នៅប្រទេសកម្ពុជា ផ្នែកឯកជនបានផ្ដល់ ការងារច្រើន រហូតដល់ប្រមាណ៩០%

រាជធានីភ្នំពេញ៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ផ្នែកឯកជននៅកម្ពុជាបានផ្ដល់ការងារ ប្រមាណ៩០ភាគរយនៅកម្ពុជា ហើយវិស័យកសិកម្ម ជាផ្នែកមួយដែលផ្ដល់ការងារ ជូនប្រជាពលរដ្ឋច្រើនជាងគេ គឺប្រមាណ៧០ភាគរយ ក្នុងចំណោមការងារទាំងអស់ បន្ទាប់មកគឺផ្នែកសេវាកម្ម ដែលផ្ដល់ការងារ ប្រហែលជា១៥ភាគរយ និងផ្នែកឧស្សាហកម្មប្រហែលជា៨ភាគរយ។
លោក ចម ប្រសិទ្ធ បញ្ជាក់ថា ផ្នែកកសិកម្ម គឺទទួលបានផលិតផល ក្នុងស្រុកសរុបត្រឹមតែ ៣៥ភាគរយប៉ុណ្ណោះ ហើយផ្នែកសេវាកម្មក៏ទទួលបាន៣៥ភាគរយដែរ និងផ្នែកឧស្សាហកម្ម២០ភាគរយ។
លោក ចម ប្រសិទ្ធ បានថ្លែងបែបនេះកាលពីថ្ងៃទី១៦ធ្នូ នៅសណ្ឋាគារ អាំងទែរកុងទីណង់តាល់ ខណៈពេលលោកអញ្ជើញ ចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគក្នុងឱកាស តាំងពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្តមួយផលិតផល មួយកម្ពុជាលើកទី៤ ឆ្នាំ២០០៩ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម។
លោកទេសរដ្ឋមន្ត្រីបានថ្លែងថា កម្ពុជាគឺជាប្រទេសមួយ ដែលទទួលផលប្រយោជន៍ពីភាព “អនុគ្រោះពាណិជ្ជកម្ម” (GSP) ដែលផ្ដល់ឲ្យដោយបណ្ដាប្រទេស អភិវឌ្ឍន៍នានា។ នៅក្រោមគម្រោងនេះពន្ធនាំចូល លើផលិតផលជាច្រើនដែលនាំចេញ ពីប្រទេសកម្ពុជាត្រូវបានលើកលែង ឬកាត់បន្ថយ ប្រសិនបើយើងបំពេញ បាននូវតម្រូវការនានា ដូចជាវិធានស្ដីពីប្រភពដើមទំនិញជាដើម។ ដោយសារប្រទេសកម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់ជាប្រទេស តតិយលោកនោះ ប្រទេសនេះក៏មានសិទ្ធិទទួលបាន នូវភាពអនុគ្រោះបន្ថែមទៀតជាច្រើន ក្នុងការកាត់បន្ថយពន្ធ ឬរួចពន្ធ។ ហេតុដូច្នេះយើងសូមនិយាយថា វាគឺជាអត្ថប្រយោជន៍ និងជាឱកាសសេដ្ឋកិច្ចដ៏ធំធេង ដែលកម្ពុជាអាចផ្ដល់ជូនបាន។ សម្រាប់ទិដ្ឋភាពខាងវិនិយោគទុនវិញ រាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្ត ដល់សកម្មភាពវិនិយោគទុននានា នៅក្នុងផ្នែកដែលជាគន្លឹះខាងក្រោយ ដូចជា
១- វិស័យកសិកម្ម និងកសិឧស្សាហកម្ម
២- វិស័យដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍
៣- ផ្នែកថាមពលនិងអគ្គិសនី
៤-ឧស្សាហកម្មហត្ថពលភេយ្យោ (ឧស្សាហកម្មប្រើកម្លាំងពលកម្មច្រើន) ការផលិត និងការកែច្នៃសម្រាប់ការនាំចេញ
៥- ឧស្សាហកម្មដែលទាក់ទងដល់វិស័យទេសចរណ៍ និង
៦- ការអភិវឌ្ឍធនធានមនុស្ស។
លោកបន្តថា ទន្ទឹមនឹងការកើនឡើងដ៏ឋិតថេរ ក្នុងវិស័យពាណិជ្ជកម្មប្រទេសកម្ពុជា ទទួលបាននូវស្ថិរភាពនយោបាយ ដ៏រឹងមាំ និងកំណើនសេដ្ឋកិច្ចដ៏ខ្ពស់ក្នុងអត្រា៩,៤% ក្នុងមួយឆ្នាំ នៅក្នុងទសវត្សកន្លងមក នេះដែលប្រទេសជាច្រើន បានចាត់ទុកថាជា “អច្ឆរិយនៃទន្លេមេគង្គ”។ រាជរដ្ឋាភិបាលបច្ចុប្បន្នបានចូលកាន់ តំណែងក្នុងអាណត្តិទី៤ (២០០៨-២០០៩) នៃនីតិកាលប្រកបដោយថាមពល និងការប្ដេជ្ញាចិត្តក្នុងការ បំពេញបេសកកម្ម ជាប្រវត្តិសាស្ត្ររបស់ខ្លួន ជាមួយនឹងការតាំងចិត្តជាថ្មី ក្នុងការជំរុញកិច្ចអភិវឌ្ឍន៍ និងអនុវត្តក្នុងកម្មវិធីកែទម្រង់ ដ៏ទូលំទូលាយ និងស៊ីជម្រៅ។
រាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាល តែងតែចាត់ទុកផ្នែកឯកជនជាក្បាលម៉ាស៊ីន សម្រាប់ជួយជំរុញកំណើនសេដ្ឋកិច្ច ហើយរាជរដ្ឋាភិបាល ក៏កំពុងដើរតួនាទីដ៏សំខាន់មួយ ក្នុងនាមជា “អ្នកយុទ្ធសាស្ត្រ” ដើម្បីកែលំអបរិយាកាស ធុរកិច្ចសម្រាប់ផ្នែកឯកជន និងដើម្បីត្រួតពិនិត្យ និងចាត់ចែងការអភិវឌ្ឍន៍នានា។ ជារួមតម្លៃចាយវាយនៃការធ្វើធុរកិច្ច នៅកម្ពុជាត្រូវបានកាត់បន្ថយ ហើយទីផ្សារក៏ត្រូវបានពង្រីក ជាមួយការកើនឡើងនៃការវិនិយោគ ផ្នែកសាធារណៈក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធ។
លោកថ្លែងថា គម្រោងនានារបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិវឌ្ឍការដឹកជញ្ជូន តាមផ្លូវថ្នល់ក៏បានធ្វើឲ្យ តម្លៃនៃការដឹកជញ្ជូន មានការថយចុះ និងជួយបង្កើនសុវត្ថិភាពផ្លូវថ្នល់ផងដែរ។ ក្នុងពេលជាមួយគ្នានោះដែរ រាជរដ្ឋាភិបាលកម្ពុជា បានអភិវឌ្ឍន៍ក្របខណ្ឌច្បាប់ និងនិយ័តកម្មជាច្រើន ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ផ្នែកឯកជន និងជួយជំរុញដល់ទំនាក់ទំនង ប្រកបដោយតម្លាភាពរវាងផ្នែកឯកជន និងរាជរដ្ឋាភិបាល។ ជាពិសេសវេទិកាផ្នែកឯកជន និងរដ្ឋាភិបាលបានក្លាយទៅ ជាយន្តការដ៏មានប្រសិទ្ធភាពមួយសម្រាប់ដោះស្រាយ ទំនាស់ប្រកបដោយមេត្រីភាព។ កំណែទម្រង់ការសម្របសម្រួលពាណិជ្ជកម្ម បានកាត់បន្ថយនូវតម្រូវការ ឯកសារដែលជាបន្ទុកមួយដ៏ធ្ងន់ធ្ងរ និងដែលជាជំហានវិជ្ជមាន មួយដ៏សំខាន់ឆ្ពោះទៅរកផ្នែកធុរកិច្ចឯកជន។
ដូចបានជំរាបជូនមកខាងលើ រាជរដ្ឋាភិបាលកម្ពុជាបានទទួលជោគជ័យ នៅក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅតាមតំបន់ជាច្រើនដែលត្រូវបានជ្រើសរើស នៅទូទាំងប្រទេសដើម្បីទទួល និងសម្របសម្រួលការវិនិយោគនៅកម្ពុជា៕

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: