ប្រធានធនាគារពិភពលោកប្រចាំកម្ពុជា​ធ្វើការបញ្ជាក់អំពីរបាយការណ៍របស់ខ្លួន

ភ្នំពេញៈ ប្រធានធនាគារពិភពលោកប្រចាំនៅកម្ពុជា លោក ជីម៉ៅ ហ្វាន់ បានធ្វើការបញ្ជាក់ជូនរាជរដ្ឋាភិបាលកម្ពុជា អំពីរបាយការណ៍ដែលធ្វើឡើងដោយ​ធនាគារពិភពលោកនោះ វាគ្រាន់តែជាព័ត៌មាន​សម្រាប់បំពេញបន្ថែមថ្មីទៀត សម្រាប់ធនាគារពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា តែមិនមែនជាការធ្វើឡើង ដើម្បីធ្វើការវាយប្រហារទៅលើរដ្ឋាភិបាលនោះទេ។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបនោះថា៖ ការបញ្ជាក់របស់លោកប្រធាន​ធនាគារពិភពលោក ក្នុងន័យចង់បញ្ជាក់ថា របាយការណ៍របស់​ធនាគារពិភពលោក ធ្វើឡើងគឺមិនដូចការធ្វើអត្ថាធិប្បាយ​របស់គណៈបក្សប្រឆាំង ដែលយកលទ្ធផល​នៃការសិក្សារបស់ធនាគារពិភពលោក​ទៅធ្វើការវាយប្រហាររដ្ឋាភិបាលនោះទេ។

លោក ជីម៉ៅ ហ្វាន់ បានអះអាងថា៖ របាយការណ៍របស់ធនាគារពិភពលោក​កន្លងមក មិនមែនជារបាយការណ៍វាយតម្លៃ​ផលប៉ះពាល់ដល់ការខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាលកម្ពុជា​សម្រេចបាននោះទេ តែជាព័ត៌មានថ្មីមួយទៀត​ដែលធនាគារពិភពលោក និងរាជរដ្ឋាភិបាលត្រូវរួមគ្នាដោះស្រាយទៅមុខទៀត។

លោក ជីម៉ៅ បានបន្តថា គ្មានអ្វីដែលលោកមិនជឿ​ចំពោះកិច្ចខិតខំប្រឹងប្រែង​របស់រដ្ឋាភិបាលក្នុងការងារ និងការសម្រេចចិត្តដោះស្រាយបញ្ហានោះទេ។ លោកបានឃើញលទ្ធផលជាក់ស្តែង​ជាច្រើនរបស់រាជរដ្ឋាភិបាលដូចជា ការតាក់តែង​ច្បាប់ព្រហ្មទណ្ឌ និងច្បាប់ប្រឆាំងនអំពើពុករលួយ​ដែលគ្រោងបញ្ចប់​នៅក្នុងរយៈពេល ២ ទៅ ៣ ខែខាងមុខ។ លោក ជីម៉ៅ បានស្នើសូមឲ្យលោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន បញ្ជូនព័ត៌មានដ៏សុទ្ធចិត្តរបស់​ធនាគារពិភពលោកជូនទៅ​សម្តេចនាយកមន្ត្រីឲ្យបានជ្រាប​នូវបំណងល្អរបស់​ធនាគារពិភពលោក ហើយបញ្ជាក់ថា ធនាគារពិភពលោកនៅតែជាដៃគូ​ដ៏ល្អជាមួយរដ្ឋាភិបាល​ក្នុងការអភិវឌ្ឍកម្ពុជា ព្រោះកិច្ចសហប្រតិបត្តិការ​លើវិស័យដីធ្លីទទួលបានលទ្ធផលល្អណាស់ ដែលបានចុះបញ្ជីដីធ្លីបានជាង ១ លានក្បាលដី។

លោក សុខ អាន បានជម្រាបជូនភ្ញៀវវិញអំពីលទ្ធផល​ដែលរាជរដ្ឋាភិបាល​សម្រេចបាន​ដោយបានបញ្ជាក់ថា បច្ចុប្បន្នច្បាប់ក្រមនីតិវិធីព្រហ្មទណ្ឌ ត្រូវបានកំពុងពិភាក្សា​នៅក្នុងគណៈកម្មាធិការនិតិកម្មនៃរដ្ឋសភា។ រីឯច្បាប់ប្រឆាំងនឹងអំពើពុករលួយ​បានឈានចូលដល់ទីបញ្ចប់ នៃការងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រីហើយ ៗនៅពេលដ៏ខ្លីខាងមុខនេះ និងដាក់ចូលទៅក្នុងកិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រីដើម្បីធ្វើការពិភាក្សាអនុម័ត៕

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: