ប្រជាពលរដ្ឋជំពាក់បំណុល ស្ថាប័នហិរញ្ញវត្ថុកាន់តែច្រើន

ភ្នំពេញ៖ ស្របពេលដែលប្រទេសកម្ពុជាកំពុងទទួល រងវិបត្តិសេដ្ឋកិច្ចពិភពលោកបាន ធ្វើឲ្យចំណូលរបស់ប្រជាពលរដ្ឋ មានការធ្លាក់ចុះ ហើយប្រជាពលរដ្ឋមួយចំនួន ជំពាក់បំណុលស្ថាប័នហិរញ្ញវត្ថុកាន់តែច្រើន។ តាមការអះអាងរបស់ប្រធាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងកាលពីថ្មីៗនេះថា នៅពេលដែលប្រទេសកម្ពុជា កំពុងរងនូវវិបត្តិសេដ្ឋកិច្ចពិភពលោក គឺចំនួនប្រជាពលរដ្ឋអ្នកខ្ចីប្រាក់ មានកាន់តែកើនឡើង ប៉ុន្តែចំនួនទឹកប្រាក់ដែលខ្ចីនោះ មានការថយចុះទៅវិញ ដោយសារចំណូលដែលប្រជាពលរដ្ឋ រកបានមានការថយចុះដែរ។ ការលើកឡើងបែបនេះបានធ្វើឡើង ក្នុងសិក្ខាសាលាមួយស្ដីអំពីវិស័យ មីក្រូហិរញ្ញវត្ថុកម្ពុជាក្នុងបរិបទហិរញ្ញវត្ថុ ពិភពលោក កាលពីថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០០៩។
អ្នកជំនាញពីគ្រឹះស្ថានហិរញ្ញវត្ថុ មួយចំនួនបានឲ្យដឹងថា នៅក្នុងអំឡុងដែលសេដ្ឋកិច្ច ប្រឈមនឹងវិបត្តិធ្លាក់ចុះ យ៉ាងធ្ងន់ធ្ងរ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ក៏មានការលំបាកក្នុង ការរកប្រភពទុន ដែលមានអត្រាការប្រាក់ទាប សម្រាប់ឲ្យអតិថិជនអ្នកខ្ចី ហើយមានការប្រាក់ទាបនោះផងដែរ។ ជាការពិតបើប្រៀបធៀបរវាងត្រីមាសទី១ ឆ្នាំ២០០៩ ជាមួយនឹងត្រីមាសទី២ ឆ្នាំ២០០៨ ឃើញថា អតិថិជននៅតែមានកំណើន គឺកើនពីចំនួន ១.១៩០.០០០នាក់ ទៅ ១.៣៤០.០០០នាក់ ប៉ុន្តែចំនួនទឹកប្រាក់ដែលត្រូវការ គឺកាន់តែតិចទៅៗ ព្រោះប្រាក់ចំណូលរបស់ពួកគាត់ក៏កាន់តែតិចដែរ។ ប្រការនេះបង្ហាញឲ្យឃើញថា វិបត្តិសេដ្ឋកិច្ចពិភពលោកធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រាក់ចំណូល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាមួយភាគធំ ក៏ដូចជានៅទូទាំងពិភពលោក។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ដែរប្រធានស្ដីទីនៃសេវា ប្រឹក្សាយោបល់ តំបន់អាស៊ីប៉ាស៊ីហ្វិកសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ លោក ប្រូស៊ែល មៀរ បានបញ្ជាក់ថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បានដើរតួជាអ្នកគាំទ្រ វិស័យហិរញ្ញវត្ថុដ៏ខ្លាំងនៅកម្ពុជា ក្នុងគោលបំណងពង្រីកសេវាហិរញ្ញវត្ថុដ៏ខ្លាំង នៅកម្ពុជាក្នុងគោលបំណងពង្រីកសេវាហិរញ្ញវត្ថុ ទៅដល់ប្រជាពលរដ្ឋក្រីក្ររាប់លាននាក់ នៅកម្ពុជា ដែលត្រូវការសេវាហិរញ្ញវត្ថុ។ មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាក៏បានឲ្យដឹងដែរថានៅឆមាសទី១ ឆ្នាំ២០០៩នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមានអាជ្ញាប័ណ្ណចំនួន២០ ក្នុងនោះមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន២ ដែលទទួលបានអាជ្ញាប័ណ្ណសម្រាប់ ទទួលប្រាក់បញ្ញើពីប្រជាពលរដ្ឋ។ ប្រតិបត្តិការឥណទានដែលបានចុះបញ្ជី នៅធនាគារជាតិនៃកម្ពុជាមានចំនួន២៥ និងអង្គការក្រៅរដ្ឋាភិបាលមានចំនួន៦០ ដែលកំពុងធ្វើប្រតិបត្តិការផ្ដល់ ឥណទានជនបទក្រៅផ្លូវការ។
ក្រុមអ្នកតាមដានវិស័យឥណទានក្នុងប្រទេសកម្ពុជា បានកត់សម្គាល់ថា បញ្ហាប្រឈមនឹងការលំបាកបច្ចុប្បន្ន គឺខ្វះមណ្ឌលព័ត៌មាន ដើម្បីឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នីមួយៗពិនិត្យមើលឲ្យបានច្បាស់លាស់ មុនពេលចេញឥណទាន ដល់ប្រជាពលរដ្ឋណាម្នាក់ខ្ចី ដើម្បីចៀសវាងអតិថិជនម្នាក់ មានបំណុលច្រើន។ ជាមួយគ្នានេះភាពក្រីក្ររបស់ប្រជាពលរដ្ឋ កំពុងធ្វើឲ្យប៉ះពាល់ដល់ដំណើរការ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផងដែរ ព្រោះនៅពេលប្រជាពលរដ្ឋគ្មាន ទីផ្សារលក់កសិផលដែលផលិតបាន គឺពួកគាត់មិនហ៊ានខ្ចីលុយឥណទាន ច្រើនៗយកមកប្រកបអាជីវកម្មឡើយ។ កត្តានេះហើយទើបប្រជាពលរដ្ឋ ដែលខ្ចីប្រាក់ឥណទានពីស្ថាប័ន មីក្រូហិរញ្ញវត្ថុនានា មានចំនួនកើនឡើង ប៉ុន្តែបរិមាណទឹកប្រាក់មានការថយចុះ ព្រោះពួកគេព្រួយបារម្ភខ្លាចពុំមានលទ្ធភាព សងបំណុលវិញឲ្យបាន ទាន់ពេលវេលាកំណត់។
សរុបសេចក្ដីមកវិបត្តិសេដ្ឋកិច្ចពិភពលោក ចាប់តាំងពីអំឡុងខែកញ្ញា ឆ្នាំ២០០៨ រហូតមកបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ទៅលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ និងធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នហិរញ្ញវត្ថុ ដោយប្រយោលផងដែរ ពេលដែលប្រជាពលរដ្ឋមិនហ៊ានខ្ចីលុយ ពីស្ថាប័នទាំងនោះយកទៅប្រកបរបរអាជីវកម្ម។ មិនតែប៉ុណ្ណោះមួយរយៈពេលចុងក្រោយនេះ ប្រេងសាំងនៅកម្ពុជាឡើងថ្លៃ យ៉ាងគំហុកហើយទំនិញលើទីផ្សារ នៅតែមានតម្លៃខ្ពស់កប់ពពកក្នុងខណៈដែលប្រាក់ចំណូល របស់ប្រជាពលរដ្ឋមានការធ្លាក់ចុះគួរឲ្យព្រួយបារម្ភ។ ដូច្នេះរដ្ឋាភិបាលគួរតែគិតគូរបញ្ចុះតម្លៃប្រេងសាំង និងទំនិញលើទីផ្សារជាបន្ទាន់ ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីកុំឲ្យពួកគេជំពាក់បំណុលស្ថាប័នហិរញ្ញវត្ថុកាន់តែច្រើនថែមទៀត៕

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: