កិច្ចប្រជុំប្រចាំសប្តាហ៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ ថ្ងៃច័ន្ទ ទី ១៤ ខែធ្នូ ឆ្នាំ ២០០៩

នៅព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០០៩ វេលាម៉ោង ៨ និង ៣០ នាទី មានរៀប ចំកិច្ចប្រចាំសប្តាហ៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ។ មានវត្តមានក្នុងកិច្ចប្រជុំនោះដែរ មានឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ព្រមទាំងមន្រ្តីរាជការក្រសួង ចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋានឡើងទៅប្រមាណ ១០០ នាក់។
កិច្ចប្រជុំបានប្រព្រឹត្តទៅតាមរបៀបវារៈ​ដែលបានគ្រោងទុកដូចខាងក្រោម៖

១/ ស្តាប់របាយការណ៍របស់ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អគ្គនាយកបច្ចេកទេស ស្តីពីកម្មវិធី និងគោលការណ៍ណែនាំ​សម្រាប់រៀបចំឯកសារសន្និបាតបូកសរុបការងារឆ្នាំ ២០០៩ និងទិសដៅការងារឆ្នាំ ២០១០ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។ អនុគណៈកម្មការនីមួយៗ បានរៀបចំឯកសារ និងត្រៀមលក្ខណៈរួចរាល់សម្រាប់ដំណើរការសន្និបាត ។ អង្គប្រជុំបានសម្រេច៖
1.ប្រគល់ភារកិច្ចជូនគណៈកម្មការរៀបចំសន្និបាត ដើម្បីត្រៀមសមាសភាពគ្រប់ប្រភេទ​សម្រាប់ចូលរួមសន្និបាតដូចជាតំណាងមន្ទីរ នាយកដ្ឋានជំនាញ ទីប្រឹក្សា និងជំនួយការ របស់ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងអាជ្ញាធរមូលដ្នាន ភូមិ ឃុំ ឬស្រុកគោលដៅ តំណាងគណៈកម្មាធិការអភិវឌ្ឍន៍ភូមិចំនួន ៥ រូប ។
2.គ្រប់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត និងគ្រប់នាយកដ្ឋានជំនាញ ត្រូវត្រៀមបទអន្តរាគមន៍របស់ខ្លួន ។ គណៈអធិបតីអាចនឹង​សំណូមពរតំណាងមន្ទីរ ឬនាយកដ្ឋានជំនាញណាមួយ ឲ្យឡើងធ្វើបទបង្ហាញជូនអង្គសន្និបាតជាយថាហេតុ ។ 3.ប្រគល់ភារកិច្ចជូនឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ សម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីត្រៀមបទបង្ហាញអំពីការងារអនុវត្តគម្រោង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ។
4.ប្រគល់ភារកិច្ចជូនឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រៀបចំសេចក្តីព្រាងបទបញ្ជាផ្ទៃក្នុងរបស់សន្និបាត។
5.ប្រគល់ភារកិច្ចជូនលោក បាន សុម៉ារ៉ា ប្រធាននាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ ទទួលខុសត្រូវរៀបចំនិងផ្គត់ផ្អង់អាហារសម្រាប់អង្គសន្និបាត ។
២/ របាយការណ៍របស់ឯកឧត្តម សួស គង់ រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានរបស់គណៈកម្មការ​អន្តរក្រសួងដើម្បីសម្របសម្រួល រៀបចំ និងអនុវត្តគម្រោងអភិវឌ្ឍ​ការតាំងទីលំនៅរបស់ប្រជាពលរដ្ឋ នៅតាមបណ្តោយព្រំដែនទិសខាងលិច និងខាងជើង នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីវឌ្ឍនភាពនៃការងារអភិវឌ្ឍន៍ព្រំដែនទិសខាងលិច និងខាងជើង ។ គណៈកម្មការអន្តរក្រសួង បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី ដើម្បីបង្កើតភូមិចំនួន ៩ គឺភូមិតេជោមរកត ភូមិសែនតេជៈ ភូមិតេជោបុស្សស្បូវ ភូមិសែនជ័យ ភូមិសែនរុងរឿង ១ ភូមិសែនរុងរឿង ២ ភូមិសែនរុងរឿង ៣ ភូមិសែនរុងរឿង ៤ និងភូមិសែនរុងរឿង ៥ ។ មកទល់ពេលនេះ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សម្រេចបានសរុប ២% នៃផ្ទៃដីសរុប ដោយភូមិសែនជ័យ ពុំទាន់បានចាប់ផ្តើមនៅឡើយ ។ CMAC បានបញ្ចប់ការបណ្តុះបណ្តាលអ្នកដោះមីនសហគមន៍ចំនួន ៦៨ នាក់ និងបញ្ជូនទៅសហគមន៍របស់គេវិញហើយ ។ CMAC រកបានដៃគូដើម្បីជួយគាំទ្រហិរញ្ញវត្ថុដល់អ្នកដោះមីន​សហគមន៍ចំនួន ៣០ នាក់ ដែលទើបចេញពីមជ្ឈមណ្ឌលបណ្តុះបណ្តាល ដើម្បីចាប់ផ្តើមជួយក្នុងសកម្មភាពដោះមីន ។ អ្នកទទួលការសាងសង់សម្រេចចាក់ជើងតាងផ្ទះសម្រេចបាន ៨០% នៃផែនការ និងប្រមូលឈើសាងសង់បាន ៩% នៃផែនការ ។ លេខាធិការដ្ឋានគណៈកម្មការអន្តរក្រសួង បានរៀបចំ និងបានកំណត់ទីតាំងសម្រាប់សាងសង់បង្គោលឈ្មោះ ភូមិទាំង ៩ ។ អង្គប្រជុំបានសម្រេច៖
1.ប្រគល់ភារកិច្ចជូនលេខាធិការដ្ឋានគណៈកម្មការអន្តរក្រសួង សម្របសម្រួលជាមួយកងពលពាក់ព័ន្ធ ដើម្បីជំរុញពន្លឿនការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដោយប្រើប្រាស់អ្នកដោះមីនសហគមន៍ផង កម្លាំងកងទ័ពផង និងកម្លាំងរបស់ CMAC ផង ។
2.ប្រគល់ភារកិច្ចជូនក្រុមការងារបច្ចេកទេស កំណត់ចម្ងាយពីអ័ក្សផ្លូវ មកចញ្ចើមផ្លូវឲ្យបាន ១៥ ម៉ែត្រ មករបងដីឡូដ៏ឲ្យបាន ១០ ម៉ែត្រ និងមកដល់សរសរផ្ទះខាងមុខឲ្យបាន ១៥ ម៉ែត្រ ដើម្បីរៀបចំបោះបង្គោលដីឡូដ៏ ។
3.នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០០៩ នេះ ប្រតិភូរបស់គណៈកម្មការអន្តរក្រសួងមួយ មានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា នឹងចុះពិនិត្យ និងសិក្សាទីតាំងសាងសង់មណ្ឌលសុខភាព និងសាលារៀន នៅក្នុងភូមិបង្កើតថ្មី ។ ៣/ របាយការណ៍សង្ខេបរបស់លោក ម៉ា សុវណ្ណា ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ ស្តីពីកិច្ចប្រជុំផ្សេងៗ ដែលចូលរួមដោយមន្រ្តីរាជការរបស់ក្រសួង ។ នៅកំឡុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ ២០០៩ នាយកដ្ឋានបានទទួលរបាយការណ៍ស្តីពីលទ្ធផលប្រជុំ សិក្ខាសាលា និងការងារផ្សេងៗ សរុបចំនួន ១៨ ក្នុងនោះមាន
(១) របាយការណ៍ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តសវនកម្ម
(២) របាយការណ៍ស្តីពីកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញការអនុវត្តយុទ្ធនាការ ឃោសនាផ្សព្វផ្សាយទេសចរណ៍កម្ពុជា “កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ” និងចលនាប្រឡងប្រណាំង “ទីក្រុងស្អាតរមណីយដ្ឋាន សេវាល្អ”
(៣) របាយការណ៍ស្តីពី Theory & Practice of International Development (Poverty Reduction) for Asian Country នៅណានជីង ប្រទេសចិន
(៤) របាយការណ៍ស្តីពីសកម្មភាពឯកឧត្តម លី ប្រុស រដ្ឋលេខាធិការ
(៥) របាយការណ៍ស្តីពីសិក្ខាសាលា​វាយតម្លៃកម្មវិធីអភិវឌ្ឍន៍​សហគមន៍ចម្រុះ និងការជំរុញភូមិមួយ ផលិតផលមួយ សម្រាប់ប្រទេសតំបន់ទន្លេមេគង្គ
(៦) របាយការណ៍ស្តីពីសិក្ខាសាលា​ជាតិលើកទី ១ ស្តីពីគម្រោងយុទ្ធសាស្រ្តជាតិសម្រាប់សមាហរណកម្មតំបន់ឆ្នេរ និងប្លង់គោលខេត្តព្រះសីហនុ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
(៧) របាយការណ៍ស្តីពីកិច្ចប្រជុំ​អន្តរក្រសួងពិភាក្សាសេចក្តីព្រាង​ព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការជាតិ​ទទួលបន្ទុកសន្តិសុខលម្ហសមុទ្រ (៨) របាយការណ៍ស្តីពីបេសកកម្មសិក្សាពហុប្រទេសនៅជប៉ុន ស្តីពីការបង្កើតឧិកាសការងារ នៅតំបន់ជនបទនៃប្រទេសជប៉ុន
(៩) របាយការណ៍ស្តីពីការធ្វើ​បទបង្ហាញការងារអណត្តិចាស់ឆ្នាំ ២០០៧-២០០៩ និងគម្រោង​កិច្ចសហប្រតិបត្តិការអណត្តិថ្មី ដើម្បីសុំបន្តកិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការអាណត្តិថ្មី ឆ្នាំ ២០១០-២០១២
(១០) របាយការណ៍ស្តីពីកិច្ចប្រជុំរវាងគណៈកម្មាធិការ​ជាតិគ្រប់គ្រងការប្រែប្រួល​អាកាសធាតុ និងដៃគូអភិវឌ្ឍន៍ជប៉ុន
(១១) របាយការណ៍ស្តីពីសិក្ខាសាលាត្រីភាគី​ដើម្បីអនុម័តការងារសមរម្យ​សម្រាប់ប្រទេសកម្ពុជាឆ្នាំ ២០០៨-២០១០
(១២) របាយការណ៍ស្តីពីវគ្គបណ្តុះបណ្តាលស្តីពី Climate Change: Risk Management and Mitigation
(១៣) របាយការណ៍ស្តីពីកិច្ចប្រជុំទី ៧ របស់គណៈកម្មាធិការនាយកគម្រោងអភិវឌ្ឍន៍វិស័យអប់រំទី ២
(១៤) របាយការណ៍ស្តីពីការចូលរួមពិព៌រណ័ស្តីពីដំណើរឆ្លងកាត់ភាពងងឹត និងសន្និសីទផ្លាស់ប្តូរយោបល់ពីជំនាន់មួយ ទៅជំនាន់មួយ ស្តីពីការចងចាំសម្រាប់អនាគត
(១៥) របាយការណ៍ស្តីពីកិច្ចប្រជុំ​អន្តរក្រសួងពិភាក្សាលើសេចក្តីព្រាង​អនុក្រឹត្យស្តីពីនីតិវិធីនៃការវិនិយោគ​ដោយការដេញថ្លៃជាសាធារណៈ ឬការជួលតាមការព្រមព្រៀង និងការបង់ថ្លៃឈ្នួលនេសាទ (១៦) របាយការណ៍ស្តីពីកិច្ចប្រជុំអន្តរក្រសួង​ពិភាក្សាលើសេចក្តីព្រាងអនុសញ្ញាកុងស៊ុល រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន (១៧) របាយការណ៍ស្តីពីវគ្គបណ្ដុះបណ្ដាល​ស្ដីពីការងារពលកម្មសម្រាប់អនុវត្ត ឆ្នាំ ២០០៩ និង
(១៨) របាយការណ៍ស្តីពីការ​ចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាល​វិជ្ជាជីវៈនៅខេត្តស្វាយរៀង ។
៥/បញ្ហាផ្សេងៗ៖
1.របាយការណ៍ស្តីពីការបូកសរុបលទ្ធផលការងារឆ្នាំ ២០០៩ និងទិសដៅការងារឆ្នាំ ២០១០ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានរៀបចំរួច និងចុះហត្ថលេខាជាផ្លូវការ ដើម្បីផ្ញើជូន សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជូនក្រសួង-ស្ថាប័ន របស់រាជរដ្ឋាភិបាលកាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០០៩ ។
2.គណៈរដ្ឋមន្រ្តីបានអនុម័តសេចក្ដីព្រាងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០០៩ ។
3.មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ធ្វើការសម្របសម្រួលជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីរៀបចំពិធីបើកការដ្ឋាន និងពិធីប្រគល់ទទួល គ្រប់សមិទ្ធផលដែលក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចបាន ។
4.ប្រគល់ភារកិច្ចជូននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ សហការជាមួយនាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ក្រោមការដឹកនាំរបស់ ឯកឧត្តម សាន វិសាល អនុរដ្ឋលេខាធិការ ដើម្បីសិក្សាលទ្ធភាពប្រមូល និងថតជាឯកសាររូបភាព ដើម្បីរៀបចំជាខែ្សវីដេអូ ស្តីពីសកម្មភាពការងារបណ្តុះបណ្តាល ក៏ដូចជាសកម្មភាពដទៃទៀត របស់ក្រសួង ។

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: