តើគួរមានរូបិយប័ណ្ណអាស៊ានទេ?

ប្រាក់ដុល្លារ, ប្រាក់បរទេសកំពុងចរាចរលើទីផ្សារ : អ្វីជាគុណសម្បត្តិ, អ្វីជាគុណវិបត្តិ? តើគួរមានរូបិយប័ណ្ណអាស៊ានទេ? វិបត្តិសេដ្ឋកិច្ចពិភពលោកប៉ះពាល់ដល់ប្រាក់រៀលទេ?

ភ្នំពេញ: នៅកម្ពុជាគេបានសង្កេតឃើញក្រដាសប្រាក់បរទេស ពិសេសប្រាក់ដុល្លារអាមេរិក ប្រាក់ផ្សេងទៀតធ្វើចរាចរលើទីផ្សារ នៅទូទាំងប្រទេសលាយឡំជាមួយប្រាក់រៀលកម្ពុជា ។ តើវានឹងមានអ្វីខ្លះកើតឡើងពីបញ្ហានេះ? ខាងក្រោមនេះគឺជាបទសំភាសន៍របស់ឯកឧត្តម ស៊ុំ សន្និសិទ អគ្គលេខាធិការធនាគារជាតិនៃកម្ពុជា ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ

សំនួរ : លោកអគ្គលេខាធិការ តើការធ្វើចរាចររូបិយប័ណ្ណបរទេសដូចជា ប្រាក់ដុល្លារជាដើមនៅក្នុងប្រទេសកម្ពុជានាំឲ្យមានគុណសម្បត្តិ ឬគុណវិបត្តិអ្វីខ្លះដល់សេដ្ឋកិច្ចជាតិ ?
ចម្លើយ : ឆ្លើយតបចំពោះសំណួំរនេះ ខ្ញុំសូមជម្រាបអំពីដុល្លារូបនីយកម្មនៅកម្ពុជាថា ក្រោយឆ្នាំ១៩៩៣មក សេដ្ឋកិច្ចកម្ពុជាបានក្លាយទៅជាសេដ្ឋកិច្ចដុល្លារូបនីយកម្មខ្ពស់ បំផុតដោយឯកឯង តាមរយៈអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា (UNTAC) គឺមិនមែនកើតឡើងដោយឆន្ទៈនយោបាយ (Political will) របស់រាជរដ្ឋាភិបាលនោះទេ ។ បញ្ហាដុល្លារូបនីយកម្មនេះ បាននាំមកនូវគុណសម្បត្តិ និងគុណវិបត្តិចំពោះសេដ្ឋកិច្ចកម្ពុជា ។
គុណសម្បត្តិនៃដុល្លារូបនីយកម្ម គឺដោយសារខ្វះជំនឿទុកចិត្តពីសាធារណជនទៅលើប្រាល់រៀល ដុល្លារូបនីយកម្មបានជួយរក្សាសមត្ថភាពទូទាត់ក្នុងប្រទេសកម្ពុជា ។ ការហូរចូលក្រដាសប្រាក់ដុល្លារយ៉ាងច្រើន នៅដើមទសវត្សរ៍ទី៩០ បានធ្វើឲ្យសាធារណៈជនចាប់ផ្តើមផ្លាស់ប្តូរ ពីការប្រើប្រាស់មាសទៅជាការប្រើប្រាស់ក្រដាសប្រាក់ ដើម្បីប្រតិបត្តិការដោះដូរ និងសន្សំទ្រព្យសម្បត្តិ ដែលពីមុននោះទ្រព្យសកម្មរូបិយមិនមែនផលិតដូចជា មាសជាដើមត្រូវបានគេប្រើប្រាស់ជាទូទៅក្នុងប្រទេសកម្ពុជា ។ ជាលទ្ធផលដំណើរការវិវត្ត នៃការប្រើប្រាស់រូបិយវត្ថុ បានលើកទឹកចិត្តឲ្យមានការសន្សំក្នុងសង្គមវណ្ណៈកណ្តាល ។
ដុល្លារូបនីយកម្មបានជួយទប់ស្កាត់លំហូរចេញនៃដើមទុន និងជំរុញឲ្យមានការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ។ ការលុបចោលនូវការលើកទឹកចិត្តដល់ការសន្សំប្រាក់នៅបរទេស ក៏បានជំរុញឲ្យមានអន្តរការិយកម្មហិរញ្ញវត្ថុក្នុងស្រុក ដែលធ្វើឲ្យមានកំណើនក្នុងប្រព័ន្ធហិរញ្ញវត្ថុ ។ គ្រាន់តែក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ទំហំនៃសកម្មភាពធនាគារបានកើនឡើងទ្វេជាពីរ ហើយអនុបាតប្រាក់កម្ចីធៀបជាមួយប្រាក់បញ្ញើ បានកើនឡើងជាប្រចាំ ។
លើសពីនេះទៀត ដុល្លារូបនីយកម្មបានជួយកាត់បន្ថយហានិភ័យ នៃការធ្លាក់ចុះតម្លៃរូបិយវត្ថុ ។ តម្រូវការប្រាក់រៀលនៅតែមានកម្រិតទាប ហើយទីផ្សារនៅមានទំហំតូចនៅឡើយ ។ ដូច្នេះគឺមានការលើកទឹកចិត្តដ៏តិចតួចប៉ុណ្ណោះ សម្រាប់អ្នកកេងចំណេញ ដើម្បីព្យាយាមទាញយកផលចំណេញពីការប្រែប្រួលតម្លៃប្រាក់រៀល ក្នុងរយៈពេលខ្លី ។ ដុល្លារូបនីយកម្មបានជួយការពារប្រទេសកម្ពុជាទល់នឹងការរីករាលដាល នៃវិបត្តិហិរញ្ញវត្ថុនៅអាស៊ីឆ្នាំ១៩៩៧ និងបានជួយឲ្យមានជំនឿទុកចិត្តក្នុងប្រតិបត្តិការរបស់អ្នកវិនិយោគនៅ ប្រទេសកម្ពុជា ។
ដុល្លារូបនីយកម្មបានជំរុញឲ្យមានការយល់ដឹងក្នុងមជ្ឈដ្ឋានអ្នករៀបចំ គោលនយោបាយ អំពីភាពចាំបាច់នៃការចៀសវាងការផ្តល់ហិរញ្ញប្បទាន របស់ធនាគារដល់ឱនភាពថវិកា ។ យើងក៏អាចនិយាយបានថា ការប្រើប្រាស់ប្រាក់ដុល្លារ បានជួយសម្រួលដល់ដំណើរការសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ចូលទៅក្នុងសេដ្ឋកិច្ចអន្តរជាតិ ។ ស្ថិរភាពរូបិយវត្ថុបានជំរុញឲ្យមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងឲ្យមាននូវបរិយាកាសជំនួញ ដែលអាចព្យាករណ៍បាន ។ ទន្ទឹមនោះស្ថិរភាពនេះ ក៏បានកាត់បន្ថយចំណាយប្រតិបត្តិការ (មិនមានការប្តូររូបិយវត្ថុ) ហើយអនុញ្ញាតឲ្យឧស្សាហកម្មកាត់ដេរនៅកម្ពុជាមានការរីកចម្រើន ។
ចំពោះគុណវិបត្តិវិញយើងឃើញថា ដុល្លារូបនីយកម្មមិនអាចធ្វើឲ្យការអនុវត្តគោលនយោបាយ រូបិយវត្ថុរបស់ធនាគារជាតិនៃកម្ពុជា មានប្រសិទ្ធភាពទេ ។ មានន័យថា ធនាគារជាតិនៃកម្ពុជាមិនអាចអភិវឌ្ឍន៍ឧបករណ៍គោលនយោបាយ រូបិយវត្ថុ និងមិនអាចដើរតួនាទីពេញលេញ ជាអ្នកឲ្យខ្ចីចុងក្រោយសម្រាប់ធនាគារ ដែលប្រឈមនឹងបញ្ហាសាច់ប្រាក់ងាយស្រួលបានឡើយ ។ ព្រោះថា ធនាគារជាតិនៃកម្ពុជាមិនអាចបោះពុម្ពប្រាក់ដុល្លារបានទេ នៅពេលធនាគារពាណិជ្ជជួបបញ្ហាខ្វះសាច់ប្រាក់ជាដុល្លារ ។
រូបិយវត្ថុជាតិអាចបង្ហាញជានិមិត្តរូប នៃអធិបតេយ្យភាព និងជាតិនិយម ។ នៅពេលប្រទេសកម្ពុជាប្រើប្រាស់ប្រាក់ដុល្លារ ចំណូលដែលបានមកពីការបោះពុម្ពប្រាក់ ត្រូវបានកាត់បន្ថយមកត្រឹមអប្បបរមា គឺរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលជាអ្នកទទួលអត្ថប្រយោជន៍ពីប្រទេសកម្ពុជា ក្នុងការបោះពុម្ពប្រាក់ ។ ព្រោះថា បរិមាណរូបិយវត្ថុចារឹកជាប្រាក់ដុល្លារ ដែលត្រូវបានប្រជាជនកម្ពុជារក្សាទុក មិនអាចផ្តល់នូវចំណូលការប្រាក់បាន ។ តាមការប៉ាន់ស្មាន ចំណូលសុទ្ធប្រចាំឆ្នាំ ដែលបាត់បង់អាចចាប់ពី ២០ ទៅ ៩០ លានដុល្លារ ។

សំនួរ :ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន តើការប្រើប្រាស់ប្រាក់ដុល្លារនៅកម្ពុជានាំឲ្យមានការទទួលរងនូវ ឥទ្ធិពលអ្វីខ្លះ? តើមានមធ្យោបាយអ្វី ដើម្បីកាត់បន្ថយការប្រើប្រាស់ដុល្លារនៅកម្ពុជា ?
ចម្លើយ : ដូចខ្ញុំបានជម្រាបរួចមក ហើយការប្រើប្រាស់ប្រាក់ដុល្លារ ធ្វើឲ្យកម្ពុជាជួបការលំបាកក្នុងការអនុវត្តនយោបាយរូបិយវត្ថុ បាត់បង់និមិត្តរូបនៃអធិបតេយ្យភាពជាតិ និងប្រាក់ចំណូលជាការប្រាក់ពីការក្សាទុកប្រាក់ដុល្លារ ។ បើសិនក្រឡេកមើលអត្រាប្តូរប្រាក់ដុល្លារ វិញយើងឃើញថា ប្រាក់ដុល្លារកំពុងឡើងថ្លៃនៅលើទីផ្សាររូបិយប័ណ្ណអន្តរជាតិ ដែលនេះផ្តល់អត្ថប្រយោជន៍ចំពោះអ្នកកាន់ប្រាក់ដុល្លារ ។ ម្យ៉ាងទៀតផលប៉ះពាល់នៃវិបត្តិហិរញ្ញវត្ថុពិភពលោក មកលើសេដ្ឋកិច្ចកម្ពុជាដូចជា មិនទាក់ទងនឹងការប្រើប្រាស់ប្រាក់ដុល្លារនេះទេ និយាយជារួមបណ្តាលមកពីតម្រូវការខាងក្រៅ ចំនួនទេសចរណ៍បរទេស និងការវិនិយោគផ្ទាល់ពីបរទេសធ្លាក់ចុះប៉ុណ្ណោះ ។
ដុល្លារូបនីយកម្មក្នុងប្រទេសកម្ពុជា មិនបានកើតមកពីសេចក្តីសម្រេចគោលនយោបាយទេ គឺកើតទ្បើងដោយសារតែជំនឿទុកចិត្តលើប្រាក់រៀលត្រូវបានរង្គោះរង្គើរ ។ ការលុបបំបាត់ការប្រើប្រាស់ប្រាក់ដុល្លារ មិនអាចដំណើរការទៅតាមរយៈការចាប់បង្ខំបានទេ ។ វិធានការបែបនេះ នឹងនាំឲ្យមានលំហូរចេញនៃមូលធន និងជំរុញឲ្យសេដ្ឋកិច្ចដុល្លារូបនីយកម្មកើតទ្បើងតាមផ្លូវងងឹត ។ អ្វីដែលយើងត្រូវធ្វើជាបន្ទាន់ គឺមិនមែន “បដិដុល្លារូបនីយកម្ម” ទេ ប៉ុន្តែត្រូវជំរុញការប្រើប្រាស់ប្រាក់រៀលទៅវិញនោះទេ ។
ប៉ុន្តែយុទ្ធសាស្ត្រនេះទាមទារបុរេលក្ខខណ្ឌ សម្រាប់ជំរុញការប្រើប្រាស់ប្រាក់រៀលដំបូងបំផុត គឺត្រូវរក្សាឲ្យបានសន្តិភាព និងស្ថិរភាពស្ថាប័ន ព្រោះបើស្ថានភាពនយោបាយ ឬសេដ្ឋកិច្ចមិនមានភាពប្រាកដប្រជានោះទេ រឹតតែធ្វើឲ្យសាធារណជនរក្សាសាច់ប្រាក់ជាដុល្លារនៅគេហដ្ឋាន ។ វិធានការជំរុញការប្រើប្រាស់ប្រាក់រៀល ដែលធនាគារជាតិនៃកម្ពុជា បានអនុវត្តចាប់តាំងពីឆ្នាំ២០០០ កន្លងមកមានដូចជា ៖
– ការបើកប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៅទូទាំងប្រទេស យើងបានប្រើប្រាស់ជាប្រាក់រៀល
– រាល់ការបង់ពន្ធគ្រប់ប្រភេទ និងការបង់ថ្លៃសេវាទឹកភ្លើង ត្រូវគិតជាប្រាក់រៀលទាំងអស់
– អនុវត្តតាមកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល តម្រូវឲ្យក្រសួង និងអង្គភាពរដ្ឋទាំងអស់បើក និងមានគណនីនៅធនាគារជាតិនៃកម្ពុជា ហើយសមតុល្យក្នុងគណនីទាំងនោះត្រូវបានប្តូរទៅជាប្រាក់រៀល
– បច្ចុប្បន្នធនាគារជាតិនៃកម្ពុជា បានលើកទឹកចិត្តធនាគារពាណិជ្ជមួយចំនួននៅកម្ពុជា ដែលបានរួមគ្នាតម្លើង ម៉ាស៊ីនដកប្រាក់ជាស្វ័យប្រវត្តិ (ATM) និងផ្តល់សេវាធនាគារដោយប្រើប័ណ្ណឥណទាន (Credit Card) សំរាប់ទូទាត់ថ្លៃសេវា និងទំនិញជាប្រាក់រៀល ។
– ធនាគារពាណិជ្ជបានលើកទឹកចិត្ត ចំពោះសាធារណជនទូទៅ តាមរយៈការផ្តល់អត្រាការប្រាក់ខ្ពស់ ចំពោះសាធារណជនណា ដែលបើកគណនីប្រាក់បញ្ញើជាប្រាក់រៀល
– បច្ចុប្បន្នមានមន្ត្រីរាជការនៅតាមក្រសួងស្ថាប័ន និងមន្ទីរខ្លះកំពុងនឹងបើកប្រាក់បៀវត្សតាមគណនីរបស់ខ្លួន នៅធនាគារពាណិជ្ជជាប្រាក់រៀល ។ ប្រការនេះអាចជួយអោយមានអន្តរការិយកម្មធនាគារជាប្រាក់រៀល និងលើកទឹកចិត្តដល់អ្នកប្រើប្រាស់ប្រាក់រៀល កាន់តែច្រើនឡើងថែមទៀត ។
– ធនាគារជាតិនៃកម្ពុជាបានបង្កើតអោយមានសភាផាត់ទាត់ (ClearingHouse) ជាប្រាក់រៀលសំរាប់ជួយសម្រួលដល់ការផាត់ទាត់មូលប្បទានបត្រ (Cheque) ប្រាក់រៀលនៅតាមខេត្តក្រុង ដែលមានសក្តានុពលសេដ្ឋកិច្ចមួយចំនួនដូចជា ខេត្តកំពង់ចាម សៀមរាប បាត់ដំបង និងរាជធានីភ្នំពេញជាដើម
– ធនាគារជាតិនៃកម្ពុជាបានផ្តល់ហិរញ្ញប្បទាន ទៅឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាប្រាក់រៀល ដើម្បីឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនោះមានលទ្ធភាពផ្តល់ឥណទាន ជាប្រាក់រៀល ទៅឲ្យប្រជាជននៅតាមជនបទ
– ធនាគារជាតិនៃកម្ពុជាបានខឹតខំពង្រឹងរចនាសម្ព័ន្ធប្រាក់រៀល របស់ខ្លួន តាមរយៈការបោះផ្សាយនូវធនបត្រថ្មីគ្រប់ប្រភេទ ដើម្បីទាក់ទាញសាធារណជន ក្នុងការប្រើប្រាក់រៀល និងម្យ៉ាងទៀតធនាគារជាតិនៃកម្ពុជា ក៏បានខិតខំប្រឹងប្រែងដាក់ជំនួសតាមរយៈការដូរនូវក្រដាសប្រាក់ចាស់ ទក់រហែក រេចរឹល ឬខូចគុណភាព ដោយក្រដាសប្រាក់ថ្មី ហើយផ្តល់សេវាប្តូរជូន ដោយឥតគិតថ្លៃ ។
– ធនាគារជាតិនៃកម្ពុជាបន្តលើកទឹកចិត្ត ដល់សាខាធនាគារពាណិជ្ជ និងអាជីវករប្តូរប្រាក់ឲ្យបើកតូបប្តូរប្រាក់ នៅតាមតំបន់ព្រំដែន ដើម្បីជួយសម្រួលដល់ការទូទាត់ពាណិជ្ជកម្ម ។
– ធនាគារជាតិនៃកម្ពុជា បន្តខិតខំពង្រឹងតួនាទីរបស់ខ្លួនក្នុងការរក្សាស្ថិរភាពថ្លៃ និងអត្រាប្តូរប្រាក់ តាមរយៈការធ្វើអន្តរាគមន៍ក្នុងទីផ្សារប្តូរប្រាក់ សំដៅរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ឆ្ពោះទៅគាំទ្រការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ប្រកបដោយចិរភាព ។ ស្ថិរភាពអត្រាប្តូរប្រាក់នេះ ជាមូលដ្ឋានសំខាន់សំរាប់ជំរុញ និងបង្កើនជំនឿទុកចិត្តរបស់សាធារណជនទូទៅ ក្នុងការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា ឲ្យកាន់តែច្រើនឡើង ។
សរុបមកការធ្វើបដិដុល្លារូបនីយកម្ម ឬជំរុញការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា យើងមិនអាចមានវិធានការរដ្ឋបាល ដោយចាប់បង្ខំអនុវត្តនៅពេលបច្ចុប្បន្ននេះបានទេ ព្រោះវិធានការបែបនេះអាចបណ្តាលឲ្យប៉ះពាល់ ដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាតិ ។ ដើម្បីសម្រេចគោលដៅនេះ គឺត្រូវទាមទារពេលវេលាមួយសមស្របនៅពេលអនាគត និងទាមទារឲ្យមានការចូលរួមសហការពីភ្នាក់ងារសេដ្ឋកិច្ច និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ទើបការអនុវត្តសម្រេចបានជោគជ័យ មិនមែនធនាគារជាតិនៃកម្ពុជា អនុវត្តតែម្នាក់ឯងបានជោគជ័យនោះទេ គឺទាមទារឲ្យមានការចូលរួមពីកម្លាំង សរុបរបស់មហាជនផងដែរ ទើបទទួលបានជោគជ័យ ។

សំនួរ : តើការចាប់ផ្តើមប្រើប្រាស់ប្រាក់រៀល នាំឲ្យមានផលប្រយោជន៍ និងផលប៉ះពាល់អ្វីខ្លះ? ដើម្បីទប់ទល់នឹងប្រជាប្រិយភាពរបស់ប្រាក់ដុល្លារ ចាំបាច់ត្រូវមានរូបិយប័ណ្ណអាស៊ានដែរឬទេ ?
ចម្លើយ : បច្ចុប្បន្នប្រាក់ដុល្លារអាមេរិកត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងប្រទេសកម្ពុជា ។ ជាង៩០% នៃប្រតិបត្តិការរបស់ធនាគារធ្វើឡើងជាប្រាក់ដុល្លារអាមេរិក ។ ម្យ៉ាងទៀតការនាំចេញ និងនាំចូលក៏ត្រូវទូទាត់ជាប្រាក់ដុល្លារ ។ មានតែនៅតាមព្រំដែន ដែលប្រាក់បាតថៃ និងប្រាក់ដុងវៀតណាម ត្រូវបានប្រើប្រាស់ក្នុងការទូទាត់ ។ ដោយឡែកប្រទេសចិន ក៏កំពុងក្លាយជាដៃគូពាណិជ្ជកម្មសំខាន់របស់ប្រទេសកម្ពុជា ប៉ុន្តែទោះបីជាយ៉ាងណាប្រាក់ដុល្លារនៅតែដើរ តួនាទីសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា ។
ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានក៏បានលើកឡើង ពីទស្សនៈវិស័យ នៃការបង្កើតរូបិយប័ណ្ណអាស៊ាន ប៉ុន្តែការបង្កើតរូបិយប័ណ្ណអាស៊ាន ប្រឈមនឹងបញ្ហាការលំបាកមួយចំនួនដូចជា
ទី១ : ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសសមាជិកអាស៊ាន មានលក្ខណៈខុសគ្នាឧទាហរណ៍ផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់របស់ប្រទេសអាស៊ាន ៦ ចាស់ មានកម្រិតខ្ពស់ជាងប្រទេសអាស៊ានថ្មីទាំង៤ ។
ទី២ : ប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសសមាជិកអាស៊ានមួយចំនួននៅទន់ខ្សោយ ។ ពេលប្រព័ន្ធហិរញ្ញវត្ថុជួបវិបត្តិ ពេលនោះអត្រាប្តូរប្រាក់របស់ប្រទេសនោះនឹងជួបវិបត្តិដូចគ្នា ដូច្នេះដើម្បីបង្កើតរូបិយប័ណ្ណអាស៊ានទាមទារឲ្យប្រទេស សមាជិកអាស៊ានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រព័ន្ធហិរញ្ញវត្ថុឲ្យរឹងមាំ ។
ទី៣ : ការបង្កើតរូបិយប័ណ្ណអាស៊ានទាមទារឲ្យមានការចូលរួមវិភាគទានទុនបម្រុង ក្នុងតំបន់ និងបង្កើតឲ្យមានស្ថាប័នរូបិយវត្ថុក្នុងតំបន់ ។ ទាក់ទងបញ្ហានេះប្រទេសកម្ពុជាក៏ដូចជា ប្រទេសអាស៊ានផ្សេងទៀតដែរ បានចូលរួមក្នុងអនុស្សរណៈស្វប់អាស៊ានក្រោមគំនិតផ្តួចផ្តើមឈៀងម៊ៃ ដែលជាចំណុចចាប់ផ្តើមនៃដំណោះស្រាយ ចំពោះឧបសគ្គទាំងនោះ ប៉ុន្តែទោះបីជាយ៉ាងណានោះ គ្រាន់តែជាទិសដៅទៅថ្ងៃក្រោយតែប៉ុណ្ណោះ ។
ទី៤ : ប្រទេសសមាជិកត្រូវឯកភាពខាងនយោបាយជាមុន ដើម្បីធ្វើកិច្ចសហប្រតិបត្តិការខាងរូបិយវត្ថុ ។
រយៈកាលកន្លងមកប្រទេសកម្ពុជា ក៏បានបង្ហាញជំហរចូលរួមកិច្ចសហប្រតិបត្តិការក្នុងតំបន់ផ្អែកតាម ផែនការសេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០១៥ ។

សំនួរ : មានការលើកឡើងពីអតិថិជនមួយចំនួន អំពីការលំបាកក្នុងការប្រើប្រាស់ប្រាក់រៀលដោយហេតុថា មានតៃម្លេថោកបើប្រៀបធៀបជាមួយប្រាក់ដុល្លារ និងមានចំនួនច្រើនដែលពិបាកក្នុងការទូទាត់ ។ តើធនាគារជាតិនៃកម្ពុជាអាចមានមធ្យោបាយ ធ្វើដូម្តេចឲ្យប្រាក់រៀលមានតម្លៃខ្ពស់ ជាពិសេសអាចធ្វើឲ្យចំនួនខ្ទង់ប្រាក់រៀល ពីចំនួនខ្ពស់មកចំនួនទាបវិញ? ក្រៅពីរូបិយប័ណ្ណតើធនាគារនៅកម្ពុជា អាចឲ្យអតិថិជនទុកមាសដែរឬទេ? ព្រោះថាប្រជាជនខ្មែរភាគច្រើននិយមចូលចិត្តទុកមាស ។
តើធនាគារនៅកម្ពុជាអាចឲ្យអតិថិជនមានទំនុកចិត្តឬទេ ?

ចម្លើយ : តាមពិតក្នុងន័យសេដ្ឋកិច្ចលុយថ្លៃ ឬថោកមិនជាសំខាន់ទេ ។ អ្វីដែលសំខាន់នោះគឺថា តើតម្លៃរូបិយវត្ថុនោះមានស្ថេរភាពដែរឬទេ ។ ក្នុងគោលដៅរក្សាស្ថិរភាពអត្រាប្តូរប្រាក់ធនាគារជាតិនៃកម្ពុជា បានធ្វើអន្តរាគមន៍ក្នុងទីផ្សារប្តូរប្រាក់ តាមរយៈការដេញថ្លៃលក់ប្រាក់ដុល្លារ ។ ធនាគារជាតិនៃកម្ពុជាក៏ចង់ឲ្យក្រដាសប្រាក់រៀលមានតម្លៃខ្ពស់ដែរ ។ ប៉ុន្តែសំខាន់ត្រង់ថា តើទីផ្សារព្រមទទួលទូទាត់ថ្លៃទំនិញរបស់ខ្លួន ជាមួយក្រដាសប្រាក់តិចដែរឬទេ ។
ទាក់ទងនឹងប្រជាជនជួបការលំបាកក្នុងការទូទាត់ ដោយប្រើប្រាស់ប្រាក់រៀល ក្នុងចំនួនច្រើនធនាគារជាតិនៃកម្ពុជា បានជួយដោះស្រាយបញ្ហានេះបានខ្លះ ហើយតាមរយៈការចេញផ្សាយនូវក្រដាសប្រាក់ ដែលចារឹកទឹកប្រាក់ធំៗដូចជា ក្រដាសប្រាក់ ២០,០០០ រៀល រហូតដល់ក្រដាសប្រាក់ ៥០,០០០ រៀល សម្រាប់សម្រួលការទូទាត់ប្រតិបត្តិការពាណិជ្ជកម្មធំៗ ។ ម្យ៉ាងទៀតធនាគារជាតិនៃកម្ពុជាបាននឹងកំពុង ជំរុញឲ្យប្រជាជនប្រើប្រាស់ប័ណ្ណឥណទាន និងផ្ទេរប្រាក់តាមប្រព័ន្ធធនាគារ ដែលអាចជួយសម្រាលការលំបាកក្នុងការទូទាត់ ប្រតិបត្តិការពាណិជ្ជកម្មធំៗ ។
ចាប់ពីទស្សវត្សរ៍ទី៨០ រហូតមកដល់ទស្សវត្សរ៍ទី៩០ យើងសង្កេតឃើញប្រជាជននិយមចូលចិត្តសន្សំមាស និងប្រើប្រាស់មាសសម្រាប់ទូទាត់ផ្សេងៗ ក៏ដោយសារប្រជាជនមានជំនឿលើមាសច្រើនជាងប្រាក់រៀល ហើយពេលនោះប្រាក់ដុល្លារមិនទាន់ហូរចូលមកកម្ពុជាច្រើននៅឡើយ ។ បច្ចុប្បន្ននេះ ច្បាប់របស់ធនាគារនៅតែអនុញ្ញាតឲ្យអតិថិជនយកមាស ឬវត្ថុមានតម្លៃផ្សេងទៀតមកទុកនៅធនាគារពាណិជ្ជ ដែលធនាគារពាណិជ្ជខ្លះតម្រូវឲ្យអតិថជនបង់កម្រៃសេវាទូរសុវត្ថិភាព សម្រាប់រក្សាទុកមាស ។ ចំនួនទឹកប្រាក់ជាមាសនៅក្នុងប្រព័ន្ធធនាគារកម្ពុជាមានកម្រិតតិចតួច នៅឡើយ ។
បច្ចុប្បន្នធនាគារជាតិនៃកម្ពុជាបានខិតខំពង្រឹងប្រព័ន្ធធនាគារនៅ កម្ពុជា ឲ្យរឹងមាំនិងទទួលបានជំនឿទុកចិត្តពីសាធារណជន តាមរយៈពង្រឹងការត្រួតពិនិត្យធនាគារដូចជា ត្រួតពិនិត្យហានិភ័យ ត្រួតពិនិត្យសាច់ប្រាក់ងាយស្រួល និងចេញប្រកាសបទបញ្ញត្តិប្រុងប្រយ័ត្នមួយចំនួន ឲ្យធនាគារអនុវត្ត និងជំរុញឲ្យធនាគារបង្កើនដើមទុនផងដែរ ។ យើងឃើញថា បច្ចុប្បន្នឥណទានមិនដំណើរការរបស់ប្រព័ន្ធធនាគារមានចំនួន ៥,៤% ។ រីឯអនុបាតសាធនភាពរបស់ប្រព័ន្ធធនាគារមានកម្រិត ៣២% ។ ប្រព័ន្ធធនាគារទាំងមូលមានសាច់ប្រាក់ងាយស្រួលចំនួន ៨២,៥% ។
វិបត្តិហិរញ្ញវត្ថុពិភពលោកមិនបានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធធនាគារ ដោយផ្ទាល់ទេព្រោះថា ប្រព័ន្ធធនាគារនៅកម្ពុជានៅក្មេងខ្ចី និងប្រតិបត្តិការធនាគារនៅកម្ពុជា ជាមួយទីផ្សារហិរញ្ញវត្ថុអន្តរជាតិ នៅមានកម្រិត ហើយប្រទេសកម្ពុជាពុំទាន់មានទីផ្សារហ៊ុនជួញដូរសញ្ញាប័ណ្ណ និងប័ណ្ណភាគហ៊ុន និងមិនមានការជួញដូរសញ្ញាប័ណ្ណ និងប័ណ្ណភាគហ៊ុនយ៉ាងសកម្មជាមួយទីផ្សារហិរញ្ញវត្ថុអន្តរជាតិនៅឡើយ ។ ប៉ុន្តែឥទ្ធិពលនៃវិបត្តិនេះ បានធ្វើឲ្យប៉ះពាល់ដោយប្រយោលមកលើវិស័យពិត (real sector) នៅកម្ពុជាផងដែរដូចជា ការធ្លាក់ចុះនៃ (១)-វិស័យនាំចេញផលិតផលសម្លៀកបំពាក់ (២-វិស័យទេសចរណ៍ (៣)វិស័យសំណង់ ពោលគឺចំណូលពីវិស័យអាទិភាពខាងលើនេះធ្លាក់ចុះ ។
ដើម្បីទប់ទល់នឹងបញ្ហានេះសម្តេចនាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការជាកញ្ចប់ ដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ឆ្ពោះទៅគាំទ្រការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព ។ ដើម្បីរួមចំណែកអនុវត្តតាមវិធានការនេះ ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវវិធានការប្រុងប្រយ័ត្នមួយចំនួន ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដូចជា ៖
– តម្លើងអត្រាប្រាក់បំរុងកាតព្វកិច្ចពី៨% ទៅ ១៦% ចំពោះប្រាក់បញ្ញើជារូបិយប័ណ្ណ ដើម្បីកាត់បន្ថយកំណើនឥណទានលឿនពេក ចំពោះវិស័យមិនមែនផលិតកម្ម និងបានបន្ថយមក១២% វិញដើម្បីឲ្យធនាគារមានលទ្ធភាពច្រើនជាងមុន ក្នុងការផ្តល់ឥណទានចំពោះវិស័យផលិតកម្ម និងកសិកម្ម
– កំណត់ពិដានឥណទានចំនួន១៥% ចំពោះវិស័យអចលនទ្រព្យ ប៉ុន្តែក្រោយមកលុបចោលវិញ ដោយសារធនាគារយល់ច្បាស់ និងចេះគ្រប់គ្រងហានិភ័យ នៃវិស័យអចលនទ្រព្យ
– ពង្រឹងសមត្ថភាពត្រួតពិនិត្យធនាគារ និងជំរុញធនាគារឲ្យគោរពបទប្បញ្ញត្តិប្រុងប្រយ័ត្ន
– ផ្តល់ឥណទានវិបារូបន៍(Overdraft) ដល់ធនាគារពាណិជ្ជ និងត្រៀមដើរតួនាទីជាអ្នកឲ្យខ្ចីចុងក្រោយ
– ជំរុញដំណើរការទីផ្សាររូបិយវត្ថុ និងទីផ្សារអន្តរធនាគារតាមរយៈការបោះផ្សាយវិញ្ញាបនប័ត្រប្រាក់បញ្ញើ
– រៀបចំប្រព័ន្ធសាច់ប្រាក់ងាយស្រួល ដើម្បីតាមដានស្ថានភាពសាច់ប្រាក់ងាយស្រួលក្នុងប្រព័ន្ធធនាគារ
– បង្កើតប្រព័ន្ធទូទាត់ជាតិ ៕

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: