វិបត្តិសេដ្ឋកិច្ច ប៉ះពាល់ដល់ដំណើរការ ប្រយុទ្ធប្រឆាំងជំងឺអេដស៍

ភ្នំពេញ : ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងនៅក្នុងសន្និសីទ បូកសរុបរបាយការណ៍ឆ្នាំ២០០៩ និងដាក់ទិសដៅឆ្នាំ២០១០ នៅឯសណ្ឋាគារសាន់ដេ កាលពីថ្ងៃច័ន្ទទី២១ ខែធ្នូ២០០៩ ថា «វិបត្តិសេដ្ឋកិច្ចពិភពលោក ក៏ជាដំណើរការ ធ្វើឲ្យប៉ះពាល់ ដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍នៅក្នុងប្រទេសកម្ពុជាផងដែរ»។
លោកទេសរដ្ឋមន្ត្រី នុត សុខុម ប្រធានអាជ្ញាធរប្រយុទ្ធជំងឺអេដស៍ បានលើកឡើងឲ្យដឹងទៀតថា បើតាមរបាយការណ៍នៃការចំណាយក្នុងការ ប្រយុទ្ធប្រឆាំងនៃការរីករាលដាល មេរោគអេដស៍ ជំងឺអេដស៍ នៅក្នុងប្រទេសកម្ពុជាឃើញថា «ឆ្នាំ២០០៦-២០០៧ចំណាយថវិកាអស់ប្រមាណ ៤៦លានដុល្លារហើយឆ្នាំ២០០៨-២០០៩ អស់ថវិកាប្រហែល៥០លានដុល្លារ ក្នុងការទប់ស្កាត់នៃការរីករាលដាល មេរោគអេដស៍និងជំងឺអេដស៍»។ លោកបានបន្ថែមថា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ត្រូវការ ថវិកាប្រមាណ ប្រហាក់ប្រហែល ៥០លានដុល្លារអាមេរិកទៀតសម្រាប់ឆ្នាំ២០១០-២០១១។
លោក តែង គុន្ធី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានឲ្យដឹងថា «អាជ្ញាធរអេដស៍បានរៀបចំផែនការ យុទ្ធសាស្ត្រ២១ចំណុច ដែលច្បាស់លាស់ ដើម្បីអនុវត្តន៍ឲ្យបាន»។ ទី១ យើងអាចកាត់បន្ថយអត្រាផ្ទុកមេរោគអេដស៍ ឲ្យថយចុះថែមទៀតដែលនៅក្នុងឆ្នាំ២០០៦ មានអត្រា០.៩ ភាគរយ ទី២ គឺចៀសឲ្យបាននូវរលកទី២ នៃការរីករាលដាលជាថ្មី ដែលនៅក្នុងកាលវិភាគស្ថានភាព កាលពីឆ្នាំ២០០៦ កន្លងទៅមានក្រុម ៣ សំខាន់ៗ។
លោកបានបន្ថែមឲ្យដឹងទៀតថា ក្រុមប្រឈមទាំងបី ដែលជារលកទី២នៃការឆ្លងរីករាលដាលមេរោគអេដស៍នោះគឺ «ទី១ក្រុមបុរសស្រឡាញ់បុរស ទី២ក្រុមបុគ្គលិកបម្រើសេវា កម្សាន្តសប្បាយ និងទី៣ ជាក្រុមប្រើប្រាស់គ្រឿងញៀន ដែលផ្ទុកមេរោគអេដស៍»។ លោក បន្ថែមថា បញ្ហាខាងលើនេះជាសេវាសកល ដែលយើងបានទទួលលទ្ធផលគួរឲ្យមោទនភាព ហើយយើងនឹងខិតខំប្រឹងប្រែង ថែមទៀត ដើម្បីឲ្យបានសម្រេច តាមគោលដៅ១០០ភាគរយ។
ទាក់ទងទៅនឹងការប្រយុទ្ធប្រឆាំង មេរោគអេដស៍ជំងឺអេដស៍ នៅក្នុងប្រទេសកម្ពុជា លោក តែង គន្ធី បានលើកឡើងទៀតថា«យើងមិនអាចដកថយបានទេ ទោះបីយើងជួបវិបត្តិថវិកាយ៉ាងណាក៏ដោយ ក៏យើងត្រូវតែប្រឹងប្រែង ពីព្រោះជំងឺមិនអាចរង់ចាំថា ទាល់តែមានថវិកានោះទេ»។
សមាជិក សមាជិកា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលនៅតាមបណ្ដាក្រសួង និងតាមបណ្ដាខេត្តនានា ជាស្ថាប័នពាក់ព័ន្ធគឺត្រូវប្រឹងប្រែងទាំងអស់គ្នា ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាល មេរោគអេដស៍ ជំងឺអេដស៍។ លោក តែង គន្ធី បានបន្តថា«ស្ថានភាពជំងឺអេដស៍ឥឡូវនេះ គឺមានការព្រួយបារម្ភឆ្នួន ដែលបង្កឲ្យមានការរីករាលដាលថ្មីឡើងវិញ»៕

Advertisements

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: