សហភាពអឺរ៉ុបប្រកាសផ្តល់ប្រាក់២លានអឺរ៉ូដល់សាលាក្តីខ្មែរក្រហម

សហភាពអឺរ៉ុបប្រកាសផ្តល់ប្រាក់ចំនួន ២លានអឺរ៉ូដែលស្មើនឹងទឹកប្រាក់ ៣លានដុល្លារអាមេរិក ដល់សាលាក្តីខ្មែរក្រហម សម្រាប់បំពេញកង្វះខាតថវិកា ដែលជាចំណែករបស់ភាគីកម្ពុជា។
លោក រ៉ាហ្វាអ៊េល ដូឆាវ (Rafael Dochao) ភារធារីសម្រាប់គណៈប្រតិភូសហភាពអឺរ៉ុប បានប្រាប់ក្រុមអ្នកកាសែត នៅថ្ងៃពុធម្សិលមិញថា សហភាពអឺរ៉ុបនៅតែបន្តការគាំទ្រយ៉ាងពេញទំហឹង ចំពោះតុលាការខ្មែរក្រហម ហើយថា ប្រាក់ ២លានអឺរ៉ូនេះគឺជាផ្នែកមួយ នៃកញ្ចប់ទឹកប្រាក់ សរុបចំនួន ៧លាន៧សែនអឺរ៉ូ ដែលសហភាពអឺរ៉ុប បានសន្យាជួយក្នុងគម្រោងកំណែទម្រង់ប្រព័ន្ធច្បាប់ និងអភិបាលកិច្ចល្អនៅក្នុងប្រទេសកម្ពុជា។
សូមរំឭកជូនថា កាលពីឆ្នាំ ២០០៧ សហភាពអឺរ៉ុបបានផ្តល់ប្រាក់ ១លានអឺរ៉ូសម្រាប់ប្រាក់ខែរបស់ចៅក្រម ព្រះរាជអាជ្ញានិងបុគ្គលិកខ្មែរ បន្ទាប់ពីប្រទេសផ្តល់អំណោយមួយចំនួន មានការស្ទាក់ស្ទើរ ក្នុងការផ្តល់ប្រាក់ឲ្យរាជរដ្ឋាភិបាលខ្មែរ ក្រោយពេលដែលមានសេចក្តីរាយការណ៍ថា មានអំពើពុករលួយនិងការជ្រៀតជ្រែកនយោបាយពីអ្នកដឹកនាំ។
គួរបញ្ជាក់ដែរថា សាលាដំបូងនៃសាលាក្តីខ្មែរក្រហម ថ្មីៗនេះទើបតែបានបញ្ចប់ការជំនុំជម្រះ សំណុំរឿង ០០១ នៃជនជាប់ចោទ កាំង ហ្កេចអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែងនៃរបបខ្មែរក្រហម ហើយត្រូវគេរំពឹងថា នឹងចេញសាលក្រមនៅពេលឆាប់ៗខាងមុខនេះ៕

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: