អឺរ៉ុបជួយលុយចំនួន១,៣លានដុល្លារបន្ថែមទៀត សម្រាប់សិទ្ធិមនុស្សនៅកម្ពុជា

ភ្នំពេញ ៖ គម្រោងសិទ្ធិមនុស្សថ្មីចំនួន៦ ដែលមានទឹកប្រាក់ចំនួន១,៣លានដុល្លារ ក្រោមការឧបត្ថម្ភពី សហភាពអឺរ៉ុបត្រូវបានចុះហត្ថលេខា ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស ប្រជាធិបតេយ្យនិងនីតិរដ្ឋនៅកម្ពុជា។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងដោយលោកឯកអគ្គរដ្ឋទូត ដេវីដ លីបមែន (David Lipman) ប្រធានគណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា ឡាវ ថែ និងភូមា និងតំណាងអង្គការទាំង៦ ដោយមានការចូលរួមពីលោក រ៉ាហ្វាអែល ដូចាវ ម៉ូរេណូ (Rafael Dohcao Moreno) ភារៈធារីនៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃទី១៧ ខៃធ្នូ ឆ្នាំ២០០៩ កន្លងទៅនេះនៅសណ្ឋាគារឡឺរ៉ូយ៉ាល់។
នាឱកាសនោះ លោក ដេវីដ លីបមែន (David Lipman) បានមានប្រសាសន៍ថា “ខ្ញុំសូមអបអរសាទរចំពោះអ្នកទាំងអស់ ហើយខ្ញុំរង់ចាំដើម្បីបានធ្វើការ ជាមួយគ្នាក្នុងការពង្រឹងសិទ្ធិមនុស្ស សម្រាប់ទាំងអស់គ្នា។ ការងាររបស់លោកអ្នកនឹងដោះស្រាយនូវកង្វល់សំខាន់ៗ ជាច្រើនអំពីសិទ្ធិមនុស្ស ដែលរាប់ចាប់ពីសិទ្ធិស្ត្រី និងកុមាររហូតដល់ការ ពង្រឹងនីតិរដ្ឋការ កសាងសមត្ថភាពជាតិរបស់កម្ពុជា ទៅតាមលំនាំនៃមាគ៌ានេះ”។
លោកបានបន្តថា “គម្រោងនេះនឹងផ្ដល់ប្រយោជន៍ដល់កម្ពុជា និងប្រជាពលរដ្ឋរបស់ខ្លួន សូម្បីតែនៅក្នុងតំបន់ដាច់ស្រយាល បំផុតនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ហើយគម្រោងទាំងនេះនឹងជួយដោះស្រាយ បញ្ហាគន្លឹះជាច្រើនដែលកម្ពុជា បានជួបប្រទះជាច្រើនឆ្នាំកន្លងមក ដូចជាផ្ដល់ការគាំទ្រផ្នែកច្បាប់ និងការពិគ្រោះយោបល់សម្រាប់កុមារ និងស្ត្រីរស់នៅក្នុងពន្ធនាគារ ដើម្បីធានាឲ្យកុមារ និងស្ត្រីទាំងនោះមានសិទ្ធិស្របច្បាប់ សម្រាប់កសាងសមត្ថភាព មន្ត្រីអាជ្ញាធរមូលដ្ឋាន អំពីសិទ្ធិមនុស្ស និងអំណាចដល់ស្ត្រីកម្ពុជានៅសហគមន៍ មូលដ្ឋានក្នុងការចូលរួម ក្នុងដំណើរការសម្រេចចិត្ត ព្រមទាំងដោះស្រាយបញ្ហា ជួញដូរស្ត្រីនិងកុមារនៅកម្ពុជា”។
អង្គការទាំង៦ ដែលទទួលបានថវិកាសម្រាប់អនុវត្ត គម្រោងរួមមានអង្គការជំនួយ ផ្នែកច្បាប់ទទួលថវិកាចំនួន១៩៧.០៧៩អឺរ៉ូ សម្រាប់រយៈពេល៣ឆ្នាំ ដែលនឹងប្រើប្រាស់ថវិកានេះ ដើម្បីផ្ដល់ជំនួយលើផ្នែកច្បាប់ដល់ស្ត្រីក្រីក្រ ដែលនៅជាប់ឃុំនិងបណ្ដុះបណ្ដាល នគរបាលក៏ដូចជាមន្ត្រីពន្ធនាគារ អំពីច្បាប់និងនីតិវិធីព្រហ្មទណ្ឌ និងសិទ្ធិមនុស្ស។ សម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាល ប្រឆាំងការជួញដូរស្ត្រី និងកុមារនៅកម្ពុជាទទួលថវិកាចំនួន១៨៨.៤៨៣អឺរ៉ូ សម្រាប់រយៈពេល២ឆ្នាំ នឹងធ្វើការកសាងនយោបាយ និងការអនុវត្តឲ្យមានប្រសិទ្ធភាព ដើម្បីប្រឆាំងការជួញដូរស្ត្រីនិងកុមារការពារ និងលើកកម្ពស់សិទ្ធិរបស់ស្ត្រីនឹងកុមារ នៅខេត្តចំនួន៩ និងនៅរាជធានីភ្នំពេញ។ សម្ព័ន្ធភាពឃុំសង្កាត់ ទទួលថវិកាចំនួន៩.៩៥០អឺរ៉ូនឹងរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលរយៈពេល២ថ្ងៃ ស្ដីពីសិទ្ធិមនុស្សសម្រាប់សមាជិកក្រុមប្រឹក្សាឃុំនិងសង្កាត់ អំពីគោលការណ៍សំខាន់ៗនៃសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ជម្រើសនៃដំណោះស្រាយទំនាស់។ អង្គការហ្វាពន្លឺសិល្បៈទទួលជំនួយឥតសំណង ចំនួន ១៤០.១០០អឺរ៉ូ សម្រាប់រយៈពេល២ឆ្នាំនេះ ដើម្បីកែលម្អស្តង់ដារនៃការរស់នៅរបស់ជន នៅក្នុងមណ្ឌលអប់រំជនសេពគ្រឿងញៀន នៅក្នុងខេត្តបាត់ដំបង។ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ទទួលថវិកាចំនួន ១៩៧.៧៥១អឺរ៉ូសម្រាប់រយៈពេល៣ឆ្នាំ សម្រាប់យកទៅធ្វើច្បាប់របស់កម្ពុជាកាន់តែងាយយល់និងងាយទទួលបាន តាមរយៈការផ្សព្វផ្សាយព័ត៌មាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយនានា និងសិក្ខាសាលាជាមួយសង្គមស៊ីវិល និងរដ្ឋាភិបាល។ អង្គការស៊ីលាការ (SILAKA) ទទួលថវិកាចំនួន១៨៧.៩៤៨ អឺរ៉ូ សម្រាប់រយៈពេល២ឆ្នាំ ដែលនឹងធ្វើការដើម្បីពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីកម្ពុជានៅថ្នាក់ក្រោមបំផុត ដើម្បីពួកគេអាចចូលរួម នៅក្នុងដំណើរការ ធ្វើសេចក្ដីសម្រេចនៅថ្នាក់មូលដ្ឋានខេត្ត និងជាតិ ។
គួររលឹកផងដែរថា ចាប់ពីឆ្នាំ២០០៣មក សហភាពអឺរ៉ុបបានផ្ដល់ជំនួយឥតសំណង ច្រើនជាង ១០លានអឺរ៉ូ (១៥លានដុល្លារ) ដើម្បីគាំទ្រដល់សកម្មភាពសិទ្ធិមនុស្ស នៅកម្ពុជាក្រោមភាពជាដៃគូ ជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិចំនួនប្រមាណជា២០ ៕

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: