ហេតុអ្វីបានជាចាំបាច់ដាក់លុយក្នុងធនាគារ

ដោយឆ្លងកាត់នៅសង្រ្គាម និងអស្ថេរិភាពសង្គមអស់ជាច្រើនឆ្នាំ វិស័យធនាគារនៅកម្ពុជាបាន​ទទួលរងនូវឧិនភាពយ៉ាងខ្លាំងក្នុងរយះកាល​ជាងពីរទសវត្សមុន។ ភាពអន់ថយ និងកង្វះខាតនូវប្រព័ន្ធ ច្បាប់ និងយន្តការសំរាប់វិស័យធនាគារ បានធ្វើអោយប្រជាជនកម្ពុជាបាត់ទំនុកចិត្ត​លើប្រព័ន្ធធនាគារនៅកម្ពុជា។ តួយ៉ាងដូចជាព្រឹត្តការណ៍​ដែលកើតមានឡើងក្នុងទសវត្ស ៩០ ដែលធនាគារពាណិជ្ជកម្មមួយចំនួន​បានបោកប្រាស់លើប្រាក់បញ្ញើរ​របស់ប្រជាជន។ ដោយសារតែកត្តា និងព្រឹត្តការណ៍បែបនេះ ប្រជាជនកម្ពុជាភាគច្រើនចូលចិត្តទុក​ទ្រព្យសម្បត្តិជាពិសេសលុយកាក់​របស់គេនៅនឹងខ្លួនជាជាង​ផ្ញើរនៅធនាគារ។ ទង្វើរបែបនេះបានធ្វើអោយប៉ះពាល់​ដល់ការអភិវឌ្ឍន៌សេដ្ឋកិច្ច ក៏ដូចជាប្រយាជន៌របស់​ប្រជាជនម្នាក់ៗ។
តើវាប៉ះពាល់យ៉ាងដូចម្តេច? ហេតុអ្វីបានគ្រាន់តែប្រជាជន​មិនផ្ញើរលុយទៅធនាគារ វាអាចជះឥទ្ធិពលដល់ការរីកលូតលាស់​សេដ្ឋកិច្ច ក៏ដូចជាកំរិតជីវភាពរបស់ប្រជាជន?
តាមទ្រឹស្តីសេដ្ឋកិច្ចនៅក្នុងប្រជាជាតិមួយ ប្រព័ន្ធហិរញ្ញវត្ថុ និងធនាគារមានតួនាទីសំខាន់ណាស់​ក្នុងការជំរុញល្បឿននៃការលូតលាស់​របស់សេដ្ឋកិច្ច។ ពីព្រោះវាប្រព័ន្ធហិរញ្ញវត្ថុ និងវិស័យធនាគារគឺជា​យន្តការសំរាប់លំហូរមូលធន រឺធនធានហិរញ្ញវត្ថុពីប្រភព​លើសលប់ទៅកាន់ប្រភព​ដែលតាមតំរូវការ។ ឧទាហរណ៍អ្នកមាន​ប្រាក់យកលុយទៅផ្ញើរទៅធនគារ រីឯធនាគារផ្តល់ប្រាក់កម្ចី​ដល់អ្នកដែលខ្វះខាត។ សកម្មភាពនេះ​វានឹងបង្ករអោយខ្សែរចង្វាក់​សេដ្ឋកិច្ចប្រព្រឹត្តទៅបានខ្លាំងក្លារតាមរយះ​ការជំរុញនូវខ្សែរចង្វាក់ផលិតកម្ម។ ជាទូទៅប្រព័ន្ធហិរញ្ញវត្ថុ និងធនាគារបានផ្តល់អត្ថប្រយោជន៍​ទាំងអ្នកដាក់ប្រាក់បញ្ញើរ និងអ្នកខ្ចីប្រាក់។
សំរាប់អ្នកដាក់ប្រាក់បញ្ញើរគាត់​នឹងទទួលបាននូវការប្រាក់ទៅលើប្រាក់ដើម​ដែលគាត់បានដាក់ក្នុងធនាគារ។ ការប្រាក់ដែលអ្នកដាក់ប្រាក់ទទួលបានគឺជា​ការប៉ះបូវមួយដើម្បីឆ្លើយតបទៅនឹងអតិផរណា (តំលៃទំនិញឡើងថ្លៃ)។ ធម្មតាប្រសិនបើអ្នកទុកលុយនៅនឹងខ្លួន ១០ ដុល្លារសំរាប់ទិញស្បែកជើង​មួយគូនៅឆ្នាំក្រោយ​ពេលអ្នកមានតំរូវការប្តូរស្បែកជើងថ្មី អ្នកប្រហែលជាមិនអាច​ទិញស្បែកជើងមួយគូ​បានទេប្រសិនជាមានអតិផរណាតំលៃស្បែកជើងកើតឡើង ព្រោះថានៅឆ្នាំក្រោយតំលៃវា​នឹងអាចកើនឡើងដល់ ១១ ដុល្លារ (អតិផរណា ១០ ភាគរយ)។ ផ្ទុយទៅវិញប្រសិនជាអ្នកទុកលុយ ១០ ដុល្លារនោះផ្ញើរនៅធនគារក្នុងអត្រាការប្រាក់ ១០ ភាគរយក្នុងមួយឆ្នាំ អ្នកនឹងមិនមានបញ្ហាអ្វីទាំងអស់​ក្នុងការទិញស្បែកជើងនោះ បើទោះបីជាមានអតិផរណាកើតឡើង ព្រោះអីវានឹងទូទាត់គ្នា​ដោយការប្រាក់ដែលអ្នកទទួលបាន។ ជាទូទៅធនាគារកណ្តាលរបស់ប្រទេស​មួយគឺជាអ្នកកំណត់គោលនយោបាយ​អត្រាការប្រាក់ដោយផ្អែកលើ​កំរិតអតិផរណា។ ដូច្នេះយើងគួរដាក់លុយក្នុងធនាគារ​វាប្រសើរជាទុកលុយរបស់យើងនៅនឹងខ្លួន​ដែលវាអាចធ្វើអោយតំលៃលុយ​របស់យើងបាត់បង់។
ប្រសិនបើយើងក្រឡេកមើលលើអត្ថប្រយោជន៍​សំរាប់អ្នកខ្ចីវិញគឺ​គេអាចសំរេចនូវគោលបំណង រឺក៏តំរូវការរបស់គេតាមរយះ​ប្រាក់កម្ចីដែលទទួលបាន​ពីធនាគារ។ សំរាប់សហគ្រិន រឺអ្នកប្រកបអាជីវកម្ម ប្រាក់កម្ចីធនាគារគឺពិតជាមានសារះ​សំខាន់ណាស់សំរាប់អាជីវកម្មរបស់គេ ពីព្រោះថានៅពេលដែលគេចង់ចាប់ផ្តើម រឺពង្រីកអាជីវកម្មគេត្រូវការ​ធនធានហិរញ្ញវត្ថុ​សំរាប់ធ្វើអោយផែនការនោះអាចសំរេចទៅបាន។ ជាមួយនឹងប្រាក់កម្ចីពីធនាគារ​គេនឹងអាចមានឧិកាសពង្រីកនូវផលិតកម្ម​របស់អាជីវកម្មគេសំរាប់​បង្កើនប្រាក់ចំណេញ បើទោះបីជាគេត្រូវដោះដូរជាមួយនឹងបង់ការប្រាក់ខ្លះក៏ដោយ។ សំរាប់បុគ្គល និងគ្រួសារទូទៅប្រាក់កម្ចី​អាចអនុញ្ញាតិអោយពួកគេរស់នៅ​ទៅតាមតំរូវការជីវភាពមួយសមរម្យ។ ឧទហរណ៍គេអាចខ្ចីលុយដើម្បីទិញ​អចលនទ្រព្យដូចជាផ្ទះ រឺយានយន្តបាន បើទោះបីជាពួកគេមិនមានធនធានហិរញ្ញវត្ថុ​គ្រប់គ្រាន់នាពេលបច្ចុប្បន្នក៏ដោយ។
បច្ចុប្បន្នវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា​កំពុងតែប្រែមុខមាត់យ៉ាងខ្លាំង។ ចាប់តាំងពីឆ្នាំ ២០០៣ មកមានធនាគារពាណិជ្ជកម្មថ្មីៗមិនតិចជាង ១០ ទេដែលបានបើកដំណើរការនៅកម្ពុជា។ លើសពីនេះទៅទៀតធនាគារពាណិជ្ជទាំងនោះបាន​កំពុងប្រឹងប្រែងអភិវឌ្ឍន៍នូវសេវាកម្ម​របស់ខ្លួនដូចជាការផ្តល់កម្ចីផ្នែកអាជីវកម្ម កម្ចីលក្ខណះគ្រួសារ និងសេវាកម្មប្រាក់បញ្ញើរជាដើម។ បើយោងតាមរបាយការណ៍​របស់ធនាគារជាតិនៃកម្ពុជា (NBC) ប្រាក់កម្ចីដែលធនាគារនៅកម្ពុជា​បានផ្តល់ជូនអតិថិជនគឺមានរហូតដល់ ១.៣០៣ លានដុល្លារអាមេរិក​ក្នុងឆ្នាំ ២០០៧ ដែលកាលពីឆ្នាំ ២០០៣ គឺមានចំនួនតែ ៣៦០ លានដុល្លារអាមេរិកតែប៉ុណ្ណោះ។
វាពិតជាដល់ពេលហើយដែលប្រជាជនកម្ពុជា​គួរមានទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុ និងធនាគារ ពីព្រោះថាទំនុកចិត្ត និងការគាំទ្ររបស់​យើងទាំងអស់គ្នានឹងជួយអោយ​សេដ្ឋកិច្ចកម្ពុជា​មានភាពរីកចំរើនថែមមួយកំរិតទៀត។ លើសពីនេះទៅទៀតបច្ចុប្បន្ន​រាជរដ្ឋាភិបាលក៏ដូចជាដៃគូអភិវឌ្ឍន៍បានកសាងប្រព័ន្ធច្បាប់ និងនិតិបញ្ញាតិផ្សេងៗដើម្បីបង្ករជាយន្តការ​សំរាប់ភាពប្រព្រឹត្តទៅបានប្រសើរ​នូវវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា។

Advertisements

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: