ម៉ាស៊ីនអេធីអ៊ឹមរបស់ធនាគារនៅកម្ពុជា ទើបតែតម្លើងបានប្រមាណជាជាង ៣០០ កន្លែង

ភ្នំពេញ: បើទោះបីជាប្រព័ន្ធធនាគារនៅក្នុងប្រទេសកម្ពុជា​ត្រូវបានគេអះអាងថា មានការរីកចំរើន ប៉ុន្តែតាមរបាយការណ៍​មួយរបស់ធនាគារបានឱ្យដឹងថា ធនាគារទាំងអស់ដែលមាន​នៅក្នុងប្រទេសកម្ពុជា គឺនៅមិនទាន់បានតម្លើងម៉ាស៊ីនអេធីអ៊ឹម​ឱ្យបានទូលំទូលាយនៅឡើយទេ ។
យោងទៅតាមរបាយការណ៍របស់ធនាគារជាតិកម្ពុជា ដែលគេបានផ្សព្វផ្សាយកាលពីពេលថ្មីៗ កន្លង ទៅនេះបានឱ្យដឹងថា រហូតមកដល់ឆ្នាំ២០០៨ ធនាគារដែលមាននៅក្នុងប្រទេសកម្ពុជា​ទើបតែតម្លើងម៉ាស៊ីនអេធីអ៊ឹម បានត្រឹមតែ ៣៣៨ កន្លែងប៉ុណ្ណោះ ។
ផ្អែកតាមរបាយការណ៍នោះ ធនាគារខ្លះដែលមាននៅក្នុងប្រទេសកម្ពុជា នៅមិនទាន់មានតម្លើងម៉ាស៊ីនអេធីអ៊ឹមនេះនៅឡើយទេ ។ របាយការណ៍នេះបានឱ្យដឹងថា នៅក្នុងចំណោមធនាគារពាណិជ្ជ រហូត ដល់ទៅ ២៤ មានធនាគារដែលមិនទាន់តម្លើងម៉ាស៊ីនអេស៊ីអ៊ឹម ចំនួន ៧ ហើយធនាគារដែលតម្លើងបានចំនួន ២ កន្លែង មានប្រាំធនាគារ ។ ក្រៅពីនោះមានធនាគារខ្លះ ៤ កន្លែង ខ្លះ ៥ ហើយខ្លះទៀតរហូត ដល់ទៅ ១២៧ កន្លែង ។ សំរាប់គ្រឹស្ថានធនាគារឯកទេសចំនួន ៦ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ គឺនៅមិន ទាន់បានតម្លើងនៅឡើយទេ ។
ពាក់ព័ន្ធនឹងបញ្ហាម៉ាស៊ីនអេធីអ៊ឹមនេះ អ្នកជំនាញខាងធនាគារមួយរូប​ដែលសុំមិនបញ្ចេញឈ្មោះបានឱ្យ ដឹងថា ចំនួនទីកន្លែង និងម៉ាស៊ីនអេធីអ៊ឹមសំរាប់បំរើអតិថិជន​នៅក្នុងប្រទេសមកដល់ពេលនេះ គឺមិនមែនស្ថិតនៅក្នុងចំនួនដដែលនោះទេ ។
លោកបានឱ្យដឹងថា នេះគឺជាតួលេខចាស់ដែលគេបានប្រមូលយកមកបូក ហើយទើបតែប្រកាសប៉ុណ្ណោះ សំរាប់តួលេខថ្មីវាអាចនឹងមានច្រើនជាងនេះ ។
ធនាគារពាណិជ្ជនៅក្នុងប្រទេសកម្ពុជាមាន ២៤ ស្ថាប័ន នៅក្នុងនោះ ២១ ស្ថាប័នគឺជាធនាគារ ដែលបង្កើតនៅក្នុងស្រុក ហើយបីស្ថាប័នទៀត គឺជាសាខាធនាគារនៅក្រៅប្រទេស ។ សំរាប់ធនាគារ ឯក ទេសវិញគឺមានចំនួនទាំងអស់ ៨ នៅក្នុងនោះ ធនាគារនៅក្នុងស្រុក ៥ ធនាគាររដ្ឋ១ និងការិយាល័យធនាគារបរទេសតំណាងចំនួន២ ។ សំរាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញ គឺមានចំនួន ១៨ ស្ថាប័ន ដែលមានអាជ្ញាប័ណ្ណពីធនាគារជាតិ ៕

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: