ប្រទេសចំនួន៤០ជួបប្រជុំគ្នា​រកវិធានការទប់ទល់នឹងការ​លាងលុយកខ្វក់

ក្រុមអ្នកជំនាញផ្នែកហិរញ្ញវត្ថុ​និងទេសាភិបាលដែលជា​អ្នកតំណាងប្រទេស​និងក្រុមអង្គការក្រៅរដ្ឋាភិបាល​ដែលជាអ្នកសង្កេតការណ៍​មកពីប្រទេសចំនួន៤០នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានមកជួបប្រជុំគ្នា​ក្នុងសិក្ខាសាលាមួយនៅ​ខេត្តសៀមរាប នៅថ្ងៃ២៦ តុលា ដើម្បីផ្លាស់ប្តូរបទពិសោធន៍​និងរិះរកវិធានការប្រឆាំងការពារ​និងទប់ទល់សកម្មភាព​លាងលុយកខ្វក់​និងហិរញ្ញប្បទានភេរវកម្ម។
សេចក្តីប្រកាសព័ត៌មាន​ដែលចែកដោយមន្ត្រីទេសាភិបាល​ធនាគារជាតិនៃកម្ពុជាឲ្យដឹងថា សិក្ខាសាលារយៈពេល៣ថ្ងៃដែលជាវេទិការអន្តរជាតិ​លើកទី១២​នៃក្រុមប្រទេសអាស៊ី-ប៉ាស៊ីហ្វិកនេះ គឺសំដៅស្វែងរកមធ្យោបាយ​ទប់ស្កាត់ផងដែរចំពោះសកម្មភាព​លាងសម្អាតប្រាក់ដែលបានពីអំពើពុករលួយ​និងការចាប់ជំរិត ការជួញដូរមនុស្ស ភាពងាយរងគ្រោះ​នៃអង្គការមិនមែន​រកប្រាក់ចំណេញ វិធីទូរទាត់ថ្មីៗតាមកាស៊ីណូ​និងធនាគារជាដើម ដើម្បីឲ្យប្រជាពលរដ្ឋ​រស់នៅក្នុងការអភិវឌ្ឍនិងសុខសន្តិភាព។
សេចក្តីប្រកាសព័ត៌មានបានបង្ហាញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ​គេសង្កេតឃើញអំពើភេរវកម្ម​បានកើនឡើងនិងបានគំរាមកំហែង​ដល់សុវត្ថិភាពប្រជាពលរដ្ឋ​និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយក្រុមភេរវករ​តែងស្វែងរកចំណុចខ្សោយ​និងខ្វះចន្លោះរបស់អ្នកធ្វើច្បាប់​និងអ្នកអនុវត្តច្បាប់ ហើយទាញយកផលប្រយោជន៍​ពីការប្រើប្រាស់គ្រឹះស្ថាន​ធនាគារឬហិរញ្ញវត្ថុ​នៅតាមប្រទេសនីមួយៗ ដើម្បីធ្វើវិទ្ធង្សនានយោបាយ​ដែលបង្កឲ្យមានផលប៉ះពាល់​អវិជ្ជមានចំពោះប្រជាពលរដ្ឋ​ស្លូតត្រង់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ៕

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: