សិក្ខាសាលាស្ដីពីវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា​ក្នុងបរិបទវិបត្តិហិរញ្ញវត្ថុ​ពិភពលោក

ប្រធានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា លោក ហួត អេងតុង បានថ្លែងថា នៅពេលដែលប្រទេសកម្ពុជាកំពុងរងនូវវិបត្តិសេដ្ឋកិច្ចពិភពលោកនេះ ចំនួនប្រជាពលរដ្ឋខ្ចីប្រាក់កាន់តែកើនឡើង ប៉ុន្តែចំនួនទឹកប្រាក់ដែលគេខ្ចីនោះមានការថយចុះវិញ ដោយសារចំណូលដែលពលរដ្ឋរកបានមានការថយចុះដែរ។
ការលើកឡើងដូច្នេះគឺនៅក្នុងសិក្ខាសាលាមួយ​ស្តីអំពីវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា​ក្នុងបរិបទវិបត្តិហិរញ្ញវត្ថុពិភពលោក នៅឯសណ្ឋាគារភ្នំពេញ កាលពីថ្ងៃពុធ ទី១៩ ខែសីហា។
លោក ហួត អេងតុង មានប្រសាសន៍ថា នៅក្នុងអំឡុងពេលសេដ្ឋកិច្ចពិភពលោកកំពុងជួបវិបត្តិនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏មានការលំបាកក្នុងការរកប្រភពទុន ដែលមានអត្រាការប្រាក់ទាបសម្រាប់ឲ្យអតិថិជន​អ្នកខ្ចីប្រាក់មានការប្រាក់ទាបនោះផងដែរ។
លោក ហួត អេងតុង បានឲ្យដឹងថា ៖ «បើសិនជាយើងប្រៀបធៀបត្រីមាសទី១ ឆ្នាំ២០០៩ ជាមួយនឹងត្រីមាសទី២ ២០០៨ គឺយើងឃើញថា អតិថិជននៅតែមានកំណើន គឺកើន១លាន១៩ម៉ឺន ទៅ ១លាន៣៥ម៉ឺននាក់។ ចំនួនទឹកប្រាក់ដែលគាត់ត្រូវការ គឺត្រូវការកាន់តែតិចទៅៗ ដែលធ្វើឲ្យប្រាក់ចំណូលរបស់គាត់ ក៏យើងគិតថាកាត់តែតិចទៅដែរ»។
ប្រធានស្តីទីនៃសេវាប្រឹក្សាយោបល់តំបន់អាស៊ីប៉ាស៊ីហ្វិក សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ លោក Russell Muir មានប្រសាសន៍ថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិបានដើរតួជាអ្នកគាំទ្រវិស័យមីក្រូហិរញ្ញវត្ថុដ៏ខ្លាំងនៅកម្ពុជា ក្នុងគោលបំណងពង្រីកសេវាហិរញ្ញវត្ថុ​ទៅដល់ប្រជាពលរដ្ឋក្រីក្ររាប់លាននាក់នៅកម្ពុជា​ដែលត្រូវការសេវាហិរញ្ញវត្ថុនេះ។
ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ មានប្រសាសន៍ថា នៅឆមាសទី១ក្នុងឆ្នាំ២០០៩នេះ គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជាមានអាជ្ញាប័ណ្ណចំនួន២០ ក្នុងនោះមានគ្រឹះស្ថានមេក្រូហិរញ្ញវត្ថុចំនួនពីរ​ដែលទទួលបានអាជ្ញាប័ណ្ណដើម្បី​ទទួលបា្រក់បញ្ញើពីសាធារណជន។ ប្រតិបត្តិករឥណទានដែលបានចុះបញ្ជី​នៅធនាគារជាតិនៃកម្ពុជាមានចំនួន២៥ និងអង្គការក្រៅរដ្ឋាភិបាលមានចំនួន៦០ទៀតដែលកំពុងធ្វើប្រតិបត្តិការផ្តល់ឥណទានជនបទក្រៅផ្លូវការ។
លោក ជា ចាន់តូ បានមានប្រសាសន៍ថា ៖ «វិបត្តិហិរញ្ញវត្ថុនេះក៏បានជះឥទ្ធិពល​ដោយប្រយោលលើវិស័យកសិកម្ម សំណង់ទេសចរណ៍ ការនាំចេញសម្លៀកបំពាក់ វិស័យវិនិយោគបរទេស។ ដោយឡែកប្រព័ន្ធធនាគារនៅកម្ពុជាមិនបាន​ទទួលរងនូវផលប៉ះពាល់ដោយផ្ទាល់​និងធ្ងន់ធ្ងរពីវិបត្តិហិរញ្ញវត្ថុទេ»។
លោក ហួត អេងតុង បានឲ្យដឹងទៀតថា បញ្ហាដែលកំពុងប្រឈមនឹងការលំបាកបច្ចុប្បន្ន គឺខ្វះមណ្ឌលព័ត៌មានដើម្បីឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​នីមួយៗមើលឲ្យបានច្បាស់លាស់​មុននឹងចេញឥណទានឲ្យប្រជាពលរដ្ឋ​ណាម្នាក់ខ្ចី ដើម្បីចៀសវាងអតិថិជនម្នាក់​មានបំណុលច្រើន បញ្ហាខ្វះទីផ្សារ គឺប្រជាពលរដ្ឋមួយចំនួនធំផលិត​បានជាផលិតផល ប៉ុន្តែគ្មានទីផ្សារ នេះជាកត្តាដែលធ្វើឲ្យសេដ្ឋកិច្ចរបស់ពួកគេ​មិនមានការរីកចម្រើនបាន​និងបញ្ហាផ្សេងៗមួយចំនួនទៀត៕

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: