អ៊ីនធឺណែត និងទូរស័ព្ទដៃជួយដល់​វិស័យមីក្រូឥណទាន

នៅថ្ងៃទី២១ និង២២ ខែតុលាខាងមុខនេះ នៅទីក្រុងញូដេលី (ប្រទេសឥណ្ឌា) នឹងមានបើកកិច្ចប្រជុំពិភពលោកមួយស្តីពីមីក្រូហិរញ្ញវត្ថុ និងបច្ចេកទេសថ្មីៗនៃផ្នែកព័ត៌មាន និងទំនាក់ទំនង(NTIC)។ គោលបំណង : បង្ហាញពីសារសំខាន់របស់អ៊ីនធឺណែត និងទូរស័ព្ទដៃនៅក្នុងការផ្តល់ប្រាក់កម្ចីនៅក្នុងវិស័យ មីក្រូហិរញ្ញវត្ថុ។ ដោយគ្រាន់តែចុចកូនកណ្តុរតែម្តង ជំនួញតូចតាចនៅចុងម្ខាងទៀតនៃពិភពលោកនឹងអាចទទួលបានការជួយអោយ មានការរីកចម្រើនឡើង។ នៅពេលអ្នកស្រីងួន សុខទៀង បើកតូបលក់ចាប់ហួយតូចមួយ អស់រយៈពេល៨ឆ្នាំមកហើយ នៅផ្សារច្បារអំពៅ គាត់លក់តែភេសជ្ជៈក្លាសេប៉ុណ្ណោះ។ ប៉ុន្តែអស់រយៈពេលប៉ុន្មានខែមកហើយ ជីវិតរបស់គាត់ក៏បានផ្លាស់ប្តូរ។ គាត់បានបន្ថែមមុខទំនិញជាច្រើន ដោយបច្ចុប្បន្នគាត់លក់សាំងថែមទៀត ហើយគាត់មិនឈប់ត្រឹមនេះទេ។ ការរីកចម្រើននេះកើតឡើងដោយសារមានការផ្តល់មីក្រូឥណទាន តាមរយៈការសម្របសម្រួលរបស់សហគ្រិនពិភពលោក គឺវិទ្យាស្ថានមីក្រូហិរញ្ញវត្ថុ (IMF)មួយនៅកម្ពុជាដែលមានឈ្មោះថា«ចម្រើន»។ តើវាជាឧទាហរណ៍មួយនៃមីក្រូឥណទានជាច្រើនទៀតឬ? គឺមិនប្រាកដថាអីចឹងទេ ពីព្រោះថាសម្រាប់ឥណទានមួយនេះ អ្នកផ្តល់កម្ចីមិនមែនជាគ្រឹះស្ថានហិរញ្ញវត្ថុអីទេ ប៉ុន្តែគឺជាអ្នកប្រើអ៊ីនធឺណែតធម្មតា។ ពួកគេគឺជាអ្នកអោយលុយទៅអ្នកស្រីស្ងួនខ្ចី តាមរយៈទំព័រអ៊ីនធឺណែតបារាំង Babyloan.org ដើម្បីយកទៅអភិវឌ្ឍមុខរបររបស់គាត់។

តាមដានការវិវត្តន៍នៃប្រាក់កម្ចីដើម រហូតទាល់តែគ្រប់
ដើម្បីជួយ ស្រ្តីជាម្តាយរបស់ក្មេង៥នាក់រូបនេះ ដែលត្រូវការខ្ចីប្រាក់១លានរៀលកន្លះ (ប្រហែល៣១០ដុល្លារ) អ្នកប្រើប្រាស់អ៊ីនធឺណែតជាច្រើនបានភ្ជាប់ទំនាក់ទំនងគ្នាតាមទំព័រ អ៊ីនធឺណែត [Babyloan.org] ហើយបានផ្ទេរប្រាក់តាមប្រព័ន្ធអ៊ីនធឺណែត។ ពួកគេបានជ្រើសរើសផ្តល់ប្រាក់អោយគាត់ខ្ចី បន្ទាប់ពីបានមើលពាក្យសុំផ្សេងៗទៀតនៅលើទំព័រអ៊ីនធឺណែត ដែលមានបង្ហាញរូបថតរបស់អ្នកខ្ចី និងសេចក្តីលម្អិតខ្លីៗពីគម្រោងការរកស៊ីរបស់ពួកគេ។ ជារៀងរាល់ថ្ងៃ អ្នកប្រើប្រាស់អ៊ីនធឺណែតអាចតាមដានពីការវិវត្តន៍នៃកម្ចី រហូតដល់ទឹកប្រាក់សរុបបានគ្រប់។ នៅពេលប្រាក់ប្រមូលបានគ្រប់ហើយ អ្នកស្រីស្ងួនអាចចាប់ផ្តើមបោះវិនិយោគ បន្ទាប់មកត្រូវសងប្រាក់នោះទៅគេវិញ។ អ្នកស្រីពន្យល់ថា៖ «រៀងរាល់សប្តាហ៍ ខ្ញុំបង់ប្រាក់៥៩ ៤០០រៀល (ប្រហែល១២ដុល្លារ) ទៅវិទ្យាស្ថានមីក្រូហិរញ្ញវត្ថុចម្រើន»។ អ្នកស្រីមានប្រសាសន៍បន្ថែមដោយមោទនភាពថា : «វាមិនមែនជាអំណោយទេ ខ្ញុំនឹងសងប្រាក់ទាំងអស់ដែលគេបានអោយខ្ញុំ»។

អ្នកស្រីមាន គំនិតធ្វើសំណើកម្ចីថែមទៀតរួចទៅហើយនៅពេលប៉ុន្មានខែទៀតនេះ។ នៅលើកនេះ គឺសម្រាប់ដាក់ទូប្តូរប្រាក់។ គាត់បានរៀបចំរួចហើយនូវទូតូចមួយដែលមានក្រដាសប្រាក់នៅ ខាងក្នុង។ អ្នកស្រីអោយដឹងបន្តទៀតថា៖ «ខ្ញុំមិនដែលធ្លាប់គិតថា ខ្ញុំអាចអភិវឌ្ឍខ្លួនឯងនៅថ្ងៃណាមួយ ហើយឆាប់រហ័សយ៉ាងនេះទេ។ ខ្ញុំមិនដែលមានគំនិតទៅធនាគារទេ ខ្ញុំក្រពេក!»។

ផលប្រយោជន៍សម្រាប់ទាំងអស់គ្នា ជាពិសេសអ្នកខ្ចី
ប៉ុន្មាន សប្តាហ៍ខាងមុខទៀត អ្នកប្រើប្រាស់អ៊ីនធឺណែតនឹងទទួលបានប្រាក់របស់ពួកគេមកវិញ។ មិនលើស ហើយក៏មិនខ្វះដែរ ព្រោះទោះបីអ្នកខ្ចីតូចតាចទាំងនេះត្រូវបង់ការប្រាក់ក៏ដោយ ក៏ការប្រាក់គឺប្រើសម្រាប់ចំណាយលើដំណើរការដ៏ច្រើនរបស់ IMF ប៉ុណ្ណោះ។ លោកគ្រែហ្គ័រ អេអូលម៍ នាយករបស់វិទ្យាស្ថានមីក្រូហិរញ្ញវត្ថុចម្រើន បានពន្យល់ថា៖ «ការគ្រប់គ្រងកម្ចី ចុះសាកសួរអ្នកខ្ចី គឺត្រូវការចំណាយលុយ។ លើសពីនេះទៀត យើងមិនមែនធ្វើត្រឹមតែផ្តល់លុយ និងទទួលប្រាក់សងនោះទេ យើងនៅរៀបចំការបណ្តុះបណ្តាលថែមទៀត ដើម្បីបង្រៀនពួកគេរឿងអោយបានតិចតួច តែសំខាន់សម្រាប់អោយពួកគេចេះធ្វើអោយការងាររកស៊ីចេញផ្លែផ្កា។ ខ្ញុំនិយាយថារឿងតិចតួច គឺខ្ញុំចង់និយាយពីការបង្រៀនពួកគេអោយចេះអាន និងសរសេរជាដើម»។

ប្រសិន បើអ្នកខ្ចីឥណទានតិចតួចទាំងនេះមិនអាចសងប្រាក់កម្ចីរបស់ខ្លួន បាន គឺ IMF មានកាតព្វកិច្ចសងបន្ត។ ទោះយ៉ាងណា អត្រាការប្រាក់នៅតែទាបជាងអត្រាការប្រាក់ដែលគេអនុវត្តជាទូទៅ ជាពិសេសអត្រាការប្រាក់របស់ធនាគារ។ នៅកម្ពុជា អត្រាការប្រាក់គឺរហូតដល់៨-១២%សម្រាប់ឥណទានផ្តល់ដោយធនាគារ រីឯតាមអ៊ីនធឺណែតវិញគឺតែពី២ទៅ៣%ប៉ុណ្ណោះ។
លោកគ្រែហ្គ័រ អេអូលម៍ ពន្យល់ថា៖ «ជាមួយនឹងការប្រើអ៊ីនធឺណែតរបៀបនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាចទទួលបាន«ដោយឥតគិតថ្លៃ»នូវមួយ ផ្នែកនៃ«មូលនិធិឥណទាន» [ប្រាក់សម្រាប់ផ្តល់កម្ចីដល់អ្នកខ្ចីប្រាក់]។ ជានិច្ចកាល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវខ្ចីប្រាក់នេះពីធនាគារ ហើយប្រាកដជាត្រូវមានការប្រាក់។ ការប្រាក់ដែលធនាគារយកពីឥណទានតាមអ៊ីនធឺណែតនេះគឺគិតបញ្ចូល ទាំងថវិកាសម្រាប់ផ្គត់ផ្គង់ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏ដូចជា ចំណាយផ្សេងទៀតដើម្បីធ្វើដំណើរការផងដែរ ហើយគេត្រូវយកចំណូលដែលទទួលបានមកចំណាយ។ Babyloan ប្រមូលប្រាក់ ហើយផ្ទេរទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រោមទម្រង់ជាកម្ចីអត្រាសូន្យ ។ ដូច្នេះប្រាក់ចំណេញដែលទទួលបានគឺស្មើនឹងទឹកប្រាក់សរុបនៃ ការប្រាក់ ដែលចេញវិក្ក័យប័ត្រដោយធនាគារ»។

ចំណាយលើដំណើរការ ដែលនៅតែមានតម្លៃខ្ពស់ សម្រាប់បណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ទោះយ៉ាងណា
លោកនាយកមានប្រសាសន៍យ៉ាងសុភាពរាបសារថា : «នៅក្នុងការអនុវត្ត វាមិនមែនងាយស្រួលប៉ុន្មានទេ។ Babyloan ក៏ត្រូវការចំណាយដែរ គឺការចំណាយពេលវេលាក្នុងការប្រមូលព័ត៌មាន និងរូបថតដៃគូនៅមូលដ្ឋាន ការធ្វើដំណើរ ពេលវេលាដាក់បញ្ចូលព័ត៌មាននៅក្នុងអ៊ីនធឺណែត រៀបចំរបាយការណ៍ប្រចាំខែ គ្រប់គ្រងភាពជាដៃគូ និងនៅមានវិក្ក័យប័ត្រកំណត់ទុកជាមុនរៀងរាល់ឆ្នាំរបស់ IMF ដែលទទួលបានមូលនិធិ Babyloan យោងតាមបរិមាណដែលទទួលបាន។ ប៉ុន្មានខែខាងមុខទៀតនេះ នៅពេលណាដែលប្រព័ន្ធនេះដំណើរការរលូន ហើយបរិមាណប្រាក់ប្រមូលបានកាន់តែច្រើន គេនឹងរៀបចំការសិក្សាលម្អិតមួយដើម្បីថ្លឹងថ្លែងអោយច្បាស់ថាតើ ប្រភពនៃការផ្តល់ហិរញ្ញវត្ថុបែបនេះពិតជាមានផលចំណេញសម្រាប់យើង មែនឬអត់»។

ជោគជ័យដ៏ពិតប្រាកដសម្រាប់ Babyloan និង Kiva
Babyloan ត្រូវបានបង្កើតឡើងកាលពីដើមខែកញ្ញាមុនដោយលោកអាណូដ៍ ព័សសោននីញ៉េ «អតីតធនាគារិកទីប្រឹក្សាឯកជនរបស់អ្នកមាន»ដែលប្តូរមកជាផ្នែក មីក្រូហិរញ្ញវត្ថុវិញ។ បើតាមប្រសាសន៍របស់លោក Babyloan បានជួយជ្រោមជ្រែងដល់គម្រោងចំនួន៣៧នៅកម្ពុជា ភាគច្រើនគឺជាគម្រោងធ្វើឡើងដោយស្ត្រីដែលចង់អភិវឌ្ឍមុខជំនួញនៅ ទីផ្សារក្នុងក្រុងភ្នំពេញ។
ស្ថាបនិកទំព័រអ៊ីនធឺណែតរូបនេះ កត់សម្គាល់ថា៖ «សំណើដាក់នៅលើទំព័រអ៊ីនធឺណែតត្រូវជ្រើសរើសយ៉ាងហ្មត់ចត់ដោយ វិទ្យាស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ដែលធ្វើការជ្រើសរើសពីក្នុងចំណោមជនក្រីក្របំផុត។ ប្រាក់កម្ចីទាំងអស់គឺមិនសូវច្រើនប៉ុន្មានទេ»។ បច្ចុប្បន្ន Babyloan មានសមាជិកចំនួន៣០០នាក់ ហើយចំនួនចុះឈ្មោះចេះតែកើនឡើងជាបន្តបន្ទាប់។ លោកអាណូដ៍ ព័សសោននីញ៉េ បន្តទៀតថា៖ «យើងត្រូវបានប្រព័ន្ធផ្សព្វផ្សាយនិយាយយ៉ាងច្រើន។ គម្រោងរបស់យើងមានភាពទាក់ទាញ ដោយហេតុថាយើងទទួលបានការឧបត្ថម្ភពីធនាគារ Bred និងពីមូលនិធិឥណទានសហករណ៍ (Crédit coopératif) ។ ស្ថាប័នទាំងពីរធ្វើអោយអ្នកប្រើប្រាស់អ៊ីនធឺណែតមានទំនុកចិត្ត ចំពោះកន្លែងដែលពួកគេដាក់លុយ»។

បើទោះវាជាគំនិតថ្មីនៅ ប្រទេសបារាំងក៏ដោយ តែនៅសហរដ្ឋអាមេរិកគឺមានប្រព័ន្ធបែបនេះតាំងពី៣ឆ្នាំមុនមក ម្ល៉េះ ដោយមានឈ្មោះថា[«Kiva»]។ តាំងពីឆ្នាំ២០០៥មក អ្នកប្រើប្រាស់អ៊ីនធឺណែតចំនួន៣៤៥ ៥០០នាក់បានផ្តល់ប្រាក់កម្ចីរបស់ពួកគេ តាមរយៈទំព័រអ៊ីនធឺណែតនេះ។ ទឹកប្រាក់ទាំងនោះមានចំនួនប្រមាណ៤៦លានដុល្លារសម្រាប់កម្ចីចំនួន ៦៤ ២០១ផ្តល់ទៅអោយប្រជាជនរស់នៅក្នុង៤២ប្រទេស។ ប៉ុន្តែស្ថាបនិកទំព័រអ៊ីនធឺណែតនេះ គឺម៉ាត និងជេស៊ីកា ហ្លាណឺរី ពិបាកនឹងជឿថាគំនិតរបស់ពួកគេបានទទួលជោគជ័យណាស់កាលពីដំបូងឡើយ។ កាលពីខែមិថុនាកន្លងទៅ ប្តីប្រពន្ធមួយគូនេះបានអះអាងនៅក្នុងទស្សនាវដ្តី Forbes ថា៖ «ពួកយើងចាប់ផ្តើមក្នុងមជ្ឈដ្ឋានប្លែកមួយនៃចំណុចជោគជ័យ របស់សហគ្រិន ហើយយើងប្រឹងជម្នះនឹងគំនិតចាស់កំរឹលនៅក្នុងវិស័យនេះ។ មានមេធាវីម្នាក់បានទាំងនិយាយប្រាប់យើងថាវាខុសច្បាប់ទៀតផង!»។ បច្ចុប្បន្ន Kiva បានបង្កើតបណ្តាញជាច្រើននៅក្នុងប្រទេសនេះ។ ជាក់ស្តែងនៅក្នុងទំព័រអ៊ីនធឺណែត Ebay ដែលត្រូវបានបង្កើតកាលពីខែតុលា ២០០៧ គឺមានការជួបពិភាក្សានៃកម្ចី« peer-to-peer » (ពីមនុស្សម្នាក់ទៅមនុស្សម្នាក់) ដែលគេហៅថា«Microplace»។ អ្វីដែលខុសគ្នាគឺមានតែមួយគត់ : អ្នកប្រើប្រាស់អ៊ីនធឺណែតម្នាក់ត្រូវផ្តល់ប្រាក់កម្ចីយ៉ាងតិច ១០០ដុល្លារ (បើសម្រាប់ Kiva គឺតែ២៥ដុល្លារ និង Babyloan តែ៥អឺរ៉ូ) ហើយគេមិនជ្រើសរើសអោយប្រាក់នេះទៅអ្នកណាទេ គេគ្រាន់តែរើសថាអោយទៅប្រទេសណាប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ទំព័រអ៊ីនធឺណែតនេះទទួលការគាំទ្រពីមូលនិធិវិនិយោគ ដែលជាហេតុនាំអោយមានការបង្កើនចំនួននៃអ្នកសម្របសម្រួល ហើយធ្វើអោយបាត់បុគ្គលិកលក្ខណៈភាគហ៊ុនបន្តិចបន្តួច ខុសពីទំព័រអ៊ីនធឺណែតផ្សេងៗទៀត។

តើបច្ចេកវិជ្ជាថ្មីជាអនាគតរបស់មីក្រូហិរញ្ញវត្ថុឬ?
វា ហាក់ដូចជាថា បច្ចេកវិទ្យាថ្មីនៃផ្នែកព័ត៌មាន និងផ្នែកទំនាក់ទំនងគឺជាចំណុចសំខាន់នៃការអភិវឌ្ឍនៅក្នុងវិស័យ មីក្រូហិរញ្ញវត្ថុនាពេលអនាគត។ នៅប្រទេសបារាំង ជាង១០ឆ្នាំមកនេះ [PlaNet Finance] ជួយដល់អ្នកធ្វើការនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុដើម្បីអភិវឌ្ឍ ខ្លួន តាមរយៈការប្រើប្រាស់បច្ចេកវិជ្ជាថ្មីៗ។ សម្រាប់លោកហ្សាក់ អាតាលី ប្រធាន និងសហស្ថាបនិករបស់ PlaNet Finance ជាមួយនឹងអាណូដ៍ វ៉ង់ទៀរ៉ា « NTIC គឺចាំបាច់ណាស់សម្រាប់ការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុ»។ លោកបានពន្យល់នៅក្នុងកិច្ចសំភាសន៍មួយ ជាមួយកាសែត ថា៖ «វាអាចកាត់បន្ថយបានច្រើននូវការចំណាយលើដំណើរការសម្រាប់ដំណាក់ ការនីមួយៗសម្រាប់សុំខ្ចីប្រាក់»។

សម្រាប់ពេលនេះ PlaNet Finance ស្នើអោយអ្នកប្រើប្រាស់អ៊ីនធឺណែតធ្វើការផ្តល់អំណោយដើម្បីជួយ ផ្គត់ផ្គង់ដល់មីក្រូឥណទាន និងជួយដល់អង្គការក្រៅរដ្ឋាភិបាលនានា។ ប៉ុន្តែ លោកហ្សាក់ អាតាលី បានលើកឡើងថា ៖ «គម្រោង peer-to-peer កំពុងធ្វើការសិក្សានៅឡើយ ខ្ញុំមិនអាចនិយាយច្រើនជាងនេះទេ»។ សម្រាប់សេដ្ឋវិទូបារាំងរូបនេះ អនាគតរបស់មីក្រូហិរញ្ញវត្ថុក៏ស្ថិតនៅលើ «mobile bank»(ធនាគារទូរស័ព្ទ) គឺបានន័យថាជាការផ្តល់ និងការស្នើសុំកម្ចីតាមរយៈទូរស័ព្ទដៃ។ លោកមានប្រសាសន៍បន្ថែមទៀតថា៖ «នៅក្នុងប្រទេសកំពុងអភិវឌ្ឍថ្មីៗចំនួន៩ បច្ចេកទេសនេះកាន់តែមានការពេញនិយម។ គឺដោយសារថា គ្រប់គ្នាមានទូរស័ព្ទដៃប្រើច្រើនជាងមានកុំព្យូទ័រ។ ម្យ៉ាងវិញទៀត ពួកគេរៀនប្រើអ៊ីនធឺណែតចល័ត ខុសពីនៅអឺរ៉ុបដែលនៅមិនទាន់ចាប់ផ្តើមពិតប្រាកដនៅឡើយ»។ លោកមិនច្រឡំទេ។ ជនជាតិហ្វាំងឡង់មួយក្រុមទើបតែមកធ្វើទស្សនកិច្ចនៅតាមបណ្តា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ដើម្បីផ្ទៀងផ្ទាត់រកដៃគូ ក្នុងគោលបំណងបើកសេវាកម្ចីខ្នាតតូចតាមទូរស័ព្ទដៃនាពេលខាងមុខ ដោយមានទិសដៅទៅកាន់ទីផ្សារជប៉ុន។ វាជាទីផ្សារគួរជាទីសង្ឃឹម ព្រោះជនជាតិជប៉ុនចំណាយពេលធ្វើដំណើរ ដោយមានទូរស័ព្ទនៅជាប់នឹងត្រចៀក ច្រើនជាងនៅមុខកញ្ចក់កុំព្យូទ័រនៅផ្ទះ។


ប្រភព

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: