រដ្ឋសភាចាប់ផ្តើម​ពិភាក្សាច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១០

ភ្នំពេញ: នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ រដ្ឋសភាជាតិកម្ពុជាបានចាប់ផ្តើម​ពិភាក្សាទៅលើសេចក្តីព្រាងច្បាប់​ស្តីពីហិរញ្ញវត្ថុសំរាប់ការគ្រប់គ្រង ឆ្នាំ២០១០ជាមួយនឹង ចំនួនកូរ៉ុម១០៥រូប និងការដឹកនាំប្រជុំដោយសម្តេច ហេង សំរិនប្រធានរដ្ឋសភា ។ សេចក្តីព្រាងច្បាប់នេះត្រូវបានការពារ ដោយលោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលតំណាងឲ្យរាជរដ្ឋាភិបាល ។

សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១០ មាន ៦ ជំពូក និង ២០ មាត្រាដោយភ្ជាប់ជាមួយនឹង តារាងលម្អិតអំពីការចំណាយ​តាមស្ថាប័នក្រសួងនានា និងការគ្រប់គ្រងឆ្នាំ ២០១០ ចំនួន ៤០ ទំព័រផ្សេងទៀត ។ ថវិកាជាតិឆ្នាំ២០១០ មានចំនួនសរុប ៨.២៩៩.៧៧២,៩ លានរៀល ស្មើនឹងប្រមាណ ២.០២៤ លានដុល្លារអាមេរិក ។ ថវិកាជាតិឆ្នាំ២០១០នេះ បានកើនឡើង ១១ % លើសថវិកាជាតិ ឆ្នាំ២០០៩ ដែលមានចំនួន ៧.២៥៩.៥៦៦,៧ លានរៀល ស្មើប្រមាណ ១.៨០០ លានដុល្លារ ។

ចំពោះការចំណាយ​ផ្នែកវិស័យការពារជាតិ និង សន្តិសុខ នៅឆ្នាំ ២០១០ មានចំនួន ១.១៥០.៥២២ លានរៀល ស្មើប្រហែល ២៧៤ លានដុល្លារ ។ ក្នុងនោះ ចំណាយលើក្រសួងការពារជាតិ ចំនួន ៧០២.៤៧២ លានរៀល ស្មើនឹងជាង ១៦៧ លានដុល្លារ និងក្រសួងមហាផ្ទៃ​ផ្នែកសន្តិសុខសាធារណៈចំនួន៤៤៨.០៥០លានរៀល ស្មើនឹងជាង១០៦ លានដុល្លារ ។ កាលពីឆ្នាំ២០០៩ ថវិកាចំណាយលើវិស័យការពារជាតិ និងសន្តិសុខ មានចំនួន ៨៩៥.៨៩៤ លានរៀល ស្មើនឹង ២២៣ លានដុល្លារ ដោយក្រសួងការពារជាតិ មានចំនួន ៥៦៥.៣៩០ លានរៀល ស្មើនឹង ១៤១ លានដុល្លារ និងក្រសួងមហាផ្ទៃ ផ្នែកសន្តិសុខសាធារណៈមានចំនួន ៣៣០.៥០៤លានរៀល ស្មើនឹង ៨២ លានដុល្លារ ។
ថវិកាឆ្នាំ២០១០ ក៏បានកំណត់ពីចំណាយលើ​វិស័យសង្គមកិច្ច មានចំនួន ១.៨២៩.៣៦៤,៨ លានរៀល ដែលស្មើនឹងប្រមាណ ៤៣៥ លានដុល្លារ ។ ចំណែកចំណាយលើ​ក្រសួងអភិវឌ្ឍន៍ជនបទ មានចំនួន ១៧៣.១៥៦ លានរៀល ស្មើនឹងជាង ៤១ លានដុល្លារ និង ចំណាយលើក្រសួងសុខាភិបាល មានចំនួន ៦០០.០៥៦ លានរៀល ស្មើនឹងជាង ១៤២ លានដុល្លារ និង ក្រសួងអប់រំ ចំនួន ៨២៤ ៨៧៩ លានរៀល ស្មើនឹងជាង ១៩៦ លានដុល្លារ ។

ច្បាប់ថវិកាឆ្នាំ២០១០ ក៏បានកំណត់ផ្តល់ឥណទានថវិកាបន្ថែមចំនួន ១៦៥.៣៧៧.៣៦១.៨០០ រៀល ស្មើប្រមាណ៣៩. ៣៧៥.៥៦២ ដុល្លារ សម្រាប់ភាពចាំបាច់ជាបន្ទាន់នៃក្រសួងការពារជាតិ ចំនួន ១៤០.៧៣៥.៣៦១.៨០០ រៀលនិងសម្រាប់បំពេញ ដើមទុនឲ្យធនាគារអភិវឌ្ឍន៍ជនបទ ចំនួន ២៤.៦៤២.០០០.០០០ រៀល ។

ក្នុងច្បាប់ថវិកាជាតិឆ្នាំ២០១០ បានកំណត់ពីការយកពន្ធលើអចលនទ្រព្យ រួមមាន ដីធ្លី ផ្ទះ អគារ និង សំណង់ផ្សេងៗដែលមានតម្លៃលើសពី ១០០ លានរៀល ស្មើប្រមាណ ២៣៨០ ដុល្លារ ។ ពន្ធនេះត្រូវប្រមូលប្រចាំឆ្នាំ តាមអត្រា០.១% លើតម្លៃអចលនទ្រព្យ ។ ក៏ប៉ុន្តែ ការយកពន្ធលើដី ផ្ទះ អគារ និងសំណង់នេះត្រូវបានលើកលែង ចំពោះដីកសិកម្ម ដីអគាររបស់រដ្ឋាភិបាល អចលនទ្រព្យដែល ជាកម្មសិទ្ធិរបស់សហគមន៍ ឬបុគ្គលណាមួយដែលតបម្រើសាសនា និង សប្បុរសធម៌ ។ ពន្ធលើអចលនទ្រព្យក៏លើកលែង​ចំពោះកម្មសិទ្ធិរបស់បេសកកម្មការទូត ឬ កុងស៊ុលបរទេស អង្គការអន្តរជាតិ និង ទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេស​របស់រដ្ឋាភិបាលនានា ។

ច្បាប់ថវិកាឆ្នាំ២០១០ ក៏បានកំណត់បង្កើនប្រាក់ពន្ធ​លើមធ្យោបាយដឹកជញ្ជូន និង យានជំនិះ​គ្រប់ប្រភេទ ដែលខ្លះត្រូវឡើង ១០០ % និងឡានខ្លះទៀតឡើងជាង ១០ ដង ៕

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: