ចាប់ខ្លួនស្ត្រីមេតុងទីននៅផ្សារធំថ្មីបោកលុយជិត ១៤ ម៉ឺនដុល្លារ

ភ្នំពេញ: ប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលក្រុងភ្នំពេញបានចាប់ខ្លួនស្ត្រីមេតុងទីនម្នាក់ បញ្ជូនទៅតុលាការពីបទឆបោកប្រាក់ ដែលបានប្រមូលលុយជិត ១៤ ម៉ឺនដុល្លារ អាមេរិក ពីកូនតុងទីនចំនួន ៣៦ នាក់ ហើយបានគេចខ្លួនបាត់តាំងពីឆ្នាំដើមឆ្នាំ២០០៩ ។
ប៉ូលិសបានចាប់ខ្លួនស្ត្រីមេតុងទីនឈ្មោះ ប្រាជ្ញ ម៉ាលី អាយុ ៤៥ ឆ្នាំ ស្នាក់នៅផ្ទះលេខ១៨ អាអឺ០ ផ្លូវលេខ១៤៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ កាលពីថ្ងៃទី០៧ ខែធ្នូ តាមពាក្យបណ្តឹងរបស់កូនតុងទីន ចំនួន ៣៦ នាក់ តំណាងដោយឈ្មោះ ដួង វណ្ណឌី ភេទស្រី អាយុ ៤២ ឆ្នាំ ដែលប្តឹងចោទថា ស្ត្រីមេតុងទីនរូបនោះបានប្រមូលលុយពីពួកគេចំនួន ១៣៧.៥០០ ដុល្លារអាមេរិក ហើយគេចខ្លួនបាត់ ។
ប្រភពប៉ូលិសបានឱ្យដឹងថា នៅអំឡុងខែកុម្ភៈ ឆ្នាំ២០០៨ ស្ត្រីមេតុងទីន ប្រាជ្ញ ម៉ាលី បានប្រមូលប្រាក់តុងទីនក្នុងមួយក្បាល ៥០០ ដុល្លារអាមេរិក ពីកូនតុងទីនចំនួន ៣៦ នាក់ ហើយដេញក្នុងមួយខែម្តង ។ ការលេងតុងទីនតាំងពីខែមិនា ដល់ខែកញ្ញា ឆ្នាំ២០០៨ មិនដែលមានបញ្ហាទេ ។ លុះចាប់តាំងខែតុលា ឆ្នាំ២០០៨ ស្រាប់តែមេតុងទីនរូបនោះមិនបានប្រគល់លុយឱ្យកូនតុងទីនដែលដេញបាននោះទេ ហើយកូនតុងដែលមិនទាន់ បានដេញមានរហូតដល់ ២៥ នាក់ ដែលសរុបទឹកប្រាក់ជិត ១៤ ម៉ឺនដុល្លារអាមេរិក ។
ក្រោយមកស្ត្រីមេតុងទីន រូបនោះសុំធ្វើកិច្ចសន្យាជំពាក់ប្រាក់កូនតុងទីនទាំង២៥ នាក់ ដែលមិនទាន់បានដេញនោះ ចំនួន ១៣៧.៥០០ ដុល្លារអាមេរិក ហើយតាំងពីធ្វើកិច្ចសន្យាជំពាក់មកស្ត្រីមេតុងទីនរូបនោះ បានគេចខ្លួនបាត់រហូត ។
នៅចំពោះមុខសមត្ថកិច្ចប៉ូលិស ស្ត្រីមេតុងទីនរូបនោះបាននិយាយថា ខ្លួនពិតជាបានប្រមូលលុយពីកូនតុងទីនចំនួន ៣៦ នាក់ ទឹកប្រាក់ ៥០០ ដុល្លារអាមេរិកក្នុងមួយក្បាលមែន ។ ស្ត្រីមេតុងទីនរូបនោះ បានប្រាប់ប៉ូលិសទៀតថា មូលហេតុ ដែលរូបគាត់ពុំមានប្រាក់បង់ឱ្យកូនតុងទីនដែលដេញបាននោះ ដោយសារតែកូនតុងទីនដែលដេញងាប់ចំនួន ១១ នាក់ហើយនោះ ពុំមាន បង់ប្រាក់ ឱ្យគាត់ដែរ ដោយក្នុងម្នាក់ៗដេញបានលុយម្តងៗជិត ១ ម៉ឺនដុល្លារអាមេរិក ។
ស្ត្រីមេតុងទីនរូបនោះ បាននិយាយទៀតថា កន្លងមកគាត់បានបង់លុយជំនួសកូនតុងទីនដែលដេញងាប់ហើយ ទៅឱ្យកូនតុងទីនផ្សេងទៀតជាបន្តបន្ទាប់ ប៉ុន្តែកូនតុងទីនដែលនៅសល់ចំនួន ២៥ នាក់នេះ គាត់ពុំមានលទ្ធភាពបង់ជំនួស អ្នកដែលដេញងាប់ហើយទៀតទេ ដូច្នេះហើយទើបសុខចិត្តធ្វើកិច្ចសន្យាជំពាក់ប្រាក់កូនតុងទាំង ២៥ នាក់ ចំនួនជិត ១៤ ម៉ឺនដុល្លារអាមេរិកនោះ ។
ក្រោយពីធ្វើការឃាត់ខ្លួនប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលក្រុងភ្នំពេញ បានបញ្ជូនស្ត្រីរូបនោះទៅតុលាការក្រុងភ្នំពេញនៅល្ងាចថ្ងៃទី៨ ខែធ្នូ ពីបទឆបោកប្រាក់ជិត ១៤ ម៉ឺនដុល្លារអាមេរិក ៕

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: