ADB ផ្តល់កម្ចីឥណទានសរុប1,001,14លានដុល្លារ

ភ្នំពេញ ៖ រយៈពេល ១៧ឆ្នាំ គិតចាប់ពីឆ្នាំ ១៩៩២ រហូតដល់ខែធ្នូ ឆ្នាំ ២០០៨កន្លងទៅនេះ កម្ពុជាបានទទួលហិរញ្ញប្បទានសរុបចំនួន១.០០១,១៤ លានដុល្លារសហរដ្ឋអាមេរិក ហើយ សម្រាប់ ៤៦ កម្ចី ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។ ទឹកប្រាក់ទាំងនោះ ត្រូវបានរាជរដ្ឋាភិបាល ដើម្បីធ្វើការអភិវឌ្ឍន៍ប្រទេសកម្ពុជា ។
អ្នកនាំពាក្យនៃធនាគារអភិវឌ្ឍន៍អាស៊ី លោក គឹម ចន្ថា បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន “ដើមអម្ពិល” ឲ្យដឹងកាលពីថ្ងៃទី ០៧ខែធ្នូ ឆ្នាំ ២០០៩ នេះថា “កម្ពុជាបានទទួលកម្ចីឥណទានសរុប ១.០០១,១៤ លានដុល្លារសម្រាប់ ៤៦ កម្ចី ពីធនាគារអភិវឌ្ឍន៍អាស៊ីចាប់ពីឆ្នាំ ១៩៩២មក” ។ រហូតមកដល់ពេលនេះ ADB មានតួនាទីជាអ្នកជ្រោមជ្រែងលើគម្រោងអភិវឌ្ឍន៍ មហាអនុតំបន់ ទន្លេមេគង្គ ដោយទាញបាននូវហិរញ្ញប្បទាន ចំនួន១១ពាន់លានដុល្លារ ដើម្បីផ្ដោតលើកិច្ចអភិវឌ្ឍន៍ នៃប្រទេសទាំង ៦ ប៉ុន្តែ ទឹកប្រាក់ទាំងនោះ មិនមែន ADB ជាអ្នកផ្ដល់តែម្នាក់ឯង នោះទេ គឺមានចំនួនតែ៣,៨ លានដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែល ADB បានចូលរួម ក្រៅពីនោះគឺជាការរួមចំណែក ពីដៃគូរអភិវឌ្ឍន៍ផ្សេងទៀត ពីប្រទេសជាសមាជិករបស់ ADB ។ នៅក្នុងឆ្នាំ ២០០៨ ADB បានផ្ដល់ ១០០លានដុល្លារ និងឆ្នាំ ២០០៩ មាន ១២៦ លានដុល្លារ ជាជំនួយរបស់ ADB ក្នុងការវិនិយោគទៅលើគម្រោង និងរចនាសម្ព័ន្ធនានា នៅក្នុងប្រទេសមហាអនុតំបន់ ទន្លេមេគង្គ ។
យោងតាមរបាយការណ៍របស់ ADB ក៏បានបង្ហាញឲ្យដឹងដែរថា សម្រាប់គម្រោងចំនួន ៣៥ និងកម្មវិធីចំនួន ១១ ទឹកប្រាក់ ១១៧,១១ លានដុល្លារ សម្រាប់គម្រោងជំនួយឥតសំណង ADB ចំនួន ១០
( គម្រោងចំនួន៩ និងកម្មវិធីចំនួន ១ ) រីឯទឹកប្រាក់ចំនួន ៩៩,៣៨ លានដុល្លារ សហរដ្ឋអាមេរិក សម្រាប់គម្រោងជំនួយបច្ចេកទេសចំនួន ១៥១ ចាប់តាំងពីកម្ពុជា បានចូលជាសមាជិកធនាគារ អភិវឌ្ឍន៍អាស៊ីតាំងពីឆ្នាំ ១៩៦៦ ។ ប្រាក់ជំនួយភាគច្រើន បានផ្ដល់ឲ្យប្រទេសកម្ពុជា បន្ទាប់ពី ADB បានចាប់ផ្ដើមធ្វើប្រតិបត្តិការ សាជាថ្មីនៅកម្ពុជាក្នុងឆ្នាំ ១៩៩២មក ។
លោក ច័ន្ទ សុវេត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ នៃសមាគមអាដហុក បានប្រាប់មជ្ឈមណ្ឌល ព័ត៌មាន “ដើមអម្ពិល” ឲ្យដឹងដែរថា “សព្វថ្ងៃដោយសារតែកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះចាំបាច់ត្រូវតែមានកម្ចីឥណទាន និងការអភិវឌ្ឍន៍ វិស័យផ្សេងៗ ក្នុងប្រទេសឲ្យមានការរីកចម្រើន “។
លោកបន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាលមានកិច្ចខិតខំប្រឹងប្រែង ចំពោះសកម្មភាពនៃការប្រើប្រាស់ជំនួយ ADB មកលើកម្ពុជា ធ្វើយ៉ាងណាដើម្បីឲ្យកម្ចីឥណទាននោះយកមកប្រើប្រាស់ជាបន្ទាន់ សម្រាប់ជួយសង្គ្រោះ ប្រជាពលរដ្ឋក្រីក្រ តាមរយៈសេវាជួយឧបត្ថម្ភពីរដ្ឋាភិបាល ។ លោកក៏បានស្នើដល់រាជរដ្ឋាភិបាលឲ្យមានការប្រើប្រាស់នូវប្រាក់កម្ចីទាំងឡាយណា ដែលកម្ពុជាទទួលបាន ធ្វើយ៉ាងណាឲ្យមានតម្លាភាព និងការអភិវឌ្ឍន៍ឲ្យចំទិសដៅ ដោយមិនប្រកាន់ និន្នាការនយោបាយ ធ្វើបែបនេះ ដើម្បីឲ្យប្រជាពលរដ្ឋទូទៅទទួលបាននូវផលប្រយោជន៍រួម ហើយប្រទេសជាតិ ក៏មានការអភិវឌ្ឍន៍ទៅមុខ។
ជាមួយគ្នាផងដែរ លោក ហង្ស ជួនណារ៉ុងអគ្គលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងផងដែរថា “ប្រាក់កម្ចីឥណទានរបស់ ADB បានយកទៅកសាងនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលក្នុងនោះផ្ដោតលើការកសាងផ្លូវថ្នល់ និងវិស័យអប់រំជាដើម ។
លោក គឹម ចន្ថា បន្តទៀតថា ADB ធ្វើការនៅកម្ពុជា ផ្ដោតលើវិស័យកសិកម្ម និងធនធានធម្មជាតិ វិស័យអប់រំ ថាមពល ហិរញ្ញវត្ថុ សុខភាព អាហារូបត្ថម្ភ ច្បាប់ និង គោលនយោបាយ សាធារណៈ ការផ្គត់ផ្គងទឹកអនាម័យ និងជាវិសេសវិស័យដឹកជញ្ជូន ។ លោកបញ្ជាក់ទៀតថា ADB នៅមានគម្រោងចំនួន ៣ បន្តទៀត ដោយផ្ដោតលើផ្នែកសេដ្ឋកិច្ចសង្គម និងហេដ្ឋារចនាសម្ពន្ធសម្ព័ន្ធ ក្នុងនោះ ADB នឹងសហការជាមួយរាជរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដើម្បីស្ដារឡើងវិញ នូវផ្លូវជាតិលេខ ៥៦ ពីខេត្តបន្ទាយមានជ័យទៅស្រុកសំរោង ទីរួមខេត្តឧត្ដរមានជ័យ ក្នុងគម្រោង សាងសង់ច្រកទ្វាទៅអូរស្មាច់ ខេត្តឧត្តរមានជ័យផងដែរ ៕

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: