វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាពីឆ្នាំ២០១០ នឹងទទួលបានកំណើនពី ២០ ទៅ ៣០ ភាគរយ

ភ្នំពេញ: ផ្អែកតាមកំណើនដែលទទួលបាន​នៅចុងឆ្នាំបណ្តាស្ថាប័នមីក្រូហិរញ្ញវត្ថុ​នៅក្នុងប្រទេសកម្ពុជា បានទសទាយថា នៅឆ្នាំ ២០១០ វិស័យនេះនឹងទទួលបានកំណើនពី ២០ ទៅ ៣០ ភាគរយ ។
លោក ហួត អេងតុង ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​បាននិយាយកាលពីថ្ងៃទី១៨ ខែ ធ្នូ កន្លងទៅនេះថា បើមិនមានអ្វីប្រែប្រួល ឬ មានផលប៉ះពាល់ទៀតនោះ នៅឆ្នាំក្រោយនេះវិស័យមីក្រូ ហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា​នឹងទទួលបានកំណើនឡើងវិញប្រមាណជាពី២០ ទៅ ៣០ ភាគរយ ។
លោកបានឱ្យដឹងថា កាលពីដើមឆ្នាំ ២០០៩ មកដល់ពាក់កណ្តាលឆ្នាំ ស្ថានភាពនៃវិស័យមីក្រូហិរញ្ញវត្ថុ​នៅក្នុងប្រទេសកម្ពុជា​បានជួបប្រទះ​នូវឱនភាពដ៏ធ្ងន់ធ្ងរ ប៉ុន្តែស្ថានការណ៍បានប្រែប្រួលឡើង វិញចាប់ពីខែកញ្ញា ។
ពាក់ព័ន្ធនឹងស្ថានភាពនៃវិស័យមីក្រូហិរញ្ញវត្ថុនេះ លោក ប៊ុន មុនី អគ្គនាយក​នៃក្រុមហ៊ុនស្ថាបនាលីមីតធីត ក៏បានឯកភាពតែលោកបានឱ្យដឹងថា កំណើននៃវិស័យនេះ​គឺអាចឈានទៅដល់ ៤០ ភាគរយ ឯណោះ បើផ្អែកលើសន្ទុះនៅចុងឆ្នាំ២០០៩ នេះ ។ លោកបានបញ្ជាក់ថា “ ចាប់ពីខែ ៩ មក យើងទទួលបានកំណើនយ៉ាងហោចណាស់ក៏លើសពី៣ភាគរយដែរនៅ​ក្នុងមួយខែ​ដូច្នេះយើងអាចព្យាករណ៍បានថា ទំរាំដល់ឆ្នាំ ២០១០ យើងអាចទទួល បានកំណើនរហូតដល់ទៅ ៤០ ភាគរយឯណោះ”។
តាមការអះអាងរបស់លោក មុនី សមតុល្យនៃឥណទាន​របស់ស្ថាបនាលីមីតធីត​នៅក្នុងឆ្នាំ ២០០៩ នេះ គឺ៣៨.៥ លានដុល្លារ ខណៈដែលកាលពីឆ្នាំ ២០០៨ គឺមានត្រឹមតែ ៣៧.៥ លានដុល្លារ នោះ ។
បើទោះបីជាគេអះអាងអំពីបញ្ហាកំណើនក៏ដោយ ប៉ុន្តែជុំវិញបញ្ហា​អត្រាការប្រាក់វិញគឺនៅមិន ទាន់មានស្ថាប័នណាមួយ​អះអាងអំពីការបញ្ចុះ​ទៀតនៅឡើយ ។
លោក ហួត អេងតុង បានឱ្យដឹងថា ការបញ្ចុះអត្រាការប្រាក់មិនទាន់ច្បាស់ តែកំពុងតែ ពិភាក្សាគ្នា ។ លោកបានបន្តទៀតថា កាលពីពាក់កណ្តាលឆ្នាំ យើងបានសំរេចបញ្ចុះ​ដល់កំរិត១.៥ ភាគរយនៅក្នុងមួយខែហើយ តែបើឱ្យចុះទៀតនោះ គឺវាអាស្រ័យនៅលើប្រភពទុន ។
លោកបានបន្តទៀតថា យើងអាចបញ្ចុះអត្រាការ​ប្រាក់បានប្រសិន​បើអត្រាការប្រាក់ប្រភពទុន របស់យើងគេបញ្ចុះដែរ ឬ មួយក៏អត្រាប្រាក់បញ្ញើ​របស់អតិថិជនកើនឡើង ប៉ុន្តែជាក់ស្តែង ប្រាក់បញ្ញើ វិញគឺមានប្រមាណជា ១ ទៅ ២ លានដុល្លារ​ប៉ុណ្ណោះ ខណៈដែលស្ថាប័នខ្លះ​ប្រើប្រាស់ទុនពីក្រៅ​រហូតដល់រាប់រយលានដុល្លារ។ លោក ប៊ុន មុនី បានឱ្យដឹងថា អត្រាការប្រាក់វា​អាចនឹងត្រូវបញ្ចុះទៀត​ដែរប្រសិនបើមាន តំរូវការចាំបាច់ដូច​ដែលយើងបានធ្វើកាលពី​ពាក់កណ្តាលឆ្នាំ តែពេលនេះគឺ​នៅមិនទាន់បានដឹងនៅឡើយទេ ។
រហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានធនាគារពាណិជ្ជចំនួន ២៥ ធនាគារឯកទេស ចំនួន ៦ ការិយាល័យតំណាងធនាគារបរទេស​ចំនួន២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ១៨ អង្គការក្រៅ រដ្ឋាភិបាលដែលប្រតិបត្តិការឥណទាន​ដោយចុះបញ្ជីចំនួន ២៦ និងមិនទាន់ចុះបញ្ជីចំនួនជាង ៦០ ហើយ និងមានតូបប្តូរ ប្រាក់ចំនួន ៣.៩៣៧ កន្លែង៕

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: