សេដ្ឋកិច្ចកម្ពុជា អាចងើបឡើងវិញ នៅឆ្នាំ២០១០

ធនាគារពិភពលោក បានប្រកាសនៅថ្ងៃពុធនេះថា សេដ្ឋកិច្ចប្រទេសកម្ពុជា មានសញ្ញាផ្តើមងើបឡើងវិញហើយ។ នៅឆ្នាំ២០១០ កំណើនសេដ្ឋកិច្ចកម្ពុជា អាចស្ថិតនៅប្រមាណជា ៤ %។ ក៏ប៉ុន្តែសម្រាប់ឆ្នាំ២០០៩នេះ ធនាគារពិភពលោក ព្យាករថា សេដ្ឋកិច្ចកម្ពុជា ស្ថិតនៅកម្រិតអវិជ្ជមាន គឺ – ២ % (ដក)។

សន្និសីទ វីដេអូ របស់ ធនាគារ ពិភពលោក ប្រចាំ ទីក្រុង ភ្នំពេញ ថ្ងៃ ពុធ ទី ៤ វិច្ឆិកា ២០០៩ (រូបថត ៖ ម៉េងហូរ)
ការប៉ាន់ប្រមាណពីភាពអវិជ្ជមាននៅក្នុងសេដ្ឋកិច្ចប្រទេសកម្ពុជា នៅឆ្នាំ២០០៩នេះ ក៏ដោយសារតែធនាគារពិភពលោក មើលឃើញថា វិស័យគន្លឹះៗនៃសេដ្ឋកិច្ចកម្ពុជា មានជាអាទិ៍ វិស័យកាត់ដេរ វិនិយោគសំណង់ និងវិស័យទេសចរណ៍ បានទទួលផលប៉ះពាល់ជាអវិជ្ជមាន ពីវិបត្តិសេដ្ឋកិច្ចសកល។
ក្នុងសន្និសីទវីដេអូ កាលពីព្រឹកមិញ សេដ្ឋកិច្ចវិទូរបស់ធនាគារពិភពលោក បានលើកឡើងថា ការនាំចេញវិស័យកាត់ដេររបស់ប្រទេសកម្ពុជា ទៅក្រៅប្រទេស ជាពិសេសទៅកាន់ទីផ្សារប្រទេសអាមេរិក បានធ្លាក់ចុះ ២៦% ក្នុងរយៈពេល ៦ ខែដំបូងក្នុងឆ្នាំ២០០៩នេះ។ ចំណែកភ្ញៀវទេសចរ ក៏ធ្លាក់ចុះ ហើយគម្រោងសាងសង់ ក៏បានធ្លាក់ចុះ ក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ។
របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលបានផ្សព្វផ្សាយនៅថ្ងៃពុធនេះ ធនាគារពិភពលោក ក៏បានព្យាករទុកថា សេដ្ឋកិច្ចប្រទេសកម្ពុជា អាចនឹងងើបឡើងវិញ រហូតដល់ ៤% នៅឆ្នាំ២០១០។
សញ្ញាងើបឡើងនៃសេដ្ឋកិច្ចកម្ពុជានៅឆ្នាំក្រោយ ដោយសារតែវិស័យសំណង់ដែលបានធ្លាក់ចុះដល់ចំណុចទាបបំផុតនៅប្រទេសកម្ពុជា ប្រហែលជាអាចចាប់ផ្តើមឈានជើងឡើងវិញ ព្រោះតែមានលំហូរចូលទុនថ្មី។ ចំណែកវិស័យទេសចរណ៍ មានសញ្ញាល្អ ដោយការកក់បន្ទប់សណ្ឋាគារ ក៏កំពុងតែប្រសើរដែរ។ ធនាគារពិភពលោក ក៏បានមើលឃើញថា វិស័យកសិកម្មនៅឆ្នាំ២០០៩នេះ មានភាពប្រសើរ ដោយសារផលិតកម្មស្រូវ បើទោះបីជាមានភ្លៀងមិនទៀងទាត់ក្តី។
ការងើបឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា និងសេដ្ឋកិច្ចប្រទេសក្នុងតំបន់ ក៏ត្រូវបានធនាគារពិភពលោក បង្ហាញថា មួយចំណែកធំ ក៏មកពីសេដ្ឋកិច្ចរបស់ប្រទេសចិន។ ប្រទេសចិន ដែលធនាគារពិភពលោក ទស្សន៍ទាយថា នៅឆ្នាំ២០០៩នេះ ចិនមានកំណើនសេដ្ឋកិច្ច ៨,៤%។ ចិនបាននាំចេញទំនិញប្រើប្រាស់ ទំនិញផ្នែកអេឡិចត្រូនិច។ ចំណែកប្រទេសនានាក្នុងតំបន់ បាននាំវត្ថុធាតុដើម ចូលទៅប្រទេសចិន។
ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅឆ្នាំ២០០៩នេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសកាលពីដើមសប្តាហ៍មុនថា ទោះជាសេដ្ឋកិច្ចកម្ពុជាមានកំណើនលេខបូក ឬលេខសង (វិជ្ជមាន ឬ អវិជ្ជមាន) មិនសំខាន់ទេ ប៉ុន្តែរឿងធំរបស់កម្ពុជា គឺជីវភាពរបស់ប្រជាជន។ លោកប្រមុខរដ្ឋាភិបាល ក៏បានបញ្ជាក់ថា ទោះជាមានទឹកជំនន់ បានបំផ្លាញផ្លូវ និងស្ពានជាច្រើននៅកម្ពុជា ក៏ប៉ុន្តែស្រូវនៅឆ្នាំនេះ ល្អណាស់៕

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: