កិច្ចប្រជុំត្រួតពិនិត្យកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈប្រចាំឆ្នាំ

លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំនៃ កម្មវិធីទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១០ នៅសណ្ឋាគារសុខាខេត្តព្រះសីហនុ។
លោក អូន ព័ន្ធមុនីរត្ន័ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានប្រសាសន៍នៅក្នុងអង្គប្រជុំថា ក្រោយពីមានភាពជឿទុកចិត្តលើថវិកា ត្រូវបានសម្រេចជោគជ័យជាមូលដ្ឋាន នៅក្នុងដំណាក់ទី១មក ដំណាក់កាលទី២ ត្រូវបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ។ ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០០៩ កន្លងទៅនេះ។
លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ បានថ្លែងថា យើងបានអនុវត្តដំណាក់កាលទី១ ប្រកបដោយជោគជ័យដែលបានធ្វើឲ្យថវិកា របស់យើងមានភាពកាន់តែជឿទុកចិត្តបាន ដោយផ្ដោតការយកចិត្តទុកដាក់លើការងារសំខាន់ៗ៣ គឺការកែលំអនិងការពង្រឹងការព្យាករណ៍ការគ្រប់គ្រង និងការប្រមូលចំណូល ការកែលំអនិងការពង្រីងការគ្រប់គ្រងសាច់ប្រាក់ រួមទាំងការបង្កើតគណនីទោលរតនាគារជាតិ និងការជំរុញការប្រើប្រាស់ប្រព័ន្ធធនាគារ និងការកែលំអសម្រួលនីតិវិធី និងបរិបទនៃការអនុវត្តន៍ថវិកា រួមទាំងការធ្វើវិសហមជ្ឈមការ ការត្រួតពិនិត្យហិរញ្ញវត្ថុ ព្រមទាំងការធ្វើលទ្ធកម្មសាធារណៈ។
លោកឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា ក្នុងរយៈកាល៤ឆ្នាំនៃការអនុវត្តន៍កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកន្លងទៅនេះ យើងបានកែប្រែស្ថានភាពសាច់ប្រាក់មក ជាការមានអតិរេកសាច់ប្រាក់ និងពីភាពដែលមិនអាចទូទាត់ និងបើកផ្ដល់ឲ្យទាន់ពេលវេលាបានមកជាការ អាចព្យាករណ៍បាន និងធានាបានការទូទាត់ និងបើកផ្ដល់ទាន់ពេលវេលា ដែលយើងហៅថា ភាពជឿទុកចិត្តបានលើថវិកា។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អាស្រ័យដោយសុឆន្ទៈ និងការប្ដេជ្ញាចិត្តរបស់យើងលើកំណែទម្រង់ដែល ត្រូវបានបន្តបង្កើនឡើងជាលំដាប់នេះហើយ ដែលធ្វើឲ្យយើងកាន់តែមានសេចក្ដីក្លាហាន និងសម្រេចបានជោគជ័យជាបន្តបន្ទាប់ ស្របតាមទស្សនៈរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានថ្លែងថា “កំណែទម្រង់ គឺជាការស្លាប់រស់របស់រាជរដ្ឋាភិបាលកម្ពុជា។ ត្រូវចាត់ទុកថា កំណែទម្រង់ គឺជាការងារប្រចាំថ្ងៃរបស់យើងដើម្បីកែលំអពង្រឹងបង្កើន និងពង្រីកសមត្ថភាពលទ្ធភាព និងសក្ដានុពលភាពរបស់យើង ក្នុងគោលដៅរក្សាឲ្យបានជាមួយនឹងការអនុវត្តន៍សង្គមសេដ្ឋកិច្ច និងនយោបាយនៅក្នុងប្រទេសនិងពិភពលោក៕

Advertisements

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: