ចិនសន្យាផ្ដល់ជំនួយ និងប្រាក់កម្ចីជាង ១ពាន់លានដុល្លារដល់កម្ពុជា

លោកអនុប្រធានាធិបតីចិន ស៊ី យិនពីង ដែលមកទស្សនកិច្ចប្រទេសកម្ពុជាចំនួន ៣ថ្ងៃ បានសន្យាផ្តល់ប្រាក់ជំនួយឥតសំណង និងប្រាក់កម្ចីប្រមាណ ១.២០០លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជា។
ជាមួយគ្នានោះដែរ លោកអនុប្រធានាធិបតីចិនបានអរគុណ ចំពោះប្រទេសកម្ពុជា ដែលបានសម្រេចបញ្ជូន ទៅចិនវិញនូវជនជាតិអ៊ុយហ្គរ៍ចំនួន ២០នាក់ដែលបានរត់គេចពី ប្រទេសចិនមកកម្ពុជា។
ក្នុងឱកាសជំនួបជាលើកដំបូង រវាងនាយករដ្ឋមន្រ្តីខ្មែរ លោក ហ៊ុន សែន និងអនុប្រធានាធិបតី ស៊ី យិនពីង នៅអគារទីស្តីការគណៈរដ្ឋមន្រ្តីថ្មីដែលទើប សង់ហើយរយៈពេលប្រហែលមួយឆ្នាំ ដែលជាជំនួយឥតសំណង របស់ប្រទេសចិននោះ មេដឹកនាំទាំងពីរបានចាប់ដៃគ្នា រលាក់ប្រកបដោយទំនុកចិត្ត ជឿជាក់លើគ្នាទៅវិញទៅមក លើចំណងមិត្តល្អប្រសើរ ដោយថ្លែងអំណរគុណដល់គ្នាទៅវិញទៅមកដោយរីករាយ។
ក្រោយជំនួបចរចាគ្នាជាងមួយម៉ោង មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នា ធ្វើជាសាក្សីដល់មន្រ្តីកំពូលៗ នៃរដ្ឋាភិបាលទាំងពីរក្នុងការចុះហត្ថលេខា លើឯកសារពាក់ព័ន្ធស្តីពី កិច្ចសហប្រតិបត្តិការចំនួន ១៤ រវាងកម្ពុជានិងចិន ក្នុងនោះរួមមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសនូវជំនួយឥតសំណង ៥០លានយន់ ដែលគិតជាប្រាក់ដុល្លារមានតម្លៃប្រមាណ ៧លាន៣សែនដុល្លារអាមេរិកនិងកិច្ចព្រមព្រៀងមួយទៀត ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសនូវឥណទាន ឥតការប្រាក់ប្រមាណ ៥០លានយន់ផ្សេងទៀត។
ក្រៅពីនេះចិនបានផ្តល់ប្រាក់កម្ចីអនុគ្រោះ ៤០០លានដុល្លារ និងជំនួយកម្ចីពាណិជ្ជកម្មចំនួន ៨០០លានដុល្លារផ្សេងទៀត។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានថ្លែងប្រាប់អ្នកកាសែតជាតិនិងអន្តជាតិយ៉ាងច្រើនកកកុញនៅក្រោយកិច្ចចរចា និងចុះហត្ថលេខានោះ ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើទៅលោក ស៊ី យិនពីង នូវឥណទានឥតការប្រាក់ ៥០លានយន់ (៧លាន៣សែនដុល្លារ) ទៅប្រើប្រាស់ក្នុងការស្តារគ្រោះមហន្តរាយដោយព្យុះកេតសាណាដែលកើតមានកន្លងមក ហើយភាគីចិនក៏យល់ព្រម។
លោក ខៀវ កាញារីទ្ធ បន្តថា ក្រៅពីកិច្ចសហប្រតិបត្តិការចំនួន ១៤ចំណុចនេះនៅមានកិច្ចព្រមព្រៀង បន្ថែមសំខាន់ៗមួយចំនួនទៀតដូចជា ប្រទេសចិនប្រកាសយកកម្ពុជា ជាដៃគូពិសេសដាច់ខាតលើកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើកិច្ចការ នយោបាយនិងសេដ្ឋកិច្ច។ ចំណែកកម្ពុជាក៏បានប្រកាសគាំទ្រនូវនយោបាយចិនតែមួយ ដោយឥតងាករេហើយមិនឲ្យប្រទេសណាមួយ ប្រើប្រាស់ទឹកដីកម្ពុជាក្នុងការ ធ្វើនយោបាយប្រឆាំងចិនឡើយ។
តាំងពីឆ្នាំ១៩៩២ មកដល់ពេលនេះ រដ្ឋាភិបាលចិនបានផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចីឥតការប្រាក់សរុបចំនួនជាង ២ពាន់លានដុល្លារ។ កម្ពុជាអះអាងថា ជំនួយទាំងនេះបានធ្វើឲ្យកម្ពុជា ប្រកាន់ជំហរបាននូវការពង្រឹង ឯករាជ្យខាងនយោបាយរបស់ខ្លួន៕

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: