ត្រីមាសទី៣ ឆ្នាំ២០០៩ វិស័យមីក្រូហិរញ្ញវត្ថុ កម្ពុជា ទទួលបានកំណើនឡើងវិញ តែចំនួនអ្នកខ្ចីមានការធ្លាក់ចុះ

វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា​ដែលគេអះអាងថា បានធ្លាក់ចុះការពីត្រីមាសទី២ នៃឆ្នាំ២០០៩ មកដល់ត្រីមាសទី៣នេះ របាយការណ៍មួយរបស់​សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​បានអះអាងថា ទទួលបានកំណើនឡើងវិញ ប៉ុន្តែបើនិយាយអំពីចំនួនអ្នកដែលខ្ចី​សម្រាប់យកទុនទៅប្រកបរបររកស៊ីផ្សេងៗវិញ គឺមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់។
កាលពីត្រីមាសទី២ វិស័យមីក្រូហិរញ្ញវត្ថុ​នៅក្នុងប្រទេសកម្ពុជា បានត្រូវគេអះអាងថា មានការថយចុះប្រមាណជា ២,៧ភាគរយ ដោយសារតែបញ្ហាប្រឈមមុខ​នឹងការរីកសាយភាយ​នឹងវិបត្តិសេដ្ឋកិច្ចពិភពលោក ប៉ុន្តែយោងទៅតាមរបាយការណ៍​របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលទើបតែចេញផ្សាយ កាលពីពេលថ្មីៗកន្លងទៅនេះបានឲ្យដឹងថា នៅត្រីមាសទីបីនេះវិស័យមីក្រូហិរញ្ញវត្ថុ​ទទួលបានកំណើនប្រមាណជា ៥,៤៦ភាគរយ ខណៈដែលប្រាក់កម្ចីរបស់ស្ថាប័ន​មីក្រូហិរញ្ញវត្ថុបានឡើងរហូត​ដល់ទៅ៤៤៨ លានដុល្លារ។
របាយការណ៍ដដែលនេះបាន ឲ្យដឹងទៀតផងដែរថា នៅក្នុងត្រីមាសទីបីនេះ ឥណទានមិនដំណើរការ​របស់បណ្ដាស្ថាប័នមីក្រូហិរញ្ញវត្ថុ​ទាំងអស់នៅក្នុងប្រទេសកម្ពុជា គេរកឃើញថាមានការធ្លាក់ចុះប្រមាណជា ១,៩ភាគរយ ខណៈដែលអត្រាការប្រាក់វិញ គឺធ្លាក់ចុះមកនៅត្រឹមតែ ១,៥ទៅដល់២,៨ ភាគរយនៅក្នុងមួយខែ។
ទន្ទឹមនឹងការធ្លាក់ចុះនៃឥណទាន មិនដំណើរការ និងការកើនឡើងនូវឥណទាន របាយការណ៍នោះបានឲ្យដឹងថា ចំនួនប្រជាពលរដ្ឋដែលប្រើប្រាស់​កម្ចីពីស្ថាប័នមីក្រូហិរញ្ញវត្ថុវិញ គឺមានការធ្លាក់ចុះទៅវិញ។
ប្រភពដដែលនោះបានឲ្យដឹងថា ចំនួនអ្នកខ្ចីបានធ្លាក់ចុះប្រមាណជា ១៤,៧ភាគរយពោល គឺវាធ្លាក់ពីជាង១លាននាក់ កាលពីបីខែមុន មកនៅត្រឹមតែប្រមាណជា ៨៨៣.០៨៧ នាក់ប៉ុណ្ណោះ។
រហូតមកដល់ពេលបច្ចុប្បន្ននេះប្រទេសកម្ពុជា មានធនាគារពាណិជ្ជចំនួន ២៥ ធនាគារឯកទេស ចំនួន៦ ការិយាល័យតំណាងធនាគារបរទេសចំនួន២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន១៨ អង្គការក្រៅរដ្ឋាភិបាលដែលប្រតិបត្តិការឥណទាន ដោយចុះបញ្ជីចំនួន២៦ និងមិនទាន់ចុះបញ្ជីចំនួនជាង៦០ ហើយនឹងមានតូបប្ដូរប្រាក់ចំនួន ៣.៩៣៧ កន្លែង៕

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: