ការត្រួតពិនិត្យធនាគារ និងជំនឿទុកចិត្ត

ទោះបីជាប្រធានបទផ្តោតទៅលើការត្រួតពិនិត្យ និងជំនឿទុកចិត្តរបស់សាធារណជន ខ្ញុំយល់ថា ចាំបាច់ត្រូវតែជម្រាបជូនអង្គប្រជុំអំពី​ការរីកចំរើននៃប្រព័ន្ធធនាគារ​នៅកម្ពុជា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ព្រមទាំងបកស្រាយត្រួសៗ​អំពីផលប៉ះពាល់​នៃវិបត្តិហិរញ្ញវត្ថុ ។ ការរីកចំរើនយ៉ាងលឿននេះ​បានបង្ហាញឱ្យឃើញតាមរយៈ​ការកើនឡើងនៃចំនួនធនាគារ​ដែលទទួលបានអាជ្ញាប័ណ្ណ និងបណ្តាញសាខាដែលធ្វើប្រតិបត្តិកា​រពាសពេញផ្ទៃប្រទេស ។ ឆ្លៀតឱកាសនេះ ខ្ញុំក៏សូមជម្រាបជូនផងដែរថា ប្រព័ន្ធធនាគារនៅកម្ពុជាបច្ចុប្បន្នរួមមាន ធនាគារជាតិនៃកម្ពុជាដែលដើរតួនាទី​ជាធនាគារកណ្តាលនៃប្រទេស ធនាគារពាណិជ្ជ ចំនួន២៧ ការិយាល័យ តំណាងធនាគារបរទេសចំនួន២ ធនាគារឯកទេស ចំនួន៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន២០ និងប្រិតិបត្តិករមីក្រូហិរញ្ញវត្ថុចំនួន២៥ ដែលត្រូវស្ថិតនៅក្រោមអាណាព្យាបាល និងការត្រួតពិនិត្យ របស់ធនាគារជាតិនៃកម្ពុជា។

ប្រធានបទដែលត្រូវពិភាក្សា​នៅពេលនេះមានភាពទូលំទូលាយ និងនាំមកនូវការពិភាក្សា​អំពីផលវិបាកសំខាន់ៗ សម្រាប់អ្នកគ្រប់គ្រងបទប្បញ្ញត្តិ និងអ្នកត្រួតពិនិត្យទូទៅនៅក្នុងកម្រិតពិភពលោក ។ បច្ចុប្បន្ននេះ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងប្រព័ន្ធធនាគារដែលមានកំរិតក្មេងខ្ចីនៅឡើយ គឺត្រូវផ្អែកទៅលើនិន្នាការ ដែលត្រូវបានសង្កេតឃើញជាលក្ខណៈអន្តរជាតិ និងលើកឡើងនូវបញ្ហាប្រឈមចម្បងៗដែលមិនមែនជា បញ្ហាជាក់លាក់របស់កម្ពុជានោះទេ ។ ធនាគារជាតិនៃកម្ពុជាតាមដាន​យ៉ាងយកចិត្តទុកដាក់លើការវិវត្ត​នៃបទប្បញ្ញត្តិធនាគារ និងការត្រួតពិនិត្យ ព្រមទាំងសិក្សាអំពីនិន្នាការជាអន្តរជាតិ និងទទួលយកមេរៀន​ពីនិន្នាការអន្តរជាតិទាំងនោះ ដើម្បីពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងការត្រួតពិនិត្យរបស់ខ្លួន ។

ដើម្បីពិនិត្យឆ្លើយតបនឹងប្រធានបទនេះ​ឱ្យបានគ្រប់ជ្រុងជ្រោយ ខ្ញុំសូមលើកមកបង្ហាញ​ជូននូវចំណុចមួយចំនួនដូចតទៅ ?
១- ការកើនឡើងនៃចំនួនធនាគារដែលធ្វើប្រតិបត្តិការនៅកម្ពុជា និងឥទ្ធិពលមកលើប្រព័ន្ធធនាគារ
២- ការខិតខំប្រឹងប្រែងជាប្រចាំរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និង ត្រួតពិនិត្យ ដោយអនុវត្តតាមស្តង់ដារ និងការប្រតិបត្តិដ៏ល្អបំផុតជាអន្តរជាតិ
៣- ផលប៉ះពាល់នៃវិបត្តិហិរញ្ញវត្ថុមកលើប្រព័ន្ធធនាគារកម្ពុជា និងការវិវត្តដែលអាចប្រមើលមើលជាមុន ពាក់ព័ន្ធនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក
៤- ជំនឿទុកចិត្ត
៥- និង សន្និដ្ឋាន ។

I- ការកើនឡើងនៃចំនួនធនាគារ ដែលធ្វើប្រតិបត្តិការនៅកម្ពុជា និងឥទ្ធិពលមកលើប្រព័ន្ធធនាគារ
រយៈពេលពីរឆ្នាំកន្លងទៅនេះ ចំនួនធនាគារពាណិជ្ជ​ដែលធ្វើប្រតិបត្តិការ​នៅក្នុងប្រទេសបានកើនឡើង ភាគច្រើនជាធនាគារបរទេស​ដែលចូលមកវិស័យធនាគារក្នុងស្រុកយើង ។ ចំពោះវិស័យមីក្រូហិរញ្ញវត្ថុ គឺជាវិស័យមួយដែលមានសារៈ សំខាន់ក្នុងការផ្តល់សេវាធនាគារខ្នាតតូចបំផុត ដើម្បីបម្រើឱ្យប្រជាជនក្រីក្រ​តាមជនបទដាច់ស្រយាលក្តី ក៏មិនត្រូវបានលើកយកមកបង្ហាញនៅទីនេះទេ ដោយសារបញ្ហាប្រឈមរបស់ពួកគេ​មានភាពខុសគ្នាពីហានិភ័យរ​បស់ធនាគារពាណិជ្ជ ហើយម្យ៉ាងទៀតមាន​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតិចតួចប៉ុណ្ណោះ​ដែលប្រមូលប្រាក់បញ្ញើពីសាធារណជន ។

ពិចារណាអំពីការកើនឡើង​នៃការសម្លឹងឃើញប្រយោជន៍​របស់ធនាគារបរទេស​មកលើទីផ្សារកម្ពុជា តាមការយល់ឃើញរបស់ប្រជាជនកម្ពុជា​ធម្មតាម្នាក់ ការកើនឡើងនេះគឺមានលក្ខណៈវិជ្ជមាន ដោយសារថាៈ
ទី១- កម្ពុជាមានស្ថេរភាពផ្នែកនយោបាយ និងជាទីផ្សារមួយដែលវិនិយោគិនបរទេសមើលឃើញថា មានសក្តានុពលរីកលូតលាស់ជាខ្លាំង
ទី២- ក្របខ័ណ្ឌគតិយុត្តរបស់យើង ទោះបីជាមិនទាន់សុក្រឹតនៅឡើយ បានផ្តល់នូវបរិស្ថានអំណោយផល​ក្នុងការទាក់ទាញការវិនិយោគ នៅក្នុងបរិការនៃសេដ្ឋកិច្ចទីផ្សារសេរី ដែលមិនដាក់កំហិតកំណត់លើ លំហូរមូលធនចេញនិងចូល ឬលើប្រតិបត្តិការប្តូរប្រាក់ ។
ទី៣- ភាពពិតដែលថាសេដ្ឋកិច្ចកម្ពុជាមានដុល្លារូបនីយកម្មខ្ពស់ ក៏បានជួយសម្រួលដល់កាគ្រប់គ្រង ទ្រព្យសកម្ម និងអកម្មសម្រាប់ក្រុមធនាគារ​ដែលធ្វើប្រតិបត្តិការមួយភាគធំជា ដុល្លារ
ទី៤- ទោះបីជាកម្ពុជាជាប្រទេស​មួយតូចនៅក្នុងតំបន់ (មានប្រជាជនជាង ១៣លាននាក់) សក្តានុពលក្នុងការអភិវឌ្ឍ និងការវិនិយោគ ដោយមានផលចំណេញនៅស្ទើរតែគ្រប់វិស័យនៃសេដ្ឋកិច្ច អាចចាត់ទុកថាជាទស្សនៈវិស័យ​គួរជាទីចាប់អារម្មណ៍សម្រាប់វិនិយោគិនបរទេស ។

ចំពោះវិស័យធនាគារ ការចូលមកដល់របស់ធនាគារថ្មីៗមានទិដ្ឋភាពអវិជ្ជមាន និងវិជ្ជមាន ។ ទិដ្ឋភាព អវិជ្ជមានរយៈកាលខ្លី គឺសំដៅទៅលើគ្រឹះស្ថានធនាគារដែលតូចៗ និងទើបបើកថ្មី ។ ទិដ្ឋភាពអវិជ្ជមាននោះរួមមាន ជាពិសេស ការកើនឡើងនៃការប្រកួតប្រជែង ដែលនាំឱ្យធនាគារទាំងនោះសម្រេចយកយុទ្ធសាស្ត្រការពារខ្លួន ដើម្បីរក្សាចំណែកទីផ្សារ​របស់ខ្លួនដែលមានស្រាប់ ។ យើងក៏អាចនិយាយបានថា ជាការប្រកួត ប្រជែងមួយមិនស្មើភាព ក្នុងខណៈដែលអ្នកថ្មី​ចូលមកទីផ្សារមានការគាំទ្រពីក្រុមហ៊ុនមេ ដែលធ្វើប្រតិបត្តិការនៅកម្រិតអន្តរជាតិ ហើយដែលអាចផ្តល់នូវបទពិសោធន៍ និងកេរ្តិ៍ឈ្មោះល្អៗថែមទៀតផង ។ ក៏បុន្តែ ក្នុងរយៈកាលវែង នឹងមានឥទ្ធិពល និងទិដ្ឋភាពវិជ្ជមានដែលអាចរំពឹងថានឹងទទួលបានពីអ្នកចូលរួមថ្មីៗមកក្នុងទីផ្សារ ។ ទិដ្ឋភាពវិជ្ជមានទាំងនេះរួមមានបទពិសោធន៍នៃការគ្រប់គ្រងហានិភ័យ ការបើកចំហរនិងតម្លាភាព ការលើកកម្ពស់អភិបាលកិច្ចសាជីវកម្ម និងការប្រកួតប្រជែងដ៏ល្អ ដែលជាចុងក្រោយផ្តល់ផលប្រយោជន៍ដល់អ្នកខ្ចី និងដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេស ដោយការបន្ថែមប្រសិទ្ធភាពទៅក្នុងប្រព័ន្ធធនាគារ ។

ជាធម្មតានិន្នាការកើនឡើងនៃចំនួនធនាគារនេះគឺជាការប្រឈមមួយចំពោះ ធនាគារជាតិនៃកម្ពុជា និងតម្រូវឱ្យមានការប្រុងប្រយ័ត្នលើការត្រួតពិនិត្យ ។ វាជាបញ្ហាប្រឈម ដោយសារថាចំណាយលើការត្រួតពិនិត្យមានការកើនឡើង (តម្រូវការបុគ្គលិកក៏កើនឡើង ដោយតម្រូវឱ្យមានការបណ្តុះបណ្តាលជាប្រចាំ អាស្រ័យដោយការឈានឡើង​ឥតឈប់ឈរនៃបច្ចេកទេស​នៅក្នុងមុខរបរធនាគារ ភាពចាំបាច់ក្នុងការធ្វើឱ្យប្រសើរឡើង និងកែតម្រូវប្រព័ន្ធរាយការណ៍​ដើម្បីគ្រប់គ្រងបានគ្រប់ជ្រុងជ្រោយ​នូវហានិភ័យ និងវាយតម្លៃ​ស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ​ឱ្យបានត្រឹមត្រូវជាដើម) ។ ការយកចិត្តទុកដាក់ចំពោះការត្រួតពិនិត្យក៏តម្រូវឱ្យកើនឡើង ដើម្បីធានាថាអ្នកចូលរួម​នៅក្នុងទីផ្សារទាំងអស់​ត្រូវបានចាត់ទុកដោយស្មើភាពគ្នា ធ្វើឱ្យប្រសើរឡើងនូវក្របខ័ណ្ឌបទប្បញ្ញត្តិ (ដើម្បីការពារការកេង​យកប្រយោជន៍ពីបទប្បញ្ញត្តិ ប្រសិនបើបទប្បញ្ញត្តិរបស់យើង មានលក្ខណៈអំណោយផលជាងនៅបរទេស) និងអនុវត្តការត្រួតពិនិត្យ​ដល់ទីកន្លែងតាមពេលកំណត់នៅធនាគារ (ដែលត្រូវប្រើប្រាស់ធនធាន​ច្រើនដោយសារបញ្ហាបច្ចេកទេស និងវិសាលភាពកាន់តែទូលាយ​នៃការពិនិត្យផ្ទៀងផ្ទាត់ និងតាមដាន) ។

II- ការខិតខំប្រឹងប្រែងជាប្រចាំ​ពីសំណាក់ធនាគារជាតិនៃកម្ពុជា ដើម្បីពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងត្រួតពិនិត្យ ដោយអនុវត្តតាមស្តង់ដារ និងការប្រតិបត្តិល្អបំផុតជាអន្តរជាតិ
ប៉ុន្មានឆ្នាំកន្លងទៅនេះ ធនាគារជាតិនៃកម្ពុជាបានពង្រឹងនូវក្របខ័ណ្ឌបទប្បញ្ញត្តិ និងការត្រួតពិនិត្យយ៉ាងច្រើន ។ ចាប់តាំងពីចុងឆ្នាំ២០០៨មក ប្រព័ន្ធទុនបម្រុងកាតព្វកិច្ចត្រូវបានផ្លាស់ប្តូរទាំងស្រុង ហើយបទប្បញ្ញត្តិថ្មីមួយចំនួនត្រូវបានដាក់ចេញ ដូចជាប្រកាសស្តីពីអភិបាលកិច្ច និងលក្ខណៈវិនិច្ឆ័យសមស្រប និងត្រឹមត្រូវរបស់អ្នកគ្រប់គ្រងធនាគារ ប្រកាសថ្មីស្តីពីចំណាត់ថ្នាក់ទ្រព្យសកម្មជាដើម ។ យើងនឹងបន្តកិច្ចខិតខំប្រឹងប្រែងថែមទៀត ក្នុងគោលបំណងគោរពឱ្យបានជាលំដាប់នូវស្តង់ដារ និង ការប្រតិបត្តិល្អបំផុតជាអន្តរជាតិ ។ ការងារដែលកំពុងប្រព្រឹត្តទៅនេះ ត្រូវបានអនុវត្តដោយមានជំនួយបច្ចេកទេសពីជំនាញការ ដែលផ្តល់អនុសាសន៍ និងជម្រើសដែលសមស្របសំរាប់បរិបទកម្ពុជា ។

ក្របខ័ណ្ឌគតិយុត្ត និងបទប្បញ្ញត្តិបង្កើតឡើងនូវវិធាន “ល្បែង” ហើយអ្នកចូលរួមនៅក្នុងទីផ្សារ ត្រូវតែគោរពតាមវិធានទាំងនេះ ដែលជាទូទៅមានចំនួនច្រើន ហើយចាំបាច់ត្រូវតែគោរពឱ្យបានជាអចិន្ត្រៃយ៍ នូវវិធានទាំងអស់ផងដែរ ។ ការដាក់ចេញនូវវិធានថ្មីៗនឹងនាំមកនូវចំណាយបន្ថែមចំពោះប្រព័ន្ធធនាគារ (ការតម្រូវឱ្យតាមដានបន្ថែម ការបន្ថែមបទប្បញ្ញត្តិ ឬដើមទុនអប្បបរមាការ បន្ថែមមុខងារថ្មី ដែលត្រូវបំពេញដោយសារមូលហេតុបំបែកភារកិច្ច ឬត្រួតពិនិត្យផ្ទៃក្នុង ៘) ក្នុងស្ថានភាពបែបនេះ ធនាគារជាតិនៃកម្ពុជា​ចាំបាច់ត្រូវតែពិចារណាលើកត្តាពីរសំខាន់ៗ ដើម្បីធ្វើការសំរេចគោលនយោបាយ និង ដើម្បីតាមទាន់ល្បឿននៃការផ្លាស់ប្តូរគឺ អាទិភាព និងពេលវេលា ។

ចំពោះអាទិភាព ការបង្កើត និងធ្វើឱ្យប្រសើរឡើង​នូវក្របខ័ណ្ឌបទប្បញ្ញត្តិ​ដែលមានស្រាប់ និង ការត្រួតពិនិត្យដ៏ស្មុគស្មាញ ជាដំបូងគឺជាការបង្កើតឡើងនូវវិធានជាមូលដ្ឋានគ្រឹះ ដែលត្រូវតែបានកែលំអរជាប្រចាំ (ដូចជាការកំណត់សាធនភាព សាច់ប្រាក់ ងាយស្រួល និងបទប្បញ្ញត្តិទាក់ទងនឹងការដាក់កម្រិត កំណត់លើការទទួលយកហានិភ័យ) ជាដើម ។ បន្ទាប់មកបទប្បញ្ញត្តិចាំបាច់ផ្សេងទៀតដូចជា ការគ្រប់គ្រងហានិភ័យ អភិបាលកិច្ច ការត្រួតពិនិត្យផ្ទៃក្នុង ព្រមទាំងវិធានផ្សេងៗទៀត ត្រូវតែបានដាក់ចេញតាមលំដាប់លំដោយនៃអាទិភាព និងតាមពេលវេលាដ៏សមស្រប ។

ចំពោះពេលវេលា ការចេញបទប្បញ្ញត្តិថ្មីៗ ត្រូវតែឱ្យសមស្របទៅនឹងដំណាក់កាលណាមួយ នៅក្នុងវដ្តនៃសេដ្ឋកិច្ច ឬនៅក្នុងស្ថានភាពទីផ្សារជាទូទៅដែលអំណោយផលតិច ឬច្រើន ចំពោះការដាក់ចេញនូវបទប្បញ្ញត្តិទាំងនោះ ។ ទាំងអាទិភាព និងពេលវេលា ជាបញ្ហាប្រឈមសំខាន់ចំពោះអាជ្ញាធរដាក់បទប្បញ្ញត្តិ និង ត្រួតពិនិត្យ ប្រសិនបើ ល្បឿននៃការធ្វើកំណែទម្រង់ និងការធ្វើឱ្យមានភាពប្រសើរឡើងនៃបទប្បញ្ញត្តិលឿនពេកនោះ អ្នកចូលរួមនៅក្នុងទីផ្សារអាចនឹងគិតថាបរិយាកាសទីផ្សារមិនអាចព្យាករបាន ដោយសារការផ្លាស់ប្តូរបទប្បញ្ញត្តិដ៏លឿននោះ ។ ហើយប្រសិនបើល្បឿននេះយឺតពេក ក្របខ័ណ្ឌបទប្បញ្ញត្តិ និងការត្រួតពិនិត្យតាមមិនទាន់ស្តង់ដារអន្តរជាតិ ឬមិនទាន់តថភាពអាជីវកម្ម និងហានិភ័យដែលកើតមានឡើងជាបន្តបន្ទាប់ ។ បច្ចុប្បន្ននេះយើងអាចបង្ហាញថា ប្រព័ន្ធធនាគារកម្ពុជាមានការរីកចំរើនយ៉ាងខ្លាំង ហើយ បច្ចេកទេសនៅក្នុងការធ្វើអាជីវកម្មធនាគារមានការកើនឡើងជាប្រចាំ ។ ដូច្នេះវាមានសារៈសំខាន់ណាស់ ក្នុងការការពារចន្លោះប្រហោងនៃក្របខ័ណ្ឌបទប្បញ្ញត្តិ ក្នុងគោលបំណងរក្សាប្រតិបត្តិការ និងការអនុវត្តប្រកប ដោយសុវត្ថិភាព និងរឹងមាំនៅក្នុងប្រព័ន្ធទាំងមូល ។

III- ផលប៉ះពាល់នៃវិបត្តិហិរញ្ញវត្ថុមកលើប្រព័ន្ធធនាគារកម្ពុជា និងការវិវត្តដែលអាចប្រមើលមើលជាមុន ពាក់ព័ន្ធនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក
ទោះបីជាសេដ្ឋកិច្ចកម្ពុជាមានលក្ខណៈសេរី និងបើកចំហរទៅកាន់ពិភពលោកក៏ដោយ ក៏ប្រព័ន្ធធនាគារនៅកម្ពុជាពុំទទួលរងផលប៉ះពាល់ដោយផ្ទាល់ពីវិបត្តិហិរញ្ញវត្ថុទេ ។ ធនាគារមិនកាន់នូវទ្រព្យសកម្ម មានជាតិពុល “toxic assets” និងមិនពាក់ព័ន្ធជាមួយនឹងការធ្វើមូលបត្រតូបនីយកម្ម និងសកម្មភាពឧបករណ៍ និស្សន្ទនោះទេ ។ នេះមិនមែនមានន័យថា ប្រព័ន្ធធនាគារមិនស្ថិតនៅក្រោមភាពតានតឹងនោះទេ ។ តាមពិតទៅ ដោយសារវិបត្តិសាកលលោកនេះ ​ទីផ្សារនាំចេញរបស់យើងមានការថយចុះ​យ៉ាងច្រើន វិស័យអចលនទ្រព្យ ទទួលរងនូវការប៉ះទង្គិចដោយសារការធ្លាក់ចុះថ្លៃ និងការ ជួញដូរ សកម្មភាពទេសចរណ៍បានធ្លាក់ចុះ ហើយទស្សនវិស័យអាជីវកម្មជាទូទៅពុំមានលក្ខណៈអំណោយផលដូចពីមុននោះទេ ។ ក្នុងស្ថានភាពបែបនេះ ធនាគារជាតិនៃកម្ពុជាបានធ្វើការកែតម្រូវដំណើរការ និងការយកចិត្តទុកដាក់របស់ខ្លួន និងត្រៀមខ្លួនទៅតាមនោះ និងកែតម្រូវបន្ថែមទៀត ប្រសិនបើវិបត្តិនេះនៅតែបន្តទៀត ដោយសារថា ផលប៉ះពាល់ជុំទីពីរ (Second round effects) អាចនឹងប៉ះពាល់ចំពោះប្រព័ន្ធធនាគារ ដោយសារការកើនឡើងនៃឥណទាន មិនដំណើរការ ។ នេះគឺជាការត្រួតពិនិត្យផ្អែកលើហានិភ័យជាមូលដ្ឋាន និងសំលឹងទៅមុខ ដែលផ្អែកទៅលើការវាយតម្លៃហានិភ័យមីក្រូ និងម៉ាក្រូ ព្រមទាំងការប្រមើលមើលដ៏សមរម្យលើការវិវត្ត និងផលវិបាកនៃវិបត្តិជាបន្តទៅទៀតមកលើប្រព័ន្ធធនាគាររបស់យើង ។ កិច្ចខិតខំប្រឹងប្រែងប៉ុន្មានឆ្នាំកន្លងមកនេះ ជាប់ពាក់ព័ន្ធដោយផ្ទាល់​លើការអនុវត្តប្រកបដោយប្រសិទ្ធភាព​លើការត្រួតពិនិត្យផ្អែកលើហានិភ័យ និងសំលឹងមើលទៅមុខ ហើយយើងនឹងបន្តពង្រឹងសមត្ថភាព និងភាពអាចឆ្លើយតបជាប្រចាំនៅក្នុងផ្នែកនេះ ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ​គឺត្រូវធ្វើឡើងជាអចិន្ត្រៃយ៍ ដោយសារតែភាពស្មុគស្មាញ​នៃអាជីវកម្មចេះតែកើនឡើង ការសាយភាយនៃហានិភ័យ និង ល្បឿន ដែលហេតុការណ៍ទាំងនេះអាច​ធ្វើឱ្យប៉ះពាល់ដល់ស្ថេរភាព​ហិរញ្ញវត្ថុរបស់ប្រទេស និងកាន់តែរាលដាលច្រើនឡើងនៅទូទាំងពិភពលោក ដោយសារតែការកើនឡើង​នៃសមាហរណកម្មទៅក្នុងទីផ្សារ ។ ហេតុការណ៍នេះ ត្រូវបានបង្ហាញយ៉ាងច្បាស់ តាមរយៈល្បឿនដែលធ្វើឱ្យវិបត្តិឥណទាននិក្ខេប (Subprime) ក្លាយជាវិបត្តិហិរញ្ញវត្ថុដ៏ធំ ដែលមិនត្រឹមតែប៉ះពាល់ដល់វិស័យធនាគារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ទីផ្សារទុន និងវិស័យធានារ៉ាប់រងផងដែរ ជាពិសេសដោយសារតែកង្វះខាតសាច់ប្រាក់ងាយស្រួលយ៉ាងគំហុកនៅក្នុងទីផ្សារ ។

ដូច្នេះ វាមានសារៈសំខាន់បំផុតសំរាប់ធនាគារជាតិនៃកម្ពុជា ក្នុងការតាមដានព័ត៌មានអំពីការវិវត្តអន្តរជាតិ និងទទួលយកជាមេរៀនក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវក្របខ័ណ្ឌបទប្បញ្ញត្តិ និងដំណើរការត្រួតពិនិត្យ ។

IV-ជំនឿទុកចិត្ត
ជំនឿទុកចិត្តនេះត្រូវបានបំផ្លាញទាំងស្រុងដោយរបបខ្មែរក្រហម គួបផ្សំជាមួយការមិនយល់ដឹងអំពីធនាគារ និងហិរញ្ញវត្ថុ ដោយសារតែសង្គ្រាម និងអស្ថេរភាពដ៏យូរអង្វែងរបស់ប្រទេសកម្ពុជាយើងអស់ ជាងបីទសវត្សកន្លងទៅ ។ នៅពេលនោះ ប្រជាជនកម្ពុជាងាកទៅរកវិធីសន្សំប្រាក់ឥណទាន ឬការផ្ទេរប្រាក់ បែបបូរាណ ដូចជាសន្សំប្រាក់ដោយលាក់ទុកនៅក្នុងផ្ទះ ដែលជារបៀបមិនបានចំណូល និងពុំមានសុវត្ថិភាព ។ រីឯលទ្ធភាពទទួលបានឥណទានក៏មានតិចតួច ដោយគ្មានជម្រើសគាត់ត្រូវខ្ចីចងការប្រាក់ដោយមានកំរៃ ការប្រាក់ខ្ពស់ហួសហេតុពីអ្នកឱ្យខ្ចីមិនផ្លូវការ ។ ចំពោះការទូទាត់សងប្រាក់វិញ ក៏ត្រូវដឹកជញ្ជូនក្រដាសប្រាក់ដោយផ្ទាល់ខ្លួន ឬដោយសេវាមិនផ្លូវការ នាំឱ្យមានការកើនឡើងសោហ៊ុយចំណាយ និងប្រឈមមុខនឹងលទ្ធភាពនៃការបាត់បង់ខ្ពស់បំផុត ។

ការស្តារជំនឿទុកចិត្តមកលើប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុឡើងវិញ បានចំណាយអស់ពេលវេលាជាច្រើន គួបផ្សំជាមួយការខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ដោយមានការលើកទឹកចិត្ត​យ៉ាងពេញទំហឹងពីសំណាក់រាជរដ្ឋាភិបាល និងការឧបត្ថម្ភគាំទ្រពីដៃគូអភិវឌ្ឍន៍អន្តរជាតិជាច្រើន ។

ជំនឿទុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុកម្ពុជា ត្រូវបានឆ្លុះបញ្ចាំងតាមរយៈកំណើននៃប្រាក់បញ្ញើឥណទាន និងទ្រព្យសកម្មសរុបរបស់ប្រព័ន្ធធនាគារ ធៀបនឹងផលិតផលក្នុងស្រុកសរុប (ផ.ស.ស)
ឆ្នាំ ប្រាក់បញ្ញើ ឥណទាន ទ្រព្យសកម្មសរុប ដើមទុន
២០០០ ១៤,២៧% ៦,៩៧% ២១% ៥,៦២%
២០០៨ ២៨,៦៧% ២៧% ៤៧,៣៨% ៨,៨៩%

ជំនឿទុកចិត្តរបស់សាធារណជន គឺជាអ្វីដែលត្រូវកសាងជាបណ្តើរៗ ហើយត្រូវការភស្តុតាងបញ្ជាក់ ។ ភស្តុតាងទាំងនេះនៅក្នុងការត្រួតពិនិត្យធនាគារ និងអាចមើលឃើញនៅពេលដែលធនាគារនិមួយៗ ឬប្រព័ន្ធធនាគារទាំងមូល មិនជួបប្រទះនូវការរង្គោះរង្គើបង្អាក់ណាមួយ ។ ម្យ៉ាងទៀត ការចូលមកយ៉ាងកុះកររបស់ អ្នកវិនិយោគបរទេស​លើវិស័យធនាគារ​ក៏កើតឡើងដោយសារ​ជំនឿទុកចិត្តនេះដែរ ។

នៅក្នុងទស្សនៈវិស័យនេះ ភាពជាក់ស្តែងក្នុងប៉ុន្មានឆ្នាំកន្លងមកនេះឃើញថា សកម្មភាពត្រួតពិនិត្យរបស់យើងទទួលបានជោគជ័យ ហើយក្របខ័ណ្ឌបទប្បញ្ញត្តិ​របស់យើងក៏គ្មានចន្លោះប្រហោងធំ​ដុំណាមួយនោះដែរ ។ ជាធម្មតា នេះគឺជាភាពល្អប្រសើរណាស់ទៅហើយ ហើយធនាគារជាតិនៃកម្ពុជាប្តេជ្ញាជម្រុញ និង បន្តធ្វើឱ្យប្រសើរឡើងជាងនេះទៅទៀតជាបណ្តើរៗបន្តបន្ទាប់ ដោយរកឱ្យឃើញនូវ​អ្វីដែលជាអាទិភាព និង ផ្អែកទៅលើស្ថានភាពទីផ្សារ ។ ធនាគារជាតិនៃកម្ពុជាក៏ព្យាយាមរក្សានូវទំនាក់ទំនងល្អនៅក្នុងវិស័យធនាគារ និងជាមួយសាធារណជន ។ ហើយសាធារណជន និងវិនិយោគិនបរទេសបានបង្ហាញនូវជំនឿទុកចិត្តមកលើការប្តេជ្ញាចិត្ត និងសមត្ថភាពវិជ្ជាជីវៈរបស់អាជ្ញាធរ និងធនាគារកណ្តាលរួចទៅហើយ ។ ប្រការសំខាន់ គឺការទាក់ទាញឱ្យបាននូវទំនុកចិត្តបន្ថែមទៀត និងថែរក្សាទំនុកចិត្តនេះឱ្យបានជារៀងរហូត ។
V- សន្និដ្ឋាន
ការធ្លាក់ចុះយ៉ាងខ្លាំងនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក អ៊ឺរ៉ុប និងបណ្តាប្រទេសធំៗនៅអាស៊ី ដោយសារចលាចល​នៅក្នុទីផ្សារហិរញ្ញវត្ថុអន្តរជាតិ​បានជះឥទ្ធិពលដល់ស្ថានភាព​កំណើនសេដ្ឋកិច្ចនៅកម្ពុជា ។ ការរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច រួមទាំងការមានអត្រាអតិផរណា​ទាប​គឺជាកត្តាចាំបាច់សម្រាប់ការ​បំបែកហានិភ័យនៅក្នុងសេដ្ឋកិច្ច និងការងើបឡើងវិញនៃសេដ្ឋកិច្ច ។ អ្វីដែលសំខាន់ដែរនោះ គឺធ្វើយ៉ាងណាដើម្បីកម្រិត ផលប៉ះពាល់មិនល្អនៃការធ្លាក់ចុះ​នៃសេដ្ឋកិច្ចនេះមកលើផ្នែកដែលងាយ រងគ្រោះនៅក្នុងសង្គម ។ កម្ពុជាមានទុនបម្រុងគ្រប់គ្រាន់សម្រាប់ជាង ៣ខែ នៃការនាំចូល ដែលជាធម្មតាល្មមនឹងអាចទប់ទល់នឹងការប៉ះទង្គិច ពីខាងក្រៅ ដែលចាំបាច់ត្រូវមានការតាម ដានដោយយកចិត្តទុកដាក់លើការអភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

ដូចខ្ញុំបានជម្រាបជូនរួចហើយ វិស័យហិរញ្ញវត្ថុកម្ពុជាពុំបានទទួលរង​ផលប៉ះពាល់ដោយផ្ទាល់ពីវិបត្តិហិរញ្ញវត្ថុ​សាកលលោកនោះទេ ដោយសារថា កម្ពុជាពុំទាន់មានទីផ្សារទុន និងទីផ្សារហិរញ្ញវត្ថុក្នុងស្រុក នៅមិនទាន់អភិវឌ្ឍន៍ និងមិនទាន់ធ្វើសមាហរណកម្មទៅក្នុងទីផ្សារពិភពលោក ឬទីផ្សារតំបន់នៅឡើយ ។ វិស័យហិរញ្ញវត្ថុកម្ពុជាអាចមានផលប៉ះពាល់ដោយប្រយោលខ្លះ ដោយសារតែការប្រឈមរបស់វិស័យ​សេដ្ឋកិច្ចរូបវន្ត​ដែលកំពុងតែទទួលរងការប៉ះទង្គិចពីការធ្លាក់ចុះនៃ សេដ្ឋកិច្ចសាកលលោក ព្រមទាំងតាមរយៈការធ្លាក់ចុះនៃការវិនិយោគផ្ទាល់បរទេស ។ ធនាគារជាតិនៃកម្ពុជាបានចាត់វិធានការ​ដើម្បីឆ្លើយតបចំពោះការរាំងស្ទះមកលើប្រព័ន្ធធនាគារ ដែលបណ្តាលមកពីមានការតឹងតែងខាងសាច់ប្រាក់ងាយស្រួល និងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច ។ វិធានការមួយចំនួនត្រូវបានដាក់ចេញ និងអនុវត្តដោយមានប្រសិទ្ធភាព ដូចជាការបង្កើតឧបករណ៍ឥណទានវិបារូបន៍ ដើម្បីធនាគារនីមួយៗ​អាចគ្រប់គ្រងសាច់ប្រាក់ងាយស្រួល​ជាបណ្តោះអាសន្ន ការធ្វើឱ្យប្រសើរឡើងការគ្រប់គ្រង​ប្រព័ន្ធគ្រប់គ្រងទុនបម្រុង កាតព្វកិច្ច ការអនុម័តការកែលំអរ នូវបទប្បញ្ញត្តិ ដើម្បីពង្រឹងការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្ម និងការធ្វើសំវិធានធនជាដើម។

លទ្ធផលនៃវិស័យហិរញ្ញវត្ថុមានលក្ខណៈគួរជាទីពេញចិត្ត ទោះបីជាមានបញ្ហាប្រឈមខ្លះក៏ដោយ ។ សូចនាករជាលទ្ធផល ដែលអនុវត្តកន្លងទៅថ្មីៗនេះបានបង្ហាញថា ប្រព័ន្ធធនាគារនៅតែទទួលបាន​ប្រាក់ចំណេញ មានប្រសិទ្ធភាព និងមានសាច់ប្រាក់ ងាយស្រួលគ្រប់គ្រាន់ ព្រមទាំងមានដើមទុនគ្រប់គ្រាន់ ។ ជាមធ្យម ធនាគារអាចរក្សាបាននូវ​សាធនភាពជាទូទៅលើសពី ២៥% (៣៣% នៅក្នុងខែឧសភា ឆ្នាំ២០០៩) បើធៀបនឹងការតម្រូវជាអប្បបរមាត្រឹមតែ ១៥% ។ លើសពីនេះទៅទៀត ដើមទុនអប្បបរមាសម្រាប់ធនាគារ​ដែលមានម្ចាស់ភាគហ៊ុន​មិនមែនជាធនាគារត្រូវបានបង្កើនបីដង ពី ១៣លានដុល្លារអាមេរិក ទៅ៣៧ លានដុល្លារអាមេរិក នៅចុងឆ្នាំ២០១០ ដែលជាវិធានការទប់ទល់នឹងការប៉ះទង្គិចជាសក្តានុពល ។ អនុបាត ឥណទានមិនដំណើរការរបស់ប្រព័ន្ធ​ធនាគារបានកើនឡើងពី ៣,៧% ក្នុងខែធ្នូ ឆ្នាំ២០០៨ ដល់ ៥,២% ក្នុងខែ ឧសភា ឆ្នាំ២០០៩ ដែលជាអត្រាសមស្របអាចទទួលបាន ។ ធនាគារមានសេរីភាពក្នុងការ​កំណត់អត្រាការ ប្រាក់របស់ខ្លួនចាប់តាំងពីឆ្នាំ១៩៩៥ មកម្លេះ ហើយគំលាតអត្រាការប្រាក់​ប្រចាំឆ្នាំរវាងអត្រាការប្រាក់បញ្ញើ និងអត្រាការប្រាក់ឥណទាន​ជាមធ្យមបានធ្លាក់ចុះពី ១៥,៣% នៅក្នុងឆ្នាំ២០០៤ មកត្រឹម ៩,៦% នៅក្នុង ខែឧសភា ឆ្នាំ២០០៩ ដែលឆ្លុះបញ្ចាំងអំពីការកើនឡើងអត្រាការប្រាក់បញ្ញើ និងការថយចុះនៃអត្រាការប្រាក់ឱ្យខ្ចី ។ ការត្រួតពិនិត្យធនាគារ​មានការរីកចំរើនយ៉ាងខ្លាំង ក៏ប៉ុន្តែនៅមានការងារជាច្រើនទៀត​ដែលត្រូវបំពេញ ដើម្បីជំរុញឱ្យបទប្បញ្ញត្តិប្រុងប្រយ័ត្នឈានដល់កម្រិតស្តង់ដារ និងការប្រតិបត្តិល្អបំផុត​ជាអន្តរជាតិ ជ្រើសរើស និងបំពាក់បំប៉នជំនាញ​របស់បុគ្គលិកត្រួតពិនិត្យថ្មី ព្រមទាំងជំរុញការត្រួតពិនិត្យដ៏ត្រឹមត្រូវ និងអនុវត្តបទប្បញ្ញត្តិ ដើម្បីរក្សាសុវត្ថិភាពរបស់អ្នកផ្ញើប្រាក់ និងដើម្បីសុច្ចរិតភាពនៃប្រព័ន្ធធនាគារ ៕

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: