ឃុំខ្លួនស្ត្រីមេតុងទីន ពីបទឆបោកលុយជាង ៤០ ម៉ឺនដុល្លារ

ស្ត្រី មេ តុងទីន អង្គុយ ជាមួយ កូន តូច នៅ មាត់ កាំជណ្តើរ តុលាការ ខេត្ត ក្រចេះ ។
ក្រចេះ: ចៅក្រមសាលាដំបូងខេត្តក្រចេះ បានសម្រេចឃុំខ្លួនស្ត្រីមេតុង ដែលប្រមូលលុយចំនួនជាង ៤០ ម៉ឺនដុល្លារអាមេរិក ពីកូនតុងទីនជាង ២០០ នាក់ នៅស្រុកឆ្លូង ។
ចៅក្រម ចុក ងួន បានសម្រេចឃុំខ្លួន ស្ត្រីមេតុងទីនឈ្មោះ ជឹម ស្រីណារ័ត្ន អាយុ ៣១ឆ្នាំ រស់នៅភូមិកោះកណ្តុរុ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០០៩ បន្ទាប់ពីមន្ត្រីប៉េអឹមខេត្ត ក្រចេះ សហការជាមួយអាវុធហត្ថរាជធានីភ្នំពេញ ចាប់ស្ត្រីរូបនោះតាមដីកាចាប់ខ្លួន នៅផ្ទះល្វែងមួយ នៅផ្សារឯករាជ្យ សង្កាត់ទួលពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០០៩ ពីបទឆបោក ។
ដើមបណ្តឹងម្នាក់ ឈ្មោះ ព្រំ វិចិត្រ អាយុ ៣៨ឆ្នាំ នៅភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ខេត្តក្រចេះ បាននិយាយថា ស្ត្រីមេតុងទីន រូបនោះ ជំពាក់ប្រាក់ចំនួន ៦០ លានរៀល ទើបគាត់មកតុលាការប្តឹងស្ត្រីរូប នោះពីបទឆបោក ។
ស្ត្រីអ្នកស្រុកឆ្លូងម្នាក់បាននិយាយថា អ្នកស្រីបានខាតបង់ប្រមាណ ៣០ លានរៀល ដោយសារតែស្ត្រីមេតុងទីនរូបនោះ ប្រមូលលុយតុងទីនពីកូនតុងទីនហើយ មិនប្រគល់ឱ្យអ្នកស្រី ហើយអ្នកខ្លះអស់ ប្រាក់ពី ១០ លានរៀល ខ្លះ ២០ លានរៀល ខ្លះ ៤០ លានរៀល ក៏មាន ។
ស្ត្រីរូបនោះ បាននិយាយទៀតថា តុងទីនទទាំងអស់មាន ១០០ ក្បាល ក្នុងមួយក្បាល ១០០០០ រៀល ហើយដេញរាល់ថ្ងៃ អ្នកខ្លះលេងពី ២០ ទៅ ៤០ ក្បាល ។ សរុបអ្នកលេងទាំងអស់មានប្រមាណជាង ២០០ នាក់ គឺស្ទើរពេញផ្សារស្រុកឆ្លូង ខេត្តក្រចេះតែម្តង ។

កូន តុងទីន ក៏ អង្គុយ នៅ មាត់ កាំជណ្តើរ តុលាការ ហៅ គ្នា ឱ្យបាន ច្រើន ចាំមើលខ្លាច ចៅក្រម ដោះលែង មេ តុងទីន រូបនោះ
អ្នកស្រីបាននិយាយទៀតថា ស្ត្រីមេតុងទីនរូបនេះ បានប្រមូលលុយពីកូនតុងទីនជាច្រើនឆ្នាំមក ហើយ មិនដែលមានបញ្ហាខ្វះលុយកាក់បែបនេះទេ ប៉ុន្តែ ចាប់ដើមខែមករា ឆ្នាំ២០០៩ នេះ ស្រាប់តែកូនតុងទីនដែលដេញបានមិនត្រូវស្ត្រីមេតុងទីនរូបនោះ ប្រគល់លុយឱ្យទេ ដោយយកលេសថា កូនតុងទីនមួយចំនួនមិនទាន់ប្រគល់ឱ្យខ្លួនដែរ ។ ក្រោយមកនៅក្នុងខែមករា ដដែលស្រាប់តែស្ត្រីរូបនោះ បាត់ពីផ្ទះកន្លះខែ ទើបឃើញត្រឡប់មកវិញ ហើយបានដើរប្រមូលលុយតុងទីន បន្តទៀត ហើយក៏បានគេចខ្លួនបាត់ស្រមោល រហូតដល់ពេលចាប់ខ្លួននេះទើបពួកគាត់ដឹង ។
ស្ត្រីរូបនោះបាននិយាយថា ពួកគាត់បានដាក់ពាក្យបណ្តឹងជាង ៨០ ទៅអយ្យការតុលាការខេត្តក្រចេះ ។ មន្ត្រីតុលាការ ប្រាប់អ្នកស្រីថា សំណុំរឿងទាំងនោះ ស្ថិតនៅក្នុងដៃចៅក្រមចំនួនបីនាក់ កំពុងចាត់ការ ក្នុងនោះ មានសំណុំរឿងតែមួយគត់ស្ថិតនៅក្នុងដៃលោកចៅក្រម ចុក ងួន ។
នៅព្រឹកថ្ងៃទី ៣០ ខែតុលា នេះ កូនតុងទីនជាច្រើនអ្នកដែលស្ត្រីមេតុងទីនរូបនេះ ប្រមូលប្រាក់គេច ខ្លួនបាត់នោះ បានមកជួបជុំគ្នានៅក្នុងបិវេណ សាលាដំបូងខេត្តក្រចេះ ដោយខ្លាចក្រែងចៅក្រមស៊ើបសួរ លោក ចុក ងួន ដោះលែងស្ត្រីមេតុងទីនរូបនេះទៅវិញ ។
ទោះបីយ៉ាងណា លោកចៅក្រម ចុក ងួន បានសម្រេចឃុំខ្លួនស្ត្រីមេតុងទីនរូបនោះ ក្នុងពន្ធនាគារបណ្តោះអាសន្ន រង់ចាំការស៊ើបអង្កេតបន្ត ៕

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: