កម្ពុជាប្រកាសលុបចោលគម្រោងខ្ចីប្រាក់ពីប្រទេសថៃ

ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៧ វិច្ឆិកានេះ បានប្រកាសលុបចោលគម្រោងខ្ចីប្រាក់ ពីរដ្ឋាភិបាលថៃ ក្នុងការសាងសង់ផ្លូវជាតិលេខ៦៨ ដែលភ្ជាប់ពីស្រុកក្រឡាញ់ ទៅស្រុកសំរោង ហើយនិងភ្ជាប់ពីសំរោងទៅអូរស្មាច់។
គម្រោងខ្ចីប្រាក់នេះ បានធ្វើឡើងកាលពីខែសីហា កន្លងទៅ ដោយមានការចុះហត្ថលេខា ព្រមព្រៀងគ្នារវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃប្រទេសកម្ពុជា និងភ្នាក់ងារកិច្ចសហប្រតិបត្តិការនៃប្រទេសថៃ។
លោក កុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស បានមានប្រសាសន៍ថា ការសម្រេចលុបចោលនោះ គឺដោយសារតែរដ្ឋាភិបាលកម្ពុជា មានប្រាក់ជាតិគ្រប់គ្រាន់ដើម្បីស្ថាបនាផ្លូវនោះ។
លោក កុយ គួង បានបញ្ជាក់ថា៖ «យើងធ្វើនេះ គឺដោយសារថវិកាជាតិយើងមានគ្រប់គ្រាន់ ដើម្បីកសាងផ្លូវនេះ ដូច្នេះយើងសម្រេចចិត្តលុបចោល ដោយសារយើងមិនចាំបាច់ខ្ចីភាគីថៃទេ ហើយនៅថ្ងៃទី៥ ខែធ្នូខាងមុខនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី លោកនឹងអញ្ជើញទៅ សម្ពោធពិធីសាងសង់ ឬក៏ជួសជុលផ្លូវហ្នឹងហើយ ហើយកិច្ចព្រមព្រៀងរវាងកម្ពុជាថៃ រឿងបញ្ហាប្រាក់កម្ចីនេះ គឺមានចំនួនទឹកប្រាក់១.៤០០លានបាត ស្មើនឹងប្រហែលជា៤១លានដុល្លារ»៕

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: