គណៈកម្មការមូលបត្រកម្ពុជាអនុម័ត​លើសេចក្ដីព្រាងប្រកាស​អំពីការលក់មូលបត្រ

ភ្នំពេញ៖ គណៈកម្មការមូលបត្រកម្ពុជា​បាននិយាយនុម័តសេចក្ដី​ព្រាងប្រកាស​ចំនួនពីរ ដែលនិយាយពីការលក់មូលបត្រ​ជាសាធារណៈ​និងស្ដីពីអភិបាលកិច្ច​ក្រុមហ៊ុនលក់មូលបត្រ ។
លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ ប្រធាន គណៈកម្មការមូលបត្រកម្ពុជា និងសមាជិកចំនួន៨រូប បានពិភាក្សានិងអនុម័តលើសេចក្ដីព្រាង ប្រកាស​ស្ដីពីការ​បោះផ្សាយ​លក់មូលបត្រកម្មសិទ្ធិជាសាធារណៈ និងសេចក្ដីព្រាងប្រកាស ស្ដីពីអភិបាលកិច្ចសាជីវកម្ម​សម្រាប់ក្រុមហ៊ុនបោះផ្សាយ​លក់មូលបត្រជាសាធារណៈ ។
គណៈកម្មការមូលបត្រកម្ពុជាបានឲ្យដឹងថា ខ្លឹមសារសំខាន់នៃសេចក្ដីព្រាងប្រកាស ស្ដីពីការលក់មូលបត្រ គឺក្រុមហ៊ុនអាចធ្វើការបោះផ្សាយលក់​ភាគហ៊ុនជាសាធារណៈ​បានទាល់តែមានមូលធនភាគសរុបយ៉ាងតិច៥.០០០លានរៀល ឬប្រហែល១,២៥លានដុល្លារ ហើយធ្វើការបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួនយ៉ាងតិច២០ភាគរយលើករណីក្រុមហ៊ុនមានមូលធនភាគហ៊ុនតិចជាង៥លានដុល្លារ និងត្រូវបោះផ្សាយលក់ភាគហ៊ុនយ៉ាងតិច១៥ភាគរយចំពោះក្រុមហ៊ុនណាដែលមានភាគហ៊ុន​ច្រើនជាង៥លានដុល្លារ។ បន្ថែមលើនេះក្រុមហ៊ុននោះទាល់តែ​មានប្រាក់ចំណាយក្នុងរយៈពេល៣ឆ្នាំចុងក្រោយយ៉ាងតិច២៥ម៉ឺនដុល្លារដែលក្នុងនោះឆ្នាំសារពើពន្ធ​ចុងក្រោយមានចំនួន​យ៉ាងតិចប្រមាណ១២,៥ម៉ឺនដុល្លារ។
ចំពោះសេចក្ដីព្រាងប្រកាស​ស្ដីពីអភិបាលកិច្ចសាជីវកម្ម​សម្រាប់ក្រុមហ៊ុនបោះផ្សាយ​មូលបត្រវិញគឺនិយាយពីយន្តការ​ការពារសិទ្ធិភាគហ៊ុន​សិទ្ធិភាគីពាក់ព័ន្ធសិទ្ធិអំណាច និងកាតព្វកិច្ចរបស់ក្រុមប្រឹក្សាភិបាល​ការរៀបចំរចនាសម្ព័ន្ធ​គ្រប់គ្រងក្រុមហ៊ុនការបង្កើតប្រព័ន្ធត្រួតពិនិត្យ​និងការផ្ដល់ព័ត៌មានដល់គ្រប់ភាគហ៊ុនទាំងអស់៕

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: