ប្រជាជនកម្ពុជាជាង ១៣ លាននាក់មិនទាន់ប្រើ​គណនេយ្យធនាគារ

ភ្នំពេញ: សុវណ្ណី គឺជាពាណិជ្ជករថ្នាក់កណ្តាលមួយរូប ប៉ុន្តែលោកស្រី​មិនមានគណនេយ្យធនាគារឡើយ ព្រោះលោកស្រីនៅ​មិនទាន់ទុកចិត្តដល់ធនាគារឡើយ ហើយភ័យខ្លាចលុយ​របស់លោកស្រីអាចនឹងត្រូវបាត់បង់ បើសិនជាលោកស្រីយកលុយ​ទាំងអស់នោះទៅផ្ញើធនាគារ ។ លោកស្រីគឺជាមនុស្សម្នាក់ ក្នុងចំណោមប្រជាជនកម្ពុជារហូតដល់ទៅ ៩៤ ភាគរយ ឬជាង ១៣ លាននាក់ ដែលមិនទាន់មានគណនេយ្យធនាគារ ហើយសុខចិត្តរក្សាលុយដោយខ្លួនឯង ។

លោកស្រីសុវណ្ណីនិយាយថា លោកស្រីមិនទាន់យកលុយទៅដាក់នៅធនាគារ ពីព្រោះលោកស្រីភ័យខ្លាចថា ពេលធនាគារមានបញ្ហាលុយកាក់​របស់លោកស្រីនឹងត្រូវរលាយអស់ ។ នៅក្នុងការពិភាក្សាតុមូលក្រោមប្រធានបទការគ្រប់គ្រងធនាគារ និងទំនុកចិត្តរបស់សាធារណជន ដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា ក្រោមជំនួយឧបត្ថមរបស់មូលនិធិខុនរ៉ាដអាដេ ណៅអ៊ែរ នៅសណ្ឋាគារសាន់វេកាលពីថ្ងៃទី២៦ ខែសីហា លោកស្រី តាល់ ណៃអ៊ីម អគ្គនាយិការធនាគារជាតិកម្ពុជានិយាយថា “ប្រជាជនកម្ពុជាចំនួនតែ ៦ ភាគរយប៉ុណ្ណោះ ដែលមានគណនេយ្យនៅធនាគារ” ។ លោកស្រីបានអោយដឹងថា មានប្រជាជនតែជាង ៨២០០០០ នាក់ប៉ុណ្ណោះ ក្នុងចំណោមប្រជាជន ១៤ លាននាក់ ដែលមានគណនេយ្យធនាគារ ។

តាមរយៈតួលេខនេះមានន័យថា ប្រជាជនកម្ពុជារហូតដល់ជាង ១៣ លាននាក់ ក្នុងចំណោម ១៤ លាននាក់មិនទាន់បានប្រើប្រាស់ធនាគារ ដើម្បីផ្ញើលុយកាក់ដែលពួកគេមាននោះឡើយ ។ លោកស្រីបានបន្ទោសជំនឿទំនុកចិត្តតិចតួចរបស់ប្រជាជន ទៅលើប្រព័ន្ធធនាគារទៅលើរបបខ្មែរក្រហម ដែលបានបំផ្លាញទាំងស្រុងទំនុកចិត្តរបស់ប្រជាជន សង្គ្រាម និងអស្ថិរភាពនយោបាយរយៈពេលជាងបីទសវត្សរ៍ និងកង្វះខាតការយល់ដឹងរបស់ប្រជាជនមកលើប្រព័ន្ធហិរញ្ញវត្ថុ និងធនាគារ ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ លោកស្រី តាល់ ណៃអ៊ីម សង្ឃឹមថា ចំនួនប្រជាជនប្រើប្រាស់គណនេយ្យធនាគារ នឹងបន្តមានការកើនឡើង ពិសេសនៅពេលដែលរដ្ឋាភិបាលប្រើប្រាស់ធនាគារ ដើម្បីបើកប្រាក់បៀរវត្សរ៍ជូនដល់មន្ត្រីរាជការនៅពេលខាងមុខនេះ ។ ក្រៅពីនេះលោកស្រីបានវាយតម្លៃថា វិស័យធនាគារកំពុងតែមានការរីកចម្រើន តាមរយៈការកើនឡើងចំនួនធនាគារ និងបណ្តាញសាខាដែលប្រតិបត្តិការទូទាំងប្រទេស ។

កម្ពុជាបច្ចុប្បន្នមានធនាគារពាណិជ្ជចំនួន ២៧ ការិយាល័យតំណាងធនាគារបរទេសចំនួនពីរ ធនាគារបរទេស ធនាគារឯកទេសចំនួន៦ គ្រឹស្ថានមីក្រូហិរញ្ញវត្ថុចំនួន២០ និងប្រតិបត្តិករ មីក្រូហិរញ្ញវត្ថុចំនួន ២៥ ។

ទោះបីជាពិភពលោកកំពុងតែរង្គោះរង្គើរ ដោយវិបត្តិសេដ្ឋកិច្ចដោយផ្ទាល់ក្តី លោកស្រីអគ្គនាយិការ​ធនាគារជាតិនិយាយថា ធនាគារនៅកម្ពុជាមិនទទួលរង​ផលប៉ះពាល់ដោយផ្ទាល់​ពីវិបត្តិនេះនៅឡើយទេ ។ ប្រាក់បញ្ចើធនាគារបានកើនឡើងមកដល់ ២៨,៦៧ ភាគរយ នៃផលិតផលក្នុងស្រុកសរុប ដែលមានតម្លៃជាទឹកប្រាក់ចំនួន ១០៣៤៥ លានដុល្លានៅឆ្នាំ២០០៨ ដោយកើនឡើងពីចំនួនត្រឹមតែ១៤,២៧ ភាគរយ នៃផលិតផលក្នុងស្រុកកាលពីឆ្នាំ២០០០ ។ បើពិនិត្យមើលការកើនឡើងនៃចំនួនធនាគារ និងលុយបញ្ចើនៅធនាគារនោះ ប្រជាជនកម្ពុជាកាន់តែច្រើន បានចាប់ផ្តើមមើលឃើញ​អំពីសារសំខាន់​នៃការប្រើប្រាស់គណនេយ្យធនាគារ ។

លោកស្រីបានឲ្យដឹងថា មកដល់ពេលនេះកម្ពុជាមានធនាគារពាណិជ្ជទាំងអស់ចំនួន ២៧ ធនាគារឯកទេស៦ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ចំនួន ២០ ។ ហើយមកដល់ពេលនេះ អត្រាប្រាក់បញ្ញើរនៅធនាគារពាណិជ្ជ គឺមានចំនួនប្រមាណជា ២៩០០ ពាន់លានដុល្លារ ហើយឥណទានវិញ គឺមានចំនួន ២៤០០ លានដុល្លារ ។

បើតាមប្រសាសន៍របស់លោកស្រី ណៃអ៊ីម កាលពីឆ្នាំ២០០៧ ឥណទានរបស់ធនាគារនៅ​ក្នុងប្រទេសកម្ពុជា គឺមានការកើនឡើងខ្លាំងពោលគឺ ១០២ ភាគរយ ហើយនៅក្នុងឆ្នាំ២០០៨ កើន៧០ ភាគរយ ហើយមកដល់ ៦ ខែដើមឆ្នាំ២០០៩ នេះ ឥណទានទទួលបានកំណើនត្រឹមតែប្រមាណជា ១ ភាគរយ ប៉ុណ្ណោះដោយសារតែ​វិបត្តិសេដ្ឋកិច្ចពិភពលោក ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ប្រព័ន្ធធនាគារនៅកម្ពុជា នៅតែមិនទាន់ជួបបញ្ហានៅឡើយ ។ តាមពិតទៅប្រជាជនកម្ពុជា​នឹងបានទទួលផលប្រយោជន៍ជាច្រើន អំពីការប្រើប្រាស់​គណនេយ្យធនាគារដូចជា ពួកគេអាចទទួលបានការប្រាក់ និងអាចធ្វើការផ្ទេរលុយ​យ៉ាងងាយស្រួលនៅក្នុងនៅ​ក្នុងមុខជំនួញរបស់ខ្លួន ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ ដោយចុះគេចាំបាច់ត្រូវធ្វើយ៉ាងណាពន្យល់ប្រជាជនអោយជឿថា ប្រព័ន្ធធនាគារដ៏ស្គុះស្គាយនៅកម្ពុជា គឺគួរអោយទុកចិត្តបាន​ហើយនៅពេលដែលធនាគារ​មានបញ្ហារដ្ឋាភិបាលចេញមុខដោះស្រាយ​ជូនប្រជាជន ។ ឥណទានមិនដំណើរការកើនឡើង​ដល់ជាងមានប្រាំភាគរយ ។ ភាគរយនៃឥណទានមិនដំណើរ ការនៅក្នុងប្រទេសកម្ពុជា បានកើនឡើងគួរឲ្យកត់សំគាល់ ប៉ុន្តែវាមិនទាន់ដល់កំរិតធ្ងន់ធ្ងរ​ដែលនឹងជះឥទ្ធិពលអាក្រក់​ដល់ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅ ក្នុងប្រទេសកម្ពុជាបាននៅឡើយ ។

លោកស្រី តាល់ ណៃអ៊ីម អះអាងថា ភាគរយនៃឥណទាន​មិនដំណើរការរបស់ប្រព័ន្ធធនាគារ នៅក្នុងប្រទេសកម្ពុជា​គឺបានកើនឡើងពី ៣.៧ ភាគរយនៅ ខែធ្នូ ឆ្នាំ២០០៨ រហូតដល់ ៥.២ ភាគរយ នៅក្នុងខែឧសភា ឆ្នាំ២០០៩ ។

លោកស្រីបានបញ្ជាក់ថា “ អត្រានៃឥណទានមិនដំណើរការនេះ គឺជាអត្រាសមស្របអាចទទួលយកបាន ” ។

បើតាមប្រសាសន៍របស់លោកស្រី ណៃអ៊ីម ការកើនឡើងនៃអត្រាឥណទានមិន​ដំណើរការនៅក្នុងប្រទេសកម្ពុជា​នាពេលបច្ចុប្បន្ននេះ គឺវានៅទាបណាស់ ។ លោកស្រីបានបន្តទៀតថា អត្រានៃផល ប៉ះពាល់នៃឥណទានមិនដំណើរ​ការមកលើប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅក្នុងប្រទេសបាននោះលុះត្រាណា​តែវាកើនឡើងដល់កំរិត ៥០ ភាគរយឡើងលើឯណោះ ។

លោកស្រីបានបញ្ជាក់ថា “ ឆ្លងតាមយុទ្ធសាស្ត្រផ្សេងៗរបស់ធនាគារជាតិ និងរដ្ឋាភិបាល ជាលទ្ធផលបានបង្ហាញថា ប្រព័ន្ធធនាគារនៅក្នុងប្រទេសនៅតែទទួលបានប្រាក់ចំណេញ និងមានដើមទុនគ្រប់គ្រាន់” ។ យុទ្ធសាស្ត្រដែលធនាគារជាតិនៃកម្ពុជា​កំពុងតែចាត់វិធានការណ៍នោះមានដូចជា ការបង្កើនប្រាក់ទុនកាតព្វកិច្ច​សំរាប់បណ្តាធនាគារ​ទាំងឡាយពី ១៣ លានដុល្លារ រហូតដល់ទៅ ៣៧ លានដុល្លារ ។ ការរឹតបណ្តឹងកម្មវិធីឥណទានលើអចលនៈទ្រព្យ ការបង្កើនជំនឿទុកចិត្ត និងការខិតខំពង្រឹង ក្របខ័ណ្ឌ និងបទបញ្ញាត្តិផ្សេងៗជាដើម ។

លោកស្រី ណៃអ៊ីម បានឲ្យដឹងថា ការអនុវត្តនូវយុទ្ធសាស្ត្រទាំងអស់នោះគឺ​មិនមែនជាការរឹតបន្តឹង​ធនាគារនៅក្នុងប្រទេសកម្ពុជា ឬមួយក៏ទប់ស្កាត់ការរីកចំរើន​នៃធនាគារនៅក្នុងប្រទេសនោះទេ វាគឺជាយុទ្ធសាស្ត្រដើម្បីពង្រឹង​ស្ថាប័នធនាគារនៅក្នុងប្រទេសកម្ពុជា ។ លោកស្រីបានបញ្ជាក់ថា “យើងមិនមែនមិន​លើកទឹកចិត្តធនាគារតូចៗទេ តែយើងក៏មិនចង់ បានអ្នកដែលមិនមាន​ជំនាញមកលេងល្បែង​នៅក្នុងប្រព័ន្ធធនាគារនៅក្នុងប្រទេសដែរ” ។

យោងទៅតាមរបាយការណ៍របស់​ធនាគារជាតិកម្ពុជាឆ្នាំ២០០៨ ដែលបានប្រកាស កាលពីពេលថ្មីៗនេះបានឲ្យដឹងថា នៅក្នុងឆ្នាំ២០០៧ នៅក្នុងចំណោមធនាគារពាណិជ្ជ និងឯកទេសចំនួន ៣១ធនាគារ មានធនាគារប្រមាណជា ១៤ ធនាគារ គឺជួបប្រទះនូវបញ្ហាឥណទានមិនដំណើរការ ដោយមានទឹកប្រាក់សរុបប្រមាណជា ២១៨.០១១ លានរៀល ហើយមកដល់ឆ្នាំ២០០៨ នៅក្នុងចំណោមស្ថាប័នធនាគារ ទាំង៣១ ដដែលនោះ គឺមានតែ១៣ធនាគារទេ ដែលជួបប្រទះនូវបញ្ហា​ឥណទានមិនដំណើរការ ប៉ុន្តែបើនិយាយអំពីបញ្ហាចំនួនទឹកប្រាក់ គឺវាបានកើនឡើងទៅវិញ ពោលគឺមានចំនួនរហូតដល់ទៅ ៣៦០.២៩១ លានរៀល ៕

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: