ធនាគារអេស៊ីលីដា

ធនាគារ អេស៊ីលីដា ភីអិលស៊ី(ACLEDA Bank Plc.) ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលបានបង្កើតឡើង តាមប្រព័ន្ធច្បាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា ។ ធនាគារ អេស៊ីលីដា បានចាប់បដិសន្ឋិឡើងនៅក្នុងខែមករា ឆ្នាំ១៩៩៣ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានទិសដៅអភិវឌ្ឍន៍មុខរបរខ្នាតតូចបំផុត និងខ្នាតតូច តាមរយៈការផ្តល់ឥណទាន ។ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០០ ធនាគារ អេស៊ីលីដា បានទទួលអាជ្ញាប័ណ្ណជាធនាគារឯកទេស ពីធនាគារជាតិនៃកម្ពុជា ។ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារ អេស៊ីលីដា បានទទួលអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា ដែលធ្វើឲ្យធនាគារ អេស៊ីលីដា មានលទ្ធភាពបំពេញទៅតាមតម្រូវការរបស់អតិថិជននូវសេវាធនាគារបាន ទូទៅ និងទូលំទូលាយថែមទៀត ហើយក៏បានប្តូរឈ្មោះជាផ្លូវការមកជា “ធនាគារ អេស៊ីលីដា ភីអិលស៊ី” ។

ប្រវត្តិធនាគារ
ដោយមានការជួយគាំទ្រពីអង្គការពលកម្មអន្តរជាតិ (ILO) និង កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) អេស៊ីលីដា ត្រូវបានបង្កើតឡើងនៅក្នុងខែមករា ឆ្នាំ១៩៩៣ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលមួយ មានទិសដៅអភិវឌ្ឍន៍មុខរបរខ្នាតតូចបំផុត និងខ្នាតតូច តាមរយៈការផ្តល់ឥណទាន ។ តាំងពីពេលចាប់ផ្តើមដំបូង អេស៊ីលីដាបានទទួលការគាំទ្រពីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសំខាន់ៗ ជាច្រើន ។ ការពង្រីកបណ្ដាញប្រតិបត្តិការគ្របដណ្ដប់ទាំង ២៤ខេត្ត-ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា និងសមត្ថភាពរបស់ធនាគារ ក្នុងការរកប្រាក់ចំណេញដែលធានានូវនិរន្តរភាព គឺជាកត្តាធំពីរ ដែលធ្វើឲ្យក្រុមប្រឹក្សាភិបាល និងដៃគូអន្តរជាតិរបស់ខ្លួនសម្រេចថា ធនាគារ អេស៊ីលីដា គួរធ្វើការកម្លាយខ្លួនទៅជាធនាគារពាណិជ្ជ ។ ធ្វើបែបនេះ មិនត្រឹមតែជួយពង្រឹងស្ថិរភាពរចនាសម្ព័ន្ធផ្នែកច្បាប់ សម្រាប់បំពេញកាតព្វកិច្ចរបស់ខ្លួនពីមុនមកនោះទេ វាថែមទាំងផ្តល់ឲ្យធនាគារនូវជម្រើសកាន់តែច្រើនក្នុងការរកទុន បន្ថែម (ដូចជាការបន្ថែមដើមទុន ការទទួលប្រាក់បញ្ញើសាធារណៈ ឬការទទួលប្រាក់កម្ចីពាណិជ្ជកម្ម រវាងធនាគារដូចគ្នា) សម្រាប់គាំទ្រដល់ការពង្រីក ការផ្តល់សេវាមីក្រូហិរញ្ញវត្ថុ ដែលជាអាជីវកម្មស្នូលរបស់ខ្លួន ។ ដោយមានការជួយជ្រោមជ្រែងពីស្ថាប័នមួយចំនួនដូចជា ភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិនៃសហរដ្ឋអាមេរិក (USAID) កម្មវិធីអភិវឌ្ឍន៍វិស័យឯកជនតំបន់ទន្លេមេគង្គ (MPDF/IFC) និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ធ្វើឲ្យកម្មវិធីកម្លាយខ្លួនរយៈពេលបីឆ្នាំមួយ ត្រូវបានលើកឡើងនៅឆ្នាំ១៩៩៨ ហើយសម្រេចជោគជ័យ ដោយទទួលបានអាជ្ញាប័ណ្ណជាធនាគារឯកទេស នៅក្នុងខែតុលា ឆ្នាំ២០០០ ។
នៅ ក្នុងដំណើការកម្លាយខ្លួននេះ អង្គការក្រៅរដ្ឋាភិបាលអេស៊ីលីដាដើម បានបង្វែរទ្រព្យសកម្ម និងបំណុលក្នុងដៃអតិថិជន (ប្រាក់កម្ចីរយៈពេលវែង ដែលទទួលបានពីម្ចាស់ជំនួយ) ទៅកាន់ធនាគារ អេស៊ីលីដា ដែលទើបបង្កើតថ្មី ដោយប្តូរត្រឡប់ទៅវិញជាភាគហ៊ុន ៤៤,៩១% របស់ធនាគារស្មើនឹង ៤ លានដុល្លារអាមេរិក សមាគមបុគ្គលិកអេស៊ីលីដា (ក្រុមហ៊ុន អេ អេស អេ អ៊ីន្ស) ដែលបានបង្កើតឡើងដោយមូលនិធិរបស់បុគ្គលិក បានទិញភាគហ៊ុនចំនួន ៦,០៩% ហើយចំណែកដែលនៅសល់ ៤៩% ទៀតត្រូវបានបែងចែកទៅឲ្យភាគទុនិកបរទេសចំនួនបួនគឺ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (សាខារបស់ធនាគារពិភពលោក), DEG (ប្រទេសអាល្លឺម៉ង់), FMO និង ធនាគារទ្រីយ៉ូដូស (ប្រទេសហុល្លង់ដ៍) ។ នាពេលអនាគត ធនាគារ អេស៊ីលីដា អាចនឹងមានវត្តមាននៅក្នុងទីផ្សារភាគហ៊ុន ក្នុងពេលសមស្របណាមួយ ។
បន្ទាប់ ពីបង្កើនដើមទុនរបស់ខ្លួនមួយទ្វេរជាបី ឡើងដល់ ១៣លានដុល្លារអាមេរិក ធនាគារអេស៊ីលីដា បានទទួលអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ហើយត្រូវប្តូរឈ្មោះមកជា “ធនាគារ អេស៊ីលីដា ភីអិលស៊ី” ។ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៦ ធនាគារអេស៊ីលីដា បានប្រកាសពីការបង្កើនដើមទុនដែលមានពី ១៣.០០០.០០០ដុល្លារអាមេរិក ទៅដល់ ៣០.០០០.០០០ដុល្លារអាមេរិក ។ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០០៨ ធនាគារអេស៊ីលីដា បានប្រារព្ធពិធីគំរប់ខួបទី១៥ឆ្នាំនៃការធ្វើប្រតិបត្តិការរបស់ ខ្លួន និងបានប្រកាសបង្កើនដើមទុនរបស់ខ្លួនពី ៣០.០០០.០០០ដុល្លារអាមេរិក ទៅ ៥០.០០០.០០០ដុល្លារអាមេរិក ។
ចាប់តាំងពីឆ្នាំ២០០០ មក ធនាគារអេស៊ីលីដា បានធ្វើការពង្រីកអាជីវកម្មរបស់ខ្លួនយ៉ាងលឿន ជាមួយនឹងអត្រាកើនឡើងជាមធ្យមនៃចំនួនទឹកប្រាក់ឥណទានសរុប ៤៦,១៩% ក្នុងមួយឆ្នាំ ។ នាចុងឆ្នាំ២០០៦ ធនាគារអេស៊ីលីដា មានសមតុល្យឥណទានសរុបប្រមាណ ១៥៨,៥លានដុល្លារអាមេរិក នៅលើដៃអតិថិជនជាង ១៥៩.៩០០នាក់ ដែលក្នុងនោះមាន ៦០.៥៩% ជាស្ត្រី ។ ធនាគារអេស៊ីលីដា កាន់កាប់ទីផ្សារបានប្រមាណ ១៨% នៃទំហំទីផ្សារឥណទានសរុប ហើយនឹងបន្តកើនឡើងបន្ថែមទៀត និង មានទ្រព្យសកម្មលើសពី ២២២លានដុល្លារអាមេរិក ។ បច្ចុប្បន្ន ធនាគារអេស៊ីលីដា មានបុគ្គលិកសរុប ៥.៦១០ កំពុងបម្រើការងារនៅក្នុង ២១៩ការិយាល័យ ដែលគ្របដណ្តប់ ២៤ខេត្ត-ក្រុងនៃព្រះរាជាណាចក្រកម្ពុជា ។ធនាគារ អេស៊ីលីដា ត្រូវបានធ្វើសវនកម្មតាមធម្មនិយាមអន្តរជាតិដោយ ប្រាយវ័តធ័រហាវខូភើស៍ និង មានក្រុមប្រឹក្សាច្បាប់មួយនៅទីក្រុងភ្នំពេញ គឺ Sciaroni & Associates ។

សេវាកម្មនិងការិយាល័យ
ក្រៅពីសេវាឥណទាន និងសេវាបញ្ញើ-សន្សំ ធនាគារ អេស៊ីលីដា មានបម្រើជូននូវសេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេសតាមរយៈ Western Union និង SWIFT (សង្គមជុំវិញពិភពលោកសម្រាប់ទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរជាតិ) ។ សេវាហិរញ្ញប្បទានពាណិជ្ជកម្ម រួមមាន ៖ Documentary Collection, សេវាលិខិតឥណទាន, សេវាលិខិតធានា និង សេវាចាត់ចែងសាច់ប្រាក់ មានដូចជា ៖ សេវាប្តូរប្រាក់, សេវា Standing Order / Direct Debit, សេវាទូទាត់សាច់ប្រាក់, សេវា Cash Consolidation Accounts, សេវាបើកប្រាក់បៀវត្ស, សេវាលិខិតអះអាងលើគណនីនិងព័ត៌មានអតិថិជន, សេវាមូលប្បទានបត្រសាច់ប្រាក់, សេវាប្រមូលសាច់ប្រាក់, សេវាមូលប្បទានបត្រទេសចរណ៍, សេវាទិញមូលប្បទានបត្របរទេស, សេវាមូលប្បទានប័ណ្ណ និងសេវាធនាគារដទៃជាច្រើនទៀត ។
ការិយាល័យកណ្ដាល របស់ធនាគារ អេស៊ីលីដា មានទីតាំងស្ថិតនៅក្នុងទីក្រុងភ្នំពេញ ជាមួយនឹងបណ្ដាញប្រតិបត្តិការគ្របដណ្ដប់ ក្រុងភ្នំពេញ, ខេត្តបន្ទាយមានជ័យ, ខេត្តបាត់ដំបង, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ចាម, ខេត្តកណ្ដាល, ខេត្តកោះកុង, ខេត្តកំពត, ក្រុងកែប, ខេត្តកំពង់ស្ពឺ, ខេត្តក្រចេះ, ខេត្តកំពង់ធំ, ខេត្តមណ្ឌលគិរី, ខេត្តឧត្តរមានជ័យ, ក្រុងប៉ៃលិន, ខេត្តពោធិ៍សាត់, ខេត្តព្រៃវែង, ខេត្តព្រះវិហារ, ខេត្តរតនគិរី, ក្រុងព្រះសីហនុ, ខេត្តសៀមរាប, ខេត្តស្ទឹងត្រែង, ខេត្តស្វាយរៀង, និង ខេត្តតាកែវ ។

ទស្សនៈនិងបេសកកម្ម
ទស្សនៈ:ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជនាំមុខក្នុងប្រទេសកម្ពុជា ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុល្អបំផុត ជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍ ។
បេសកកម្ម:ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺផ្តល់ជូនសហគ្រិនខ្នាតតូចបំផុត ខ្នាតតូច ខ្នាតមធ្យម និងសាធារណជន នូវមធ្យោបាយក្នុងការគ្រប់គ្រង ចាត់ចែងធនធានហិរញ្ញវត្ថុឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីលើកស្ទួយជីវភាពរស់នៅឲ្យប្រសើរឡើង ដោយអនុវត្តឲ្យបាននូវនិរន្តរភាព និងបង្កើននូវអត្ថប្រយោជន៍ជូនដល់ភាគទុនិក កម្មករនិយោជិត ព្រមទាំងសហគមន៍ទាំងអស់ ។ យើងប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍សីលធម៌វិជ្ជាជីវៈ សង្គម ច្បាប់ និង បរិស្ថាន ប្រកបដោយកម្រិតខ្ពស់បំផុត ។

ក្រុមប្រឹក្សាភិបាល1. លោក ជា សុខ ប្រធានក្រុមប្រឹក្សាភិបាល ជនជាតិខ្មែរ ចូលរួមក្នុងក្រុមប្រឹក្សាភិបាលនៅខែតុលា ឆ្នាំ២០០០ ។
2. លោក John Brinsden អនុប្រធានក្រុមប្រឹក្សាភិបាល ជនជាតិអង់គ្លេស សញ្ជាតិណូវែលសេឡង់ ។
3. លោកស្រី Femke Bos នាយិកា ជនជាតិហុល្លង់ដ៍ កើតក្នុងឆ្នាំ១៩៦៩ ។
4. លោក Joseph J. Hoess នាយក ជនជាតិអាមេរិក កើតក្នុងឆ្នាំ១៩៦៦ ។
5. បណ្ឌិត Peter Kooi នាយក ជនជាតិហុល្លង់ដ៍ កើតក្នុងឆ្នាំ១៩៥៨ បានចូលរួមជាក្រុមប្រឹក្សាភិបាលនៅខែតុលា ឆ្នាំ២០០០ ។
6. លោក Aftab Ahmed, នាយក បានចូលរួមក្នុងក្រុមប្រឹក្សាភិបាល នៅខែមីនា ឆ្នាំ២០០៨
7. លោក ឡុញ ថុល នាយក ជនជាតិខ្មែរ កើតនៅឆ្នាំ១៩៦១ បានចូលរួមក្នុងក្រុមប្រឹក្សាភិបាល នៅខែតុលា ឆ្នាំ២០០០ ។
8. លោកស្រី សុខ វណ្ណនី នាយិកា ជនជាតិខ្មែរ កើតនៅឆ្នាំ១៩៦៦ បានចូលរួមក្នុងក្រុមប្រឹក្សាភិបាល នៅខែតុលា ឆ្នាំ២០០០ ។
9. លោកស្រី Jutta Wagenseil នាយិកា ជនជាតិអាល្លឺម៉ង់ កើតនៅឆ្នាំ១៩៥៣ បានចូលរួមក្នុងក្រុមប្រឹក្សាភិបាល ក្នុងខែកក្កដា ឆ្នាំ២០០១ ។

គណៈកម្មាធិការប្រតិបត្តិ1. លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ កើតថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៦០ លោកបានទទួលអនុបណ្ឌិតគ្រប់គ្រងអាជីវកម្មពីសាកលវិទ្យាល័យន័រតុន និងបានសិក្សាលើផែ្នកគ្រប់គ្រងអង្គភាពអាជីវកម្មនៅមហាវិទ្យាល័យ Gwynedd Mercy សហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩០ ។
2. លោក ឆាយ សឿន អនុប្រធាននាយកប្រតិបត្តិ និងជាប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ កើតឆ្នាំ១៩៥៤ បានប្រលងចេញពីវិទ្យាល័យនៅឆ្នាំ១៩៧៣ និងវិទ្យាស្ថានបច្ចេកវិទ្យាជាន់ខ្ពស់ក្នុងឆ្នាំ១៩៧៤ ។
3. លោកស្រី សូ ផនណារី អនុប្រធាននាយកប្រតិបត្តិ និងជាប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ កើតឆ្នាំ១៩៦៣ បានទទួលអនុបណ្ឌិតគ្រប់គ្រងអាជីវកម្ម ជំនាញគ្រប់គ្រង ពីសាកលវិទ្យាល័យ Charles Sturt នៅ Wagga Wagga, NSW ប្រទេសអូស្ត្រាលី នៅខែមេសា ឆ្នាំ២០០៧ ។
4. លោក ជាម ទាង អនុប្រធាននាយកប្រតិបត្តិ និងជាប្រធាននាយកប្រតិបត្តិរតនាភិបាលនិងប្រតិបត្តិការអន្តរជាតិ កើតឆ្នាំ១៩៥៥ បានទទួលអនុបណ្ឌិតគ្រប់គ្រងអាជីវកម្មពីសាកលវិទ្យាល័យ Rushmore នៅ Dakota Dunes សហរដ្ឋអាមេរិក ក្នុងខែមិថុនា ឆ្នាំ២០០១ ។# សរសេរជួរទី២
5. ចាប់ពីឆ្នាំ១៩៩៤ លោកបានចូលរួមក្នុងវគ្គហ្វឹកហ្វឺនជាច្រើនស្តីពីការគ្រប់គ្រង និងមីក្រូហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា និងក្នុងបណ្តាប្រទេសដទៃទៀតជាច្រើន ។
6. លោកស្រី គឹម សុធាវី នាយិកាប្រតិបត្តិសវនកម្មផ្ទៃក្នុង កើតឆ្នាំ១៩៦៥ បានទទួលអនុបណ្ឌិតគ្រប់គ្រងអាជីវកម្ម ផ្នែកធនាគារនិងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យវេសស្ទឺន ប្រទេសកម្ពុជានៅខែធ្នូ ឆ្នាំ២០០៧ ។
7. លោក ព្រំ វិសុទ្ធ នាយកប្រតិបត្តិនីតិកម្ម និងលេខាធិការក្រុមហ៊ុន កើតឆ្នាំ១៩៧៥ បានទទួលអនុបណ្ឌិតគ្រប់គ្រងអាជីវកម្ម ជំនាញហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ Charles Sturt នៅ Wagga Wagga NSW ប្រទេសអូស្ត្រាលី នៅខែមេសា ឆ្នាំ២០០៦ ។

អេស៊ីលីដា
គេហទំព័រ អេស៊ីលីដា

Advertisements

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: