ប្រវត្តិនៃការបង្កើតធនាគារជាតិនៃកម្ពុជា

ប្រទេសកម្ពុជាស្ថិតនៅក្រោម អាណាព្យាបាលបារាំងប្រមាណ ៩០ឆ្នាំ ចាប់ពីឆ្នាំ១៨៦៣ ដល់ ឆ្នាំ១៩៥៣ ។ អំណាចនយោបាយ អំណាចយោធា អំណាចរដ្ឋបាល និងអំណាចសេដ្ឋកិច្ច របស់កម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រង របស់បារាំងដូចគ្នានឹងប្រទេសវៀត- ណាម និងឡាវដែរ ។ ក្នុងរយៈពេល នោះ ប្រទេសកម្ពុជាធ្លាប់បានប្រើប្រាស់ រូបិយវត្ថុរួមជាមួយប្រទេសវៀតណាម និងឡាវ ដែលបោះពុម្ពដោយធនាគារ ឥណ្ឌូចិន និងក្រោយមកដោយវិទ្យាស្ថានបោះប្រាក់ឥណ្ឌូចិន ។
នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ប្រទេសកម្ពុជាបានទទួលឯករាជ្យពី អាណានិគមបារាំង ។ តាមរយៈនេះ បារាំងបានប្រគល់អំណាចមកឱ្យកម្ពុជា វិញជាបន្តបន្ទាប់ ក្នុងនោះរួមមានទាំង ឯករាជ្យភាពខាងផ្នែករូបិយវត្ថុផង ដែរ។ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៥៤ ធនាគារជាតិនៃកម្ពុជា ត្រូវបានបង្កើត ឡើងតាមព្រះរាជក្រមលេ ខ៩២២ន.ស របស់ព្រះមហាក្សត្រក្រោមរូបភាពជា ក្រុមហ៊ុនចម្រុះ ។ ចាប់ពីពេលនោះមក ធនាគារជាតិនៃកម្ពុជាបានបោះផ្សាយ ប្រាក់រៀលសម្រាប់ធ្វើចរាចរដោយខ្លួនឯង ។
នៅឆ្នាំ១៩៦៣ រដ្ឋបានធ្វើការ កែទម្រង់ជាស្ថាប័នសាធារណៈ ដែលមានលក្ខណៈឧស្សាហកម្មនិងពាណិជ្ជកម្ម ចំណែកឯធនាគារឯកជនជាតិ និង បរទេសត្រូវបានបិទទ្វារ ។ រដ្ឋក៏បាន បង្កើតធនាគារដែលគ្រប់គ្រងដោយរដ្ឋ មួយចំនួនដូចជា ធនាគារឥណទានជាតិ និងធនាគារខ្មែរសម្រាប់ពាណិជ្ជកម្ម ។ ចាប់ពីចុង ឆ្នាំ១៩៧០ រហូតដល់ខែមេសា ឆ្នាំ១៩៧៥ រដ្ឋបានធ្វើសេរីភាវូបនីយកម្ម ជាថ្មីទៅលើប្រព័ន្ធធនាគារ ដោយអនុញ្ញាតឱ្យធនាគារឯកជនធ្វើសកម្មភាពទន្ទឹមគ្នានឹងធនាគាររដ្ឋ ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបប្រល័យពូជសាសន៍ ប៉ុល ពត បានចូលមកដល់ ។ ក្នុងរបបដ៏ឃោរឃៅ យង់ឃ្នងនេះ ពួកខ្មែរក្រហមមិនត្រឹមតែ កាប់សម្លាប់ប្រជាជនស្លូតត្រង់ចោលទេ ថែមទាំងបានបំផ្លាញរចនាសម្ព័ន្ធសេដ្ឋកិច្ចនិងសង្គម ដូចជាសាលារៀន មន្ទីរ ពេទ្យ ការិយាល័យរដ្ឋបាល អគារ ពាណិជ្ជកម្ម និងវត្តអារាមចោល និង បានប្រែក្លាយប្រទេសកម្ពុជាទៅជាសង្គម ទាសភាពបុព្វកាល ។ ធនាគារជាតិនៃកម្ពុជា ត្រូវបានបិទទ្វារ ប្រព័ន្ធរូបិយវត្ថុ និងធនាគារទូទាំងប្រទេស ត្រូវបានលុបបំបាត់ចោលអគារធនាគារជាតិនៃកម្ពុជា ត្រូវបានកម្ទេចរូបិយវត្ថុជាតិត្រូវបាន ឈប់ប្រើប្រាស់និងលុបបំបាត់ទីផ្សារ មិនឱ្យដំណើរការ ព្រោះគេយល់ថា លុយជាប្រភពនៃការជិះជាន់និងកេងប្រវ័ញ្ច ។

ការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញនៅ ឆ្នាំ១៩៧៩
ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាទិវាមហាជ័យជម្នះជាប្រវត្តិសាស្ត្រ និង ជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជា ដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះ ជាតិកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេច អគ្គមហាពញ្ញាចក្រី ហេង សំរិន និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន- សែន បានរំដោះប្រជាជន និងសង្គ្រោះ ប្រទេសជាតិមាតុភូមិ និងអ្វីៗទាំងអស់ ចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត ។ ក្រោយថ្ងៃរំដោះរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា បានបំពេញតួនាទី ជាអ្នកការពារអាយុជីវិតប្រជាជនផង ការពារការវិលត្រឡប់នៃរបបកម្ពុជា ប្រជាធិបតេយ្យផង ការពារទឹកដីផង ដោះស្រាយគ្រោះទុរ្ភិក្សជូនប្រជាជន ទូទាំងប្រទេសផង និងបង្កលក្ខណៈឱ្យ ប្រជាជនវិលត្រឡប់ទៅជួបជុំគ្រួសារ ញាតិមិត្ត និងវិលទៅស្រុកកំណើតផង ជាពិសេសបានរៀបចំកសាងរដ្ឋអំណាច ប្រជាជនគ្រប់ផ្នែក និងគ្រប់ថ្នាក់ ដើម្បីគ្រប់គ្រងទឹកដី ។ ពេលនោះសាធារណរដ្ឋប្រជាមានិតកម្ពុជា ក៏បានចាប់បដិសន្ធិឡើង ហើយភារកិច្ចចម្បងរបស់រដ្ឋអំណាចពេលនោះ គឺការការពារនិង កសាងមាតុភូមិកម្ពុជាឡើងវិញលើគ្រប់វិស័យ ដើម្បីបង្កលក្ខណៈឱ្យប្រជាជន រស់នៅក្នុងសុខសន្តិភាពនិងការអភិវឌ្ឍន៍។
នៅថ្ងៃទី១០ខែតុលាឆ្នាំ១៩៧៩ ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា បាន បង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ ជាធនាគារកណ្តាលរបស់ប្រទេស តាម អនុក្រឹត្យលេខ១១២១ អ.ន.ក្រ មាន ឈ្មោះហៅថា”ធនាគារជាតិនៃប្រជាជន កម្ពុជា” ។ បន្ទាប់មកនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០ រូបិយវត្ថុជាតិ(ប្រាក់រៀល) ថ្មី ត្រូវបានបោះផ្សាយ និងដាក់ឱ្យធ្វើ ចរាចរណ៍ឡើងវិញផងដែរ ដើម្បីជា មធ្យោបាយសម្រួលដល់ការដោះដូរទំនិញ ការទូទាត់ពាណិជ្ជកម្ម និងធ្វើជាឧបករណ៍សន្សំរបស់ប្រជាជន ។ ការ បោះប្រាក់រៀលឱ្យចរាចរណ៍ជាថ្មីឡើង វិញនេះ ត្រូវបានប្រជាជនទូទាំងប្រទេស អបអរសាទរ និងស្វាគមន៍យ៉ាងខ្លាំង ។ នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ យ៉ាងសំខាន់ក្រោយថ្ងៃមហាជ័យជម្នះ ៧មករា ។
ការបង្កើតធនាគារកណ្តាល របស់ប្រទេស និងការបោះពុម្ពរូបិយវត្ថុ ជាតិដាក់ឱ្យចរាចរណ៍ឡើងវិញនេះ គឺ ជាផ្នែកមួយនៃការកសាងអធិបតេយ្យភាព និងអំណាចខាងសេដ្ឋកិច្ចរបស់រដ្ឋព្រោះថា លុយ(រូបិយវត្ថុ)តំណាងឱ្យ អំណាចរបស់រដ្ឋផ្នែកសេដ្ឋកិច្ច និងអធិបតេយ្យភាពជាតិ ។ មានតែរដ្ឋទេ ទើបមានសិទ្ធិបោះពុម្ពលុយ ។ រដ្ឋាភិបាល តាមរយៈធនាគារជាតិនៃប្រជាជនកម្ពុជា ពេលនោះ បានបោះពុម្ពប្រាក់រៀល និង បានដាក់ឱ្យចរាចរណ៍ ហើយតាមរយៈ នេះប្រព័ន្ធថវិការដ្ឋនិងប្រព័ន្ធធនាគាររដ្ឋក៏ត្រូវបានបង្កើតឱ្យមានឡើងវិញដែរ ។ ប្រព័ន្ធធនាគារថ្មីដែលមាន បណ្តាញសាខាស្ទើរគ្រប់ខេត្ត-ក្រុងក្នុង ទូទាំងប្រទេស បានរួមចំណែកជួយ ជំរុញឱ្យសកម្មភាពសេដ្ឋកិច្ចជាតិរស់ ឡើងវិញ តាមរយៈការផ្តល់ឥណទាន ដើម្បីស្តារសកម្មភាពសេដ្ឋកិច្ចដូចជា ការស្តារដី កសិកម្ម ការដាំដុះ សិប្បកម្ម សកម្មភាពនេសាទ អាជីវកម្មដំណាំ កៅស៊ូ និងឈើជាដើម ៘
នៅឆ្នាំ១៩៨៩ រដ្ឋាភិបាលបាន ធ្វើកំណែទម្រង់សេដ្ឋកិច្ចពីរបបសេដ្ឋកិច្ច ផែនការប្រមូលផ្តុំ ទៅជារបបសេដ្ឋកិច្ច ទីផ្សារសេរី ។ នៅក្នុងអំឡុងពេលនោះ ប្រព័ន្ធធនាគារដ៏ត្រូវបានចាប់ផ្តើមធ្វើ កំណែទម្រង់ផងដែរ ។ ធនាគារខេត្ត-ក្រុង បានប្តូរឈ្មោះទៅជាធនាគារ ឯកទេសខេត្ត-ក្រុង ធ្វើសកម្មភាពតាម របបស្វ័យភិបាលសេដ្ឋកិច្ចនៅក្នុងដែនដី របស់ខ្លួន ។ ច្បាប់ស្តីពីគ្រឹះស្ថានរូបិយវត្ថុ ឆ្នាំ១៩៩២ បានប្តូរឈ្មោះធនាគារជាតិ នៃប្រជាជនកម្ពុជា ទៅជាធនាគារនៃ កម្ពុជា រហូតដល់សព្វថ្ងៃ និងបានបើក ទូលាយអាជីវកម្មលើវិស័យធនាគារ ដោយបង្កើតឡើងនូវធនាគារពាណិជ្ជ ទាំងឡាយក្រោមច្បាប់ក្នុងស្រុក ឬក្រោម ទម្រង់ជាសាខាធនាគារបរទេស ។ ប្រការនេះតម្រូវឱ្យធនាគារជាតិនៃ កម្ពុជា ត្រូវពង្រឹងតួនាទីជាធនាគារ កណ្តាល បង្កើនសមត្ថភាពគ្រប់គ្រង ចេញបទបញ្ជានិងត្រួតពិនិត្យបណ្តា ធនាគារពាណិជ្ជទាំងនោះ ។
នៅថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃធនាគារជាតិនៃកម្ពុជាត្រូវបានអនុម័ត ដោយរដ្ឋសភា ដើម្បីពង្រឹងប្រសិទ្ធភាព ប្រតិបត្តិការ និងពង្រឹងតួនាទីរបស់ ធនាគារជាតិនៃកម្ពុជាក្នុងការដឹកនាំ នយោបាយរូបិយវត្ថុ ។ ច្បាប់នេះបាន កំណត់ទីតាំង និងតួនាទីធនាគារជាតិនៃ កម្ពុជាជាធនាគារកណ្តាលនៃប្រទេស និងជាអាជ្ញាធរអាណាព្យាបាលលើ ប្រព័ន្ធធនាគារទាំងមូល ហើយមាន បេសកកម្មចម្បងគឺកំណត់និងដឹកនាំ នយោបាយរូបិយវត្ថុក្នុងគោលដៅរក្សា ស្ថិរភាពថ្លៃដើម្បីគាំទ្រស្ថិរភាពម៉ាក្រូ- សេដ្ឋកិច្ច និងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ។

ការធ្វើកំណែទម្រង់ប្រព័ន្ធ ធនាគារ
នៅថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ ១៩៩៩ ច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុត្រូវបានអនុម័តដើម្បីគ្រប់គ្រង ប្រតិបត្តិការធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ។ បន្ទាប់មកប្រព័ន្ធ ធនាគារនៅកម្ពុជាក៏ត្រូវបានធ្វើកំណែ ទម្រង់ដើម្បីពង្រឹងប្រសិទ្ធភាពនៃប្រតិបត្តិការ និងសុខភាពប្រព័ន្ធធនាគារ ទាំងមូល ។ ធនាគារជាតិនៃកម្ពុជាបាន តម្រូវឱ្យធនាគារពាណិជ្ជទាំងអស់ដាក់ ពាក្យសុំអាជ្ញាប័ណ្ណឡើងវិញ និងដំឡើង ដើមទុនអប្បបរមាសាជាថ្មីឡើងវិញឱ្យ ស្របតាមបទប្បញ្ញត្តិនៃច្បាប់ ។
នៅឆ្នាំ២០០១ ដើម្បីបន្តពង្រឹង និងអភិវឌ្ឍន៍វិស័យធនាគារនៅកម្ពុជា ឱ្យប្រព្រឹត្តទៅប្រកបដោយសុខភាពល្អ និងមានប្រសិទ្ធភាពថែមទៀត រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តយកចក្ខុវិស័យ និងផែនការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០០១-២០១០ ធ្វើជាមាគ៌ាសម្រាប់ អភិវឌ្ឍន៍ប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជាឱ្យ បានគ្រប់ផ្នែក និងគ្រប់ជ្រុងជ្រោយ ។ បច្ចុប្បន្នផែនការនេះត្រូវបានរាជរដ្ឋាភិបាល ធ្វើបច្ចុប្បន្នកម្មឱ្យទៅជាយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០០៦-២០១៥ ។

វិស័យមីក្រូហិរញ្ញវត្ថុ
នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០០៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសយក ឆ្នាំ២០០៦ ជាឆ្នាំមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ។ វិស័យ មីក្រូហិរញ្ញវត្ថុត្រូវបានមជ្ឈដ្ឋានក្នុង និងក្រៅប្រទេសទទួលស្គាល់ថាជា វិស័យគន្លឹះមួយក្នុងការរួមចំណែក លើកកម្ពស់ជីវភាព និងកាត់បន្ថយភាព ក្រីក្ររបស់ប្រជាជនកម្ពុជា ។ បច្ចុប្បន្ន វិស័យនេះមានភាពរឹងមាំ ទាំងផ្នែក ស្ថានភាពហិរញ្ញវត្ថុ ទាំងរចនាសម្ព័ន្ធ និងបានពង្រីកប្រតិបត្តិការរបស់ខ្លួន គ្រប់ទីកន្លែងទាំងនៅទីក្រុងនិងជនបទ។ ភាពជឿនលឿននេះបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋកម្ពុជាមានជំនឿទុកចិត្ត និង យល់ដឹង ពីសារសំខាន់នៃសេវាមីក្រូហិរញ្ញវត្ថុ និងវប្បធម៌ឥណទានកាន់តែ ប្រសើរឡើង ។

ប្រព័ន្ធធនាគារនៅកម្ពុជា បច្ចុប្បន្ន
ប្រព័ន្ធធនាគារនៅកម្ពុជា បច្ចុប្បន្នរួមមាន ធនាគារជាតិនៃកម្ពុជា ដែលមានបណ្តាញសាខារបស់ខ្លួន ទូទាំងប្រទេស ជាអាជ្ញាធរអាណាព្យាបាលលើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលក្នុងនោះមាន ធនាគារពាណិជ្ជ ចំនួន២៦ (ធនាគារក្នុងស្រុកចំនួន២១ និងសាខាធនាគារបរទេសចំនួន៥) ធនាគារឯកទេសចំនួន៦ ការិយាល័យ តំណាងធនាគារបរទេសចំនួន២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណ ចំនួន១៨ និងមានតូបប្តូរប្រាក់យ៉ាង ច្រើនដែលកំពុងប្រកបអាជីវកម្មប្តូរប្រាក់ លក់មាស ត្បូងថ្ម និងលោហធាតុមាន តម្លៃនៅទូទាំងរាជធានី និងតាមបណ្តា ខេត្ត-ក្រុងនៃប្រទេសកម្ពុជា ។ ក្រៅពីនោះ នៅមានអង្គការក្រៅរដ្ឋាភិបាល ចំនួន២៦ បានចុះបញ្ជីនៅធនាគារជាតិ នៃកម្ពុជា និងចំនួនជាង៦០ទៀតមិនទាន់ បានចុះបញ្ជី ដែលអង្គការទាំងនោះ កំពុងធ្វើ ប្រតិបត្តិការផ្តល់ឥណទានជូន ប្រជាជននៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា ។

កិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងតំបន់ និងពិភពលោក
ចាប់ពី ឆ្នាំ១៩៧៩ មកដល់ បច្ចុប្បន្ននេះ ធនាគារជាតិនៃកម្ពុជាបាន ធ្វើកិច្ចសហប្រតិបត្តិការជាមួយធនាគារ កណ្តាលនៃប្រទេសជាមិត្តដូចជា ធនាគារកណ្តាលវៀតណាម ធនាគារកណ្តាលថៃ ធនាគារកណ្តាលបារាំង ធនាគារកណ្តាលចិន ធនាគារកណ្តាល លុចហ្សំបួរ ធនាគារកណ្តាលប៊ែលហ្ស៊ិក ធនាគារកណ្តាលអាល្លឺម៉ង់ ធនាគារ កណ្តាលកូរ៉េខាងត្បូង ធនាគារ កណ្តាលម៉ាឡេស៊ី និងធនាគារកណ្តាល ឡាវ ក្នុងគោលបំណងផ្លាស់ប្តូរបទ ពិសោធន៍ក្នុងការគ្រប់គ្រងធនាគារ កណ្តាល ផ្លាស់ប្តូរមន្ត្រីជំនាញ និង បណ្តុះបណ្តាលធនធានមនុស្សរបស់ យើងឱ្យកាន់តែមានគុណវុឌ្ឍិថែមទៀត ។
ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពហុភាគីក្នុងតំបន់និងពិភពលោក ធនាគារជាតិនៃកម្ពុជាបានធ្វើកិច្ច សហប្រតិបត្តិការជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារអភិវឌ្ឍន៍ អាស៊ី (ADB) ធនាគារពិភពលោក (WB) មជ្ឈមណ្ឌល SEACEN ក្រុមប្រទេស អាស៊ីប៉ាស៊ីហ្វិក ស្តីពីការប្រឆាំងការ សម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម (APG) ក្នុងគោលបំណងទទួលបាននូវ ការឧបត្ថម្ភគាំទ្រខាងផ្នែកបច្ចេកទេសនិង ការបណ្តុះបណ្តាលធនធានមនុស្សតាម រយៈការបញ្ជូនមន្ត្រីជំនាញ្ញោទៅចូលរួម សិក្ខាសាលានៅបរទេស និងផ្លាស់ប្តូរ បទពិសោធន៍ក្នុងការគ្រប់គ្រងនយោបាយរូបិយវត្ថុ និងការគ្រប់គ្រងធនាគារ កណ្តាលដើម្បីពង្រឹងប្រព័ន្ធធនាគារនៅ កម្ពុជាឱ្យមានសុខភាពល្អ មានសុវត្ថិភាព និងអាចធ្វើសមាហរណកម្មចូលទៅក្នុង ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុក្នុងតំបន់ និងពិភពលោក ។
សរុបមក ក្នុងរយៈពេល៣០ឆ្នាំ នេះ វិស័យធនាគារនៅកម្ពុជាមានការ រីកចម្រើនជាលំដាប់ ទាំងវិសាលភាព និងទំហំប្រតិបត្តិការ ។ ធនាគារជាតិនៃ កម្ពុជា បានរួមចំណែកពង្រឹងស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ចតាមរយៈការអនុវត្តន៍ នយោបាយរូបិយវត្ថុដោយប្រុងប្រយ័ត្ន។ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច អត្រា ប្តូរប្រាក់ និងតម្លៃប្រាក់រៀល ធៀបនឹង ប្រាក់ដុល្លារអាមេរិក មានស្ថិរភាព និង អត្រាអតិផរណាប្រែប្រួលក្នុងកម្រិត មួយអាចគ្រប់គ្រងបាន ។ ទុនបម្រុង អន្តរជាតិ គិតត្រឹមឆ្នាំ២០០៩នេះ បាន កើនឡើងជិត១០ដង ធៀបនឹងឆ្នាំ ១៩៩៧ ដែលមានត្រឹម ២៧៦លាន ដុល្លារអាមេរិកប៉ុណ្ណោះ ។
សមិទ្ធផលដែលធនាគារជាតិ នៃកម្ពុជា សម្រេចបានកន្លងមកនេះកើត ឡើងដោយសារតែមានការគាំទ្រពី រាជរដ្ឋាភិបាលកម្ពុជា និងមានការ កំណត់ផែនការ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធនាគារ និងហិរញ្ញវត្ថុ ច្បាស់លាស់និងទន់ភ្លន់ ស្របតាមស្ថាន ភាពប្រែប្រួលជាក់ស្តែង ។ ទន្ទឹមនេះ សមិទ្ធផលនៃការរីកចម្រើនទាំងនេះ ក៏ មិនអាចកាត់ផ្តាច់បានពីការខិតខំប្រឹង ប្រែងបំពេញការងារប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់របស់មន្ត្រី បុគ្គលិកធនាគារជាតិនៃកម្ពុជា និងការ ចូលរួមសហការល្អពីក្រសួងស្ថាប័ន និង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗ ទៀតបានឡើយ ។
ជាទិសដៅរយៈពេលខ្លី និង មធ្យម ក្នុងនាមជាអាជ្ញាធររូបិយវត្ថុជាតិ ធនាគារជាតិនៃកម្ពុជានឹងខិតខំបន្ត អនុវត្តនយោបាយរូបិយវត្ថុដោយប្រុងប្រយ័ត្ន ដើម្បីរក្សាស្ថិរភាពថ្លៃ រក្សាស្ថិរភាពអត្រាប្តូរប្រាក់ និងគ្រប់គ្រងអត្រា អតិផរណាឱ្យប្រែប្រួលក្នុងកម្រិតមួយ អាចគ្រប់គ្រងបាន ហើយទិសដៅរយៈ ពេលវែង គឺត្រូវបន្តពង្រឹងប្រព័ន្ធធនាគារឱ្យកាន់តែរឹងមាំមានសុខភាពល្អ និងមានប្រសិទ្ធភាព ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុឆ្នាំ ២០០៦-២០១៥ របស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ឆ្ពោះទៅរកការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព ៕

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: