IMF៖ ប្រព័ន្ធធនាគារខ្មែរខ្សោយ

អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ថា ប្រទេសកម្ពុជា​ត្រូវពង្រឹងប្រព័ន្ធធនាគារ​ឲ្យបានល្អ ហើយប្រញាប់ជំរុញ​លើកស្ទួយតម្រូវការដើមទុន​អប្បបរិមាសម្រាប់​តម្កល់ទុកក្នុងធនាគារ។
ទីភ្នាក់ងារព័ត៌មាន DPA រាយការណ៍ពីថ្ងៃពុធដោយស្រង់ពី​របាយការណ៍របស់ IMF ចេញផ្សាយកាលពីថ្ងៃអង្គារនោះ គឺបន្ទាប់ពីទស្សនកិច្ចរបស់មន្ត្រី IMF មួយក្រុមកាលពីខែកញ្ញា។ របាយការណ៍លើកឡើងថា បញ្ហាស្មុគស្មាញជាប់ទាក់ទងនឹងប្រព័ន្ធធនាគារ​របស់ខ្មែរបានរីកកាន់តែធ្ងន់ធ្ងរ​ឡើងដោយសារវិបត្តិ​សេដ្ឋកិច្ចពិភពលោក។
ក្នុងចំណោមបញ្ហាទាំងនោះ រួមមានការមើល​ថែគ្រប់គ្រងមិនបានគ្រប់គ្រាន់​ពីសំណាក់អាជ្ញាធរ ការចាត់ចែងខ្សោយ ប្រថុយប្រថានពីធនាគារ​ក្នុងការវាយតម្លៃវត្ថុសម្រាប់តាង​បំណុលជំពាក់ ឬវត្ថុសម្រាប់បញ្ចាំ ហើយនិងឥណទានឲ្យខ្ចីកើនលើសលុបពេក។
ក្រុមមន្ត្រី IMF និយាយថា អាជ្ញាធរត្រូវតែបង្ខំអនុវត្តម៉ឹងម៉ាត់​នូវផែនការកែតម្រូវ និងជំរុញធនាគារឲ្យអនុវត្តតាម​តម្រូវការទុនអប្បរិមាថ្មី ឲ្យបានមុនចុងឆ្នាំ២០១០។ របាយការណ៍លើកឡើងទៀតថា ធនាគារកណ្តាលគប្បី​ជ្រើសរើសបុគ្គលិកបន្ថែមទៀត​ដើម្បីធានាថា អាចតាមដានយ៉ាងត្រឹមត្រូវ​នូវធនាគារក្នុងកម្ពុជា៕

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: