សហគ្រាសធុនតូចនិងមធ្យមជួបបញ្ហា ក្នុងការស្វែងរក ហិរញ្ញប្បទាន

ការពង្រីក រឺធ្វើទំនើបកម្មសហគ្រាសធុនតូច ត្រូវចំណាយថវិកាអស់យ៉ាងច្រើន ដែលសហគ្រិនកម្ពុជាមួយចំនួនតូចអាចសម្រេចបាន។ ជានិច្ចកាល សហគ្រិនទាំងនេះមានការលំបាក ក្នុងការស្វែងរកដើមទុនអោយបានគ្រប់គ្រាន់ ដើម្បីដាក់អោយដំណើរការនូវគម្រោងរបស់ខ្លួន។ ទោះបីជាសហគ្រាសធុនតូចនិងមធ្យម ផ្គត់ផ្គង់ជិតមួយភាគបីនៃផលិតផលក្នុងស្រុកសរុបនៃប្រទេស កម្ពុជា ជារៀងរាល់ក៏ដោយ ក៏ប្រព័ន្ធហិរញ្ញវត្ថុផ្តល់ប្រាក់កំចីដល់សហគ្រាសទាំងនោះ ត្រឹមតែរយៈពេលខ្លី ជាមួយនឹងអត្រាការប្រាក់មួយខ្ពស់ ជាងអត្រាការប្រាក់ដែលផ្តល់ ដល់សហគ្រាសធំៗ។ ប៉ុន្តែ លោកហេង ហៀង ប្រធានសមាគមសហគ្រាសធុនតូចនិងមធ្យមភ្នំពេញ បានគូសបញ្ជាក់ថា នៅក្នុងបរិបទសាកលភាវូបនីយកម្ម សហគ្រាសធុនតូចនិងមធ្យមទាំងនេះកាន់តែត្រូវការដើមទុន ដើម្បីពង្រីកផលិតភាព និងគុណភាពផលិតផលរបស់ខ្លួន។ បើតាមប្រសាសន៍របស់លោក សហគ្រាសធុនតូចនិងមធ្យមគឺជាកត្តាដ៏ចាំបាច់សម្រាប់សេដ្ឋកិច្ចកម្ពុជា ប៉ុន្តែ ការរស់រានមានជីវិតបន្តរបស់សហគ្រាសទាំងនេះកំពុងតែជួបបញ្ហា។
«៨០%នៃសហគ្រាសធុនតូចនិងមធ្យម ជាប់បំណុល»
លោកហេង ហៀង បានអះអាងថា នៅប្រទេសកម្ពុជា នៅពេលសហគ្រិនធុនតូចម្នាក់មានបំណងវិនិយោគទុន ទោះជាដើម្បីបង្កើតសហគ្រាស រឺដើម្បីពង្រីកសហគ្រាសបន្ថែមក៏ដោយ ជាទូទៅ គំនិតពិចារណាដំបូងរបស់គេ គឺបាញ់ឆ្ពោះសំដៅទៅរកគ្រួសារ និងសាច់ញាតិ ដែលជាប្រភពធនធានហិរញ្ញប្បទានដំបូងបំផុតនៃសហគ្រាសធុនតូចនិងមធ្យម។ ប៉ុន្តែ ការគាំទ្ររបស់គ្រួសារមិនគ្រប់គ្រាន់ ដើម្បីបំពេញតាមតម្រូវការរបស់សហគ្រាសធុនតូច ដែលចង់ពង្រីកវិសាលភាពរបស់ខ្លួននោះឡើយ។ ដូច្នេះ ជម្រើសចុងក្រោយបំផុត គឺការខ្ចីប្រាក់ពីធនាគារ ជាមួយអត្រាការប្រាក់ខ្ពស់។ ករណីខាងលើនេះកើតមានចំពោះ សហគ្រាសធុនតូចនិងមធ្យម ចំនួន៨០% ដែលជាសមាជិកសមាគមដែលគ្រប់គ្រងដោយលោកហេង ហៀង ។ ដើម្បីមានជីវិតបន្តទៀត សហគ្រាសទាំងនោះត្រូវខ្ចីឥណទានជាច្រើនពីធនាគារពាណិជ្ជ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ។

លោកហេង ហៀង បានគូសបញ្ជាក់ថា «មុនបោះឆ្នោត ខែកក្កដា ឆ្នាំ២០០៨ អត្រាការប្រាក់របស់ធនាគារពាណិជ្ជចំពោះសហគ្រាសធុនតូចនិងមធ្យម មានកំរិតខ្ពស់ដល់ទៅ១៥% ប្រៀបធៀបនឹងអត្រាការប្រាក់ធម្មតា ពី១០% ទៅ១២% ក្នុងមួយឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះដើម្បីទទួលបានទំនុកចិត្តពីស្ថាប័នហិរញ្ញវត្ថុ សហគ្រាសត្រូវមានរបស់បញ្ចាំគ្រប់គ្រាន់ ជាថ្នូរនឹងការផ្តល់ប្រាក់កំចី»។ លោកបានពន្យល់ថា សហគ្រាសកាន់តែតូច ការលំបាកកាន់តែស្មុគស្មាញ ព្រោះធនាគារវាយតម្លៃថា គេមានហានិភ័យ។ បើទោះបីជាធនាគារយល់ព្រមផ្តល់ប្រាក់កំចីក៏ដោយ ក៏គេចាត់ទុកថាវា «មានហានិភ័យខ្ពស់» ធនាគារត្រូវកំណត់អត្រាការប្រាក់ខ្ពស់ជាពិសេស ចាប់ពី១៨% ទៅ៣០% ក្នុងមួយឆ្នាំ។ ជាលទ្ធផល សហគ្រាសធុនតូចនិងមធ្យមមិនមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីប្រកួតប្រជែងជាមួយសហគ្រាសធំៗបាននោះទេ។ បន្ទុក និងតម្លៃនៃការផលិតរបស់សហគ្រាសទាំងនោះមានកំរិតខ្ពស់ ហើយប្រាក់ចំណេញជាយថាហេតុ ត្រូវរលាយបាត់យ៉ាងឆាប់រហ័សនៅក្នុងការចំណាយលើអត្រាការប្រាក់។ លោកហេង ហៀង សំដែងនូវការសោកស្តាយចំពោះរឿងនេះ ដោយលើកឡើងនូវសុភាសិតខ្មែរមួយឃ្លា ពោលថា «អ្នកក្រជួញឆ្នាំងដី អ្នកមានជួញឆ្នាំងដែក»។

សហគ្រាសធុនតូចក្រៅផ្លូវការ
លោកចាន់ ស៊ីថា ប្រធានសហគ្រាសផលិតទឹកត្រីក្នុងស្រុកមួយ និងជាប្រធានសមាគមសហគ្រាសធុនតូចនិងមធ្យមខេត្តកំពត( ភាគខាងត្បូងប្រទេសកម្ពុជា) បានធ្វើការកត់សម្គាល់ដូចនេះដែរថា ភាគច្រើននៃសហគ្រាសធុនតូចនិងមធ្យម ត្រូវការស្វែងរកដើមទុន ពីធនាគារនិងស្ថាប័នមីក្រូហិរញ្ញវត្ថុ ប៉ុន្តែ ស្ថាប័នទាំងនេះផ្តល់នូវប្រាក់កំចីមានកំណត់ ជួនគេអោយខ្ចី ជួនគេមិនអោយខ្ចីទៀត។ លោកប្រធានសហគ្រាសធុនតូចខេត្តកំពតរូបនេះបានវិភាគថា «នៅពេលយើងស្នើសុំខ្ចីប្រាក់ពីធនាគារ គេតម្រូវអោយយើងបង្ហាញប័ណ្ណកម្មសិទ្ធិសហគ្រាស។ ប៉ុន្តែ ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិមួយត្រូវការចំណាយពេលវេលា និងថវិកា…។ ម្យ៉ាងវិញទៀត បន្ទាប់ពីទទួលបានឯកសារច្បាប់នេះរួចរាល់ហើយ យើងក៏នៅមិនទាន់ច្បាស់ថាធនាគារព្រមអោយខ្ចីប្រាក់ដែររឺអត់នោះទេ។ ដូចនេះ សហគ្រាសធុនតូចនិងមធ្យមទាំងនោះគ្មានជម្រើសអ្វី ក្រៅពីទៅរកឥណទានពីស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលកំណត់ការប្រាក់ ពី២០% ទៅ៣០% ក្នុងមួយឆ្នាំ»។ គួរបញ្ជាក់ថាខេត្តកំពត គឺជាខេត្តមួយ នៅមានសហគ្រាសធុនតូចភាគច្រើន។

ប្រាក់មានតម្លៃខ្ពស់
លោកប៊ុន មុនី ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានពន្យល់អំពីភាពខុសគ្នា រវាងអត្រាការប្រាក់របស់ធនាគារពាណិជ្ជ និងអត្រាការប្រាក់របស់ស្ថាប័នមីក្រូហិរញ្ញវត្ថុនេះថា ដើម្បីអាចផ្តល់ប្រាក់កំចីដល់សហគ្រិនធុនតូចបាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្ទាល់ក៏ត្រូវខ្ចីប្រាក់បន្តពីធនាគារ ពាណិជ្ជអន្តរជាតិផងដែរ ដែលមានអត្រាការប្រាក់ខ្ពស់រួចជាស្រេចទៅហើយ។ លោកប៊ុន មុនី បានរៀបរាប់លំអិតថា «អត្រាការប្រាក់របស់ធនាគារបរទេស គឺចាប់ពី១០% ទៅ១២% ហើយត្រូវបង់ពន្ធកាត់ទុក លើការប្រាក់បរទេស រួមទាំងតម្លៃចំណាយលើប្រតិបត្តិការនានា ដូចនេះ យើងត្រូវកំណត់អត្រាការប្រាក់ ២៥% ក្នុងមួយឆ្នាំ ជាមធ្យម»។ មិនត្រឹមតែប៉ុណ្ណោះ «អ្នកខ្ចីច្រើន»នឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន៖ លោកបានគូសបញ្ជាក់ថា «ទោះបីជាប្រាក់កំចី៥០០០ដុល្លារ រឺមួយលានដុល្លារក៏ដោយ ក៏តម្លៃប្រតិបត្តិការមានតម្លៃដូចគ្នា»។

ដោយ ឡែក ស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលផ្តោតជាចំបងទៅលើអតិថិជនក្រីក្រ ត្រូវជួបហានិភ័យខ្ពស់ជាងធនាគារពាណិជ្ជ។ លោកប៊ុន មុនីបានបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកំរទាមទារអោយអ្នកខ្ចីប្រាក់បង្ហាញ ប័ណ្ណកម្មសិទ្ធិណាស់ ប៉ុន្តែ គ្រាន់តែទាមទារអោយមានឯកសារដែលបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានប៉ុណ្ណោះ ។ លោកបានបន្ថែមទៀតថា «នៅក្នុងក្រសែភ្នែករបស់ធនាគារ យើងធ្វើការប្រថុយប្រថានច្រើន។ វាពិតខ្លះ ប៉ុន្តែ យើងមានវិធីសាស្រ្ត ដើម្បីប្រឈមមុខនឹងហានិភ័យ ព្រោះនីតិវិធីរបស់យើងពិតជាត្រៀមសម្រាប់ជនក្រីក្រប្រាកដមែន»។

ច្បាប់ទីផ្សារ
លោក ពង្ស ខៀវសែ អគ្គនាយកធនគារកាណាឌីយ៉ា បានលើកឡើងថា អត្រាការប្រាក់ត្រូវបានកំណត់ដោយការព្រមព្រៀងរវាងអ្នកអោយខ្ចី និងអ្នកសុំខ្ចី។ លោកបានអះអាងថា «ធនគារជាតិកម្ពុជា មិនមានសិទ្ធិកំណត់អត្រាការប្រាក់របស់ធនាគារនោះទេ។ យើងសុទ្ធតែនៅក្រោមការណែនាំរបស់ធនាគារជាតិ ប៉ុន្តែ តាមច្បាប់ ការកំណត់ការប្រាក់ធ្វើឡើងទៅតាមតម្រូវការទីផ្សារ។

លោកជា ចាន់តូ ទេសាភិបាលធនាគារជាតិកម្ពុជា បានបន្ថែមត្រង់ចំណុចខាងលើនេះថា «អត្រាការប្រាក់លើទីផ្សារអាស្រ័យទៅតាមធនាគារនីមួយៗ។ ធនាគារគឺជាអ្នកសម្រេចផ្តល់ប្រាក់កំចីអោយទៅអតិថិជន និងវិស័យអ្វីដែលលើកទឹកចិត្ត»។ លោកទេសាភិបាលបានវាយតម្លៃថា រដ្ឋគ្រាន់តែដើរតួនាទីជា «អ្នកសម្របសម្រួល» រវាងអ្នកខ្ចី និងធនាគារប៉ុណ្ណោះ។ ពួកគេមានសេរីភាព ក្នុងការព្រមព្រៀងគ្នា ដើម្បី«ផលប្រយោជន៍ទាំងសងខាង»។

ជួយធ្វើអោយមីក្រូហិរញ្ញវត្ថុបានសម្រេចជោគជ័យរឺ?សម្រាប់លោក អ៊ិត ប្រាំង រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ដំណោះស្រាយស្ថិតនៅលើការគាំទ្រមួយ របស់រដ្ឋាភិបាល ចំពោះវិស័យមីក្រូហិរញ្ញវត្ថុ ជាមួយនឹងការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ស្ថាប័នអន្តរជាតិ ដូចជាធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី រឺស្ថាប័នជាតិ ដូចជាធនាគារអភិវឌ្ឍន៍ជនបទកម្ពុជា។ លោករដ្ឋលេខាធិការបានអះអាងថា « រដ្ឋាភិបាល ក៏ដូចជាធនាគារអភិវឌ្ឍន៍ជនបទ រឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗទៀត មានគោលការណ៍ជួយសម្រួលដំណើរការខ្ចីប្រាក់របស់សហគ្រាសធុនតូចនិងមធ្យម ។ យើងកំពុងធ្វើការងារនេះ ហើយយើងត្រូវការពេលវេលាបន្តិចទៀត ដើម្បីសម្រេចគោលដៅរបស់យើង នោះគឺការផ្តល់ឥណទាន ជាមួយនឹងអត្រាការប្រាក់ទាប។ ដូចនេះ យើងត្រូវធ្វើមួយដំណាក់កាលម្តងៗ»។

ទោះជាយ៉ាងណា បញ្ហាទាំងនេះមិនមែនជាបញ្ហាថ្មីនោះទេ។ កាលពីឆ្នាំ២០០២ ការសិក្សាមួយរបស់កម្មវិធីអភិវឌ្ឍន៍វិស័យឯកជនតំបន់ទន្លេមេគង្គ (MPDF) ដែលត្រូវបានដឹកនាំដោយសហប្រតិបត្តិការហិរញ្ញវត្ថុអន្តរជាតិ( IFC) (សាខាហិរញ្ញវត្ថុមួយរបស់ធនាគារពិភពលោក) បានចង្អុលបង្ហាញឧបសគ្គដែលរាំងស្ទះដល់សហគ្រាសធុនតូចនិងមធ្យម ក្នុងការទទួលបានប្រាក់កំចីពីធនាគារ ជាពិសេស ប្រាក់កំចីរយៈពេលវែង។ MPDF ធ្លាប់ណែនាំអោយបង្កើតតុលាការពាណិជ្ជកម្មមួយ ដែលរយៈពេលប្រាំមួយឆ្នាំក្រោយមក នៅមិនទាន់លេចចេញជារូបរាងនៅឡើយ។ ការសិក្សានេះក៏ណែនាំអោយបង្កើតមូលដ្ឋានទិន្នន័យកណ្តាលមួយស្តីពី សមត្ថភាពអាចសងប្រាក់បានរបស់អតិថិជន ដែលចូលរួមពីសំណាក់ធនាគារ ព្រមទាំងការបណ្តុះបណ្តាល ដែលផ្តោតសំខាន់ទៅលើបុគ្គលិកធនាគារ ដើម្បីជួយសម្រួលដល់ការបំពេញលិខិតស្នាមខ្ចីឥណទានរបស់សហគ្រិន ព្រោះ សហគ្រិនធុនតូចមិនសូវជាទំលាប់ ក្នុងការសរសេរសំណុំឯកសារហិរញ្ញប្បទាន និង «ផែនការពាណិជ្ជកម្ម» នោះទេ។

កត្តាចាំបាច់នៃសេដ្ឋកិច្ចកម្ពុជា
បើតាម ប្រសាសន៍របស់លោកហេង ហៀង ប្រធានសមាគមសហគ្រាសធុនតូចនិងមធ្យមភ្នំពេញ មានការងារបន្ទាន់ដែលត្រូវធ្វើ ព្រោះថារាជធានីភ្នំពេញសព្វថ្ងៃនេះ មានសហគ្រាសធុនតូច និងមធ្យមត្រឹមតែ១៦០០ ទៅ១៨០០ប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងឆ្នាំ១៩៩៩ គឺមានដល់ទៅ៤០០០ សហគ្រាសឯណោះ។ ប៉ុន្តែ នៅកម្ពុជា សហគ្រាសធុនតូចមានចំនួនភាគច្រើន ពោលគឺ ៧០% ទល់នឹង ២៥%(សហគ្រាសមធ្យម) និង៥%(សហគ្រាសធុនធំ)។ តួលេខខាងលើនេះផ្ទុយទៅនឹងតួលេខរបស់ក្រសួងឧស្សាហកម្ម នៅក្នុងរបាយការណ៍មួយ ដែលបានផ្សព្វផ្សាយ កាលពីដើមខែមិថុនា នាឱកាសសន្និសីទថ្នាក់ជាតិមួយ ស្តីពីការរីកចម្រើននៃប្រជាជន។ របាយការណ៍នេះបានបង្ហាញនូវកំណើនសហគ្រាសធុនតូចនិងមធ្យម នៅទូទាំងប្រទេសកម្ពុជា។ យោងតាមក្រសួងឧស្សាហកម្ម សហគ្រាសធុនតូចនិងមធ្យមមានចំនួន៣២ ៦១៩ និងមានបុគ្គលិកបម្រើការងារចំនួន៥ ០៨៧នាក់ នៅឆ្នាំ២០០៧ បើប្រៀបធៀបទៅនឹងបីឆ្នាំមុន គឺមានសហគ្រាសចំនួន ២៨ ១៣១ និងបុគ្គលិកចំនួន៧៩ ៧៨០នាក់។ ប្រភពជាផ្លូវការតែមួយនេះក៏បានបង្ហាញកំណើនផលិតផលក្នុងស្រុក សរុប របស់សហគ្រាសធុនតូចនិងមធ្យមផងដែរ គឺ២៧,១% នៅឆ្នាំ២០០៤ ទល់នឹង២៨,៧% ឆ្នាំ២០០៦។

ទោះបីជាតួលេខទាំងនេះ មិនមានភាពសុក្រឹត្យក៏ដោយ ក៏វាបង្ហាញអោយឃើញពីភាពសំខាន់មួយរបស់សហគ្រាសទាំងនេះនៅក្នុងវិស័យ សេដ្ឋកិច្ចនៃប្រទេសកម្ពុជា។ លោកម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានអះអាងថា សហគ្រាសធុនតូចនិងមធ្យមមិនត្រឹមតែអាចទទួលបានដើមទុនប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងអាចពង្រីកសមត្ថភាពផលិតរបស់ខ្លួនបានទៀតផង។ លោកសង្ឃឹមថា «ប្រសិនជាសហគ្រាសធុនតូចនិងមធ្យមអាចពង្រីកវិសាលភាពរបស់ខ្លួន យើងនឹងអាចកាត់បន្ថយការនាំចូលរបស់យើងបាន»។ ម្យ៉ាងវិញទៀត លោករដ្ឋលេខាធិការក៏បានលើកឡើងពីកិច្ចការមួយផ្សេងទៀត គឺការជួយដល់ការនាំចេញនូវផលិតផលរបស់សហគ្រាសទាំងនោះ ក្រោយពីបញ្ចប់ការពិភាក្សាថ្មីៗនេះ ស្តីពីពន្ធគយនិងនីតិវិធីនៃវិញ្ញាបនបត្រអន្តរជាតិ។

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: