ចិនផ្តល់ជំនួយ និងប្រាក់កម្ចី១២០០លានUSD

ក្នុងដំណើរទស្សនកិច្ច លោកអនុប្រធានាធិបតីចិន ស៊ី យិនពីង រយៈពេល ៣ថ្ងៃមកកាន់ប្រទេសកម្ពុជា ផ្តើមកាលពីថ្ងៃអាទិត្យម្សិលមិញ កម្ពុជា និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ១៤នៅថ្ងៃច័ន្ទនេះ។

កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា នៅមុននេះបន្តិច មានតម្លៃសរុប ១២០០លានដុល្លារដោយផ្តោតលើជំនួយរបស់ចិនលើការសាងសង់អគារ ផ្លូវស្ពាន និងប្រាក់កម្ចី ជាដើម។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលបានប្រាប់ក្រុមអ្នកកាសែតយ៉ាងដូច្នេះ ក្រោយពីជំនួបរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាមួយនឹងលោកអនុប្រធានាធិបតីចិន នៅអគារទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងទីក្រុងភ្នំពេញដែលជាជំនួយ របស់ប្រទេសចិន។
បើតាមលោកខៀវ កាញារីទ្ធចាប់តាំងពីឆ្នាំ ១៩៩២មកទល់នឹងបច្ចុប្បន្ន ចិនបានជួយដល់កម្ពុជាជាប្រាក់កម្ចី និងប្រាក់ជំនួយសរុប ៩៣០លានដុល្លារ។
ក្នុងជំនួបទ្វេភាគីនៅមុននេះ បញ្ហាជនជាតិភាគតិចចិន Uighur ក៏ត្រូវប្រមុខដឹកនាំកម្ពុជា និងចិនលើកឡើងផងដែរ។ នោះគឺ លោកអនុប្រធានាធិបតីចិន ស៊ី យិនពីង បានរិះគន់ចំពោះសហរដ្ឋអាមេរិកដោយថា អាមេរិកខ្លួនឯងបានចាប់ជនជាតិនានា បញ្ជូនចេញពីប្រទេសខ្លួន ប៉ុន្តែអាមេរិកបែរជាធ្វើការថ្កោលទោសលើប្រទេសកម្ពុជា និងប្រទេសចិនចំពោះការបញ្ជូនជនជាតិ Uighurទៅកាន់ប្រទេសចិនពេលនេះ៕

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: