ធនាគារជាតិនៃ កម្ពុជាក្នុងជំហរដ៏រឹងមាំ

ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ប្រព័ន្ធធនាគារនៅកម្ពុជា​មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ទាំងផ្នែកវិសាលភាព និងទំហំប្រតិបត្តិការ។ ខ្ញុំសូមបែងចែកការវិវត្តន៍​រីកចម្រើនជា២ដំណាក់កាលដូចតទៅ៖
-ដំណាក់កាលទី១ ចាប់ពីឆ្នាំ ១៩៧៩-១៩៩៣: ក្រោមរបបសេដ្ឋកិច្ច ផែនការប្រមូលផ្ដុំ ធនាគារកណ្ដាលដែលគេឲ្យឈ្មោះថា “ធនាគារជាតិនៃប្រជាជនកម្ពុជា” ស្ថិតនៅក្រោមការគ្រប់គ្រង​ដោយផ្ទាល់របស់រដ្ឋ។ នាពេលនោះប្រព័ន្ធ​ធនាគារមានតែមួយថ្នាក់ទេ គឺធនាគារជាតិនៃប្រជាជនកម្ពុជា​បានដើរតួនាទីជា​ធនាគារកណ្ដាលផង ជាធនាគារពាណិជ្ជផង ដើម្បីស្ដារសកម្មភាពសេដ្ឋកិច្ច។
-ដំណាក់កាលទី២ ចាប់ពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន របបសេដ្ឋកិច្ចទីផ្សារសេរី: កម្ពុជាបានចាប់ផ្ដើម​ធ្វើកំណែទម្រង់ប្រព័ន្ធធនាគារ ដោយប្ដូរពីប្រព័ន្ធ​ធនាគារមួយថ្នាក់មកពីរថ្នាក់។ មុខងារ និងភារកិច្ចរបស់​ធនាគារជាតិនៃកម្ពុជា​បានប្រមូលផ្ដុំមកជាអាជ្ញាធរ អាណាព្យាបាលលើប្រព័ន្ធធនាគារ គឺអាជ្ញាធររូបិយវត្ថុផង និងអាជ្ញាធរត្រួតពិនិត្យផង។ ចំណែកឯការផ្ដល់ឥណទានទទួលប្រាក់សន្សំ និងបង្កើតមធ្យោបាយទូទាត់ផ្សេងៗ​គឺជាសកម្មភាពរបស់ធនាគារពាណិជ្ជ។
ក្រោយឆ្នាំ១៩៩៨ ប្រទេសកម្ពុជាមានស្ថិរភាពនយោបាយ និងសន្តិភាពទូទាំងប្រទេស១០០ភាគរយ តាមរយៈនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំប្រកបដោយ​គតិបណ្ឌិតរបស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ទាំងនេះគឺជាកត្តាអំណោយផល​ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចលើគ្រប់ វិស័យ ក្នុងនោះវិស័យធនាគារក៏មាន​ការរីកចម្រើនគួរឲ្យកត់សម្គាល់ដែរ។
នៅឆ្នាំ២០០០ យើងបានពង្រឹង​ការអនុវត្តន៍ច្បាប់តាមរយៈកម្មវិធី​កំណែទម្រង់ធនាគារ នៅកម្ពុជា ដើម្បីពង្រឹងសុខភាពប្រព័ន្ធធនាគារ​ឲ្យប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។ នៅឆ្នាំ២០០៣ បានធ្វើកំណែទម្រង់​ប្រកបដោយជោគជ័យ ប្រព័ន្ធធនាគារមានភាពរឹងមាំ ខណៈដែលយើងពង្រឹងការត្រួតពិនិត្យសុខភាព​ប្រព័ន្ធធនាគារ និងដាក់វិធានការប្រុងប្រយ័ត្ន​ស្របតាមស្ថានភាពជាក់ស្ដែង។ បន្ទាប់មកក៏មានធនាគារខ្នាត​អន្តរជាតិធំៗបានចូលមកវិនិយោគបន្ថែម ទៀតនៅទីផ្សារកម្ពុជា។ ធនាគារនីមួយៗបាននាំមកនូវបច្ចេកវិជ្ជាទំនើប និងផលិតផលហិរញ្ញវត្ថុសម្រាប់​បម្រើជូនអតិថិជនរបស់ខ្លួន។
ចំណែកឯវិស័យមីក្រូហិរញ្ញវត្ថុ​ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសនៅឆ្នាំ២០០៦ ជាឆ្នាំមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ វិស័យនេះមានការរីកចម្រើនយ៉ាងខ្លាំង និងមានហេដ្ឋារចនាសម្ព័ន្ធដល់ជនបទ។ តាមរយៈការប្រើប្រាស់សេវាកម្មមីក្រូហិរញ្ញវត្ថុ ជីវភាពប្រជាជនឲ្យកាន់តែមានភាពប្រសើរឡើង។ អ៊ីចឹងហើយទើបមានពាក្យថា “វិស័យមីក្រូហិរញ្ញវត្ថុ គឺជាវិស័យគន្លឹះ​ក្នុងការកាត់បន្ថយភាពក្រីក្រ​របស់ប្រជាជន។
សរុបមកក្នុងរយៈពេល៣០ឆ្នាំនេះ វិស័យធនាគារនៅកម្ពុជា​មានការរីកចម្រើនជាលំដាប់ ទាំងវិសាលភាព និងទំហំប្រតិបត្តិការ ហើយត្រូវបានគេចាត់ទុកថា បានដើរតួនាទីស្នូលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ​ឆ្ពោះទៅរក ការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាជន ស្របតាមយុទ្ធសាស្ត្រចតុកោណ​របស់រាជរដ្ឋាភិបាលអាណត្តិទីបួន ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខ។
ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច​អត្រាប្ដូរប្រាក់ និងតម្លៃប្រាក់រៀលធៀបនឹង​ប្រាក់ដុល្លារអាមេរិកមានស្ថិរភាព និងអត្រាអតិផរណាប្រែប្រួល​ក្នុងកម្រិតមួយអាចគ្រប់គ្រងតាមរយៈការ អនុវត្តន៍នយោបាយរូបិយវត្ថុ​ដោយប្រុងប្រយ័ត្ន។ ទុនបម្រុងអន្តរជាតិដុលបានកើនឡើងគួរឲ្យកត់សម្គាល់។ នៅឆ្នាំ២០០៤ ផលិតផលក្នុងស្រុកសរុប​មានកំណើត១០ភាគរយ នៅឆ្នាំ២០០៥ កើន ១៣,៥ភាគរយនៅឆ្នាំ២០០៦កើន១០,៨ភាគរយនៅឆ្នាំ២០០៧ កើន១០,១ភាគរយ ហើយនៅឆ្នាំ២០០៨នេះកើនក្នុងកម្រិត ៧,៩ភាគរយ និងនៅឆ្នាំ២០០៩តាមការព្យាករណ៍ដោយប្រុងប្រយ័ត្ន និងមានកំណើនក្នុងកម្រិតល្អប្រសើរ​ក្នុងរយៈពេលដែល​ពិភពលោកប្រឈម មុខនឹងវិបត្តិទីផ្សារហិរញ្ញវត្ថុអន្តរជាតិ។
សមិទ្ធផលនានាដែល​ធនាគារជាតិនៃកម្ពុជា​សម្រេចបានកន្លងមក ដោយសារតែមានការគាំទ្រ​ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងស្ថិរភាពនយោបាយ សង្គម និងកំណត់ដំណាក់កាល​អនុវត្តចក្ខុវិស័យ និងផែនការអភិវឌ្ឍន៍ចក្ខុវិស័យ និងផែនការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ​ឆ្នាំ២០០១-២០១០ ច្បាស់លាស់ និងទន់ភ្លន់ ស្របតាមស្ថានភាព​ប្រែប្រួលជាក់ស្ដែង។ មិនតែប៉ុណ្ណោះ សមិទ្ធផលនៃការរីកចម្រើនទាំងនេះក៏មិនអាចកាត់ផ្ដាច់បានពីការ ខិតខំប្រឹងប្រែងបំពេញការងារ​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់មន្ត្រីបុគ្គលិក​ធនាគារជាតិនៃកម្ពុជា និងការចូលរួមសហការល្អពីក្រសួងស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀតបានឡើយ។
ជាទិសដៅរយៈពេលខ្លី និងមធ្យមក្នុងនាមជាអាជ្ញាធរ​រូបិយវត្ថុជាតិធនាគារជាតិនៃ កម្ពុជា នឹងខិតខំបន្តអនុវត្តនយោបាយ​រូបិយវត្ថុដោយប្រុងប្រយ័ត្ន ដើម្បីពង្រឹងស្ថិរភាពថ្លៃ ពង្រឹងស្ថិរភាពអត្រាប្ដូរប្រាក់ និងគ្រប់គ្រងអត្រាអតិផរណា​ឲ្យប្រែប្រួលក្នុងកម្រិតមួយអាច គ្រប់គ្រងបាន ហើយទិសដៅរយៈពេលវែង​គឺត្រូវបន្តពង្រឹងប្រព័ន្ធធនាគារឲ្យ ប្រព្រឹត្តទៅដោយសុខភាពរឹងមាំ និងមានប្រសិទ្ធភាព ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ​ហិរញ្ញវត្ថុឆ្នាំ២០០៦-២០១៥ របស់រដ្ឋាភិបាលដើម្បីរួមចំណែកពង្រឹង​ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ឆ្ពោះទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ច​ប្រកបដោយចីរភាព៕

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: