វិបត្តិសេដ្ឋកិច្ចពិភពលោកប៉ះពាល់ដល់ប្រាក់រៀលទេ?

ភ្នំពេញ: ​នៅ​កម្ពុជា​គេ​បាន​សង្កេតឃើញ​ក្រដាសប្រាក់​បរទេស​ពិសេស​ប្រាក់ដុល្លារ​ អាមេរិក​ប្រាក់ផ្សេងទៀតធ្វើ ចរាចរ​លើទីផ្សារនៅ​ទូទាំង ប្រទេស​លាយឡំជាមួយប្រាក់រៀលកម្ពុជា​។ តើវានឹងមានអ្វីខ្លះ​កើតឡើង​ពីបញ្ហានេះ? ខាងក្រោមនេះគឺជា​បទសំភាសន៍របស់ឯកឧត្តម ស៊ុំ សន្និសិទ អគ្គលេខាធិកា​រធនាគារជាតិនៃកម្ពុជា ជាមួយ​សារព័ត៌មាន​ក្នុងស្រុកមួយ​ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ​ :

សំណួរ​: ​លោក​អគ្គលេខាធិការ​តើការធ្វើចរាចរ​រូបិយប័ណ្ណបរទេស​ដូចជា​ប្រាក់ដុល្លារជាដើម​នៅក្នុងប្រទេសកម្ពុជា នាំឱ្យមានគុណសម្បត្តិ ឬ​គុណវិបត្តិ​អ្វីខ្លះ​ដល់សេដ្ឋកិច្ចជាតិ ?

ចម្លើយ​: ​ឆ្លើយតប​ចំពោះសំណួំរ​នេះ ខ្ញុំសូមជម្រាបអំពីដុល្លារ​រូបនីយកម្ម​នៅ​កម្ពុជាថា ក្រោយឆ្នាំ​១៩៩៣ មក សេដ្ឋកិច្ច​កម្ពុជាបានក្លាយទៅជា​សេដ្ឋកិច្ច ដុល្លារ​រូបនីយកម្មខ្ពស់ បំផុត​ដោយឯកឯង តាមរយៈ​អាជ្ញាធរ បណ្តោះអាសន្ន​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំនៅកម្ពុជា (UNTAC) គឺមិនមែន​កើតឡើង​ដោយ​ឆន្ទៈ​នយោបាយ (Political will) របស់​រាជរដ្ឋាភិបាលនោះទេ​ ។ បញ្ហា ដុល្លារ​រូបនីយកម្ម​នេះ​បាន​នាំមក​នូវ​គុណសម្បត្តិ​និង គុណវិបត្តិ​ចំពោះ សេដ្ឋកិច្ច​កម្ពុជា ។ ​

គុណសម្បត្តិ​នៃ​ដុល្លារ​រូបនីយកម្ម គឺ​ដោយសារ​ខ្វះ​ជំនឿ​ទុកចិត្ត​ពី​សាធារណៈជន​ទៅលើ​ប្រាល់រៀល ដុល្លារ​រូបនីយកម្ម​បាន​ជួយ​រក្សា​សមត្ថភាព​ទូទាត់​ក្នុងប្រទេស​កម្ពុជា​។ ការហូរ​ចូល​ក្រដាសប្រាក់​ដុល្លារ​យ៉ាង​ច្រើន​នៅ​ដើម​ទសវត្សរ៍​ទី​៩០ បាន​ធ្វើឱ្យ​សាធារណៈជន​ចាប់ផ្តើម​ផ្លាស់ប្តូរ​ពី​ការប្រើប្រាស់​មាស​ទៅ​ជា​ ការប្រើប្រាស់​ក្រដាសប្រាក់​ដើម្បី​ប្រតិបត្តិ​ការដោះដូរ និង​សន្សំ​ទ្រព្យសម្បត្តិ ដែល​ពី​មុន​នោះ​ទ្រព្យសកម្ម​រូបិយ​មិនមែន​ផលិត ដូចជា​មាស​ជាដើម​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ទូទៅ​ក្នុង​ប្រទេស​កម្ពុជា ​។ ជា​លទ្ធផល​ដំណើរ​ការវិវត្តន៍​នៃ​ការប្រើប្រាស់​រូបិយវត្ថុ បាន​លើកទឹកចិត្ត​ឱ្យ​មាន​ការ​សន្សំ​ក្នុងសង្គម​វណ្ណៈ​កណ្តាល ។​

ដុល្លារ​រូបនីយកម្ម​បាន​ជួយ​ទប់ស្កាត់​លំហូរ​ចេញ​នៃ​ដើមទុន និង​ជំរុញ​ឱ្យមាន​ការអភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ ។
​ការលុបចោល​នូវ​ការលើកទឹកចិត្ត​ដល់​ការ​សន្សំ​ប្រាក់​នៅ​បរទេស​ក៏​បាន​ ជំរុញឱ្យមាន​អន្តរ​ការិយកម្ម​ហិរញ្ញវត្ថុ​ក្នុងស្រុក​ដែល​ធ្វើឱ្យ​មាន​កំណើន ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​។ គ្រាន់តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​ទំហំ​នៃ​សកម្មភាព​ធនាគារ​បាន កើនឡើង​ទ្វេ​ជា​ពីរ ហើយ​អនុ​បាត​ប្រាក់កម្ចី​ធៀប​ជាមួយ​ប្រាក់​បញ្ញើ​បាន​កើនឡើង​ជា​ប្រចាំ ។
លើសពីនេះ​ទៀត ដុល្លារ​រូបនីយកម្ម​បាន​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការធ្លាក់​ចុះ​តម្លៃ​ រូបិយវត្ថុ ។ តម្រូវការ​ប្រាក់រៀល​នៅតែ​មាន​កម្រិត​ទាប​ហើយ​ទីផ្សារ​នៅ​មាន​ទំហំ​តូច​ នៅឡើយ​។ ដូច្នេះ​គឺ​មាន​ការលើកទឹកចិត្ត​ដ៏​តិចតួច​ប៉ុណ្ណោះ​សម្រាប់​អ្នក​កេងចំណេញ​ ដើម្បី​ព្យាយាម​ទាញយក​ផល​ចំណេញ​ពី​ការប្រែប្រួល​តម្លៃ​ប្រាក់​រៀល​ក្នុង​ រយៈពេល​ខ្លី ។
ដុល្លារ​រូបនីយកម្ម​បាន​ជួយ​ការពារ​ប្រទេស​កម្ពុជា​ទល់នឹង​ការរីក​រាលដាល​ នៃ​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​អាស៊ី ឆ្នាំ​១៩៩៧ និង​បាន​ជួយ​ឱ្យមាន​ជំនឿ​ទុកចិត្ត​ក្នុង​ប្រតិបត្តិការ​របស់​អ្នកវិនិយោគ​នៅ ​ប្រទេស​កម្ពុជា ។
ដុល្លារ​រូបនីយកម្ម​បាន​ជំរុញ​ឱ្យមាន​ការយល់ដឹង​ក្នុង​មជ្ឈដ្ឋាន​អ្នករៀបចំ ​គោលនយោបាយ​អំពី​ភាពចាំបាច់​នៃ​ការចៀសវាង​ការផ្តល់​ហិរញ្ញប្បទាន​របស់​ ធនាគារ​ដល់​ឱនភាព​ថវិកា​។ យើង​ក៏​អាចនិយាយបាន​ថា ការប្រើប្រាស់​ប្រាក់​ដុល្លារ បាន​ជួយ​សម្រួល​ដល់​ដំណើរការ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា ចូលទៅ​ក្នុង​សេដ្ឋកិច្ច​អន្តរជាតិ ។ ស្ថិរភាព​រូបិយវត្ថុ​បាន​ជំរុញ​ឱ្យ​មាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ឱ្យ​មាន​នូវ​បរិយាកាស​ជំនួញ​ដែល​អាច​ព្យាករ​បាន ។​ទន្ទឹម​នោះ​ស្ថិរភាព​នេះ​ក៏​បាន​កាត់បន្ថយ​ចំណាយ​ប្រតិបត្តិការ​(​មិន​មាន ​ការប្តូរ​រូបិយវត្ថុ​)​ហើយ​អនុញ្ញាត​ឱ្យ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​ មាន​ការ រីកចម្រើន ។​
​ចំពោះ​គុណវិបត្តិ​វិញ យើង​ឃើញថា ដុល្លារ​រូបនីយកម្ម​មិន​អាច​ធ្វើឱ្យ​ការអនុវត្ត​គោលនយោបាយ រូបិយវត្ថុ​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា​មាន​ប្រសិទ្ធភាព​ទេ​។ មានន័យ​ថា ធនាគារជាតិ​នៃ​កម្ពុជា​មិន​អាច​អភិវឌ្ឍ​ឧបករណ៍​គោលនយោបាយ​រូបិយវត្ថុ​និង​ មិន​អាច​ដើរ​តួនាទី​ពេញលេញ​ជា​អ្នក​ឱ្យ​ខ្ចី​ចុង​ក្រោយ​សម្រាប់​ធនាគា​រដែ​ល ​ប្រឈម​នឹង​បញ្ហា​សាច់ប្រាក់​ងាយស្រួល​បានឡើយ​។ ព្រោះ​ថា​ធនាគារ​ជាតិ​នៃ​កម្ពុជា​មិន​អាច​បោះ​ពុម្ពប្រាក់​ដុល្លារ​បាន​ទេ នៅពេល​ធនាគារពាណិជ្ជ​ជួប​បញ្ហា​ខ្វះ​សាច់ប្រាក់​ជា​ដុល្លារ ។
​រូបិយវត្ថុ​ជាតិ​អាច​បង្ហាញ​ជា​និមិត្តរូប​នៃ​អធិបតេយ្យភាព​និង​ជាតិនិយម​។ នៅ​ពេល​ប្រទេស​កម្ពុជា​ប្រើប្រាស់​ប្រាក់​ដុល្លារ​ចំណូល​ដែល​បានមកពី​ការបោះ ​ពុម្ពប្រាក់​ត្រូវបាន​កាត់​បន្ថយ​មក​ត្រឹម​អប្បបរមា​គឺ​រដ្ឋាភិបាល​ សហរដ្ឋអាមេរិក​ដែលជា​អ្នក​ទទួល​អត្ថប្រយោជន៍​ពី​ប្រទេស​កម្ពុជា​ក្នុង​ ការបោះ​ពុម្ពប្រាក់​។ ព្រោះថា​បរិមាណរូបិយវត្ថុ​ចារឹក​ជា​ប្រាក់​ដុល្លារ​ដែល​ត្រូវបាន​ប្រជាជន​ កម្ពុជា​រក្សាទុក​មិន​អាច​ផ្តល់​នូវ​ចំណូល​ការប្រាក់​បាន​។ តាម​ការប៉ានស្មាន ចំណូល​សុទ្ធ​ប្រចាំ​ឆ្នាំ​ដែល​បាត់បង់ អាច​ចាប់​ពី​២០ ទៅ ៩០ លាន​ដុល្លារ ។​

សំណួរ: ​ស្ថិតក្នុង​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក​បច្ចុប្បន្ន​តើ​ការប្រើប្រាស់​ ប្រាក់​ដុល្លារ​នៅ​កម្ពុជា​នាំឱ្យ មានការ​ទទួលរង​នូវ​ឥទ្ធិពល​អ្វីខ្លះ ? តើ​មាន​មធ្យោបាយ​អ្វី​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ដុល្លារ​នៅ​កម្ពុជា ?

ចម្លើយ​: ​ដូច​ខ្ញុំ​បាន​ជម្រាប​រួចមក​ហើយ​ការប្រើប្រាស់​ប្រាក់​ដុល្លារ​ធ្វើឱ្យ​ កម្ពុជា​ជួប​ការលំបាក​ក្នុង​ការអនុវត្ត នយោបាយ​រូបិយវត្ថុ​បាត់បង់​និមិត្តរូប​នៃ​អធិបតេយ្យភាព​ជាតិ និង​ប្រាក់​ចំណូល​ជាការ​ប្រាក់​ពី​កា​រក្សាទុក​ប្រាក់​ដុល្លារ​។ បើសិន​ក្រឡេក​មើល​អត្រា​ប្តូរ​ប្រាក់​ដុល្លារ​វិញ​យើង​ឃើញថា​ប្រាក់​ដុល្លារ ​កំពុង​ឡើងថ្លៃ​នៅលើ​ទីផ្សារ​រូបិយប័ណ្ណ​អន្តរជាតិ ដែល​នេះ​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​អ្នក​កាន់​ប្រាក់​ដុល្លារ​។ ម្យ៉ាងទៀត​ផលប៉ះពាល់​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​មកលើ​សេដ្ឋកិច្ច​ កម្ពុជា​ដូចជា​មិន​ទាក់ទង​និង​ការប្រើប្រាស់​ប្រាក់​ដុល្លារ​នេះ​ទេ​និយាយ​ ជា​រួម​បណ្តាល​មក​ពី​តម្រូវការ​ខាងក្រៅ ចំនួន​ទេសចរណ៍​បរទេស និង​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ធ្លាក់ចុះ​ប៉ុណ្ណោះ​។
​ដុល្លារ​រូបនីយកម្ម​ក្នុងប្រទេស​កម្ពុជា​មិន​បាន​កើត​មក​ពី​សេចក្តីសម្រេច​ គោលនយោបាយ​ទេ​គឺ​កើត​ទ្បើង​ដោយសារ​តែ​ជំនឿ​ទុកចិត្ត​លើ​ប្រាក់រៀល​ត្រូវបាន​ រង្គោះរង្គើរ​។ ការលុបបំបាត់​ការប្រើប្រាស់​ប្រាក់​ដុល្លារ​មិន​អាច​ដំណើរការ​ទៅ​តាមរយៈ​ ការចាប់​បង្ខំ​បានទេ​។ វិធានការ​បែប​នេះ​នឹង​នាំឱ្យ​មាន​លំហូរ​ចេញ​នៃ​មូលធន​និង​ជំរុញ​ឱ្យ​ សេដ្ឋកិច្ច​ដុល្លារ​រូបនីយកម្ម​កើត​ទ្បើង​តាមផ្លូវ​ងងឹត ។ អ្វី​ដែល​យើង​ត្រូវធ្វើ​ជា​បន្ទាន់​គឺ​មិនមែន “​បដិដុល្លារូបនីយកម្ម ” ទេ ប៉ុន្តែ​ត្រូវ​ជំរុញ ការប្រើប្រាស់​ប្រាក់រៀល​ទៅ​វិញ​នោះ​ទេ ។
​ប៉ុន្តែ​យុទ្ធសាស្ត្រ​នេះ​ទាមទារ​បុរេ​លក្ខខណ្ឌ​សម្រាប់​ជំរុញ​ ការប្រើប្រាស់​ប្រាក់រៀល​ដំបូង​បំផុត​គឺ​ត្រូវ​រក្សា​ឱ្យ​បាន​សន្តិភាព​និង​ ស្ថិរភាព​ស្ថាប័ន ព្រោះ​បើ​ស្ថានភាព​នយោបាយ ឬ​សេដ្ឋកិច្ច​មិន​មាន​ភាពប្រាកដប្រជា​នោះទេ រឹតតែ​ធ្វើឱ្យ សាធារណជន​រក្សា​សាច់ប្រាក់​ជា​ដុល្លារ​នៅ​គេហដ្ឋាន ។ វិធានការ​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល ដែល​ធនាគារជាតិ​នៃ​កម្ពុជា បាន​អនុវត្ត​ចាប់តាំងពី ឆ្នាំ​២០០០ កន្លងមក មានដូចជា​៖
– ​ការបើក​ប្រាក់បៀវត្សរ៍​ជូន​មន្ត្រីរាជការ​និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់ ​ប្រភេទ​នៅ​ទូទាំង​ប្រទេស យើង​បាន​ប្រើប្រាស់​ជា​ប្រាក់រៀល
– ​រាល់​ការបង់ពន្ធ​គ្រប់​ប្រភេទ និង​ការបង់ថ្លៃ​សេវា​ទឹក​ភ្លើង ត្រូវ​គិត​ជា​ប្រាក់​រៀល​ទាំងអស់
– ​អនុវត្ត​តាម​កម្មវិធី​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រាជរដ្ឋាភិបាល តម្រូវ​ឱ្យ​ក្រសួង​និង អង្គភាព​រដ្ឋ​ទាំងអស់​បើក​និង​មាន​គណនី​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​ហើយ​ សមតុល្យ​ក្នុង​គណនី​ទាំងនោះ​ត្រូវបាន​ប្តូរ​ទៅ​ជា​ប្រាក់​រៀល​
– ​បច្ចុប្បន្ន​ធនាគារជាតិ​នៃ​កម្ពុជា​បាន​លើកទឹកចិត្ត​ធនាគារ​ពាណិជ្ជ​ មួយចំនួន​នៅ​កម្ពុជា​ដែល​បានរួម​គ្នា តម្លើង ម៉ាស៊ីន​ដក​ប្រាក់​ជា​ស្វ័យប្រវត្តិ​(ATM) និង​ផ្តល់​សេវា​ធនាគារ​ដោយ​ប្រើ​ប័ណ្ណឥណទាន (Credit Card)
សំរាប់​ទូទាត់ ថ្លៃ​សេវា និង​ទំនិញ ជា​ប្រាក់​រៀល
– ​ធនាគារ​ពាណិជ្ជ បាន​លើកទឹកចិត្ត​ចំពោះ​សាធារណជន​ទូទៅ តាមរយៈ​ការផ្តល់​អត្រា​ការប្រាក់​ខ្ពស់ ចំពោះ សាធារណ​ជន​ណា ដែល​បើក​គណនី​ប្រាក់​បញ្ញើ​ជា​ប្រាក់​រៀល
– ​បច្ចុប្បន្ន​មាន​មន្ត្រីរាជការ​នៅតាម​ក្រសួង ស្ថាប័ន​និង​មន្ទីរ​ខ្លះ កំពុង​នឹង​បើក​ប្រាក់​បៀវត្សរ៍​តាម​គណនី របស់​ខ្លួន​នៅ​ធនាគារពាណិជ្ជ​ជា​ប្រាក់រៀល​។ ប្រការ​នេះ​អាច​ជួយ​អោយមាន​អន្តរ​ការិយកម្ម​ធនាគា​រ​ជា​ប្រាក់​រៀល និង​លើក ទឹកចិត្ត​ដល់​អ្នកប្រើប្រាស់​ប្រាក់​រៀល​កាន់តែ​ច្រើនឡើង​ថែម​ទៀត
– ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បង្កើត​អោយមាន​សភា​ផាត់​ទាត់​(ClearingHouse)​ ជា​ប្រាក់​រៀល​សំរាប់ ជួយ​សម្រួល​ដល់​ការ​ផាត់ទាត់​មូលប្ប​ទានប​ត្រ​(Cheque)​ប្រាក់​រៀល​នៅ​តាម​ ខេត្ត​ក្រុង​ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច​មួយចំនួន ដូចជា ខេត្ត​កំពង់ចាម សៀមរាប បាត់ដំបង និង​រាជធានី​ភ្នំពេញ​ជា​ដើម
– ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ផ្តល់​ហិរញ្ញប្បទាន​ទៅឱ្យគ្រឹៈ​ស្ថាន​មី​ ក្រូហិរញ្ញវត្ថុជា​ប្រាក់រៀល ដើម្បី​ឱ្យ​គ្រឹៈ​ស្ថាន មីក្រូហិរញ្ញវត្ថុ​ទាំងនោះ មានលទ្ធភាព​ផ្តល់​ឥណទាន ជា​ប្រាក់​រៀល ទៅ​ឱ្យ​ប្រជាជន​នៅតាម​ជនបទ​
– ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ខឹតខំ​ពង្រឹងរ​ចនាស​ម្ព័​ន្ធ​ប្រាក់រៀល​របស់​ ខ្លួន​តាម​រយៈ​ការ​បោះផ្សាយ​នូវ​ធន ប​ត្រ​ថ្មី​គ្រប់​ប្រភេទ​ដើម្បី​ទាក់ទាញ​សាធារណជន​ក្នុង​ការប្រើ​ប្រាក់រៀល​ និង​ម្យ៉ាងទៀត​ធនាគារជាតិ​នៃ​កម្ពុជា​ក៏​បាន​ខិតខំ​ប្រឹងប្រែង​ដាក់ជំនួស​ តាមរយៈ​ការដូរ​នូវ​ក្រដាសប្រាក់​ចាស់ ទ​ក់ រហែក រេចរឹល​ឬ​ខូច​គុណភាព ដោយ ក្រដាសប្រាក់​ថ្មី ហើយ​ផ្តល់ សេវា​ប្តូរ​ជូន ដោយ​ឥតគិតថ្លៃ ។​
– ​ធនាគារជាតិ​នៃ​កម្ពុជា​បន្ត​លើកទឹកចិត្ត​ដល់​សាខា​ធនាគារ​ពាណិជ្ជ​និង​ អាជីវករ​ប្តូរប្រាក់​ឱ្យ​បើក​តូប​ប្តូរប្រាក់ នៅតាម​តំបន់​ព្រំដែន​ដើម្បី​ជួយ​សម្រួល​ដល់​ការទូទាត់​ពាណិជ្ជកម្ម ។​
– ធនាគារជាតិ​នៃ​កម្ពុជា បន្ត​ខិតខំ​ពង្រឹង​តួនាទី​របស់​ខ្លួន​ក្នុង​ការរក្សា​ស្ថិរភាព​ថ្លៃ និង​អត្រា​ប្តូរប្រាក់ តាមរយៈ​ការធ្វើ​អន្តរាគមន៍​ក្នុង​ទីផ្សារ​ប្តូរប្រាក់​សំដៅ​រួមចំណែក​រក្សា​ ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ឆ្ពោះ​ទៅ​គាំទ្រ​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ប្រកប​ដោយ​ចិរភាព​។ ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់​នេះ​ជា​មូលដ្ឋាន​សំខាន់​សំរាប់​ជំរុញ និង បង្កើន​ជំនឿ​ទុកចិត្ត​របស់ សាធារណៈជន​ទូទៅ ក្នុង​ការប្រើប្រាស់​ប្រាក់​រៀល​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ច្រើនឡើង ។​

​សរុប​មក​ការធ្វើ​បដិដុល្លាររូបនីយក​ម្ម​ឬ​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀ​ល ​នៅ​កម្ពុជា​យើង​មិន​អាច​មាន​វិធានការ​រដ្ឋបាល​ដោយ​ចាប់បង្ខំ​អនុវត្ត​នៅពេល ​បច្ចុប្បន្ន​នេះ​បាន​ទេ ព្រោះ​វិធានការ​បែបនេះ អាច​បណ្តាល​ឱ្យ​ប៉ះពាល់ ដល់​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ជាតិ​។ ដើម្បី​សម្រេច​គោលដៅ​នេះ​គឺ​ត្រូវ​ទាមទារ​ពេលវេលា​មួយ​សមស្រប​នៅពេល​អនាគត និង ទាមទារ​ឱ្យមាន​ការចូលរួម​សហកា​រ​ពី​ភ្នាក់ងារ​សេដ្ឋកិច្ច និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់ ទើប​ការអនុវត្ត​សម្រេចបាន​ជោគជ័យ មិនមែន​ធនាគារជាតិ​នៃ​កម្ពុជា​អនុវត្ត​តែ​ម្នាក់ឯង​បាន​ជោគជ័យ​នោះទេ គឺ​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​កម្លាំង សរុប​របស់​មហាជន​ផងដែរ ទើប​ទទួលបាន​ជោគជ័យ ។​

​សំណួរ: ​តើ​ការចាប់ផ្តើម​ប្រើប្រាស់​ប្រាក់រៀល​នាំឱ្យ​មាន​ផលប្រយោជន៍​និង​ ផលប៉ះពាល់​អ្វីខ្លះ​? ដើម្បី​ទប់ទល់​នឹង ប្រជាប្រិយភាព​របស់​ប្រាក់​ដុល្លារ ចាំបាច់​ត្រូវ​មាន​រូបិយប័ណ្ណ​អាស៊ាន​ដែរឬទេ ?

​ចម្លើយ: ​បច្ចុប្បន្ន​ប្រាក់​ដុល្លារ​អាមេរិក​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ ក្នុង​ប្រទេស​កម្ពុជា ។ ជាង​៩០%​នៃ ប្រតិបត្តិការ​របស់​ធ​នាគារ​ធ្វើឡើង​ជា​ប្រាក់​ដុល្លារ​អាមេរិក​។ ម្យ៉ាងទៀត​ការនាំចេញ​និង​នាំចូល​ក៏​ត្រូវ​ទូទាត់​ជា​ប្រាក់​ដុល្លារ​។ មាន​តែ​នៅតាម​ព្រំដែន ដែល​ប្រាក់​បាត​ថៃ និង​ប្រាក់​ដុង​វៀតណាម ត្រូវបាន​ប្រើប្រាស់​ក្នុង​ការទូទាត់ ។ ដោយឡែក ប្រទេស​ចិន ក៏​កំពុង​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​របស់​ប្រទេស​កម្ពុជា ប៉ុន្តែ​ទោះបីជា​យ៉ាងណា ប្រាក់​ដុល្លារ​នៅតែ​ដើរ តួនាទី​សំខាន់​ក្នុង​សេដ្ឋកិច្ច​កម្ពុជា ។​

​ ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន​ក៏​បាន​លើកឡើង​ ពី​ទស្សនៈវិស័យ​នៃ​ការបង្កើត​រូបិយប័ណ្ណ​អាស៊ាន ប៉ុន្តែ ការបង្កើត​រូបិយប័ណ្ណ​អាស៊ាន ប្រឈម​នឹង​បញ្ហា​ការលំបាក​មួយ​ចំនួន ដូចជា

​ទី​១- ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​សមាជិក​អាស៊ាន​មាន​លក្ខណៈ​ខុស​គ្នា​ ឧទាហរណ៍​ផលិតផល​ក្នុងស្រុក​សរុប សម្រាប់​មនុស្ស​ម្នាក់​របស់​ប្រទេស​អាស៊ាន ៦​ចាស់ មាន​កម្រិត​ខ្ពស់​ជាង​ប្រទេស​អាស៊ាន​ថ្មី​ទាំង​៤ ។

​ ​ទី​២-​ ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន​នៅ​ទន់ខ្សោយ​។ ពេល​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ជួប​វិបត្តិ ពេល​នោះ​អត្រា​ប្តូរ​ប្រាក់​របស់​ប្រទេស​នោះ​នឹង​ជួប​វិបត្តិ​ដូចគ្នា ដូច្នេះ​ដើម្បី​បង្កើត​រូបិយប័ណ្ណ​អាស៊ាន ទាមទារ​ឱ្យ​ប្រទេស សមាជិក​អាស៊ាន​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ឱ្យ​រឹងមាំ ។

​ទី​៣-​ ការបង្កើត​រូបិយប័ណ្ណ​អាស៊ាន​ទាមទារ​ឱ្យមាន​ការចូលរួម​វិភាគទាន​ទុនបម្រុង​ ក្នុង​តំបន់​និង បង្កើត​ឱ្យមាន​ស្ថាប័ន​រូបិយវត្ថុ​ក្នុង​តំបន់​។ ទាក់ទង​បញ្ហា​នេះ​ប្រទេស​កម្ពុជា​ក៏​ដូចជា​ប្រទេស​អាស៊ាន​ផ្សេង​ទៀត​ដែរ បាន​ចូលរួម​ក្នុង​អនុស្សរណៈ​ស្វប់​អាស៊ាន​ក្រោម​គំនិត​ផ្តួចផ្តើមឈៀង​ម៊ៃ ដែល​ជា​ចំណុច​ចាប់ផ្តើម​នៃ​ដំណោះស្រាយ​ចំពោះ​ឧបសគ្គ​ទាំង​នោះ ប៉ុន្តែ​ទោះបីជា​យ៉ាងណា នោះ​គ្រាន់តែ​ជា​ទិសដៅ​ទៅ​ថ្ងៃក្រោយ​តែប៉ុណ្ណោះ ។

​ទី​៤- ​ប្រទេស​សមាជិក​ត្រូវ​ឯកភាព​ខាង​នយោបាយ​ជា​មុន​ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​ខាង​រូបិយវត្ថុ ។

​ ​រយៈកាល​កន្លងមក​ប្រទេស​កម្ពុជា​ក៏​បាន​បង្ហាញ​ជំហរ​ចូលរួម​ កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ផ្អែក​តាម​ផែនការ សេដ្ឋកិច្ច​អាស៊ាន ឆ្នាំ​២០១៥ ។​

សំណួរ: ​មាន​ការលើកឡើង​ពី​អតិថិជន​មួយចំនួន​អំពី​ការលំបាក​ក្នុង​ការប្រើប្រាស់​ ប្រាក់រៀល ដោយ ហេតុ​ថា​មានតៃម្លេ​ថោក​បើ​ប្រៀបធៀប​ជាមួយ​ប្រាក់​ដុល្លា​រ​និង​មាន​ចំនួន​ ច្រើន​ដែល​ពិបាក​ក្នុង​ការទូទាត់ ។ តើ​ធនាគារជាតិ​នៃ​កម្ពុជា​អាច​មាន​មធ្យោបាយ​ធ្វើ​ដូ​ម្តេច​ឱ្យ​ប្រាក់​រៀល​ មាន​តម្លៃ​ខ្ពស់​ជាពិសេស​អាច​ធ្វើ​ឱ្យ​ចំនួន​ខ្ទង់​ប្រាក់​រៀល​ពី​ចំនួន​ ខ្ពស់​មក​ចំនួន​ទាប​វិញ​?​ក្រៅពី​រូបិយប័ណ្ណ​តើ​ធនាគារ​នៅ​កម្ពុជា​អាច​ឱ្យ​ អតិថិជន​ទុក​មាស​ដែរឬទេ​? ព្រោះ​ថា​ប្រជាជន​ខ្មែរ​ភាគច្រើន​និយម​ចូលចិត្ត​ទុក​មាស​។ តើ​ធនាគារ​នៅ​កម្ពុជា​អាច​ឱ្យ​អតិថិជន​មាន​ទំនុកចិត្ត​ឬទេ ?

​ចម្លើយ​: តាមពិត ក្នុងន័យ​សេដ្ឋកិច្ច​លុយ​ថ្លៃ​ឬ​ថោក​មិន​ជា​សំខាន់​ទេ​។ អ្វី​ដែល​សំខាន់​នោះ គឺ​ថា​តើ​តម្លៃ​រូបិយ វត្ថុ​នោះ​មាន​ស្ថេរភាព​ដែរឬទេ​។ ក្នុង​គោលដៅ​រក្សា​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ ធ្វើ​អន្តរាគមន៍​ក្នុង​ទីផ្សារ​ប្តូរ​ប្រាក់​តាមរយៈ​ការដេញថ្លៃ​លក់​ប្រាក់​ ដុល្លារ​។ ធនាគារជាតិ​នៃ​កម្ពុជា​ក៏​ចង់​ឱ្យ​ក្រដាស​ប្រាក់រៀល​មាន​តម្លៃ​ខ្ពស់​ដែរ​។ ប៉ុន្តែ​សំខាន់​ត្រង់​ថា តើ​ទីផ្សារ​ព្រម​ទទួល​ទូទាត់​ថ្លៃ​ទំនិញ​របស់​ខ្លួន​ជាមួយ​ក្រដាសប្រាក់​តិច ​ដែរ​ឬទេ ។

​ទាក់ទង​និង​ប្រជាជន​ជួប​ការលំបាក​ក្នុង​ការទូទាត់​ដោយ​ប្រើប្រាស់​ ប្រាក់រៀល​ក្នុង​ចំនួន​ច្រើន​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ជួយ​ដោះស្រាយ​បញ្ហា ​នេះ​បាន​ខ្លះ​ហើយ​តាមរយៈ​ការ​ចេញ​ផ្សាយ​នូវ​ក្រដាសប្រាក់​ដែល​ចារឹក​ ទឹកប្រាក់​ធំៗ​ដូចជា​ក្រដាសប្រាក់ ២០,០០០​រៀល រហូត​ដល់​ក្រដាសប្រាក់ ៥០,០០០​រៀល សម្រាប់​សម្រួល​ការទូទាត់​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ធំៗ​។ ម្យ៉ាង​ទៀត​ធនាគារជាតិ​នៃ​កម្ពុជា​បាន​និង​កំពុង​ជំរុញ​ឱ្យ​ប្រជាជន​ ប្រើប្រាស់​ប័ណ្ណឥណទាន​និង​ផ្ទេរ​ប្រាក់​តាម​ប្រព័ន្ធ​ធនាគារ ដែល​អាច​ជួយ​សម្រាល​ការលំបាក​ក្នុង​ការទូទាត់​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ ធំៗ ។​

​ចាប់ពី​ទសវត្សរ៍​ទី​៨០ រហូតមក​ដល់​ទស្សវត្សរ៍​ទី​៩០ យើង​សង្កេតឃើញ​ប្រជាជន​និយម​ចូលចិត្ត​សន្សំ​មាស​និង​ប្រើប្រាស់​មាស​សម្រាប់ ​ទូទាត់​ផ្សេងៗ​ក៏​ដោយសារ​ប្រជាជន​មាន​ជំនឿ​លើ​មាស​ច្រើនជាង​ប្រាក់រៀល ហើយ​ពេលនោះ ប្រាក់​ដុល្លារ​មិនទាន់​ហូរ​ចូលមក​កម្ពុជា​ច្រើន​នៅឡើយ​។ បច្ចុប្បន្ននេះ ច្បាប់​របស់​ធនាគារ នៅតែ អនុញ្ញាត​ឱ្យ​អតិថិជន​យក​មាស​ឬ​វត្ថុ​មានតម្លៃ​ផ្សេង​ទៀត​មក​ទុក​នៅ​ធនាគារ​ ពាណិជ្ជ​ដែល ធនាគារពាណិជ្ជ​ខ្លះ​តម្រូវ​ឱ្យ​អតិ​ថ​ជនបង់​កម្រៃ​សេវា​ទូរ​សុវត្ថិភាព​ សម្រាប់​រក្សា​ទុក​មាស​។​ចំនួន​ទឹកប្រាក់​ជា​មាស​នៅក្នុង​ប្រព័ន្ធ​ធនាគារ​ កម្ពុជា​មាន​កម្រិត​តិចតួច​នៅឡើយ ។

​បច្ចុប្បន្ន​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ខិតខំ​ពង្រឹង​ប្រព័ន្ធ​ធនាគារ​នៅ​ កម្ពុជា​ឱ្យ​រឹងមាំ​និង​ទទួលបាន​ជំនឿ​ទុកចិត្ត​ពី សាធារណជន​តាមរយៈ​ពង្រឹង​ការត្រួតពិនិត្យ​ធនាគារ​ដូចជា​ត្រួតពិនិត្យ​ហានិភ័យ ត្រួតពិនិត្យ​សាច់ប្រាក់​ងាយ ស្រួល​និង​ចេញប្រកាស​បទបញ្ញត្តិ​ប្រុងប្រយ័ត្ន​មួយចំនួន​ឱ្យ​ធនាគារ​អនុវត្ត ​និង​ជំរុញ​ឱ្យ​ធនាគារ​បង្កើន​ដើមទុន​ផងដែរ​។ យើង​ឃើញ​ថា​បច្ចុប្បន្ន​ឥណទាន​មិន​ដំណើរការ​របស់​ប្រព័ន្ធ​ធនាគារ​មាន​ចំនួន ៥,៤% ។ រីឯ​អនុ​បាត​សាធន​ភាព​របស់​ប្រព័ន្ធ​ធនាគារ​មាន​កម្រិត ៣២%​។ ប្រព័ន្ធ​ធនាគារ​ទាំងមូល​មាន​សាច់ប្រាក់​ងាយស្រួល​ចំនួន ៨២,៥% ។

​វិបត្តិ​ហិរញ្ញវត្ថុ​ពិ​ភាព​លោក​មិន​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ ធនាគារ​ដោយផ្ទាល់​ទេ​ព្រោះថា​​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​នៅ​ក្មេងខ្ចី និង​ប្រតិបត្តិកា​រធនាគារ​នៅ​កម្ពុជា​ជាមួយ​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ នៅមានកម្រិត ហើយ​ប្រទេស​កម្ពុជា​ពុំទាន់​មាន​ទីផ្សារ​ហ៊ុន​ជួញដូរ​សញ្ញាប័ណ្ណ​និង​ប័ណ្ណ​ ភាគហ៊ុន និង​មិន​មាន​ការ ជួញដូរ សញ្ញា​ប័ណ្ណ​និង​ប័ណ្ណ​ភាគហ៊ុន យ៉ាង​សកម្ម​ជាមួយ​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ​នៅ​ឡើយ​។ ប៉ុន្តែ​ឥទ្ធិពល នៃ​វិបត្តិ​នេះ បាន​ធ្វើឱ្យ​ប៉ះពាល់​ដោយ​ប្រយោល​មកលើ​វិស័យ​ពិត (real sector) នៅ​កម្ពុជា​ផងដែរ​ដូចជា ការធ្លាក់ចុះ​នៃ ​(១)- ​វិស័យ​នាំចេញ​ផលិតផល​សម្លៀកបំពាក់ ​(២)- ​វិស័យ​ទេសចរណ៍ ​(៣)- ​វិស័យ​សំណង់ ពោល​គឺ​ចំណូល​ពី​វិស័យ​អាទិភាព​ខាងលើ នេះ​ធ្លាក់ចុះ ។​

​ ​ដើម្បី​ទប់ទល់​នឹង​បញ្ហា​នេះ​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ដាក់ចេញ​នូវ​ វិធានការ​ជា​កញ្ចប់​ដើម្បី​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ឆ្ពោះទៅ​ គាំទ្រ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។​ដើម្បី​រួមចំណែក​អនុវត្ត​ តាម​វិធានការ​នេះ ធនាគារ ជាតិ​នៃ​កម្ពុជា​បាន​ដាក់ចេញ​នូវ​វិធានការ​ប្រុងប្រយ័ត្ន​មួយចំនួន​ចំពោះ​ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ដូចជា​ ៖

​- ​តម្លើង​អត្រា​ប្រាក់​បំរុង​កាតព្វកិច្ច​ពី​៨%​ទៅ​១៦%​ចំពោះ​ប្រាក់​បញ្ញើ​ ជា​រូបិយប័ណ្ណ​ដើម្បី​កាត់បន្ថយ កំណើន​ឥណទាន​លឿន​ពេក​ចំពោះ​វិស័យ​មិនមែន​ផលិតកម្ម​និង​បាន​បន្ថយ​មក​១២%​វិញ ​ដើម្បី​ឱ្យ​ធនាគារ​មានលទ្ធភាព​ច្រើន ជាង​មុន​ក្នុង​ការ​ផ្តល់​ឥណទាន​ចំពោះ​វិស័យ​ផលិតកម្ម និង​កសិកម្ម
​ ​-​ កំណត់​ពិ​ដាន​ឥណទាន​ចំនួន ១៥% ចំពោះ​វិស័យ​អចលនទ្រព្យ ប៉ុន្តែ​ក្រោយមក​លុបចោល​វិញ ដោយសារ ធនាគារ​យល់ច្បាស់ និង​ចេះ​គ្រប់គ្រង​ហានិភ័យ​នៃ​វិស័យ​អចលនទ្រព្យ​
​ ​-​ ពង្រឹង​សមត្ថភាព​ត្រួតពិនិត្យ​ធនាគារ និង​ជំរុញ​ធនាគារ​ឱ្យ​គោរព​បទ​ប្បញ្ញត្តិ​ប្រុងប្រយ័ត្ន​
​ ​-​ ផ្តល់​ឥណទាន​វិបា​រូបន៍ ​(Overdraft) ​ដល់​ធនាគារ​ពាណិជ្ជ​និង​ត្រៀម​ដើរ​តួនាទី​ជា​អ្នក​ឱ្យ​ខ្ចី​ចុងក្រោយ​
​ ​-​ ជំរុញ​ដំណើរការ​ទីផ្សារ​រូបិយវត្ថុ​និង​ទីផ្សារ​អន្តរ​ធនាគារ ​តាមរយៈ​ការ​បោះផ្សាយ​វិញ្ញាបនប័ត្រ​ប្រាក់បញ្ញើ
​ ​- ​រៀបចំ​ប្រព័ន្ធ​សាច់ប្រាក់​ងាយស្រួល ​ដើម្បី​តាមដាន​ស្ថានភាព​សាច់ប្រាក់​ងាយស្រួល​ក្នុង​ប្រព័ន្ធ​ធនាគារ​
​ ​- ​បង្កើត​ប្រព័ន្ធ​ទូទាត់​ជាតិ ៕​

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: