រដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន រួមបង្កើត មូលនិធិហេដ្ឋារចនាសម្ព័ន្ធ អាស៊ាន

លោក គង់ វិបុល រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលទើបវិលត្រឡប់ពីការចូលរួម​ប្រជុំពិសេសរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន អំឡុងពេលកិច្ចប្រជុំកំពូលរវាង​អាមេរិក-អាស៊ាននៅសាំងហ្គាពួរ កាលពីថ្ងៃទី១១-១៤ ខែវិច្ឆិកា កន្លងមកនេះថា រដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានបានឯកភាពគ្នាថា បង្កើតមូលនិធិ​ហេដ្ឋារចនាសម្ព័ន្ធអាស៊ានមួយឡើង សម្រាប់គោលដៅជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រក្នុងតំបន់។
លោកបានមានប្រសាសន៍ឲ្យដឹងថា កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន បានប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០០៩ មានគោលដៅជាសំខាន់ ពិភាក្សាលើគម្រោងបង្កើត​មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ពិភាក្សាអំពីការជ្រើសរើសទីកន្លែង​ក្នុងការបង្កើតអង្គភាពតាមឃ្លាំមើលសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ។
លោកមានប្រសាសន៍ថា ជាលទ្ធផលរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានទាំងអស់​បានឯកភាពជាគោលការណ៍​ក្នុងការបង្កើតមូលនិធិហេដ្ឋារចនាសម្ព័ន្ធ​អាស៊ានដោយបានស្នើ​ធនាគារអភិវឌ្ឍន៍អាស៊ី ADB ធ្វើការសិក្សារករូបមន្តក្នុងការបង្កើតមូលនិធិនេះ ដោយប្រកាន់ជំហរក្នុងការប្រមូលទុន​បម្រុងអន្តរជាតិក្នុងតំបន់មក​ធ្វើការវិនិយោគក្នុងតំបន់​ក្នុងគោលដៅជំរុញ​កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រក្នុងតំបន់។
លោករដ្ឋលេខាធិការ គង់ វិបុល បានឲ្យដឹងទៀតថា ចំពោះការជ្រើសរើសទីកន្លែង​បង្កើតអង្គភាពតាមឃ្លាំមើលសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំបន់រដ្ឋមន្ត្រីហិរញ្ញវត្ថុ​អាស៊ានទាំងអស់បាន​សម្រេចទីកន្លែងបីត្រូវជ្រើសរើស គឺក្រុងសិង្ហបុរី ក្រុងគូឡាឡាំពួរ និងក្រុងបាងកក។ ក្នុងរឿងនេះ គេបានជ្រើសយកក្រុមហ៊ុន Ernst & Young ធ្វើការសិក្សា និងវាយតម្លៃលក្ខណសម្បត្តិរបស់ក្រុងទាំង៣ ហើយយកលទ្ធផលដាក់ជូន​រដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន​ធ្វើការសម្រេចនៅចុងឆ្នាំនេះ។
លោក គង់ វិបុល បានមានប្រសាសន៍ឲ្យដឹងទៀតថា អំឡុងប្រជុំកំពូលអាមេរិក-អាស៊ាននៅសាំងហ្គាពួរនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាននៅបាន​ជួបប្រជុំផងដែរជាមួយរដ្ឋមន្ត្រី​ហិរញ្ញវត្ថុអាមេរិក។ វាជាការជួបប្រជុំលើកទី១ ហើយកិច្ចពិភាក្សាបានផ្ដោត​លើកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអាមេរិកជាពិសេសពីផលប៉ះពាល់​នៃវិបត្តិសេដ្ឋកិច្ចក្នុងតំបន់ និងបានពិភាក្សាគ្នាក្នុងការម៉ូឌុលដើម្បីជំរុញ​កំណើនសេដ្ឋកិច្ចក្នុងតំបន់។
ក្រៅពីនេះក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន​នៅបានធ្វើវេទិកាពិភាក្សាក្នុងអាហារ​ពេលព្រឹកជាមួយប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ដើម្បីពិភាក្សារកម៉ូឌុលនៃកំណើន​សេដ្ឋកិច្ចក្នុងតំបន់អាស៊ី បន្ទាប់ពីមានវិបត្តិសេដ្ឋកិច្ចពិភពលោកមក។ លោកមានប្រសាសន៍ឲ្យដឹងទៀតថា នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលនេះ ប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅបានចូលរួមក្នុង​កិច្ចប្រជុំជាន់ខ្ពស់របស់នាយកប្រតិបត្តិ (CEO SUMMIT)។ កិច្ចប្រជុំនេះគឺជាវេទិកាមួយ​ដ៏មានសារសំខាន់រវាង​អ្នកធ្វើគោលនយោបាយ និងអ្នកវិនិយោគ ដើម្បីជួបពិភាក្សាដោះស្រាយ​នូវរាល់បញ្ហារាំងស្ទះដល់ការវិនិយោគក្នុងតំបន់ និងជំរុញការទាក់ទាញ​វិនិយោគថែមទៀត៕

Advertisements

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: