ធនាគារ៣ គ្រោងនឹងផ្ដល់ប្រាក់២៣លានដុល្លារ សម្រាប់ការប្រមូលទិញ ស្រូវ និងទំនើបភាវូបនីយកម្មម៉ាស៊ីនកិន ស្រូវនៅកម្ពុជា

ធនាគារ៣ ក្នុងនោះមាន ធនាគារវិនិយោគនិងអភិវឌ្ឍន៍កម្ពុជា ធនាគារកាណាឌីយ៉ា និងធនាគារពាណិជ្ជកម្មក្រៅប្រទេស គ្រោងនឹងផ្ដល់ហិរញ្ញប្បទាន ដែលមានទឹកប្រាក់២៣លានដុល្លារ សម្រាប់ការប្រមូលទិញស្រូវ និងទំនើបភាវូបនីយកម្ម ម៉ាស៊ីនកិនស្រូវនៅកម្ពុជា។
លោក សុន គន្ធរ ប្រធានអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារធនាគារអភិវឌ្ឍន៍ជនបទ ទៅចូលរួមសន្និបាតប្រចាំឆ្នាំ របស់ធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម នៅទីក្រុង ហាណូយ ពីថ្ងៃទី៥ ដល់ ទី៧មករាឆ្នាំ២០១០ ដោយមានតំណាង ធនាគារកាណាឌីយ៉ា និងធនាគារពាណិជ្ជកម្ម ក្រៅប្រទេសនៃកម្ពុជា បានចូលរួមផងដែរ។
យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក សុន គន្ធរ បានជួបពិភាក្សាការងារជាមួយលោក ត្រឹន បាក់ហា ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាមលើគម្រោង ផ្ដល់ហិរញ្ញប្បទាន របស់ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ដែលជាសាខារបស់ធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាមប្រចាំ នៅកម្ពុជាតាមរយៈ ធនាគារអភិវឌ្ឍន៍ជនបទ សម្រាប់ការប្រមូលទិញស្រូវ និងទំនើបភាវូបនីយកម្មម៉ាស៊ីនកិនស្រូវនៅកម្ពុជា។
តាមរយៈនៃការពិភាក្សា គម្រោងផ្ដល់ហិរញ្ញប្បទាន ដែលមានទឹកប្រាក់ចំនួន២៣លានដុល្លារសហរដ្ឋអាមេរិក ជាការចូលរួមរបស់ធនាគារ៣ ក្នុងធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ចំនួន១៨លានដុល្លារ ធនាគារកាណាឌីយ៉ា ចំនួន៣លានដុល្លារ ធនាគារពាណិជ្ជកម្ម ក្រៅប្រទេសនៃកម្ពុជា ចំនួន២លានដុល្លារនោះ បានឈានដល់ការព្រមព្រៀង ហើយភាគីទាំងអស់បានឯកភាព និងធ្វើការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងផ្ដល់ហិរញ្ញប្បទាន នេះជាបន្ទាន់នៅពេលឆាប់ៗ ខាងមុខនេះនៅទីក្រុងភ្នំពេញ។
នាឱកាសពិភាក្សានោះ លោក សុន គន្ធរ បានជម្រាបជូនដល់ភាគីវៀតណាមអំពីតម្រូវការទុន ដើម្បីប្រមូលទិញស្រូវឲ្យបានទាន់ពេលវេលា និងស្នើដល់ធនាគារ៣ខាងលើពិនិត្យលទ្ធភាព ក្នុងការផ្ដល់ហិរញ្ញប្បទាន ឲ្យបានឆាប់ក្រោយពេល កិច្ចព្រមព្រៀង នេះត្រូវបានចុះហត្ថលេខា រួចរាល់ដែលក្នុងជំហាន ដំបូងក្នុងទឹកប្រាក់ ចំនួន៧.៥០០.០០០ដុល្លារអាមេរិក ក្នុងទឹកប្រាក់ចំនួន៥លានដុល្លារអាមេរិក សម្រាប់ទីផ្សារស្រូវចំនួន៥ខេត្ត គឺបាត់ដំបង សៀមរាប បន្ទាយមានជ័យ កំពង់ចាម និងខេត្តព្រៃវែងដែលបានស្នើសុំតាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងចំនួន២,៥លានដុល្លារទៀត សម្រាប់អតិថិជនរោងម៉ាស៊ីនកិនស្រូវ ដែលបានស្នើសុំខ្ចីឥណទាន តាមរយៈធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា។
លោក សុន គន្ធរ បានមានប្រសាសន៍ថា ធនាគារអភិវឌ្ឍន៍ជនបទ នឹងបន្តពិនិត្យវាយតម្លៃចំពោះអតិថិជន ដទៃទៀតដែលបានស្នើសុំខ្ចីឥណទាន សម្រាប់ការប្រមូលទិញស្រូវ ក៏ដូចជាការរៀបចំម៉ាស៊ីន កែច្នៃស្រូវអង្ករ ហើយដាក់ស្នើទៅធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជាដែលជាធនាគារ នាំមុខជាបន្តបន្ទាប់ទៀត ព្រោះថាបើមានការស្នើសុំខ្ចីឥណទាន ជាច្រើនពីសំណាក់អតិថិជន ដែលជាអាជីវករម្ចាស់ រោងកិនស្រូវក៏ដោយ ប៉ុន្តែតាមលក្ខណៈបច្ចេកទេសធនាគារ អភិវឌ្ឍន៍ជនបទត្រូវធ្វើការពិនិត្យ វាយតម្លៃជ្រើសរើសអតិថិជន ដែលមានលក្ខណៈសម្បត្តិត្រឹមត្រូវ គ្រប់គ្រាន់ក្នុងការទទួលហិរញ្ញប្បទាន នេះដើម្បីជៀសវាងបាននូវហានិភ័យ។
នៅក្នុងពេលបំពេញការងារ នៅទីក្រុងហាណូយនាឱកាសនោះ ក៏មានការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងធនាគារ ចំនួន៦ក្នុង៣ប្រទេសគឺកម្ពុជា វៀតណាម និង ឡាវ សម្រាប់កិច្ចសហប្រតិបត្តិការទៅវិញទៅមក លើការបណ្ដុះបណ្ដាលការផ្ដល់ព័ត៌មាន និងការអភិវឌ្ឍន៍សកម្មភាពអាជីវកម្ម ដែលក្នុងនោះភាគីវៀតណាម មានធនាគារវិនិយោគវៀតណាម ភាគីឡាវ មានធនាគារពាណិជ្ជកម្មក្រៅប្រទេសឡាវ និងភាគីកម្ពុជាមានធនាគារអភិវឌ្ឍន៍ជនបទ ធនាគារកាណាឌីយ៉ា និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា។ ភាគីធនាគារទាំង៦នៃប្រទេសទាំង៣នឹងពិនិត្យកិច្ចសហប្រតិបត្តិការលម្អិតនៅពេលខាងមុខ។
លោក ត្រឹន បាហាក់ បានប្រកាសឲ្យដឹងពីលទ្ធភាពឈាន ទៅដល់ការបង្កើនឡើងនូវ «ធនាគារឥណ្ឌូចិន» របស់ប្រទេសទាំង៣ នៅក្នុងតំបន់អាស៊ាននៅពេលអនាគតផងដែរ៕

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: