ប្រាក់កម្ចី មិនដំណើរការ កើនឡើង២,៣% រីឯប្រាក់ចំណេញ គ្រឹះស្ថានហិរញ្ញវត្ថុធ្លាក់ចុះរហូតដល់ទៅ២ខ្ទង់

នាយកប្រតិបត្តិគ្រឹះស្ថានហិរញ្ញវត្ថុនានាបានត្អូញត្អែរប្រហាក់ប្រហែលគ្នា ដែលភាគច្រើនបានបន្ទោសលើវិបត្តិសកល និងអត្រាការប្រាក់ខ្ពស់ពេលខ្ចីពីធនាគារបរទេស។ ប៉ុន្តែគេសង្ឃឹមថាឆ្នាំ២០១០នឹងប្រសើរឡើងវិញ។
ប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជា (CMA) បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រាក់កម្ចីមិនដំណើរការ បានកើនឡើង២,៣ភាគរយកាលពីឆ្នាំទៅខណៈប្រាក់ចំណេញនៅគ្រឹះស្ថានហិរញ្ញវត្ថុបានធ្លាក់ចុះពីរខ្ទង់។ លោក ហ៊ួត អៀងតុងដែលបានលើកឡើងពីលទ្ធផលបឋម មុនពេលដែលទិន្នន័យត្រូវបានបញ្ចប់ និងត្រូវបោះពុម្ពផ្សាយក្នុងសប្ដាហ៍នេះ បានឲ្យដឹងថា ប្រាក់កម្ចីដែលសងយឺតយ៉ាវ បានកើនឡើង៣ភាគរយហើយការផ្ដល់ប្រាក់កម្ចីបានកើនឡើង ៤ភាគរយកាលពីឆ្នាំទៅ ក្នុងទំហំទឹកប្រាក់ ៤៥៥ លានដុល្លារ ដែលជាអត្រាទាបជាច្រើនពីកំណើនកាលពីឆ្នាំមុនៗ ដែលប្រាក់កម្ចីបានកើនឡើង៦១ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០០៨។ លោកបានឲ្យដឹងថា៖ «អត្រាប្រាក់កម្ចីសងយឺតយ៉ាវកើនឡើង ប៉ុន្តែវានៅតែជាអត្រាដ៏ល្អមួយ។ តាមតួលេខរបស់ CMA គឺត្រឹមតែ ០,៦៧ភាគរយប៉ុណ្ណោះនៅឆ្នាំ២០០៨។
លោក ហ៊ួត អៀងតុង ដែលជានាយកគ្រប់គ្រងគ្រឹះស្ថានហិរញ្ញវត្ថុដែរនោះ បានឲ្យដឹងថា គ្រឹះស្ថានហិរញ្ញវត្ថុ ហត្ថាកសិករបានផ្ដល់ប្រាក់កម្ចី ៦,៧ភាគរយបន្ថែមទៀតក្នុងឆ្នាំ២០០៩។
ការផ្ដល់ប្រាក់កម្ចីបានកើនឡើង ៣១,៥ភាគរយនៅឆ្នាំ២០០៨ និង ២៩,៥ភាគរយនៅឆ្នាំ២០០៧ ខណៈគ្រឹះស្ថានហិរញ្ញវត្ថុ បានឆ្លងកាត់នូវការកើនឡើង កំណើនរបស់ខ្លួន។ លោកបន្ថែមដោយមិនបានបង្ហាញពីតួលេខវិភាគថា ប្រាក់ចំណេញរបស់ ហត្ថាកសិករ បានធ្លាក់ចុះ ៣០ភាគរយធៀបនឹងឆ្នាំ២០០៩។ លោកថ្លែងថា៖ «ការធ្លាក់ចុះប្រាក់ចំណេញដោយសារតែអត្រាការប្រាក់ទាប ហើយចំនួននៃប្រាក់កម្ចីមិនដំណើរការ បានកើនឡើងពីសូន្យនៅឆ្នាំ២០០៨ មកដល់ ៣ ភាគរយនៅឆ្នាំ២០០៩។ លោកព្យាករថា គ្រឹះស្ថានហិរញ្ញវត្ថុនឹងបង្កើនប្រាក់កម្ចី ពី២០ ទៅ៣០ ភាគរយនៅឆ្នាំនេះ ដោយសារការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងទិន្នផលខ្ពស់ក្នុងវិស័យកសិកម្ម។ កាលពីឆ្នាំទៅ គ្រឹះស្ថានហិរញ្ញវត្ថុប្រាសាក់ មានសភាពស្រដៀងគ្នានេះដែរ។ លោក ស៊ីម សេនាជាតិ អគ្គនាយក បានឲ្យដឹងថា ការផ្ដល់ប្រាក់កម្ចីបានកើនឡើង ៦ភាគរយធៀបនឹងឆ្នាំមុន រហូតដល់ ៨៦,៦លានដុល្លារ ខណៈប្រាក់ចំណេញបានធ្លាក់ចុះ ១០ភាគរយ ស្មើនឹងទឹកប្រាក់ ២,៥ លានដុល្លារ ដោយលោកអះអាងថា នៅប្រទេសកម្ពុជាអត្រាការប្រាក់ទាបសម្រាប់កម្ចីក្នុងស្រុកទាប ប៉ុន្តែប្រាក់ដែលខ្ចីពីធនាគារបរទេសមានអត្រាខ្ពស់។
លោកបានបន្ថែមថា ការផ្ដល់ប្រាក់កម្ចីកាន់តែទាប ចាប់ផ្ដើមនៅឆ្នាំ២០០៩ ពេល ដែលឥណទានត្រូវបានរឹតបន្តឹង។ លោក ស៊ីម សេនាជាតិ បានឲ្យដឹងថា ប្រាក់កម្ចីមិនដំណើរការ របស់អង្គការប្រាសាក់បាន កើនពី ០,២៣ ភាគរយនៅឆ្នាំ២០០៨រហូតដល់ ១,៦៦ភាគរយនៅឆ្នាំ២០០៩។
លោកថ្លែង៖ «វាបានកើនឡើងយ៉ាងខ្លាំងដោយសារតែវិបត្តិហិរញ្ញវត្ថុ ការធ្លាក់ចុះសេដ្ឋកិច្ច និងការកើនឡើងបំណុល បង្កដោយកំណើនប្រាក់កម្ចីទ្វេដង ប៉ុន្តែវាមានស្ថិរភាពហើយ ឥឡូវនេះ គេបានរំពឹងថា នឹងប្រសើរឡើងនៅឆ្នាំ២០១០នេះ»។ ដោយឡែកលោក ប៊ុន មុនី ប្រធានគ្រឹះស្ថានហិរញ្ញវត្ថុស្ថាបនា បានឲ្យដឹងដែរថា ប្រាក់កម្ចីមិនដំណើរការរបស់ ស្ថាបនាបានកើនឡើង ០,១៦ភាគរយនៅឆ្នាំ ២០០៨ ដល់លើ ២ ភាគរយ។ លោកបានបញ្ជាក់ថា ប្រាក់ចំណេញ បានធ្លាក់ចុះ ១០,៥ភាគរយរហូតដល់ ១,៧លានដុល្លារ៖ «ការធ្លាក់ចុះប្រាក់ចំណេញ មិនប៉ះពាល់ដល់សកម្មភាពគ្រឹះស្ថាន ឡើយយើងនៅតែរកបានផលកម្រៃ»។
លោក Paul Luchtenburg អគ្គនាយក AMK បានឲ្យដឹងថា ប្រាក់ចំណេញរបស់ AMK បានធ្លាក់ចុះ ពីប្រមាណ ៩០៣ ៩២៩ ដុល្លារកាលពីឆ្នាំទៅ រហូតដល់ ៤២៣ ៨៩៧ដុល្លារ ក្នុងឆ្នាំ២០០៩ គឺ ៥ភាគរយ។ ការផ្ដល់ប្រាក់កម្ចីបានធ្លាក់ចុះតិចតួចបំផុត គឺពី៣១,៥លានដុល្លារ ក្នុងឆ្នាំ២០០៨ មកត្រឹម ៣០,៥លានដុល្លារ នៅឆ្នាំ២០០៩ ខណៈប្រាក់កម្ចីសងយឺតយ៉ាវ បានកើនឡើងពី០,៣៦ភាគរយកាលពីឆ្នាំ២០០៨មក២,៨ភាគរយនៅឆ្នាំ២០០៩៕

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: