កម្ពុជានៅតែបន្តប្រើប្រព័ន្ធហិរញ្ញវត្ថុក្រៅផ្លូវការ

ធនាគារពាណិជ្ជ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ​រីកចម្រើនដូចផ្សិត​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែប្រជាជនមួយចំនួនធំ​នៅតែបន្តប្រើប្រាស់ប្រព័ន្ធ​ហិរញ្ញវត្ថុមិនផ្លូវការ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថាប័នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា​មានការរីកចម្រើនគួរជាទីកត់សម្គាល់។ តួលេខចុងក្រោយបង្អស់បានបង្ហាញថា​ប្រទេសកម្ពុជាមានធនាគារពាណិជ្ជចំនួន៣០​ធនាគារឯកទេសចំនួន៦ ​និងស្ថាប័នមីក្រូហិរញ្ញវត្ថុចំនួន១៩
ចំនួនស្ថាប័នហិរញ្ញវត្ថុ​មានការកើនឡើងច្រើនមែន ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ គឺថាស្ថាប័នហិរញ្ញវត្ថុទាំងនេះ​បានធ្វើប្រតិបត្តិការក្នុងតំបន់ផ្សេងៗពីគ្នា។
អ្នកជំនាញក្នុងវិស័យធនាគារបានបញ្ជាក់ថា ធនាគារពាណិជ្ជ​ប្រតិបត្តិការភាគច្រើន​តែក្នុងតំបន់ទីប្រជុំជន រីឯស្ថាប័នមីក្រូហិរញ្ញវត្ថុ​ប្រតិបត្តិការនៅតំបន់ជនបទ​ដាច់ស្រយាល។ លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ​នៃធនាគារពាណិជ្ជអេស៊ីលីដា​បាននិយាយថាធនាគារពាណិជ្ជ​ធ្វើប្រតិបត្តិការភាគច្រើននៅតាមខេត្តក្រុង​ធំមួយចំនួនៗដូចជា ក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តកំពង់សោម។
លោក ហួត អៀងតុង ប្រធានសមាគមមីក្រូហិរញ្ញវត្ថុ​នៅកម្ពុជាបានពន្យល់ថា​ស្ថាប័នមីក្រូហិរញ្ញវត្ថុ​បានបម្រើសេវាកម្មរបស់ខ្លួន​ដល់ប្រជាជនក្រីក្រគ្រប់ច្រកល្ហក​នៅក្នុងប្រទេសកម្ពុជា។ ស្ថាប័នមីក្រូហិរញ្ញវត្ថុ​គឺជាស្ថាប័នបម្រើប្រជាជនក្រីក្រ​យ៉ាងពិតប្រាកដពីព្រោះស្ថាប័ន​នេះផ្តល់សេវាឥណទានតូចតាច រីឯធនាគារពាណិជ្ជវិញផ្តល់ឥណទានខ្នាតធំ។ មិនត្រឹមតែប៉ុណ្ណោះ​បច្ចុប្បន្ននេះស្ថាប័នមីក្រូហិរញ្ញវត្ថុ​បានពង្រីកសេវាកម្មរបស់ខ្លួន​ទៅដល់តំបន់អតីតខ្មែរក្រហមទៀតផង។
លោក ហួត អៀងតុង ប្រធានសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា​បានពន្យល់ថាធនាគារពាណិជ្ជ​មិនធ្វើសេវាកម្មនៅតំបន់ដាច់ស្រយាលទេ ពីព្រោះបើគេធ្វើយ៉ាងនេះ​តម្លៃប្រតិបត្តិការនឹងកើនឡើងខ្ពស់បន្ថែមទៀត។
សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា​បាននិយាយថា គិតត្រឹមខែ៦ឆ្នាំ២០០៩នេះ មីក្រូហិរញ្ញវត្ថុទាំង១៩​បានផ្តល់ឥណទាន​ចំនួន២៥០លានដុល្លារអាមេរិក​ដល់ប្រជាជន​ចំនួនប្រមាណជា១លាននាក់។
សម្រាប់ធនាគារពាណិជ្ជ​ទាំងអស់វិញពួកគេបានផ្តល់ឥណទាន​២៤០០លានដុល្លារអាមេរិក​នៅដំណាច់ខែ៦ដើមឆ្នាំ២០០៩នេះ។
អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ​នៅក្នុងប្រទេសកម្ពុជាបាននិយាយថា​ក្នុងកាលៈទេសៈវិបត្តិសេដ្ឋកិច្ចនេះ​ចំនួនអ្នកមករកឥណទាននៅ​ក្នុងស្ថាប័នហិរញ្ញវត្ថុមិនមាន​ការថយចុះនោះទេ។ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់គឺថា​ទំហំឥណទានមានលក្ខណៈតូចជាងមុន។ តម្រូវការឥណទានតូចជាងមុននេះ​ត្រូវបានអ្នកជំនាញ​មួយចំនួនពន្យល់ថា គឺដោយសារអតិថិជន​មិនសូវហ៊ានពង្រីកអាជីវកម្ម​របស់ពួកគេក្នុងបរិបទវិបត្តិសេដ្ឋកិច្ច។
វិបត្តិសេដ្ឋកិច្ចមិន​ប៉ះពាល់វិស័យហិរញ្ញវត្ថុ​នៅកម្ពុជាដោយផ្ទាល់មែន ប៉ុន្តែបើយោងតាមសម្តីអ្នកជំនាញវិបត្តិ​នេះបានជះឥទ្ធិពលអាក្រក់​ដោយប្រយោលដល់​ស្ថាប័នហិរញ្ញវត្ថុនៅក្នុង​ប្រទេសកម្ពុជា។ ស្ថាប័នមីក្រូហិរញ្ញវត្ថុ​បាននិយាយថាដោយសារតែការ​រកស៊ីមិនសូវបាននៅក្នុងកាលៈទេសៈ​វិបត្តិហិរញ្ញវត្ថុនេះ​អ្នកខ្ចីប្រាក់ជាង២%មិនបានសងត្រលប់​ទៅស្ថាប័នមីក្រូហិរញ្ញវត្ថុនោះទេ។
ចំពោះធនាគារពាណិជ្ជវិញ​លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ​នៃធនាគារអេស៊ីលីដា​បានបញ្ជាក់ថាក្នុងវិស័យ​ធនាគារពាណិជ្ជទាំងមូលឥណទាន​​ខូចខាតបូកផ្សំនឹងឥណទាន​សងមិនទាន់ពេលវេលាផងនោះ​គឺមានអត្រា៥,៥%។
វិស័យធនាគារមានការរីកចម្រើន​យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ​នេះប៉ុន្តែអ្នកជំនាញក្នុងវិស័យនេះ​បានពន្យល់ថាការជឿទុកចិត្ត​ទៅលើប្រព័ន្ធធនាគារ​នៅមានកម្រិតនៅឡើយ។
ប្រជាជនមួយចំនួនធំ​មិនទាន់ប្រើប្រាស់ប្រព័ន្ធ​ធនាគារពាណិជ្ជ ឬមីក្រូហិរញ្ញវត្ថុនៅឡើយទេ​នៅពេលដែលពួកគេត្រូវការថវិកា។ ប្រជាជនទាំងនោះភាគច្រើន​ប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុ​មិនផ្លូវការជំនួសប្រព័ន្ធហិរញ្ញវត្ថុផ្លូវការ។
ប្រព័ន្ធហិរញ្ញវត្ថុមិនផ្លូវការ​មានដូចជា ការចងការប្រាក់នៅផ្ទះចិន ឬការលេងតុងទីន​ជាដើម។ មូលហេតុដែលជំរុញអោយពួកគេ​ប្រើប្រាស់ប្រព័ន្ធ​មិនផ្លូវការនេះគឺដោយសារប្រព័ន្ធ​នេះបង្កលក្ខណៈកម្ចីងាយស្រួល​ជាងប្រព័ន្ធផ្លូវការ។
តុងទីនជាប្រភេទប្រព័ន្ធហិរញ្ញវត្ថុមួយ​ដ៏មានសារៈសំខាន់ក្នុងការ​ប្រមូលសាច់ប្រាក់ ប៉ុន្តែប្រព័ន្ធនេះមាន​ហានិភ័យខ្ពស់ណាស់។ ដោយសារកង្វះខាតផ្លូវច្បាប់​សម្រាប់គ្រប់គ្រងការ​លេងតុងទីននេះ គេសង្កេតឃើញជារឿយៗថា​អ្នកលេងតុងទីនមួយចំនួនបាន​បង់ខាតប្រាក់កាសជាច្រើន​ដោយសារកូនរត់ ឬដោយសារមេរត់៕

ប្រភព

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: