តុលាការឃុំខ្លួនស្ត្រីមេតុងទីនដែលបោកលុយ អ្នកផ្សារទួលទំពូងជិត ៣ លានដុល្លារ

ភ្នំពេញ: ស្ត្រីមេតុងទីនម្នាក់ ដែលបានឆបោកលុយប្រមាណ ៣ លានដុល្លារអាមេរិកពីកូនតុងទីននៅផ្សារទួលទំពូង តាមរូបភាពប្រើល្បិចដាក់ឈ្មោះ កូនតុងទីនខ្មោចបានត្រូវសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០៩ ។
សមត្ថកិច្ចប៉ូលិសការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាលរាជធានីភ្នំពេញ បានចាប់ខ្លួនឈ្មោះ ជួប សំអាត ហៅ ម៉ែអាតេង អាយុ ៥៥ឆ្នាំ ទីលំនៅផ្ទះលេខ ៦០ ផ្លូវលេខ៤៦៤ សង្កាត់ទួលទំពូង ខណ្ឌចំការមន កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០០៩ ដោយយោងតាមពាក្យ បណ្តឹងរបស់កូនតុងទីនជាច្រើននាក់ ។
ដំបូងឡើយពាក្យបណ្តឹង ទាំងអស់សរុបជាលុយប្រហែលជិត ១ លានដុល្លារអាមេរិកប៉ុណ្ណោះ ។ ប៉ុន្តែក្រោយការចាប់ខ្លួនស្ត្រីរូបនេះបានហើយ កូនតុងទីនមួយចំនួនទៀត នៅផ្សារទួលទំពូងបានមកដាក់ពាក្យបណ្តឹង ជាបន្តបន្ទាប់ រហូតដល់លុយកើនដល់ជិត ៣ លានដុល្លារអាមេរិក ។
ចំនួនទឹកលុយដ៏ច្រើន សន្ធឹកសន្ធាប់នោះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិនសម បើកូនតុងទីន ទាំងនេះជឿជាក់លើស្ត្រីមេតុងទីន រហូតដល់អាចឆបោកលុយបាន រាប់លានដុល្លារអាមេរិកនោះទេ ។ ប៉ុន្តែតាម ប្រភពពីកូនតុងទីនមួយចំនួន បានឱ្យដឹងថា ពេលទៅផ្ទះសួរនាំម្តងៗ ស្ត្រីមេតុងទីនតែងតែ ឱ្យពួកគេស៊ីចេកណាំវ៉ា និងផឹកទឹកសុទ្ធ ទើបបណ្តាលឱ្យពួកគេស្តាប់ និងព្រមធ្វើតាមស្ត្រីរូបនេះជានិច្ច ។
ក្រោយមកទើបបែករឿងបោកលុយនេះ ដោយសារកូនតុងទីនខ្លះ ដេញតុងទីនបានហើយ បែរជាស្ត្រីមេតុងទីនពុំបានប្រគល់លុយឱ្យពួកគេ ហើយអ្នកខ្លះទៀតបានទទួលសែក សរុបចំនួន ១៦ សន្លឹក ។ ប៉ុន្តែសែកមួយចំនួនពុំមានសាច់លុយទេ ហើយសែកមួយ ចំនួនទៀតត្រូវពន្យារពេលបើករហូតដល់ខែមករា ឆ្នាំ២០១០ ឯណោះ ។
នៅដំណាក់កាលប៉ូលិស ស្ត្រីមេតុងទីនបានប្រាប់ថា សែកទាំងនោះ គឺជារបស់ស្ត្រីម្នាក់ទៀតឈ្មោះ ចំរើន រង្សី និងស្ត្រីឈ្មោះ វី ព្រោះស្ត្រីទាំងពីរ នាក់នេះ បានដេញតុងទីនងាប់ជាច្រើនក្បាល សរុបលុយរាប់សែនដុល្លារអាមេរិក ក្នុងម្នាក់ៗទើបចេញសែក មកឱ្យគាត់ជាថ្នូរនឹងការបង់លុយ ។
នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០០៩ ប៉ូលិសបានកសាងសំណុំរឿង និងបញ្ជូនស្ត្រីមេតុងទីនមកតុលាការ ដើម្បីចាត់ការតាមច្បាប់ ។ ដូច្នេះក្រោយការសាកសួររួចហើយ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០៩ តុលាការបានសម្រេច ឃុំខ្លួនស្ត្រីមេតុងទីនរូបនេះដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទឆបោក និងចេញមូលប្បទានបត្រគ្មានលុយ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ៕

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: