រដ្ឋាភិបាលអះអាងថា បានសម្រួលដល់ផ្នែកឯកជនខ្លាំងណាស់ ទាំងខាងពន្ធ ទាំងខាងរដ្ឋបាល

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានប្រសាសន៍ថា គណៈកម្មាធិការដឹកនាំការងារ ដើម្បីអភិវឌ្ឍន៍ឯកជន របស់រដ្ឋាភិបាលបាន ធ្វើការយ៉ាងសកម្មដើម្បីជួយ ផ្នែកឯកជនបានដោះស្រាយ បញ្ហាទាំងអស់ជាក្ដីកង្វល់ និងសំណូមពររបស់ផ្នែកឯកជន បានជាប្រចាំ ទន្ទឹមនេះបានដាក់ចេញនូវវិធានការ ជាច្រើនទៀតជួយដល់ផ្នែកឯកជន។
កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៩នេះ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ ប្រធានគណៈកម្មការដឹកនាំការងារដើម្បីអភិវឌ្ឍន៍ ផ្នែកឯកជនបានដឹកនាំកិច្ចប្រជុំមួយ ដោយបានអញ្ជើញមន្ត្រីរាជរដ្ឋាភិបាល សហប្រធានក្រុមការងារ ផ្នែកឯកជនទាំង៨ នៃវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន តំណាងសភាពាណិជ្ជកម្ម តំណាងធនាគារពិភពលោក សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ តំណាងដៃគូអភិវឌ្ឍន៍ដើម្បីបង្ហាញនូវ លទ្ធផលការងារដែលគណៈកម្មការ នេះសម្រេចបានក្រោយវេទិកា រាជរដ្ឋាភិបាលលើកទី១៤។
លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ មានប្រសាសន៍ថា ចាប់តាំងពីវេទិការាជរដ្ឋាភិបាលលើកទី១៤ មកទល់បច្ចុប្បន្ន គណៈកម្មការ ដឹកនាំការងារដើម្បី អភិវឌ្ឍន៍ផ្នែកឯកជនបានដោះស្រាយ បញ្ហាទាំងឡាយ ដែលជាក្ដីកង្វល់ភាពមន្ទិល និងសំណូមពរផ្សេងៗ របស់ផ្នែកឯកជន បានជាប់ជាប្រចាំ បានដាក់ចេញនូវវិធានការ បន្តបន្ទាប់ដើម្បី ជួយដល់ផ្នែកឯកជនជាដើម។ លោកមានប្រសាសន៍ថា ជារួមអ្វីដែលសម្រេចបាននិងមានប្រយោជន៍ ដល់ផ្នែកឯកជនមានដូចជា៖
ការរៀបចំអនុក្រឹត្យ ស្ដីពីការអនុវត្តន៍ច្បាប់ ស្ដីពីសម្បទានបានឈានដល់ការ ដាក់ឲ្យពិគ្រោះយោបល់ជា សាធារណៈនៅពេលខាងមុខ។
ច្បាប់ស្ដីពីការកែតម្រូវច្បាប់ស្ដីពី ហិរញ្ញវត្ថុឆ្នាំ២០០៩ ដោយបានផ្ដល់នូវការលើកទឹកចិត្ត ផ្នែកសារពើពន្ធ ដល់វិស័យកសិកម្មបន្ថែមទៀត តាមរយៈការផ្ដល់រយៈពេលអាទិភាព នៃការលើកលែងពន្ធ លើប្រាក់ចំណេញចំនួន៣ឆ្នាំ ចំពោះគម្រោងវិនិយោគ ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ និងការបង្កើតឡើងនូវមូលនិធិទ្រទ្រង់ និងអភិវឌ្ឍន៍វិស័យកសិកម្ម។
លោកមានប្រសាសន៍ថា មុខទំនិញសម្រាប់បម្រើឲ្យវិស័យកសិកម្មចំនួន១៨បន្ទាត់ពន្ធបន្ថែមទៀតត្រូវបានធ្វើការ កែសម្រួលអត្រាពន្ធគយនាំចូល ហើយមុខទំនិញនាំចូលមួយចំនួន ត្រូវបានកំណត់អាករលើតម្លៃបន្ថែមជា បន្ទុករដ្ឋដូចជា ពូជដំណាំ ពូជសត្វ ចំណីសត្វ វត្ថុធាតុដើម ម៉ាស៊ីនបូមទឹក និងត្រាក់ទ័រ កសិកម្មជាដើម។ ទន្ទឹមនេះមុខទំនិញនាំចូលសម្រាប់ បម្រើឲ្យវិស័យសហគ្រាសធុនតូច និងមធ្យមត្រូវបានកែសម្រួល អត្រាពន្ធបន្ថែមទៀតចំនួន៦៣៤បន្ទាត់ពន្ធបន្ថែមទៀតនៃតារាងពន្ធគយ កម្ពុជាជាធរមាន។
លោកមានប្រសាសន៍ដែរថា នីតិវិធីគយមួយចំនួនពាក់ព័ន្ធនឹងការនាំចេញ-នាំចូល ការនាំចូលបណ្ដោះអាសន្ន និងការឆ្លងកាត់ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង ដឹកជញ្ជូនឆ្លងកាត់ព្រំដែននៃ មហាអនុតំបន់មេគង្គត្រូវបានរៀបចំរួចហើយដែរ។
លោកមានប្រសាសន៍ទៀតថា វិស័យកាត់ដេរដើម្បីជួយសម្រួលការលំបាក និងសម្រួលចលនាសាច់ប្រាក់របស់រោងចក្រកាត់ដេរ និងស្បែកជើងរដ្ឋាភិបាលបានបន្ថែមរយៈពេល ព្យួរការបង់ប្រាក់រំលស់ពន្ធលើ ប្រាក់ចំណេញប្រចាំខែ១ភាគរយ សម្រាប់រយៈពេល២ឆ្នាំបន្ថែមទៀត (២០១០-២០១២) និងទទួលបន្ទុកបង់ភាគទាន ហានិភ័យគ្រោះថ្នាក់ការងារប្រចាំខែចំនួន០,៣ភាគរយនៃប្រាក់ឈ្មួញកម្មករម្នាក់ជំនួស ម្ចាស់រោងចក្រសម្រាប់ រយៈពេល២ឆ្នាំ (២០០៩-២០១០)។
លោកបានប្រាប់ដល់ផ្នែកឯកជនទៀតដែរថា ការងារកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈ ការគ្រប់គ្រងហានិភ័យ ក៏ទទួលបានផលគួរជាទីមោទនៈ។ គម្រោងស្វ័យប្រវត្តិកម្មគយ ASYCUDA បានដំណើរការដោយរលូនកាត់បន្ថយពេលវេលា ពេលបំពេញបែបបទ យកទំនិញចេញពីគយ។ ការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ចំពោះផលិតផលសិប្បកម្ម ត្រូវបានលើកលែងមិនយក សោហ៊ុយរដ្ឋបាល ឬពុំមានតម្រូវឲ្យបង់កម្រៃអ្វីឡើយ សៀវភៅមគ្គុទ្ទេសក៍នៃនីតិវិធីនាំចេញ សម្រាប់សហគ្រាសធុនតូចមធ្យម ត្រូវបានផ្សព្វផ្សាយដល់ធុរជន ក្នុងនិងក្រៅប្រទេស។
លោកបានមានប្រសាសន៍ដែរថា ខេត្តពីរគឺបន្ទាយមានជ័យ និងប៉ៃលិនបានអនុញ្ញាតឲ្យមកចុះបញ្ជី ពាណិជ្ជកម្មបាន នៅការិយាល័យខេត្តបាត់ដំបង។ ហើយអនុក្រឹត្យស្ដីពីការរៀបចំប្រព្រឹត្តទៅ នៃមជ្ឈមណ្ឌលផ្នែកពាណិជ្ជកម្ម ត្រូវបានប្រកាសដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការហើយ។
លោក គាត ឈន់ បានឲ្យដឹងបន្ថែមទៀតថា សេចក្ដីព្រាងប្រកាសស្ដីពីអភិបាលកិច្ច សាជីវកម្មសម្រាប់ក្រុមហ៊ុនបោះផ្សាយ លក់មូលបត្រសាធារណៈ ក៏ត្រូវបានរៀបចំរួចរាល់ដែរ ហើយកំពុងសិក្សារៀបចំវាយតម្លៃ អភិបាលកិច្ចមួយដែលឆ្លើយតប ទៅនឹងស្ថានភាពជាក់ស្ដែងរបស់កម្ពុជា។
តំណាងផ្នែកឯកជនបាននិយាយដែរថាលទ្ធផល ទាំងឡាយដែលរដ្ឋាភិបាលសម្រេចបាន ជាបន្តបន្ទាប់នេះនឹងអាចធ្វើឲ្យបរិយាកាស វិនិយោគទុននៅកម្ពុជាកាន់តែមានភាពប្រសើរឡើង៕

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: