខ អាន បញ្ជូនព័ត៌មានដ៏សុទ្ធចិត្តរបស់ ធនាគារពិភពលោក ជូនទៅសម្តេចនាយកមន្ត្រី ឲ្យបានជ្រាបនូវបំណងល្អ របស់ធនាគារពិភពលោក ហើយបញ្ជាក់ថា ធនាគារពិភពលោក នៅតែជាដៃគូដ៏ល្អ ជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍកម្ពុជា ព្រោះកិច្ចសហប្រតិបត្តិការ លើវិស័យដីធ្លីទទួលបានលទ្ធផលល្អណាស់ ដែលបានចុះបញ្ជីដីធ្លីបានជាង ១ លានក្បាលដី។

លោក សុខ អាន បានជម្រាបជូនភ្ញៀវវិញអំពីលទ្ធផល ដែលរាជរដ្ឋាភិបាល សម្រេចបានដោយបានបញ្ជាក់ថា បច្ចុប្បន្នច្បាប់ក្រមនីតិវិធីព្រហ្មទណ្ឌ ត្រូវបានកំពុងពិភាក្សានៅក្នុង គណៈកម្មាធិការនិតិកម្មនៃរដ្ឋសភា។ រីឯច្បាប់ប្រឆាំងនឹងអំពើ ពុករលួយបានឈានចូលដល់ទីបញ្ចប់ នៃការងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រីហើយ ៗនៅពេលដ៏ខ្លីខាងមុខនេះ និងដាក់ចូលទៅក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីដើម្បីធ្វើការពិភាក្សាអនុម័ត៕

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: